អានតួអត្ថបទ
កម្ពុជា

ជន​ជាតិ​ដើម​ភាគ​តិច​ ធ្វើ​បាតុកម្ម​ទាម​ទារ​ឲ្យ​បញ្ឈប់​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ នៅ​ប៊ូ​ស្រា ខេត្ត​មណ្ឌលគិរី

ជនជាតិ​ភាគតិច​កំពុង​ជួប​នឹង​បញ្ហា​បាត់បង់​ដីធ្លី ព្រៃឈើ និង​រ៉ែ (រូបថត​ឯកសារ)
ជនជាតិ​ភាគតិច​កំពុង​ជួប​នឹង​បញ្ហា​បាត់បង់​ដីធ្លី ព្រៃឈើ និង​រ៉ែ (រូបថត​ឯកសារ) ©rfi

ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ ព្នង ​ជាង​ ២០០​ នាក់​ បាន​ជួប​ជុំ​ ធ្វើ​បាតុ​កម្ម ​លើក​បដា ​ទាម​ទារ​ឲ្យ​បញ្ឈប់​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ នៅ​ឃុំ​ប៊ូស្រា ​ស្រុក​ពេជ្រាដា ​ខេត្ត​មណ្ឌលគិរី។​ បាតុកម្ម​អហិង្សា ​នៅ​សាលា​ឃុំ​ប៊ូ​ស្រា ​នា​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​១៥​កញ្ញា​នេះ​ អ្នក​ភូមិ​ក៏​បាន​តវ៉ា​នឹង​នយោបាយ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ផង​ដែរ។​ បាតុកម្ម​របស់​ជនជាតិ​ដើម​ភាគ​តិច​ នៅ​ខេត្តមណ្ឌល​គិរី បាន​ធ្វើ​ឡើង​ ដោយ​មិន​មាន​ការ​រារាំង​អ្វី​ទេ។ ​អភិបាល​ស្រុក​ពេជ្រាដា ​លោក ​នួន ​សារ៉ន​ បាន​ជួប​អ្នក​ភូមិ ​និង​បើក​វេទិកា​ឆ្លង​ឆ្លើយ​តាម​មេក្រូ ​ជាមួយ​ក្រុម​អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច​ទាំងនោះ។

ផ្សាយពាណិជ្ជកម្ម

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ ព្នង​ ទាំង​ ៧​ ភូមិ ​នៅ​ឃុំ​ប៊ូស្រា ​ស្រុក​ពេជ្រាដា ​ខេត្ត​មណ្ឌលគិរី​ បាន​ធ្វើ​បាតុកម្ម​អហិង្សា ​នៅ​សាលាឃុំ​ប៊ូស្រា ​នា​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​១៥​កញ្ញា​នេះ។​ ជា​បាតុកម្ម​ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ បញ្ឈប់​សកម្មភាព​របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ​ចំនួន​ ៣​ គឺ​ក្រុមហ៊ុន​ LKL​ ក្រុមហ៊ុន​ K First​ និង​ក្រុមហ៊ុន ​Mega First។ ​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ទាំង​នោះ ​ត្រូវ​បាន​តំណាង​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ អ្នក​ស្រី ​បិ ដេង​ អះអាង​ថា ​បាន​បង្ក​ជម្លោះ​ជាមួយ​ជនជាតិ​ដើម​ភាគ​តិច​ ហាមឃាត់​អ្នក​ភូមិ​ មិន​ឲ្យ​ចូល​ព្រៃ ​រុករក​អនុផល​ព្រៃឈើ។ ​មិន​តែ​ប៉ុណ្ណោះ ​សន្តិសុខ​របស់​ក្រុមហ៊ុន​ ថែម​ទាំង​គំរាម​កំហែង ​និង​បាញ់​អ្នក​ភូមិ​ របួស​ម្នាក់​ កាល​ពី​ថ្ងៃ​ទី​៦​កញ្ញា​ថែម​ទៀត

ការ​តវ៉ា​របស់​សហគម​ន៍​ជន​ជាតិ​ដើម​ភាគតិច​ព្នង ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​ក៏​ទាមទារ​ឲ្យ​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច ​សុខ​ហ្វីន​ និង​ដាក់​ឡាក់​ បើក​ផ្លូវ​ និង​ស្ពាន ​ឡើង​វិញ។​ ក្រុមហ៊ុន​ទាំង​ពីរ​នោះ​ បាន​បិទ​ផ្លូវ​ស្ពាន ​តាមរយៈ​ការ​ជីក​ប្រឡាយ ​កាយ​ដី​ធ្វើ​ព្រំ ​ជា​ដើម។

អ្នក​ស្រី ​បិ ដេង​ បាន​បញ្ជាក់​ថា​ នៅ​ប៊ូស្រា ​ពេល​នេះ​ ក៏​កើត​មាន​បញ្ហា​ដី​ធ្លី​រវាង​ជនជាតិ​ដើម​ភាគតិច​ព្នង​ នឹង​ជនជាតិ​ខ្មែរ​ឥស្លាម ​ដែល​ចូល​រស់នៅ​លើ​ដី​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ តាមរយៈ​ដី​សម្បទាន​សង្គម​កិច្ច​ ៣០០០ ​ហិច​តា។

អ្នក​ស្រី ​បិ ដេង ​បាន​ព្រមាន​ថា ​បើ​នៅ​តែ​មិន​មាន​ដំណោះ​ស្រាយ ​អ្នក​ភូមិ​នឹង​បន្ត​ការ​តវ៉ា ​រហូត​ដល់​ថ្ងៃ​ទី​៣០​កញ្ញា ​ហើយ​អ្នក​ភូមិ​នឹង​លើក​គ្នា​ទៅ​តវ៉ា​ដល់​ទី​តាំង​ដី​របស់​ក្រុម​ហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច ​ដើម្បី​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ ​ដក​ចេញ​ពី​ដី​សហគមន៍​ នៅ​ប៊ូ​ស្រា។

អ្នក​ស្រី ​យុន​ ម៉ា​ណេ ​ប្រធាន​អង្គការ​ជនជាតិ​ដើម​ភាគ​តិច​កម្ពុជា ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ ពិសេស​មន្ត្រី​រដ្ឋាភិបាល​ថ្នាក់​ជាតិ​ ត្រូវ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​រវាង​ជន​ជាតិ​ដើម​ភាគ​តិច​ និង​ក្រុម​ហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​នោះ ​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ជាង​នេះ។

ក្នុង​ពេល​អ្នក​ភូមិ ​ប្រមូល​ផ្តុំ​តវ៉ា​នោះ ​លោក​ នួន សារ៉ន​ អភិបាល​ស្រុក​ពេជ្រាដា​ បាន​ទៅ​ជួប​អ្នក​តវ៉ា​ ហើយ​បើក​វេទិកា​ ដោះស្រាយ​តាម​មេក្រូ ​នៅ​សាលា​ឃុំ​ប៊ូស្រា ​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ ​លោក​អភិបាល​ស្រុក​ បាន​លើក​ឡើង​ថា​ លោក​បាន​ជួប​ប្រជុំ​ជាមួយ​តំណាង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​អ្នក​ភូមិ​តវ៉ា​ទាំង​នោះ។ ​ក្រុមហ៊ុន​បាន​ព្រម​លុប​ប្រឡាយ​ និង​បើក​ផ្លូវ​ឲ្យ​អ្នក​ស្រុក ធ្វើ​ដំណើរ​ឡើង​វិញ​ហើយ។ ​អាជ្ញាធរ​សមត្ថកិច្ច​ ក៏​កំពុង​តាម​ចាប់​អ្នក​បាញ់​អ្នក​ភូមិ​ឲ្យ​របួស​ផង​ដែរ។

ប៉ុន្តែ​ចំពោះ​ការ​ទាម​ទារ​ឲ្យ​លុប​ចោល​កិច្ច​ព្រម​ព្រៀង​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុម​ហ៊ុន​ នៅ​ប៊ូ​ស្រា ​ត្រូវ​បាន​លោក​អភិបាល​ស្រុក​ អះអាង​ថា ​ជា​ការ​សម្រេច​របស់​ថ្នាក់​លើ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ