អានតួអត្ថបទ
ជប៉ុន

ជប៉ុន​បន្ទាប​កម្មវត្ថុ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ក្នុង​សន្និសីទ​ស្តីពី​អាកាសធាតុ

រោងចក្រ​ឧស្សាហកម្ម​មួយ​​​​នៅតួក្យូ។ ជប៉ុន​បង្ខំ​ចិត្ត​ប្រើ​ថាមពល​ហ្វូស៊ីល ជំនួស​​ថាមពល​នុយក្លេអ៊ែរ
រោងចក្រ​ឧស្សាហកម្ម​មួយ​​​​នៅតួក្យូ។ ជប៉ុន​បង្ខំ​ចិត្ត​ប្រើ​ថាមពល​ហ្វូស៊ីល ជំនួស​​ថាមពល​នុយក្លេអ៊ែរ Reuters/Stringer

ជា​សេចក្តី​សម្រេច​ចិត្ត​ គួរ​ឱ្យ​​ភ្ញាក់​ផ្អើល​​បំផុត​សម្រាប់​ពិភពលោក​ទាំង​មូល ! ក្នុង​សន្និសីទ​អន្តរជាតិ​ស្តី​ពី​អាកាសធាតុ​នៅ​ទីក្រុង​វ៉ាសូវី ប្រទេស​ប៉ូឡូញ ​ជប៉ុន​ប្រកាស​បន្ទាប​កម្មវត្ថុ​​កាត់​បន្ថយ​​ការ​បញ្ចេញឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​ជា​បុព្វហេតុ​មួយ​នៃ​ការ​ឡើង​កម្តៅ​នៃ​ភព​​ផែន​ដី។ ប៉ុន្តែ​សម្រាប់​តូក្យូ មហន្តរាយ​នុយក្លេអ៊ែរ និង​រលក​យក្ស​ស៊ូណាមី កាលពី​ឆ្នាំ​២០១១​ ជា​បុព្វហេតុ​ផ្ទាល់​ជំរុញ​ឱ្យ​​ជប៉ុន​ប្តូរ​ផ្លាស់​នយោបាយ​ផ្នែក​ថាមពល​​។

ផ្សាយពាណិជ្ជកម្ម

កម្មវត្ថុ​ដ៏​មានមហិច្ឆតា​របស់​ជប៉ុន ដំបូង​ឡើយ គឺ​ចង់​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ឱ្យ​បាន ២៥% ពី​ពេល​នេះ​ដល់​ឆ្នាំ​២០២០ ដើម្បី​ជួយ​សម្រេច​បំណង​របស់​ពិភពលោក ក្នុង​ការ​ទប់​ស្កាត់​ការ​ឡើង​កម្តៅ​​អាកាស​ធាតុ​ត្រឹម​តែ​២អង្សារ។ ក៏​ប៉ុន្តែ​ពេល​នេះ ធ្លាក់​មក​ត្រឹម​តែ​៣,៨%​ប៉ុណ្ណោះ។

ជាមួយ​នឹង​ការ​ទទួល​ស្គាល់ និងយ​ល់​អំពី​ភាព​ខក​ចិត្ត​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​សហភាព​អឺរ៉ុប ប្រតិភូ​ជប៉ុន បាន​ពន្យល់​​ថា​រដ្ឋាភិបាល​ចាំ​បាច់​ត្រូវ​​​សើ​រើ​ឡើង​វិញ​អំពី​នយោបាយផ្នែក​ថាមពល​ ព្រោះ​ពី​មុន​ជប៉ុន​រំពឹង​លើ​ថាមពល​នុយក្លេអ៊ែរ​ (៤០%) សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ស្រុក​ ប៉ុន្តែ​​​ក្រោយ​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​និង​ស៊ូណាមី នៅហ្វូគូស្ហ៊ីម៉ា ​ជប៉ុន​ត្រូវ​ប្រើ​សម្មតិកម្ម​ថា​អនាគត​ជប៉ុន​គ្មាន​សោះ​ថាមពល​នុយក្លេអ៊ែរ។

ប៉ុន្តែ​ការ​សើ​រើ​នយោបាយ​នេះ ក៏​ទំនង​​​អាច​នាំ​ជប៉ុន​ឱ្យ​​សម្រេច​បាន​នូវ​កម្មវត្ថុ​​ដើម​ផង​ក៏​ថា​បាន។ នេះ​ជា​ការ​គូស​បញ្ជាក់​បន្ថែម​របស់​តំណាង​ប្រតិភូ​ជប៉ុន​ទៅ​កាន់​អ្នក​កាសែត នា​ថ្ងៃម្សិលមិញ ដោយ​សំអាង​ថា​រដ្ឋាភិបាល កំពុង​ស្វែង​រក​ល្បាយ​ថាមពលថ្មី​ នុយក្លេអ៊ែរ ហ្វូស៊ីល និង​ថាមពល​មិន​ចេះ​រីង​ស្ងួត និង​​ប្រកាន់​ខ្ជាប់​​​មហិច្ឆតា​​​​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ ​ព្រម​ទាំង​​ធ្លាប់​កំណត់​កម្មវត្ថុ​ កាលពី​ឆ្នាំ​២០០៩ កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដល់​ទៅ​៨០%​នៅ​ឆ្នាំ​២០៥០។ ហើយ​ទោះ​ជា​យ៉ាង​ណា​​ក៏ដោយ ក៏​ជប៉ុន​នៅ​តែ​បន្ត​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​វិនិយោគ និង​ផ្តល់​ហិរញ្ញប្បទាន​ ដើម្បី​បុព្វហេតុអាកាសធាតុ មូលនិធិ​សាធារណៈ​និងឯកជន​ប្រមាណ​១១០​ពាន់​លានដុល្លារ​ នឹង​ត្រូវចំណាយ​ក្នុង​វិស័យ​ស្រាវជ្រាវ​និង​អភិវឌ្ឍ​ថាមពល​និង​បរិស្ថាន រយៈ​ពេល​៥​ឆ្នាំ៕​

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ