អានតួអត្ថបទ
អារ៉ាប៊ីសាអូឌីត

សហគមន៍អន្តរជាតិ៖ ការ​កាត់​ក្តី​ជនសង្ស័យ​សម្លាប់​អ្នក​កាសែត Jamal Khashoggi គឺគ្មាន​យុត្តិធម៌​

អ្នកតវ៉ាម្នាក់បានកាន់រូបថតសពរបស់អ្នកកាសែតអារ៉ាប៊ីសាអូឌីតលោក Jamal Khashoggi នៅមុខស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ក្នុងប្រទេសតួកគី កាលពីថ្ងៃទី២៥ តុលា ឆ្នាំ២០១៨។
អ្នកតវ៉ាម្នាក់បានកាន់រូបថតសពរបស់អ្នកកាសែតអារ៉ាប៊ីសាអូឌីតលោក Jamal Khashoggi នៅមុខស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ក្នុងប្រទេសតួកគី កាលពីថ្ងៃទី២៥ តុលា ឆ្នាំ២០១៨។ REUTERS/Osman Orsal/File Photo

សំណុំ​រឿង​សម្លាប់​អ្នក​កាសែត Jamal Khashoggi, តុលាការ​អារ៉ាប៊ីសាអូឌីត ពីថ្ងៃ​​ច័ន្ទ​ ទី២៣ធ្នូ បាន​សម្រេច​កាត់ទោស​​ប្រហារជីវិត ចំពោះ​ជន​ជាប់​សង្ស័យ​៥នាក់។ ចំណែក​៣នាក់ទៀត​ ត្រូវ​ជាប់​ទោស​២៤ឆ្នាំ។ រីឯ​អ្នក​ផ្សេងទៀត ដែល​ជិត​ស្និទ្ធ​​ខ្លាំង​នឹង​ស្តេច​​អារ៉ាប៊ីសាអូឌីត បែ​រ​ជាត្រូវ​រួច​ខ្លួន។ សហគមសិទ្ធិមនុស្ស​និងអង្គការអន្តរជាតិ​ខាង​សេរីភាពបញ្ចេញជាច្រើន​ បានថ្កោលទោស​ការ​ជម្រះ​ក្តី​យ៉ាងដូច្នេះ ថា«គ្មានពន្លឺ​យុត្តិធម៌» ហើយ​«មិនអាចស្វែងរកការពិត»សម្រាប់ជនរងគ្រោះបានសោះឡើយ។​

ផ្សាយពាណិជ្ជកម្ម

«ជា​សវនា​ការ​កាយ​កប់​ត្រឡប់​ជាន់ ហើយ​លាង​ជម្រះ​ខ្លួនរបស់​ថ្នាក់ដឹក​នាំ​​អារ៉ាប៊ីសាអូឌីត​។ គ្មាន​ផ្តល់​យុត្តិធម៌ ​សម្រាប់​អ្នក​កាសែត Jamal Khashoggi និង​ក្រុមគ្រួសារ​របស់​គាត់នោះ​ទេ»។ នេះជាការ​គូស​បញ្ជាក់​របស់​អ្ន​កតំណាង​អង្គការ​សិទ្ធិមនុស្ស​ Amnesty International នៅតំបន់​ដើម​បូព៌ា​។ អង្គការ​ដដែល​សង្គត់​ធ្ងន់ថា សូម្បី​តែ​នីតិវិធី​ក៏​គ្មាន​យុត្តិធម៌​ស្រេច​ទៅហើយ​ ទៅ​សង្ឃឹម​អី​លើ​យុត្តិធម៌​នោះ​។

នីតិវិធី​នោះ គឺ​ជម្រះ​ក្តី​ដោយ​បិទទ្វារស្ងាត់​ជិត​ឈឹង គ្មាន​អនុញ្ញាត​ឱ្យ​ចូលរួម​និងតាម​ដានពីសំណាក់​អ្នក​អង្កេតការណ៍​សោះ​ ហើយ​ទីបំផុត​ ​ស្រាប់តែ​​ចេញ​សាលដីកា​កាត់ទោស​ប្រហារ​ជីវិត​ជន​សង្ស័យ៥​តែម្តង។ ​ការ​សម្រេច​នេះ គឺ​ចង់​បំបិទ​មាត់​សាក្សី​នៅកន្លែង​កើត​ហេតុ​ទៀត​ផង​។

មុន​ពេល​មរណភាព​ កាលពីឆ្នាំ​២០១៨ អ្នក​កាសែតវ័យ​៥៩ឆ្នាំ​ Jamal Khashoggi ធ្វើការ​ឱ្យ​សារព័ត៌មាន​​ Washington Post។ លោក​ត្រូវ​កងទាហាន​​កុម្មង់ដូ​អារ៉ាប៊ីសាអូឌីត មួយ​ក្រុម​មាន​គ្នា​យ៉ាង​ហោច១៥នាក់ សម្លាប់​ ​កាត់​ជាកង់​ៗ នៅ​ក្នុង​ស្ថានកុងស៊ូល​អារ៉ាប៊ីសាអូឌីត ក្នុង​ប្រទេស​តួកគី។ តួកគី​បាន​ស្នើ​ឱ្យ​អារ៉ាប៊ីសាអូឌីត​ធ្វើ​បត្យប័ន​បញ្ចូន​មនុស្ស​ពាក់ព័ន្ធ​នឹង​ឃាតកម្ម ១៨នាក់​​ ទៅ​​កាត់ទោស​នៅ​តួកគី តែអារ៉ាប៊ីសាអូឌីតមិនព្រម​នោះទេ។ ឃាតកម្ម​លើ​អ្នក​កាសែត​រូបនេះ ធ្វើ​ឱ្យ​អារ៉ាប៊ីសាអូឌីតនិងសែ​រាជវង្សសេដ្ឋីប្រេង ប្រឡាក់​កិត្តិយសខូចខាត​​ខ្លាំងណាស់ ​លើ​ឆាក​អន្តរជាតិ។

អង្គការ​ Humain Right Watch, អ្នក​ទទួល​បន្ទុក​សរសេរ​របាយការណ៍របស់​អង្គការ​សហប្រជាតិ, ព្រ​មទាំង​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន គឺសុទ្ធតែ​ប្រតិកម្ម​ខក​ចិត្ត​គ្រប់ៗគ្នា ថា​ «សវនាការ​របស់​តុលាការ​អារ៉ាប៊ីសាអូឌីត គឺ​គ្មាន​ទេ​យុត្តិធម៌​សម្រាប់អ្នក​កាសែត Jamal Khashoggi​។ សហគមន៍​អន្តរជាតិ យល់ឃើញ​ច្បាស់ថា ថ្នាក់​ដឹកនាំ​អារ៉ាប៊ីសាអូឌីត បើក​សវនាការ​ជម្រះក្តី​រឿង​នេះ គឺ​គ្រាន់តែ​លាង​ជម្រះ​មុខ​មាត់​នៃ​អំពើ​ឃោរឃៅ​ព្រៃ​ផ្សៃ​របស់ខ្លួន និង​ចង់​បង្ហាញ​ថា​ខ្លួន​បាន​យក​ចិត្ត​ទុក​ដាក់​រក​យុត្តិធម៌ឱ្យ​មរណជន​​រួច​ហើយ។ ហើយ​ការ​ធ្វើ​នេះ គឺ​ចង់​ស្តារ​មុខ​មាត់ប្រទេស​ខ្លួន​​លើ​ឆាក​អន្តរជាតិឡើងវិញ ខណៈ​ពេល​ដែល​កិច្ច​ប្រជុំ​កំពូល​នៃ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ G20 នឹង​ត្រូវ​រៀបចំ​ឆាប់ៗ​នេះ នៅ​​អារ៉ាប៊ីសាអូឌីត»។

ចំពោះ​មតិក្រុម​អន្តរជាតិ​ដដែល​ «អំណាច​តុលាការ​​​អារ៉ាប៊ីសាអូឌីត ដែល​គ្មាន​ឯករាជ្យភាព​និងកាត់​ក្តី​ដោយ​គ្មាន​តម្លាភាព​ដូច្នេះ គឺ​មិនអាចឱ្យ​គេ​​ជឿជាក់​បាន​សោះឡើយ​​»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ