អានតួអត្ថបទ
កម្ពុជា

ព្រះមហាក្សត្រ​ទទួល​យក​ញត្តិ​សុំ​ពន្យារ​កិច្ច​ប្រជុំ​សភា​ដំបូង​ពី​សង្គម​ស៊ីវិល

តំណាង​សង្គម​ស៊ីវិល ព្រះសង្ឃ​ ពលរដ្ឋ​ នាំ​ញត្តិ​សុំ​ពន្យារ​ពេល​បើក​ប្រជុំ​សភា​ដំបូង​ ទៅ​ថ្វាយ​ព្រះ​មហាក្សត្រ
តំណាង​សង្គម​ស៊ីវិល ព្រះសង្ឃ​ ពលរដ្ឋ​ នាំ​ញត្តិ​សុំ​ពន្យារ​ពេល​បើក​ប្រជុំ​សភា​ដំបូង​ ទៅ​ថ្វាយ​ព្រះ​មហាក្សត្រ © ចាន់ណា/rfi

ពលរដ្ឋ​ និង​ព្រះសង្ឃ​ជាច្រើន​រយនាក់​បាន​ដង្ហែ​ញត្តិ​ទៅ​ព្រះបរម​រាជវាំង​នៅព្រឹក​ថ្ងៃអាទិត្យ​នេះ ដើម្បី​ស្នើ​សុំ​ព្រះមហាក្សត្រ​ពន្យារ​ពេល​នៃ​បើក​ប្រជុំ​សភា​ដំបូង​ ដែល​គ្រោង​ ធ្វើ​នៅ​ចន្ទ​ស្អែក។ តំណាង​របស់​ព្រះបរម​រាជវាំង​បាន​ចេញ​មកយក​ញត្តិ​ពី​តំណាង​សង្គម​ស៊ីវិល​​នៅក្រៅ​របង​ព្រះ​បរម​រាជវាំង។

ផ្សាយពាណិជ្ជកម្ម

តំណាង​សង្គម​ស៊ីវិល​៤​នាក់​ត្រូវបាន​អនុញ្ញាត​អោយ​នាំយក​ញត្តិ​ទៅ​​ថ្វាយ​ព្រះមហាក្សត្រ​តាម​រយៈ​មន្ត្រី​ព្រះ​បរមរាជវាំង​។ គឺ​ជា​ញត្តិ​​ដែល​សរសេរ​រួម​គ្នា​ដោយ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១០​ដែល​ស្នើ​អោយ​ព្រះ​មហាក្សត្រ​ពន្យារ​ការ​ប្រជុំ​សភា​ដំបូង​នៅ​ថ្ងៃ​ចន្ទ​២៣​កញ្ញា​នេះ។ អង្គការ​សមាគម​ទាំងនោះ​រួមមាន​ សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ សហជីព​សេរី​កម្មករ សមាគម​បណ្តាញ​យុវជន​កម្ពុជា​ជាដើម។

 
នៅព្រឹក​ថ្ងៃអាទិត្យ​នេះ​ដែរ ពលរដ្ឋ និង​ព្រះសង្ឃ​ ​ជា​ច្រើន​រយ​នាក់​បាន​ដង្ហែ​ញត្តិ​នេះ​ទៅ​ព្រះបរម​រាជវាំង។ ក៏​ប៉ុន្តែ​ក្បួន​ដង្ហែ​ត្រូវបាន​រារាំង​ដោយ​ប៉ូលិស ហើយ​ក្រោយ​មក​ តំណាង​របស់​សង្គម​ស៊ីវិល​ក៏​ត្រូវបាន​អនុញ្ញាត​អោយនាំ​យក​ញត្តិ​នេះ​ទៅ​ជូន​តំណាង​ព្រះមហាក្សត្រ។

ញត្តិ​របស់​ក្រុម​អង្គកា​រ​សង្គម​ស៊ីវិល​បាន​សរសេរ​ទូលថ្វាយ​ព្រះមហាក្សត្រ​អំពី​ព្រឹត្តិការណ៍​ដ៏​ចម្រូង​ចម្រាស​ដែល​បង្កឡើង​ដោយ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ រួម​មាន​ទាំង​ការ​ពង្រាយ​កងកម្លាំង​​ប្រដាប់​អាវុធ និង​​​គម្រោង​បាតុកម្ម​​ក្នុង​ពេល​កន្លង​មក។ ញត្តិ​ដដែល​បន្ត​ថា គណបក្ស​ទាំងពីរ​គួរ​តែ​មាន​ពេល​វេលា​ច្រើន​ជាង​នេះ​ដើម្បី​អាច​ពិភាក្សា ដោះស្រាយ​បញ្ហា​ជាតិ​ដោយ​សន្តិវិធី។ ក្រុម​សង្គម​ស៊ីវិល​បាន​ស្នើ​ព្រះមហាក្សត្រ​សម្រេច​ព្រះទ័យ​ពន្យារ​ពេល​នៃ​កិច្ច​ប្រជុំ​ដំបូង​របស់​រដ្ឋសភា ទៅ​ពេល​វេលា​ណា​សម​ស្រប​ក្នុង​ពេល​ខាង​មុខ ក្រោយ​​ការ​មាន​ឯកភាព​គ្នា​រវាង​គណបក្ស​ទាំងពីរ។

ក្រោយពី​បាន​ជូន​ញត្តិទៅ​មន្ត្រី​ព្រះបរម​រាជវាំង​ហើយ លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​ជា​តំណាង​មួយ​រូប​របស់​អង្គការ​សមាគម​ទាំង​១០​បាន​ថ្លែង​ប្រាប់​វិទ្យុបារាំង​ថា លោក​សង្ឃឹម​ថា ព្រះមហាក្សត្រ​នឹង​សម្រេច​ព្រះទ័យ​ពន្យារ​កិច្ច​ប្រជុំ​សភានេះ។

គួរ​រម្លឹកថា កាលពី​ថ្ងៃ​សៅរ៍​គណបក្ស​សង្គ្រោះជាតិ​ក៏​បាន​ប្រមូល​ស្នាម​មេដៃ​ចំនួន​២៦​ម៉ឺន​នាក់​ពី​ប្រជាពលរដ្ឋ​ដែល​​អំពាវនាវ​អោយ​ព្រះមហាក្សត្រ​ពន្យារ​​ពេល​ ប្រជុំ​សភា​ដំបូង​នេះ​ដូចគ្នា​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ