អានតួអត្ថបទ
អ៊ីរ៉ង់-អ៊ីរ៉ាក់-អាមេរិក

បាតុករអ៊ីរ៉ាក់​​ដុត​ទង់ជាតិអាមេរិក ហើយ​រដ្ឋាភិបាលត្រៀមកោះហៅ​ទូត​អាមេរិក ទៅសួរ

បាតុករ​អ៊ីរ៉ាក់ ​ដុត​ទង់ជាតិ​អាមេរិក​ នៅមុខ​ស្ថានទូត​អាមេរិក​ក្នុង​រដ្ឋធានី​បាកដាដ។
បាតុករ​អ៊ីរ៉ាក់ ​ដុត​ទង់ជាតិ​អាមេរិក​ នៅមុខ​ស្ថានទូត​អាមេរិក​ក្នុង​រដ្ឋធានី​បាកដាដ។ REUTERS/Alaa al-Marjani

រដ្ឋាភិបាល​អ៊ីរ៉ាក់​ នៅថ្ងៃអង្គារ​ទី​៣១ធ្នូ បាន​បង្ហើប​ថា​នឹង​សើរើ​ពិនិត្យ​មើល​ឡើងវិញ ទំនាក់​ទំនង​ជាមួយ​អាមេរិក។ មន្ត្រី​ជាន់​ខ្ពស់​អ៊ីរ៉ាក់​ម្នាក់ ប្រាប់​អ្ន​កកាសែត​វិទ្យុ​បារាំង​ប្រចាំក្រុង​បាកដាដ ថារដ្ឋាភិបាល​អ៊ីរ៉ាក់​នឹង​កោះហៅ​ឯកអគ្គរដ្ឋទូត​អាមេរិក​ទៅ​សាកសួរ​ក្នុង​ពេល​ចាប់ឆាប់ៗ​នេះ។ ភាព​ល្អក់កករ​រវាង​រដ្ឋបាល​ក្រុង​បាកដាដ​និង​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន គឺ​កើត​មានឡើង នៅ​​ក្រោយ​ពេល​ដែល​កងទ័ព​អាមេរិក​វាយ​ប្រហារ​បាញ់​គ្រា​ប់​រ៉ូកែត​ជាច្រើន​គ្រាប់​ ទៅ​លើ​ក្រុម​ហេសបូឡានិងក្រុមទាហាន​​គាំទ្រអ៊ីរ៉ង់​​ នៅក្នុង​ទឹក​ដី​អ៊ីរ៉ាក់។ ការ​វាយ​ប្រហារ​របស់​អាមេរិក​នេះគឺ​នៅ​ក្បែរ​នឹងរដ្ឋធានី​បាកដាដ​តែម្តង ដែល​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​កើតដល់​២៥នាក់​​។ នៅថ្ងៃអង្គារ ទី​៣១ធ្នូ មា​នចលនាបាតុកម្ម​​ប្រឆាំង​នឹង​វត្តមាន​អាមេរិក​នៅលើ​​ទឹក​អ៊ីរ៉ាក់ ​កាន់តែ​ផុស​ផុល​ខ្លាំងឡើង រហូត​ដល់សម្តែង​កំហឹង​​ ដោយ ដុត​ទង់​ជាតិ​អាមេរិក នៅ​មុខ​ស្ថានទូត​អាមេរិក​តែម្តង។

ផ្សាយពាណិជ្ជកម្ម

បាតុករ​អ៊ីរ៉ាក់​រាប់​ពាន់​នាក់ ជួបជុំគ្នា​នៅ​ស្ថានទូតអាមេរិកប្រចាំក្រុងបាកដាដ និង​បាន​ដុត​ទង់ជាតិ​អាមេរិក​ ហើយ​ស្រែកថា «ស្លាប់​ទៅ​អាមេរិក !»​។ ក៏មានដែរ អ្នក​ស្រែក​ទាមទារ​ឱ្យ​បិទ​ស្ថាន​ទូត​អាមេរិក​នៅ​អ៊ីរ៉ាក់​ចោល​តែម្តង ហើយ​ប្រសិន​បើ​រដ្ឋាភិបាល​និង​សភាអ៊ីរ៉ាក់ ​មិន​ព្រម​បិទ​ទូតអាមេរិកនោះ​ទេ ពួក​គេថា​​នឹង​រក​មធ្យោបាយ​ដេញ​មន្ត្រី​អាមេរិក​ចេញ​ដោយ​ខ្លួន​ឯង។ នេះបើ​តាម​ការ​សង្កេត​របស់​អ្នក​កាសែត​បារាំងAFP ឈរជើង​នៅ​ទីនោះ។

ជា​ការសម្គាល់ ហ្វូង​​បាតុករនេះ មា​នអ្ន​ក​ខ្លះ ជា​បក្សពួក​ខ្សែ​បណ្តាញរបស់​ក្រុម​ Hachd al-Chaabi ។ ពួក​នេះ បា​នជួយ​ទាហាន​អ៊ីរ៉ាក់​ប្រយុទ្ធ​យកឈ្នះ​ក្រុម​អង្គការ​រដ្ឋអ៊ីស្លាម​ជីហាត។ ហើយ​បាតុករភាគច្រើនទៀត​​ ស្លៀកពាក់​ជា​ក្រុមទាហានអ៊ីរ៉ាក់និន្នាការ​និយម​​គាំទ្រអ៊ីរ៉ង់។ ​ក្រុម​នេះ​ហើយ ដែល​មាន​គ្នីគ្នា​របស់​គេ ត្រូវ​ស្លាប់​ ដោយ​រងគ្រាប់​រ៉ូកែត​របស់​អាមេរិក​ បាញ់​កាលពី​ចុង​សប្តាហ៍ ស្លាប់​មនុស្ស​​២៥នាក់​ គិត​ត្រឹម​ថ្ងៃអង្គារ​ទី​៣១ធ្នូ​។ ការ​សងសឹក​របស់អាមេរិក គឺក្រោយ​ពេល​ទាហាន​អាមេរិកាំងម្នាក់ ត្រូវ​ក្រុម​ឧទ្ទាម​វាយ​ឆ្មក់​បាញ់​ស្លាប់​។​

វិបត្តិ​​នៅ​អ៊ីរ៉ាក់​នេះ ស្មុកស្មាញណាស់។ នៅ​ម្ខាង អាមេរិក​ដែល​បានដាក់​​ទ័ព​ឈរជើង​នៅ​អ៊ីរ៉ាក់ ​ចំនួន​ជាង​៥ពាន់​២រយនាក់ ហើយ​អាមេរិក​ថ្មីៗនេះ ថា​រដ្ឋាភិបាល​អ៊ីរ៉ាក់​ហាក់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ពី​សុវត្ថិភាព​របស់​កងទ័ព​ខ្លួន ដូច្នេះ អាមេរិក​ត្រូវតែ​ការពារ​អាយុជីវិត​ទាហានអាមេរិក​។ រីឯ ថ្នាក់​ដឹកនាំ​មួយ​ចំនួន​ក្នុង​រដ្ឋាភិបាល​អ៊ីរ៉ាក់ និងមាន​តំណាង​រាស្ត្រ​អ៊ីរ៉ាក់​ខ្លះ​ផង យល់ឃើញថា​ ការ​ដែល​អាមេរិក​វាយ​ប្រហារ ទៅ​​លើ​ក្រុមទាហានអ៊ីរ៉ាក់និយម​​គាំទ្រអ៊ីរ៉ង់ នៅលើទឹកដី​អ៊ីរ៉ាក់​ គឺរំលោភ​លើ​អធិបតេយ្យ​ភាព​របស់​អ៊ីរ៉ាក់​ ហើយ​អ៊ីរ៉ាក់​នឹង​កោះ​ហៅ​ឯក​អគ្គ​រដ្ឋទូត​អាមេរិក ទៅដុសក្អែល​ឆាប់ៗ​ ខាងមុខនេះ។

បញ្ហា​ស្មុកស្មាញ​មិនត្រឹមតែប៉ុណ្ណោះទេ នៅផ្ទៃ​ក្នុង​នយោបាយ​អ៊ីរ៉ាក់ បច្ចុប្បន្ន​ មិនទាន់​មាន​រៀបចំ​រដ្ឋាភិបាល​​ថ្នាក់ដឹកនាំប្រទេស​ស្រួល​បួល​នៅឡើយទេ ព្រោះ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ បាន​សុំ​លាលែង​ពី​ដំណែង ក្រោយ​ពីមាន​ការ​ទាមទារពី​​កំហឹង​មហាជន ក្នុង​បាតុកម្ម​ជាង​១ខែមកនេះ​។ ប្រទេស​អ៊ីរ៉ង់ ជា​សត្រូវ​អាមេរិក និងនៅ​ជាប់​នឹងអ៊ីរ៉ាក់​ស្រាប់​ ចង់​ដាក់​បញ្ចូល​គ្នីគ្នា​បក្សពួក​របស់​ខ្លួន នៅក្នុង​ក្បាល​ម៉ាស៊ីន​ដឹកនាំរដ្ឋ​អ៊ីរ៉ាក់ថ្មីនេះ​​។

ឃើញ​សភាពការណ៍​​ដែល​​កាន់តែ​មិនស្រួល! ប្រទេស​រុស្ស៊ី​ជា​បងធំ​មួយដែរ តាម​រយៈ​ក្រសួង​ការ​បរទេសរបស់ខ្លួន រុស្ស៊ីចាត់ទុកថា «ការ​វាយ​ប្រហារ​របស់​អាមេរិក​លើ​ទឹកដី​អ៊ីរ៉ាក់​ថ្មីៗនេះ ជារឿង​មិនអាច​ទទួល​យក​បាន​សោះឡើយ» ហើយរដ្ឋបាល​ក្រុង​ម៉ូស្គូ​​ បាន​អំពាវវនាវ នៅថ្ងៃ​អង្គារ ​ទី​៣១ធ្នូ ឱ្យ​គ្រប់​ភាគី​ទាំងអស់​ បញ្ចប់​សកម្មភាព​អរិភាព​ជាបន្ទាន់ រកមធ្យោបាយ​ដោះស្រាយគ្នា កុំឱ្យ​ស្ថានការ​ណ៍​ក្នុង​តំបន់​ ធ្លាក់​ក្នុងភាព​វឹក​វរ​កាន់តែ​ខ្លាំងជាងនេះ»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ