អានតួអត្ថបទ
អង់គ្លេស

​នាយករដ្ឋមន្ត្រី​អង់គ្លេស​ សុំទោស​ដែល​មិន​អាច​លែងលះពី​សហគមន៍​អឺរ៉ុប​ នៅ​ចុង​ខែ​តុលា ដូច​តាម​ការ​សន្យា​

នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson  បានថ្លែងសុំអភ័យទោស ដែលមិនអាចធ្វើឱ្យអង់គ្លេសលែងលះដាច់ស្រេចចេញពីសហគមន៍អឺរ៉ុប នៅបំណាច់ខែតុលា តាម​ការ​សន្យា។
នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានថ្លែងសុំអភ័យទោស ដែលមិនអាចធ្វើឱ្យអង់គ្លេសលែងលះដាច់ស្រេចចេញពីសហគមន៍អឺរ៉ុប នៅបំណាច់ខែតុលា តាម​ការ​សន្យា។ © REUTERS/Henry Nicholls

នៅក្នុង​បទសម្ភាសន៍​របស់​ទូរទស្សន៍ SkyNews លោកនាយករដ្ឋមន្ត្រី​អង់គ្លេស​ Boris Johnson  នៅ​ថ្ងៃ​អាទិត្យ​ ទី​៣វិច្ឆិកា បាន​ថ្លែង​សុំ​អភ័យ​ទោស​ ដែល​លោក​មិន​អាច​ធ្វើ​ឱ្យ​អង់គ្លេស​លែងលះ​ដាច់​ស្រេច​ចេញ​ពី​សហគមន៍​អឺរ៉ុប នៅ​បំណាច់​ខែ​តុលា ដូចកាល​កំណត់​​ដែល​លោក​បាន​សន្យា​។ ក្រៅពីការ​ថ្លែង​ក្តី​សោកស្តាយជាខ្លាំង លោក Boris Johnson បញ្ជាក់ជាថ្មី​ម្តង​ទៀតថា «លោក​ដូច​ជា​មើល​មិនឃើញ​ថា​បាន​ប្រយោជន៍​អ្វីសោះដែល​ត្រូវ​ពន្យារពេលបន្តទៅទៀត​ ក្នុង​ការ​ដើរ​ចេញពី​សហគមអឺរ៉ុបនោះ»​។ 

ផ្សាយពាណិជ្ជកម្ម

នៅពេល​ដែល​ចូល​កាន់តំណែងពីខែ​កក្កដា នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក​ Boris Johnsonសន្យាថា បើ​ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ លោក​ដាច់​ខាត់​ត្រូវតែ​នាំអង់គ្លេស​ដើរ​ចេញពីអឺរ៉ុប​ឱ្យ​ដាច់​ស្រេច​ នៅ​ចុង​ថ្ងៃទី​៣១តុលា។ ប៉ុន្តែ​កិច្ច​សន្យា​របស់លោក​​មិន​បាន​សម្រេច​ឡើយ ដ្បិត​សភា​អង់គ្លេស​មិន​យល់​ស្រប ព្រ​មទាំងបាន​សម្រេច​លើកពន្យារពេល​ក្នុង​ការ​សម្រេចទៅ​​លើ​សំណើ​កិច្ច​ព្រមព្រៀង​រៀបចំ​ដោយ​លោកនាយករដ្ឋមន្ត្រី។​

ក្នុង​សំណុំ​រឿង​ Brexit នេះ​ កាលពីថ្ងៃសុក្រ​សប្តាហ៍មុន ប្រធានសភា​អង់គ្លេស លោក John Bercow បាន​សម្រេច​សុំ​លាឈប់ពីតំណែង​ ​ដែល​លោក​បាន​ដឹកនាំ​សភា​ ចំនួន​១០ឆ្នាំមកហើយ។ ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​សភា​ថ្មី នឹង​ត្រូវ​រៀបចំ​ធ្វើឡើង​នៅថ្ងៃទី​១២ធ្នូ​ខាងមុខ ហើយ​ការ​ចាប់ផ្តើម​ធ្វើយុទ្ធនាការ​​ឃោសនា​ប្រមូល​សំឡេង​គាំទ្រ នឹង​ត្រូវ​ធ្វើ​នៅថ្ងៃទី​៦វិច្ឆិកា ខាន​ស្អែក​នេះ។

ការ​បោះឆ្នោត​សភា​អង់គ្លេសលើកនេះ គឺ​ចម្លែក​ជាង​សព្វដង ឬអាច​និយាយថា ជាប្រវត្តិសាស្ត្រ​ទី១ បើ​គិត​តាំងពី​ឆ្នាំ​១៩២៣មក ដែល​ការ​បោះឆ្នោត​សភា​ គឺត្រូវ​គេ​មើល​ឃើញថា បាន​បែក​ចែក​ដាច់​ណាត់​ជាពីរក្រុម​ ជា​ពីរគោល​ជំហរ​តែម្តង។ ពោល​គឺ​នៅម្ខាង ​ក្រុម​ខាងគាំទ្រ​ Brexit និង​ម្ខាងទៀត ជាក្រុមមិនគាំទ្រ Brexit ។ ក្នុង​ការ​បោះឆ្នោត​សភា​អង់គ្លេសខែធ្នូ​ខាងមុខ​នេះ លោកនាយករដ្ឋមន្ត្រី ​  សង្ឃឹមថា នឹង​អាច​ប្រមូល​ការគាំទ្រ​ច្រើន ហើយ​ទទួល​បាន​អាសនៈ​កៅអី​ភាគ​ច្រើន​នៅ​សភា ដើម្បី​អាច​មាន​ទឹកមាត់ប្រៃ​ ជួយ​សម្រួល​ក្នុងការ​លែងលះដើរ​ចេញពី​សហគមអឺរ៉ុប ​ឱ្យ​បាន​ឆាប់ ​បន្ទាន់​ភ្លាមភ្លែត។ ក៏ប៉ុន្តែ តាម​ការ​ស្ទង់មតិ​ថ្មីៗ នៅ​ថ្ងៃអាទិត្យ​កន្លងទៅ​នេះ របស់​YouGov ដែរចេញផ្សា​យដោយ​សារព័ត៌មាន​ Sunday Times គឺ​ មានចំនួន​តែ​៧ភាគ​រយ​ប៉ុណ្ណោះ ដែល​មាន​ចេតនា​ចង់​បោះឆ្នោត​ឱ្យ​បក្ស​អភិរក្ស​និយម​របស់លោកចនសុន​។​ គឺធ្លាក់​ចុះ​៦ភាគរយ បើធៀប​នឹងការ​ស្ទង់​មតិ​ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។

ចំណែក​លោកប្រធានាធិបតី ​ដូណាល់ ត្រាំ ពី​អាមេរិក​ឯណោះ បាន​ឱ្យ​យោបល់​ទៅ​មិត្ត​សម្លាញ់​   Boris Johnson ថា​គួរតែ​ចង់​សម្ព័ន្ធ​មតិ​ជាមួយ​បក្ស​ Brexit របស់​លោក​ Nigel Farage ទៅ ពីព្រោះ​លោកទាំងពីរ​នាក់ គឺ​សុទ្ធតែ​មាន​ជំហរ​គាំទ្រ​ការ​ដើរ​ចេញ​ពី​អឺរ៉ុប​ដូចគ្នាទេ។ លោក​នាយករដ្ឋមន្ត្រី​ ចនសុន បដិសេធ​ការ​ស្នើ​ឱ្យ​ចង់​សម្ពន្ធ​នេះ តែ​លោកក៏យល់ថា បក្សទាំងពីរ មិនគួរ​ប្រជែង​គ្នានោះទេ ព្រោះ​មាន​ជំហរ​ដូចគ្នា​យ៉ាងនេះ។​

ចំពោះ​បុគ្គល​ផ្ទាល់​ខ្លួនរបស់​លោក​ Nigel Farage ជាសមាជិកសភា​អឺរ៉ុប ខាង​ទំនោរ​​អ្នកជ្រុល​និយម​​រើសអើង​សហគមអឺរ៉ុបនោះ​​, គឺ​លោក​ប្រកាសថា​នឹង​មិនឈរឱ្យ​គេ​បោះឆ្នោតសភា​អង់គ្លេស​នេះ​​ទេ ដោយ​សុខ​ចិត្ត​នៅ​ជួយ​គាំទ្រ​​និង​ជំរុញ​ពីក្រោយសមាជិក​របស់​ខ្លួន​ឱ្យ​ឈរ​ឈ្មោះទៅវិញ៕​

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ