អានតួអត្ថបទ
អ៊ីរ៉ាក់-បារាំង

បារាំង​បញ្ជូន​អាវុធ​ទៅជួយ​អ៊ីរ៉ាក់​ ប្រយុទ្ធ​ក្រុមជីហាត​

កងទ័ព​អ៊ីរ៉ាក់
កងទ័ព​អ៊ីរ៉ាក់ REUTERS/Stringer

នៅ​ថ្ងៃ​ពុធ​នេះ រដ្ឋាភិបាលបារាំង​​បញ្ជូន​សម្ភារៈ​យោធា ទៅ​ជួយ​ដល់​កងទ័ព​គៀឌីស្តង់​នៅ​អ៊ីរ៉ាក់ ប្រយុទ្ធ​នឹង​ក្រុម​ជីហាត។ ​រដ្ឋាភិបាល​បារាំង​មិនបាន​បញ្ជាក់​ពី​បរិមាណ​និង​ប្រភេទ​អាវុធ​ដែល​បញ្ជូន​ទៅ​អ៊ីរ៉ាក់ទេ ​គ្រាន់តែ​ថា ​បារាំង​ផ្តល់​ជំនួយ​សម្ភារៈ​ដើម្បី​ដល់​កងកម្លាំង​អ៊ីរ៉ាក់ ពិសេស​កងកម្លាំង​តំបន់​ស្វ័យត​​គៀឌីស្តង់​ ​ដើម្បី​ប្រយុទ្ធ​ក្រុមជីហាត​ប៉ុណ្ណោះ។ ពេលនេះ​ សហគមន៍​​អន្តរជាតិ​​កំពុង​​​ពង្រីក​​សកម្មភាព​​​ជួយ​​ជន​ភៀសខ្លួន​ នៅ​​​ភាគ​ខាងជើង​​អ៊ីរ៉ាក់។​

ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​បារាំង​ ហ្វ្រង់ស៊័រ ហូឡង់​បាន​សម្រេច​អោយ​បារាំង​បញ្ជូន​​​​​អាវុធ​ទៅ​ជួយ​កងទ័ព​អ៊ីរ៉ាក់​ប្រយុទ្ធ​នឹង​ក្រុម​ជីហាត។ ប្រឈម​នឹង​​សក្តានុពល​ក្រុម​ជីហាត និង​ភាព​ដុនដាប​​មនុស្សធម៌​​​នៅ​អ៊ីរ៉ាក់ ​ប្រធានាធិបតីបារាំងបាន​​​សម្រេច​បែបនេះ ប្រហែល​ជា​មិនចង់​​បង្អង់​​ពេល​យូរទេ។

ការ​ផ្តល់អាវុធ​នេះ ជា​ការឆ្លើយតប​តាម​សំណូមពរ​រដ្ឋាភិបាល​អ៊ីរ៉ាក់។ កាលពី​ថ្ងៃ​អាទិត្យ​ ​លោក ម៉ាស៊ូត បាហ្សានី ​ជា​ប្រធាន​តំបន់​ស្វ័យត​គៀឌីស្តង់​នៅអ៊ីរ៉ាក់ បាន​អំពាវនាវ​អៅយ​សហគមន៍​អន្តរជាតិ ​ជួយ​ផ្តល់​អាវុធ​អោយ​កងទ័ព​គៀឌីស្តង់។ អាមេរិក​បាន​ផ្តល់​អាវុធ​ជួយ​កងទ័ព​គៀឌីស្តង់​ហើយ។​​​​ ​រដ្ឋមន្ត្រីការបរទេស​សហភាព​អឺរ៉ុប​​ប្រជុំ​គ្នា​ នៅ​ក្រុង​ព្រុចសែល លើ​ប្រធានបទ​​សន្តិសុខ​អ៊ីរ៉ាក់ ​កាលពី​​​ថ្ងៃ​អង្គារ ​ នៅ​មិនទាន់​ចុះសម្រុង​គ្នា​នឹង​សម្រេច​​​អោយ​សហភាព​អឺរ៉ុប​​ផ្តល់​អាវុធ​ជួយ​កងទ័ព​អ៊ីរ៉ាក់ទេ។ ​​សហភាព​អឺរ៉ុប​អាច​ប្រជុំគ្នា​នៅ​ថ្ងៃ​សុក្រ​​សប្តាហ៍​នេះ​ទៀត។

ស្របពេល​នេះដែរ ​យោងតាម​រដ្ឋមន្ត្រី​ការបរទេស​បារាំង ឡូរ៉ង់ ហ្វាប៊ីយុស ​​​បារាំង​បាន​ដឹក​​ជំនួយ​មនុស្សធម៌​​ ​​​តាម​ផ្លូវអាកាស ​ទៅដល់​ក្រុង​អ៊ែរប៊ីល​ ក្នុង​តំបន់​ស្វ័យត​គៀឌីស្តង់ហើយ ថ្ងៃ​ពុធ​នេះ ដើម្បី​ជួយ​មនុស្ស​​​ជាង​៥សែន​នាក់​នៅ​ទីនោះ។ បារាំង​ក៏​នឹង​ធ្វើប្រតិបត្តិការ​ផ្សេងទៀត ជួយ​អ៊ីរ៉ាក់​ក្នុង​ពេល​ឆាប់ៗ​នេះដែរ។ គួររំលឹក​ដែរ​ថា​​ ​​រដ្ឋាភិបាល​ក្រុង​ប៉ារីស​ក៏បាន​គាំទ្រ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ថ្មី គឺ​លោក​ ហៃដា អាល់-អាបាឌី​ ដែល​សភា​អ៊ីរ៉ាក់​ទើប​បាន​តែងតាំង​​ កាលពី​ថ្ងៃ​​ចន្ទ។​

សម្តេច​សង្ឃ​កាតូលិក​ ប៉ាប ហ្វ្រង់ស៊័រ ​​នៅ​​បុរី​​វ៉ាទីកង់ ​បាន​សរសេរ​លិខិត​​ទៅ​​​ប្រធាន​អង្គការ​សហ​ប្រជាជាតិ ​​បាន គីមូន សុំអោយ​អង្គការ​សហប្រជាជាតិ​​សម្រេច​គ្រប់​មធ្យោបាយ ​ដើម្បី​បិទ​បញ្ចប់​ហិង្សា​ប្រឆាំង​នឹង​សហគមន៍​សាសនា​ភាគតិច​ នៅ​ភាគ​ខាងជើង​​អ៊ីរ៉ាក់៕  ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ