អានតួអត្ថបទ
អ៊ីរ៉ង់

អ៊ីរ៉ង់​ចាប់​នាវា​ដឹក​ប្រេង​មួយ​គ្រឿង ដោយ​ចោទ​ពី​បទ​រត់​ពន្ធ​ប្រេង

នាវា​ដឹក​ប្រេង ធ្វើចរាចរ​ឆ្លង​កាត់​ច្រក​សមុទ្រអកមូស
នាវា​ដឹក​ប្រេង ធ្វើចរាចរ​ឆ្លង​កាត់​ច្រក​សមុទ្រអកមូស REUTERS/Hamad I Mohammed/File Photo

ឆ្មាំ​សមុទ្រ​អ៊ីរ៉ង់ បាន​ជូន​ដំណឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៨​កក្កដា​នេះ អំពី​ការ​ឃាត់​នាវា​ដឹក​ប្រេង «បរទេស» មួយ​គ្រឿង និង​ក្រុម​នាវិក​នៅ​ក្នុង​នាវា​នោះ​។ ដោយ​មិន​បញ្ចេញ​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ អ៊ីរ៉ង់បាន​ចោទ​នាវា​ដឹក​ប្រេង​មួយ​គ្រឿង​នោះ ថា​បាន​រត់​ពន្ធ​ប្រេង​ឥន្ធនៈ​ពី​អ៊ីរ៉ង់ ទៅ​កាន់​ប្រទេស​គោលដៅ​ដែល​នៅ​ឆ្ងាយ​។

ផ្សាយពាណិជ្ជកម្ម

គ្មាន​ព័ត៌មាន​លម្អិត​អំពី​អត្តសញ្ញាណ​នាវា​ដឹក​ប្រេង​ដែល​អ៊ីរ៉ង់​ឃាត់​ទុក​នេះ​ឡើយ​។ អ៊ីរ៉ង់ គ្រាន់​តែ​ឲ្យ​ដឹង​ថា នាវា​ដឹក​ប្រេង​នេះ មានសមត្ថភាព​​ផ្ទុក​ប្រេង​ចំនួន​២​លាន​បារ៉ែល និង​មាន​នាវិក​ចំនួន​១២​នាក់​។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ៊ីរ៉ង់ ការ​​ឃាត់​នាវា​បរទេស​មួយ​គ្រឿង​នេះ ធ្វើ​ឡើងនៅ​ភាគ​ខាង​ត្បូង​កោះ Larak របស់​អ៊ីរ៉ង់ ក្នុង​ពេល​​កំពុង​ដឹក​ប្រេង​ឆៅ​​ឆ្ពោះ​ទៅ​កាន់​ប្រទេស​គោលដៅមួយ​។

បើ​ទោះ​បី​ជា​អ៊ីរ៉ង់​មិន​បាន​បញ្ចេញ​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​របស់​នាវា​ដែល​ខ្លួន​ឃាត់​នោះ​ក៏​ដោយ ក៏​គេ​ដឹង​ថា មាន​នាវា​បំពាក់​ទង់​ជាតិ​ប៉ាណាម៉ាមួយ​គ្រឿង បាន​ឆ្លង​ចូល​ដែន​ទឹក​របស់​អ៊ីរ៉ង់ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៤​កក្កដា មុន​នឹង​បាត់​សញ្ញា​ពី​រ៉ាដា​នៅ​ថ្ងៃ​ដដែល​នោះ​​។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេបសាយ​តាម​ដាន​នាវា​ដឹក​ប្រេង TankerTrackers នាវា​បំពាក់​ទង់​ជាតិ​ប៉ាណាម៉ា ប្រភេទ Riah នេះ ត្រូវ​បាន​ប្រើ​ប្រាស់នៅ​ច្រក​សមុទ្រអកមូស ដើម្បី​បំពេញ​ប្រេង​បន្ថែម​ឲ្យ​នាវា​ផ្សេង​ទៀត មិន​មែន​រត់​ពន្ធ​ប្រេង​ដូច​ការ​ចោទ​ប្រកាន់​របស់​អ៊ីរ៉ង់​ទេ​។

សូម​ជម្រាប​ថា នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ ដែល​អ៊ីរ៉ង់​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវ​ការ ពី​ការ​ឃាត់​នាវា​បរទេស​។ ចាប់​តាំង​ពី​ស្ថានការណ៍​នៅ​ច្រក​សមុទ្រ​អកមូស​ជួប​ភាព​តាន​តឹង​មក បណ្ដា​ប្រទេស​មួយ​ចំនួន ​បាន​ចោទ​ប្រកាន់​អ៊ីរ៉ង់​ថា ចេះ​តែ​រក​រឿង​ចាប់​នាវា​ដឹក​ប្រេង​របស់​ពួក​គេ​ ប៉ុន្តែ​អ៊ីរ៉ង់​មិន​ដែល​ទទួល​ស្គាល់​ទេ​។

កាល​ពី​សប្ដាហ៍​មុន សារព័ត៌មាន​អង់គ្លេស​បាន​រាយការណ៍​ថា នាវា​យោធា​អ៊ីរ៉ង់​ចំនួន​៥​គ្រឿង បាន​សាក​ល្បង​បង្អាក់​ដំណើរ​របស់​នាវា​ដឹក​ប្រេង​អង់គ្លេស នៅ​ច្រក​អកមូស​។ ​អ៊ីរ៉ង់ ​បាន​ច្រាន​ចោល​សេចក្ដី​រាយការណ៍​នេះ​ ដោយ​អះអាង​ថា នាវា​ល្បាត​របស់​អ៊ីរ៉ង់ គ្មាន​បាន​ជួប​នាវា​បរទេស​ណា​មួយ​ទេ នៅ​ក្នុង​អំឡុង​ពេល​នោះ​៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ