អានតួអត្ថបទ
អ៊ីតាលី-ឥណ្ឌា

អ៊ីតាលី​ជំទាស់​ឥណ្ឌា​ដែល​​​​ប្រើ​ច្បាប់​ប្រឆាំង​ភេរវកម្ម​ លើ​ទាហាន​ជើងទឹក​អ៊ីតាលី​

នាយករដ្ឋមន្ត្រី​អ៊ីតាលី លោក Enrico Letta
នាយករដ្ឋមន្ត្រី​អ៊ីតាលី លោក Enrico Letta REUTERS/Yves Herman

នៅ​អ៊ីតាលី​ ថ្ងៃ​ចន្ទ​នេះ នាយករដ្ឋមន្ត្រី​ អិនរីកូ ឡេតា បាន​​​ប្រាប់ថា លោក​មិនអាច​ទទួលយក​បានឡើយ​នូវ​​ទង្វើ​របស់​​តុលាការ​កំពូល​ឥណ្ឌា​​ ដែល​បាន​សម្រេច​អោយ​មានការ​អនុវត្ត​ន៍​ច្បាប់​ប្រឆាំង​អំពើ​ភេរវកម្ម​ ប្រឆាំង​​ទាហាន​ជើងទឹក​អ៊ីតាលី​២រូប។ ទាហាន​​អ៊ីតាលីទាំង២​នាក់ ជាប់ចោទ​ពីបទ​​​សម្លាប់​អ្នកនេសាទ​ឥណ្ឌា​​ចំនួន​២នាក់ កាលពី​ឆ្នាំ២០១២។ ​នៅថ្ងៃ​ចន្ទនេះ​ រដ្ឋមន្ត្រីការពារ​ជាតិ​អ៊ីតាលី​កំពុង​មានវត្តមាន​​នៅ​ឥណ្ឌាដើម្បី​​គាំទ្រ​ទាហាន​អ៊ីតាលីទាំង២នាក់។

ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ចន្ទនេះ រដ្ឋាភិបាល​អ៊ីតាលី​បាន​សុំអោយ​​តុលាការ​កំពូល​ឥណ្ឌា​ពិនិត្យអោយបាន​សមស្រប​​​ឡើងវិញ នូវ​សំណុំរឿង​ក្តី ប្រឆាំង​ទាហាន​ជើងទឹក​អ៊ីតាលី​២នាក់​ ​​ជាប់ចោទ​ពីបទ​​​ធ្វើឃាត​​អ្នក​នេសាទ​​​ឥណ្ឌា​២នាក់​​ កាលពី​ខែ​កុម្ភៈ ឆ្នាំ២០១២។ នៅថ្ងៃ​ចន្ទ​នេះដែរ តុលាការ​កំពូល​​ឥណ្ឌា​​បាន​លើក​​សវនាការ​រឿងក្តីនេះ ទៅធ្វើ​នៅ​ថ្ងៃ​១៨កុម្ភៈ​ខាងមុខវិញ។

គួររំលឹកថា​ ទាហាន​អ៊ីតាលី​ទាំង២​រូប ក្នុង​សំណុំរឿង​ក្តី​នេះ​ រងការ​ចោទប្រកាន់​ថា បាន​បាញ់​ទៅលើ​អ្នកនេសាទ​ឥណ្ឌា​​ កាលពី​ខែ​កុម្ភៈ ឆ្នាំ២០១២ នៅ​តាម​ឆ្នេរ​រដ្ឋ​កេរេឡា ភាគខាង​ត្បូង​​ឥណ្ឌា ពេល​ពួកគេ​កំពុង​ការពារ​សន្តិសុខ​កប៉ាល់​ដឹកប្រេង​អ៊ីតាលី​មួយគ្រឿង។ ទាហាន​អ៊ីតាលី​ទាំង​២រូប ប្រាប់​ថា កាលណោះ​ ពួកគេ​​​យល់​ច្រលំ​ថា​ កប៉ាល់អ្នកនេសាទ​ឥណ្ឌា​​ទាំង២​រូប​​​នេះ ជា​កប៉ាល់​​ចោរប្លន់។ ​រដ្ឋាភិបាល​អ៊ីតាលី​ទទូច​ចង់អោយ​ការ​កាត់ទោស​ទាហាន​ទាំង២​​ ប្រព្រឹត្ត​ទៅ​នៅ​អ៊ីតាលី​ ព្រោះថា ការបាញ់​ប្រហារ​នោះ​ធ្វើឡើង​ក្នុង​ដៃនទឹកអន្តរជាតិ។​​

តុលាការ​កំពូល​ឥណ្ឌា​គ្រោង​កាត់ក្តី​ទាហាន​អ៊ីតាលី​ទាំង២រូប ស្របតាម​មូលដ្ឋាន​ច្បាប់​ប្រឆាំង​​អំពើ​ប្លន់​តាម​សមុទ្រ។ ដំបូងឡើយ តុលាការ​ឥណ្ឌា​ចង់​សម្រេច​​រហូត​ដល់​ទោស​ប្រហារជីវិត​​ទាហាន​អ៊ីតាលី​ទាំង២នាក់ទៀតផង ប្រសិន​បើ​​មានការវិនិច្ឆ័យ​​ថា ទាហាន​ទាំង២នេះ ពិតជា​​ចង់​ធ្វើឃាត​លើ​អ្នកនេសាទ​ឥណ្ឌា​ពិតមែន។ ប៉ុន្តែ​ ដោយ​អ៊ីតាលី​​បាន​លុបចោល​​ច្បាប់​ដាក់ទោស​ប្រហារជីវិត ឥណ្ឌា​បាន​ប្តូរ​​ការសម្រេច​វិញ។ ​ទាហាន​អ៊ីតាលី​ទាំង២រូប​ អាច​ទទួលទោស​​ជាប់ពន្ធនាគារ​១០ឆ្នាំ។

​រដ្ឋាភិបាល​​អ៊ីតាលី​​តវ៉ា​នឹង​ទង្វើ​​​​​តុលាការ​​ឥណ្ឌាដែល​ចង់ប្រើច្បាប់​ប្រឆាំងភេរវកម្ម ​ប្រឆាំង​ទាហានជើងទឹក​អ៊ីតាលី។ សម្រាប់​​​អ៊ីតាលី​​​​ ​ ការសម្រេច​របស់តុលាការ​កំពូល​ឥណ្ឌា​​​គ្មានភាព​សមស្រប ហើយ​​ពិបាក​នឹង​យល់​បាន។ យោងតាម​រដ្ឋាភិបាល​អ៊ីតាលី​​ ឥណ្ឌា​បាន​ភ្ជាប់​​ហេតុការណ៍បាញ់​លើអ្នកនេសាទ​ឥណ្ឌា​ ទៅនឹង​អំពើ​ភេរវកម្ម។

រដ្ឋាភិបាល​អ៊ីតាលី​លើកឡើងថា ​បើ​តុលាការ​​ឥណ្ឌា​អនុម័ត​ច្បាប់​ប្រឆាំង​អំពើប្លន់​តាម​សមុទ្រ​​ ក្នុង​ការកាត់ក្តី​នេះ ​ទំនាក់ទំនង​ភាគី​អ៊ីតាលី សហភាព​អឺរ៉ុប និងភាគី​ឥណ្ឌា​នឹង​រង​ផល​ប៉ះពាល់។​ ហើយ​ការប្រឆាំង​អំពើភេរវកម្ម​​អន្តរជាតិ​ក៏​នឹង​រងផល​ប៉ះពាល់​​ធ្ងន់ធ្ងរ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ