អានតួអត្ថបទ
អ៊ុយក្រែន

អ៊ុយក្រែន​ និង​ក្រុម​ផ្តាច់​ខ្លួន ផ្លាស់ប្តូរ​«អ្នក​ទោសនយោបាយ» ជាង​៦០នាក់​រៀង​ៗខ្លួន​ មុន​ពេល​បុណ្យ​ឆ្លងឆ្នាំ​ថ្មី​

ភរិយាអ៊ុយក្រែន ឱប​ស្វាមី​ដែល​ទើប​ត្រូវ​ដោះលែង​ ពីដៃ​ក្រុម​ផ្តាច់​ខ្លួន​និយម​។​
ភរិយាអ៊ុយក្រែន ឱប​ស្វាមី​ដែល​ទើប​ត្រូវ​ដោះលែង​ ពីដៃ​ក្រុម​ផ្តាច់​ខ្លួន​និយម​។​ Ukrainian Presidential Press Service

ថ្ងៃ​អាទិត្យ​ទី​២៩ធ្នូ ប្រទេស​អ៊ុយក្រែន និង​ក្រុម​អ្នក​ផ្តាច់​ខ្លួន​គាំទ្ររុ​ស្ស៊ី នៅ​ភាគ​ខាងកើត​អ៊ុយក្រែន បា​នសម្រេច​យល់​ព្រម​ផ្លាស់ប្តូរ«អ្ន​កទោសមនសិការ និងអ្ន​កទោស​នយោបាយ» ចំនួន​ជាង​៦០នាក់ ម្ខាងៗម្នាក់។ ការ​ផ្លាស់ប្តូរនេះ គឺហាក់​ដូច​ជា​អំណោយ​សម្បទាន​​ផ្តល់ដល់​គ្នា​ទៅវិញទៅមក នៅមុនពេលឱកាស​បុណ្យឆ្នាំថ្មីដែលនឹងឈាន​ចូល​មកដល់ ដើម្បី​ឱ្យ​ពួក​គេ​ទាំងនោះ បា​នជួប​ជុំ​គ្រួសារ​ជាថ្មី​ឡើងវិញ នៅ​ក្នុង​ឱកាស​បុណ្យ​ទាន​។ សូម​ជ្រាប​ដែរថា នៅក្រោយ​ការ​ដោះលែង​អ្នក​ទោស​នេះ ប្រមុខ​រដ្ឋ​រុស្ស៊ី លោក​ វ្ល៉ាឌីមៀរ ពូទីន និង​ថ្នាក់​ដឹកនាំអាល្លឺម៉ង លោកស្រី Anglela Merkel បា​នអបអរសា​ទរ​ ហើយ​បាន​ចាត់ទុកថា នេះជា​ជំហាន​មួយ​ដ៏​វិជ្ជមាន​។

ផ្សាយពាណិជ្ជកម្ម

ការដោះដូរអ្នកទោសមនសិការ​ គឺជាសេចក្តីប្រាថ្នាចង់បានជាខ្លាំង របស់ប្រធានាធិបតី អ៊ុយក្រែន ដែល​បាន​បញ្ជាក់​តាំងពីពេលប្រជុំដោះស្រាយ​វិបត្តិ​អ៊ុយក្រែន នៅទីក្រុងប៉ារីស ទី៩ធ្នូ នៅចំពោះមុខថ្នាក់ដឹកនាំបារាំង អាល្លឺម៉ង់ អ៊ុយក្រែន​ និងរុស្ស៊ី។ ការ​ដោះដូរ​អ្នក​ទោស​មនសិការ​និង​ចំណាប់​ខ្មាំង​នេះ ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល​ដោយ​ផ្ទាល់​នៃ​ក្រសែផ្នែក​អ្ន​កសង្កេត​ការណ៍​អឺរ៉ុប និង​អង្គការ​កាកបាទក្រហមផង។

ថ្ងៃអាទិត្យ​ ម៉ោង​៤ល្ងាច​ ម៉ោង​ក្នុង​ស្រុក​អ៊ុយក្រែន ប្រមុខ​រដ្ឋ​វ័យ​ក្មេង​អ៊ុយក្រែន Volodymyr Zelensky ប្រកាស​ថា ទទួល​បាន​ប្រជាជាតិ ​ចំនួន​៦៧នាក់ មាន​សេរីភាព ត្រឡប់​ចូល​មាតុប្រទេស​របស់​ខ្លួន​វិញ។

ចំណែក​ក្រុម​ផ្តាច់ខ្លួននិយម គាំទ្រ​រុស្ស៊ី នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន គឺ​ទទួល​បាន​ចំណាប់​ខ្មាំង ចំនួន​ពី​៦១ ទៅ​៦៣នាក់ ដែល​ភាគ​ច្រើន​ ជា​ជន​ជាតិ​រុស្ស៊ី និង​មាន​ប្រេស៊ីល​ម្នាក់​ផង។ ពួក​ក្រុម​នេះ​ត្រូវ​អ៊ុយក្រែន ​ចាត់​ទុក​ថា​ជា​ក្រុម​ឧទ្ទាម​។​

ជាការ​បូក​សរុប ចាប់តាំងពី​មា​នការ​ផ្ទុះ​អាវុធ​ប្រយុទ្ធច្បាំង​គ្នា គឺក្រោយ​ពី​កោះគ្រីមេ​ត្រូវ​ដាក់​ចូល​ក្នុង​ឧបសម្ព័ន្ធដែនដី​រុស្ស៊ី នៅ​ឆ្នាំ​២០១៤ គឺ​ក្រុម​ផ្តាច់ខ្លួននិយមខាង​កើត​អ៊ុយក្រែន និង​អ៊ុយក្រែន បាន​ដោះដូរ​អ្នក​ទោស​ច្រើ​នដង​ដែរ ហើយ​ច្រើ​នតែ​ធ្វើ​នៅ​ជិត​ចុង​ឆ្នាំ សរុប​ទាំង​អស់​ គឺបាន​ដោះដូរ​ មនុស្ស​ចំនួន ជាង​២០០នាក់មកហើយ ទាំងសង​ខាង។

សម្រាប់​លើក​នេះ បើ​តាម​កាសែត​អ៊ុយក្រែន អ្ន​កទោស​ដែល​អ៊ុយ​ក្រែន​ដោះលែង គឺ​ច្រើន​ជា​កង​កម្លាំង​ទ័ព​រុស្ស៊ី ហើយ​ក៏​មាន​ដែរ អ្ន​កកាសែត​រុស្ស៊ី អ្នក​ការ​ពារសិទ្ធិមនុស្ស ដែល​ត្រូវ​បាន​ចាប់ខ្លួន​កន្លងមក។ អត្តសញ្ញាណ​នៃ​អ្ន​កដែល​ត្រូវ​ដោះលែង​ទាំងសង​ខាង មិនបាន​ត្រូវ​​បញ្ជាក់​លម្អិត​ឱ្យ​ដឹង​នោះទេ។ តែទោះយ៉ាងណា អ្នកសែត​បារាំងដែល​ឈរ​ជើង​នៅទីនោះ បា​នរុករាវរក​ឃើញ​ឈ្មោះ អ្ន​កកាសែត​អ៊ុនក្រែន​ម្នាក់ ឈ្មោះ Stanislav Aseiev ធ្វើការ​ឱ្យ​វិទ្យុ​​របស់​អាមេរិក នៅអ៊ុយក្រែន ដែលត្រូវ​ចាប់​ឃុំខ្លួន​ កាលពី​ឆ្នាំ​២០១៧ ក៏​ត្រូវ​បាន​ដោះលែង​មកវិញ​ដែរ។

ទោះ​ជា​ដំណឹង​ល្អអ៊ីចឹង​ក្តី តែ​ក៏​មាន​ការ​ទោមនស្ស​​ខ្លះ​ដែរពី​បណ្តា​ជន​អ៊ុយក្រែនមួយ​ចំនួន។ ពីព្រោះថា ក្នុង​ចំណោម​អ្នក​ទោស​ដែល​អ៊ុយក្រែន​ដោះលែង​ទៅនោះ គេ​សង្ស័យ​ថា មា​នអ្នក​ខ្លះ ជាអ្នក​ទោស​ឧក្រិដ្ឋ ដៃប្រឡាក់​ឈាម​ ធ្លាប់​ធ្វើ​វាយ​ប្រហារ​​សម្លាប់​ពលរដ្ឋ​អ៊ុយក្រែន​ជាច្រើន​សិបនាក់។​ ដូច្នេះ អ៊ុយក្រែនខ្លះ​ ​យល់ថា ការ​ដោះលែង​នេះ មិន​យុត្តិធម៌​សោះឡើយ សម្រាប់​ជន​រងគ្រោះ​ដែល​រលត់​ជីវិត​ទៅហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ