អានតួអត្ថបទ
អាមេរិក-អ៊ីរ៉ង់-អ៊ីរ៉ាក់

​រ៉ូកែត​ជាច្រើន​គ្រាប់ធ្លាក់​ក្បែរ​ស្ថានទូត​អាមេរិក ​នៅ​អ៊ីរ៉ាក់​

ស្ថានទូតអាមេរិក​នៅ​អ៊ីរ៉ាក់
ស្ថានទូតអាមេរិក​នៅ​អ៊ីរ៉ាក់ AFP

ថ្ងៃអាទិត្យ ទី​១៦កុម្ភៈ យ៉ាង​ហោច​មាន​​រ៉ូកែត ចំនួន​​បីគ្រាប់ បាន​ធ្លាក់​ក្បែរ​ស្ថានទូត​អាមេរិក​ នៅ​អ៊ីរ៉ាក់។ នេះជាការ​បញ្ជាក់​របស់​មេបញ្ជាការ​អ៊ីរ៉ាក់​ ដោយ​ឱ្យ​ដឹង​ទៀតថា ឃ្លាំង​​រក្សា​បរិក្ខារៈ​យោធា​មួយ​កន្លែងផ្សេង​​ទៀត​ ក៏​ត្រូវ​រង​ការ​ខូច​ខាត​ដែរ​។ តុល្យការ​បឋម គ្មាន​មនុស្ស​រងគ្រោះ​នោះទេ តែ​ព្រឹត្តិការណ៍​នេះ ត្រូវ​គេ​សន្និដ្ឋាន​ថា ​ជាការ​សង​សឹកបន្ថែមទៀតទៅ​​លើ​ទ័ព​អាមេរិក​ ដែល​បាន​សម្លាប់​ឧត្តមសេនីយយោធា​អ៊ីរ៉ង់។

ផ្សាយពាណិជ្ជកម្ម

ម៉ោង​១២កន្លះ រំលង​អធ្រាត្រម៉ោង​នៅអ៊ីរ៉ាក់​​ គេ​បាន​ឮសន្ធឹក​ផ្ទុះ​ជាច្រើន និង​សូរសំឡេងកង​រំពង​ចេញពី​​ស៊ីរ៉ែន​ប្រកាស​អាសន្ន​ របស់​ស្ថានទូត​អាមេរិក​ ក្នុង​​រដ្ឋធានី​បាក​ដាដ។ ពេល​ដំណាលគ្នា ក៏​មាន​យន្តហោះ​ហើរ​ឆ្វែល​ស្ថានទូត​ទៀត​ផង។ នេះបើតាម​ការ​រៀបរាប់​របស់​​​​អ្ន​កកាសែត​របស់​ទីភ្នាក់​ងារ​បារាំង​ AFP ដែល​ឈរ​ជើង​នៅនោះ​។

លុះ​ព្រឹក​​ភ្លឺ​ច្បាស់​ ​មេបញ្ជាការ​អ៊ីរ៉ាក់​ បាន​បញ្ជាក់​លម្អិត​ថា មាន​គ្រាប់​រ៉ូកែត​ចំនួន​បីគ្រាប់​ បាញ់ចេញ​ក្នុង​ពេល​ដំណាល​ៗ​គ្នា និង​មាន​មួយ​គ្រាប់​ផ្ទុះ​នៅ​​ចម្ងាយ​​ពីគ្នា ជា​​ច្រើន​គីឡូម៉ែត្រ​ ហើយ​​បាន​បំផ្លាញ​សម្ភារៈបរិក្ខារ​យោធា​ នៃក្រុម​ Hachd al-Chaabi។ តាម​មេបញ្ជាការ​អ៊ីរ៉ាក់ដដែល គិត​ត្រឹម​តែ​ប្រមាណ​៤ខែ​ចុងក្រោយ​ នេះជាលើកទី​១៩ហើយ ដែល​មាន​ការ​វាយប្រហារ​គ្រាប់​រ៉ូកែត​ទៅលើស្ថានទូតអាមេរិក ឬ​មូលដ្ឋាន​យោធាអាមេរិក​។

គ្មាន​ក្រុម​​ណាមួយ ចេញ​មុខ​ធានា​អះអាង​ថា​ជាស្នាដៃ​របស់​ខ្លួន​នៅឡើយទេ រហូត​មកដល់​គ្រានេះ។ ក៏ប៉ុន្តែ ចំពោះ​សហរដ្ឋ​អាមេរិក អ្នក​ដែល​នៅ​ក្រោយ​ការ​វាយ​ប្រហារ​ទាំងឡាយ​ទាំង​ពួង​នេះ គឺ​ អ៊ីរ៉ង់ និង​ដៃ​ជើង​បក្សពួកឧទ្ទាម​​​​ដែល​និន្នាការ​គាំទ្រ​អ៊ីរ៉ង នៅក្នុង​ទឹក​ដៃអ៊ីរ៉ាក់​។

ចំពោះ​អ៊ីរ៉ាក់ ជាការ​លំបាកជ្រើសរើស ដ្បិត​ថា ទាំង​អាមេរិកនិងទាំង​អ៊ីរ៉ង់ គឺ​សុទ្ធតែ​ជា​សម្ព័ន្ធ​មិត្ត​។ យ៉ាងណាក៏ដោយ នៅ​ក្នុងជួរ​ថ្នាក់​ដឹកនាំ​​រដ្ឋាភិបាល​អ៊ីរ៉ាក់​និង​អ្ន​កតំណាង​រាស្ត្រ​មួយ​ចំនួន​ដែលគាំទ្រ​​អ៊ីរ៉ង់ ​ចង់​ធ្វើ​ច្បាប់​ថ្មី​បណ្តេញ​ទ័ព​បរទេសចេញពី​អ៊ីរ៉ាក់។ នៅ​​អ៊ីរ៉ាក់​មា​នទ័ព​អាមេរិ​ក​ជាង​៥ពាន់​២រយនាក់​  ​សហការ​កម្ទេច​ក្រុម​​ភេរវនិយម​អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត។

នៅ​ខែ​ឧសភា​២០១៨ អាមេរិក​របស់​លោក ដូណាល់ ត្រាំ បាន​សម្រេច​ចិត្ត​​ដោយ​​ឯកតោ​ភាគីដកខ្លួន​ ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​​អ៊ីរ៉ង់​។ តាំងពី​ពេល​នោះមក ទំនាក់ទំនង​អ៊ីរ៉ង់​និង​អាមេរិកដុបដាបខ្លាំង​ ហើយ​​អ៊ីរ៉ាក់ជា​ទីលាន​​ដែល​មហា​អំណាច​ទាំង​ពីរ​បញ្ចេញ​សាច់​ដុំ​ដាក់គ្នា​។​ ដើម​ខែ​មករា​ អាមេរិក​​ប្រើយន្តហោះដ្រូ​ន​បាញ់​ធ្វើ​ឃាត​ឧត្តម​សេនីយ​យោធា​អ៊ីរ៉ង Qassem Soleimani ហើយ​ជាការ​សង​សឹក អ៊ីរ៉ង់​និងបក្សពួក​ បាន​បាញ់​មូលដ្ឋាន​យោធាអាមេរិក​ ធ្វើ​ឱ្យ​របួស​កងទ័ព​មួយ​ចំនួន​​ដែរ ភាគច្រើនគឺ​មាន​បញ្ហា​ក្បាល និងស្មារតី។ នេះបើតាម​របាយការណ៍​របស់​មន្ទីរបញ្ចកោណ​អាមេរិក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ