អានតួអត្ថបទ
ចិន-ជប៉ុន

ជប៉ុន​តវ៉ា​រឿង​ចិន​សុំ​ដាក់​បញ្ហា​ទាសករ​ផ្លូវភេទ​សម័យ​សង្រ្គាម​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​យូណេស្កូ

សិស្សសាលា​នៅចិន​នាំគ្នា​រំឭកខួប​ទី ៧៥ឆ្នាំ នៃ​​ការ​សម្លាប់​រង្គាល​នៅ​ណានជីង ​ឆ្នាំ១៩៣៧ (រូបថតឯកសារ)
សិស្សសាលា​នៅចិន​នាំគ្នា​រំឭកខួប​ទី ៧៥ឆ្នាំ នៃ​​ការ​សម្លាប់​រង្គាល​នៅ​ណានជីង ​ឆ្នាំ១៩៣៧ (រូបថតឯកសារ) REUTERS/Carlos Barria

ជប៉ុន​បាន​ធ្វើការ​តវ៉ា​ខ្លាំងៗ​ នៅថ្ងៃ​ពុធ ចំពោះ​ចិន ដែល​បាន​ដាក់​សំណើ​សុំ​បញ្ចូល​​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​យូណេស្កូ នូវ​សំណុំរឿង​សម្លាប់​រង្គាល​នៅ​ណានជីង ឆ្នាំ​១៩៣៧​ និង​រឿង​ទាសករបម្រើ​ផ្លូវភេទ​ទាហានជប៉ុន​ក្នុង​សម័យ​សង្រ្គាម។ សំណុំរឿងប្រវត្តិសាស្រ្ត ដែល​នៅតែ​បន្ត​ជា​រឿង​ចម្រូងចម្រាស ក្នុង​ទំនាក់ទំនង រវាង​ចិន និង​ជប៉ុន នៅ​ក្នុង​ពេល​បច្ចុប្បន្ន។

ផ្សាយពាណិជ្ជកម្ម

 

បញ្ហា​ចម្រូងចម្រាស នៅ​ក្នុង​ទំនាក់ទំនង រវាង​ចិន និង​ជប៉ុន មហាអំណាច​សេដ្ឋកិច្ច​​ពិភពលោក​លំដាប់ទី២ និង​ទី៣ ចេះតែ​បន្ត​កើតមាន​មិនចេះ​មិនចប់​មិនចេះហើយ។ អស់ពីរឿងមួយ ចូលដល់​រឿងមួយ!

កាលពីថ្ងៃ​អង្គារ ក្រសួង​ការបរទេស​ចិន​បាន​ប្រកាស​ឲ្យដឹង​ថា ចិន​បាន​ដាក់​ពាក្យសុំ​​ទៅ​​អង្គការ​យូណេស្កូ ដើម្បី​បញ្ចូល​សំណុំរឿង​ស្រ្តី​មក​ពី​ចិន និង​កូរ៉េ​ ដែល​ត្រូវ​ទាហាន​ជប៉ុន​យក​​មក​ធ្វើ​ជា​ទាសករ​បម្រើ​ផ្លូវភេទ ក្នុង​សម័យសង្រ្គាម ព្រមទាំង​រឿង​សម្លាប់រង្គាល​ជនស៊ីវិល​ដោយ​ទាហាន​ជប៉ុន នៅ​ណានជីង កាល​ពី​ឆ្នាំ​១៩៣៧ ដាក់​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ធ្វើការ​ពន្យល់ថា ការ​ស្នើសុំ​ដាក់​បញ្ហា​អស់​ទាំងនេះ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក គឺ​ដើម្បី​ជា​ការ​ចងចាំ​ប្រវត្តិសាស្រ្ត​ លើក​តម្កើង​សន្តិភាព និង​បញ្ចៀស​កុំ​ឲ្យ​សោកនាដកម្ម​បែបនេះ​កើតមាន​ឡើង​សាជាថ្មី​ទៀត​ទៅថ្ងៃ​អនាគត។

ក៏ប៉ុន្តែ ជប៉ុនវិញ​យល់ថា ចិន​កំពុងតែ​ចង់​យក​អង្គការ​យូណេស្កូ ដើម្បី​ប្រើ​ក្នុង​គោលដៅ​នយោបាយ ហើយ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដក​ពាក្យ​សុំ​ពី​យូណេស្កូ​មកវិញ។ មន្រ្តី​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន នៅថ្ងៃ​ពុធ​ថា ទង្វើ​របស់​ចិន​នេះ មិនចូលរួម​ចំណែក​ក្នុងការ​បន្ធូរបន្ថយ​​ភាពតានតឹង នៅ​ក្នុង​ទំនាក់ទំនង រវាង​ចិន និង​ជប៉ុន​នោះទេ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ឆ្លើយតប​មកវិញ​ភ្លាមៗ​ថា ចិន​នឹង​មិនដក​ពាក្យសុំ ទៅ​តាម​ការទាមទារ​របស់​ជប៉ុន​នោះទេ។ ការទាមទារ ដែល​ចិន​ចាត់ទុក​ថា “មិនសមហេតុផល”។

ជាទូទៅ គេសង្កេតឃើញ​ថា មាន​អ្នករិះគន់​ជាច្រើន ទាំង​នៅ​ជប៉ុន ក៏ដូចជា នៅ​ប្រទេស​ផ្សេងទៀត តែងតែ​លើកឡើង​ថា រដ្ឋាភិបាល​ចិន​យក​រឿង​ប្រវត្តិសាស្រ្ត​ជូរចត់​ជាមួយ​ជប៉ុន​​មក​ធ្វើ​ជា​មធ្យោបាយ​ស្វែងរក​ផលចំណេញ​ផ្នែក​នយោបាយ​ក្នុងស្រុក ក្នុងពេល​ដែល​ជប៉ុន​​​បាន​ថ្លែង​សុំទោស ព្រមទាំង​ព្យាយាម​រស់នៅ​ជា​ប្រទេស​សន្តិភាព​និយម​អស់រយៈពេល​​ជិត ៧០ឆ្នាំ​មកហើយ​។ ក៏ប៉ុន្តែ ចិនវិញ​តែងតែ​លើកឡើង​ថា ជប៉ុន​ថ្លែង​សុំទោស​តែ​ពី​សម្បក​ក្រៅ​តែ​ប៉ុណ្ណោះ មិនមែន​ធ្វើ​ដោយ​ចិត្ត​ស្មោះ​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ