អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ការផ្សះផ្សា ជា​អាទិភាព​ទីមួយ​របស់​លោក​ប្រធានាធិបតីថ្មី​នៅ​ប្រទេស​ម៉ាលី

សំឡេង ០៤:៤៧
លោកប្រធានាធិបតី​ថ្មី​ម៉ាលី អ៊ីប្រាហ៊ីម ប៊ូបាការ កេតា (Ibrahim Boubacar Keïta)
លោកប្រធានាធិបតី​ថ្មី​ម៉ាលី អ៊ីប្រាហ៊ីម ប៊ូបាការ កេតា (Ibrahim Boubacar Keïta) REUTERS/Joe Penney

នៅ​ក្នុង​ប្រទេស​ម៉ាលី ទំព័រសករាជ​ថ្មី​មួយ​ទើប​បាន​ចាប់​ផ្តើម​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ថ្មី អ៊ីប្រាហ៊ីម ប៊ូបាការ កេតា (Ibrahim Boubacar Keïta)។ លោក​កេតា​ដែល​ទើប​បាន​ស្បថ​ចូលកាន់​តំណែង​ជាផ្លូវការ​នៅ​ថ្ងៃ​ពុធ ទី៤ កញ្ញា​ជំនួស​កន្លែង​លោក​ប្រធានាធិបតី​ចាញ់ឆ្នោត ឌីអុងគុនដា ត្រាអូរ៉េ (Dioncounda Traoré)។ នៅ​ក្នុង​ពិធី​ស្បថចូលកាន់​តំណែង​ជា​ផ្លូវការ លោក​ប្រធានាធិបតី​ថ្មី​បាន​សន្យា​កសាង​រដ្ឋម៉ាលី​មួយ​មាន​សក្តានុពល ដោយ​ចាប់​ផ្តើម​ពី​ការ​ផ្សះផ្សាជាតិ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​បាន​ឆ្លង​កាត់​វិបត្តិ​ហែកហួរ​គ្នា​ជា​យូរ​មក​ហើយ។

ផ្សាយពាណិជ្ជកម្ម

 

មាន​អាយុ ៦៨ឆ្នំា លោក​អ៊ីប្រាហ៊ីម ប៊ូបាការ កេតា​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ម៉ាលី​ជាមួយ​នឹង​សម្លេង​គំាទ្រ ៧៧,៦% កាល​ពី​ថ្ងៃទី១១ សីហា​កន្លង​ទៅ។ ចាប់​ផ្តើម​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​កាល​ពី​ទសវត្ស​ឆ្នំា ៩០ និង​មុន​ក្លាយ​ជា​ប្រធានាធិបតី​ម៉ាលី​ថ្ងៃ​នេះ លោក​អ៊ីប្រាហ៊ីម​ធ្លាប់​មាន​តួនាទី​ជា​ឯកអគ្គរដ្ឋទូត រដ្ឋមន្រ្តី នាយករដ្ឋមន្រ្តី ប្រធាន​រដ្ឋសភា និង​ប្រធាន​គណបក្ស ADEMA។ លោក​អ៊ីប្រាហ៊ីម​ធ្លាប់​បាន​ឈរ​ឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​ចំនួន ៣ដង តែ​លោក​ត្រូវ​រង់ចំា​នៅ​លើក​ទី៣ ទើប​បាន​សម្រេច​ដូច​ក្តីបំណង។ នៅ​ក្នុង​ជីវិត​នយោបាយ​តំាង​ពី​ដើមទី​រហូត​មក​ដល់​សព្វថ្ងៃ លោក​អ៊ីប្រាហ៊ីម​បាន​ស្គាល់ និង​ថែម​ទំាង​បាន​ភ្លក់គ្រប់​រសជាតិ​ទំាង​អស់ ជោគជ័យ​ក៏​មាន បរាជ័យ​ក៏​មាន​ដែរ។

ជាទូទៅ លោក​អ៊ីប្រាហ៊ីម​ត្រូវ​បាន​គេ​ស្គាល់​ជា​មនុស្ស​ដែល​មិន​ញញើត​នឹង​ប្រើ​អំណាច ពិសេស​អំណាច​ជា​នាយករដ្ឋមន្រ្តី​ក្នុង​ឆ្នំា ១៩៩៤ ក្រោម​លោក​ប្រធានាធិបតី​អាល់ហ្វា អ៊ូម៉ា កូណារ៉េ (Alpha Ouma Konaré)។ កាល​ណោះ រដ្ឋាភិបាល​របស់​លោក​អ៊ីប្រាហ៊ីម​បាន​ប្រឈម​មុខ​នឹង​វិបត្តិនយោបាយ​បះបោរ​របស់​និស្សិត​នៅ​តាម​ផ្លូវ និង​ដែល​លោក​អ៊ីប្រាហ៊ីម​បាន​ចាត់វិធានការ​វាយបង្រ្កាប​យ៉ាង​ហិង្សា។ ២០ឆ្នំា ក្រោយ​មក មាន​និស្សិត​ខ្លះ​ដែល​ធ្លាប់​បាន​ភ្លក់រសជាតិ​អំណាច​របស់​លោក​អ៊ីប្រាហ៊ីម​បាន​យល់ឃើញ​ថា បុគ្គលិក​លក្ខណៈ​របស់​លោក​អ៊ីប្រាហ៊ីម​សព្វថ្ងៃ​មាន​ភាព​ចាស់ទុំ​ច្រើន មិន​ឆេវឆាវ​ដូច​កាល​ពី ២០ឆ្នំា​មុន​ទេ។

គឺ​ភាព​ចាស់ទុំច្រើន​ខាង​នយោបាយ​របស់​លោក​អ៊ីប្រាហ៊ីម​សព្វថ្ងៃ​នេះ​ឯង​ដែល​បាន​អនុញ្ញាត​ឲ្យ​លោក​ក្លាយ​ជា​មនុស្សខ្លំាង​របស់​ប្រទេស​ម៉ាលី​ជាមួយ​នឹង​សម្លេង​គំាទ្រ​ជិត ៧៨%។ ក្រោម​ភ្នែកច្រមុះ​ប្រជាជន​ម៉ាលី​ទូទៅ លោក​អ៊ីប្រាហ៊ីម​គឺ​ជា​មនុស្ស​នៃ​ស្ថានការណ៍​ដោយ​បាន​យល់​ច្បាស់​អំពី​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ពលរដ្ឋ​ម៉ាលី។ មែនទែន​ទៅ បើ​កុំ​តែ​មាន​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ប្រធានាធិបតី​អាម៉ាឌូ ទូម៉ានី ទូរ៉េ (Amadou Toumani Touré) កាល​ពី​ថ្ងៃទី២២ មីនា ឆ្នំា ២០១២ ម្ល៉េះ​លោក​អ៊ីប្រាហ៊ីម​ក៏​មិន​បាន​អង្គុយ​កៅអី​ប្រធានាធិបតី​នៅ​ថ្ងៃ​នេះ​ដែរ។ ជោគជ័យ​របស់​លោក​អ៊ីប្រាហ៊ីម​ក៏​ដោយសារ​តែ​លោក​បាន​ទទួល​ការគំាទ្រ​ពី​កងទ័ព ប្រមុខ​ដឹកនំា​សាសនា​នានា ព្រម​ទំាង​ពលរដ្ឋ​ម៉ាលី​មួយ​ផ្នែក​ធំ​នៅ​ប៉ែក​ខាង​ជើង ដោយ​រាប់បញ្ចូល​ទំាង​មេដឹកនំា​ចលនា​ជាតិ​ដើម្បី​រំដោះ​តំបន់​អាហ្ស៉ាវាត (Azawad) ផង​ដែរ។

យ៉ាង​ណា​ក៏​ដោយ បញ្ហា​ប្រឈម​ខ្លំាង​ដែល​លោក​អ៊ីប្រាហ៊ីម​ត្រូវ​ដោះស្រាយ​នៅ​ចំពោះ​មុខ​នោះ គឺ​ការ​ផ្សះផ្សា​រវាង​ប្រជាជន​ម៉ាលី​នៅ​ក្នុង​ប្រទេស​មួយ​ដែល​បាន​និង​កំពុង​បន្ត​ហែកហួរ​គ្នា​មក​ដល់​សព្វថ្ងៃ។ នៅ​ក្នុង​សុន្ទរកថា​ឡើង​កាន់​តំណែង​ប្រធានាធិបតី​ជា​ផ្លូវការ​កាល​ពី​ថ្ងៃពុធ ទី៤ កញ្ញា លោក​អ៊ីប្រាហ៊ីម​បាន​រម្លឹក​សារ​ជា​ថ្មី​ម្តង​ទៀត​ថា ការ​ផ្សះផ្សារជាតិ គឺ​ជា​អាទិភាពចម្បង​មួយ​ក្នុង​ចំណោម​អាទិភាព​ផ្សេងៗ​ទៀត​នៃ​អណត្តិ​របស់​លោក។ « ចាប់​ពី​ពេល​នេះ​ត​ទៅ យើង​នឹង​ផ្តើម​ស្វែង​រក​វិធានការ​រួម​មួយ​ដើម្បី​សន្តិភាព​យូរអង្វែង​ក្នុង​បំណង​ស្រោចស្រង់​ប្រទេស​ម៉ាលី​ឲ្យ​រួច​ផុតវិបត្តិ​នៅ​ប៉ែកខាងជើង​ជា​ស្ថាពរ » នេះ​ជា​ការ​ប្រកាស​របស់​លោក​អ៊ីប្រាហ៊ីម។

គួរ​ជម្រាប​ជូន​ថា អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក​ហើយ​ដែល​វិបត្តិ​រវាង​ប៉ែកខាងត្បូង និង​ប៉ែកខាងជើង​បាន​និង​កំពុង​បន្ត​ពុះចែក​ម៉ាលី​ជា​ពីរ​ចំណែក។ សព្វ​ថ្ងៃ ផ្សែងភ្លើង​នៃ​ភាព​តានតឹង​កំពុង​បន្ត​មាន និង​ដែល​លោក​អ៊ីប្រាហ៊ីម​បាន​សន្យា​ពន្លត់​វា​ឲ្យ​បាន​ឆាប់​រហ័ស​ដែល​អាច​ធ្វើ​ទៅ​បាន។ កម្មវត្ថុ​នៅ​ចំពោះ​មុខ​របស់​លោក​អ៊ីប្រាហ៊ីម គឺ​រៀបចំ​តុមូល​មួយ​ដោយ​ប្រមែប្រមូល​ភាគីជម្លោះ​គ្រប់​ស្រទាប់វណ្ណៈ និង​គ្រប់ជំនាន់​ឲ្យ​មក​អង្គុយជជែក​គ្នា។ លោក​ប្រធានាធិបតី​ថ្មី​បាន​ព្រមាន​ទុក​ជាមុន​ថា ដើម្បី​អាច​ឲ្យ​ប្រជាជន​ម៉ាលី​ស្គាល់​សុខសន្តិភាព និង​មាន​អនាគត​ភ្លឺស្វាង​របស់​ខ្លួន​នោះ ភាគី​ជម្លោះ​នីមួយៗ​ត្រូវ​តែ​មាន​ការ​លះបង់ មាន​ឆន្ទៈ និង​ចេះ​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក។

មែនទែន​ទៅ មាន​សំណុំរឿង​ជា​ច្រើន​ដែល​កំពុង​រង់ចំា​លោក​អ៊ីប្រាហ៊ីម គឺ​មិន​មែន​មាន​តែ​ការ​ផ្សះផ្សាជាតិ​មួយ​ប៉ុណ្ណោះ​ទេ។ កំណែទម្រង់កងទ័ព បំបាត់​អំពើពុករលួយ ស៊ីសំណូកសូកប៉ាន់ បង្កើន​ការ​គ្រប់គ្រង​ថវិកា​រដ្ឋ ពិសេស​បង្កើន​ឲ្យ​មាន​ការ​ទុកចិត្ត​គ្នា​ឡើង​វិញ​រវាង​ថ្នាក់ដឹកនំា និង​ប្រជាជន ព្រោះ​ថា អស់​រយៈពេល​ជា​យូរមក​ហើយ ដែល​ប្រជាជន​ម៉ាលី​បាន​បង់​ទំនុកទុកចិត្ត​លើ​រដ្ឋាភិបាល​របស់​ខ្លួន ក៏​ដូច​ជា​ថ្នាក់ដឹកនំា​ដែល​ពួក​គេ​បាន​ចោទ​ថា អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​វិបត្តិ។ ទំាង​នេះ​មិន​ភ្លេច​ទេ ពី​ការ​ផ្តល់សន្ទុះ​សេដ្ឋកិច្ច​ឡើង​វិញ ពិសេស​ការ​ផ្តល់​កម្មសិទ្ធ និង​សិទ្ធិ​ដីធ្លី​ឲ្យ​ប្រជាកសិករ​ម៉ាលី។

តើ​ផែនការ​នយោបាយ និង​សេដ្ឋកិច្ច​របស់​លោក​ប្រធានាធិបតី​​ថ្មី​ម៉ាលី​នៅ​ពេល​នេះ មិន​មែន​ជា​មហិច្ឆតា​ហួសហេតុ​ពេក​ទេ​ដឹង​នៅ​ក្នុង​ប្រទេស​មួយ​ដែល​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​សោះ បាន​បង្ហាញ​ពី​ស្ថានភាព​នយោបាយ​ផុយស្រួយ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ ?។ មាន​តែ​ការ​រង់ចំា​មើល​ទេ ព្រោះ​ថា ការ​សន្និដ្ឋាន​ជា​មុន​យ៉ាង​ណា​នោះ វា​ពិត​ជា​រឿង​មួយ​ប្រថុយប្រថាន​ជ្រុល។ អ្វី​ដែល​ប្រជាជន​ម៉ាលី និង​ប្រធានាធិបតី​ថ្មី​ចង់​បាន គឺ​សន្តិភាព​យូរអង្វែង និង​អនាគត​ល្អ​សម្រាប់​ពលរដ្ឋ​ម៉ាលី​គ្រប់​រូប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ