អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ឆាកនយោបាយ​កម្ពុជា​កំពុង​ឡើង​កម្តៅ!

សំឡេង ០៤:៣៣
លោក​កឹម​សុខា ​ប្រធានគណបក្សសិទ្ធិមនុស្ស​ និងលោកសម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី
លោក​កឹម​សុខា ​ប្រធានគណបក្សសិទ្ធិមនុស្ស​ និងលោកសម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី RFI/Ly Meng Hour

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បង្កើតឡើង​ដោយ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​នឹងត្រូវ​គេ​នាំយកទៅ​ចុះបញ្ជី​ផ្លូវការ​នៅឯ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយនេះ។ ប៉ុន្តែ លោក​សម រង្ស៊ី ដែលជា​ប្រធាន​គណបក្ស​ថ្មី​នេះ​ត្រូវបាន​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ចាត់ទុកជា​ទណ្ឌិត​ដែល​បាត់​សិទ្ធិ​ធ្វើ​នយោបាយ​ទៅហើយ។ ក្រសួងមហាផ្ទៃ​ច្បាស់​ជា​នឹង​យក​បញ្ហា​នេះ​ធ្វើជា​ទឡ្ហីករណ៍​ដើម្បី​បដិសេធ​មិន​ចុះឈ្មោះ​គណបក្ស​ថ្មី​នេះ។ អធិករណ៍​ថ្មី​នឹង​ដុត​កម្តៅ​ឆាកនយោបាយ​កម្ពុ​ជាមួយ​កម្រិត​ទៀត​បន្ថែម​ពីលើ​បរិយាកាស​អាប់អួរ​ស្រាប់ ដូចជា​ករណី​លោក​ម៉ម សូណង់ដូ និង​ករណី​ចោទប្រកាន់​មន្ត្រី​សិទ្ធិមនុស្ស លោក ចាន់ សូ​វ៉េត ជាដើម។

ផ្សាយពាណិជ្ជកម្ម

គណបក្សប្រឆាំង​ពិតជា​បានដឹង​ច្បាស់​ថា ការសុំ​ចុះបញ្ជី​គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន​លោក​សម រង្ស៊ី​ជា​ប្រធាន​គឺជា​រឿង​ដែល​មិនអាច​ទៅរួច​ឡើយ។ ទៅ​មិន​រួច​ដោយហេតុថា លោក​សម រង្ស៊ី ត្រូវបាន​តុលាការ​កម្ពុជា​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ជិត១០ឆ្នាំ​ក្នុង​សំណុំរឿង​ត​ភាគ​នៃ​ការដក​តម្រុយ​បង្គោល​ព្រំដែន​កាលពី​ចុងឆ្នាំ ២០០៩ ។ ទោះ​បី​ជា​លោក​សម រង្ស៊ី​មិន​ទទួលស្គាល់​ការ​កាត់សេចក្តី​នេះ ប៉ុន្តែ សាលក្រម​របស់​តុលាការ​បាន​ចូល​ជា​ធរមាន​ទៅហើយ ហើយ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ក៏បាន​ចាត់ទុក​លោក​សម រង្ស៊ី ជា​ទណ្ឌិត​ម្នាក់​រួចទៅហើយ​ដែរ។ ដូច្នេះ ការព្យាយាម​ចុះបញ្ជី​គណបក្ស​ថ្មី​នេះ​ដោយមាន​លោក​សម រង្ស៊ី​ជា​ប្រធាន​មិនមែនជា​រឿង​ចៃដន្យ​ទេ។

ប៉ុន្តែ គណបក្សប្រឆាំង​បាន​រំពឹងទុក​ជាស្រេច​ថា ល្បែង​នេះ​នឹងមិន​អត់​ប្រយោជន៍​ឡើយ ពីព្រោះ ការបដិសេធ​របស់​ក្រសួងមហាផ្ទៃ​នឹង​ក្លាយជា​ប្រធានបទ​មួយ​ដែល​បក្ស​ប្រឆាំងនឹង​ប្រើប្រាស់​ដើម្បី​បើក​យុទ្ធនា​ការវាយលុក​ជាថ្មី​ទៅលើ​រដ្ឋាភិបាល។ បក្ស​ប្រឆាំងនឹង​ចោទប្រកាន់​រដ្ឋាភិបាល​ថា​បាន​រារាំង​គណបក្ស​ថ្មី​ព្រោះតែ​ខ្លាច​ប្រជាប្រិយភាព​លោក​សម រង្ស៊ី។ លើស​ពីនេះ បក្ស​ប្រឆាំងនឹង​ប្រកាស​ទៀតថា ការបោះឆ្នោត​ដែល​គ្មាន​វត្តមាន​គូប្រជែង​ដ៏​សំខាន់​ម្នាក់​នឹង​គ្មាន​ន័យ​អ្វី​ឡើយ។ យ៉ាងហោចណាស់​បញ្ហា​នេះ​នឹង​អូសបន្លាយ​ក្នុង​រយៈពេល​មួយ​យូរ​គួរសម​មុននឹង​បក្សប្រឆាំង​ប្តូរ​សេណារីយោ​ថ្មី។

សេណារីយោ​​ថ្មី​ដែល​អាច​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចេញរួច​គឺ ទី១៖ ត្រូវមាន​ដំណោះស្រាយ​ចំពោះ​នីតិសម្បទារ​របស់លោក​សម រង្ស៊ី, ទី២៖ ត្រូវ​ដក​ឈ្មោះ​លោក​សម រង្ស៊ី​ចេញពី​ក្នុង​បញ្ជី​ផ្លូវការ​នៃ​គណបក្ស​នេះ និង​ទី៣ ជម្រើស​នៃ​ការចែក​ផ្លូវ​គ្នា​ជាថ្មី​ក៏​នៅតែ​ជា​លទ្ធភាព​មួយ​ដដែល​ក្នុងករណី​ដែល​ច្រកផ្សេងៗទៀត​មិនអាច​ទៅរួច។ បើ​ទោះ​ជា​សេណារីយោ​ទី១ ទី២ ទី៣ ឬក៏​ទី៤​ណា​មួយ​នៅ​មិនទាន់​ចេញ​រូបរាង​នៅ​ឡើយ ប៉ុន្តែ អ្វី​ដែល​គេ​អាច​មើលឃើញ​ច្បាស់​នោះ​គឺ ស្ថានការណ៍​នយោបាយ​កម្ពុជា​ច្បាស់​ជា​នឹង​ឡើង​កម្តៅ​ខ្លាំង សម្រាប់​ការ​បោះឆ្នោតជាតិ​អាណត្តិ​ទី៥​នេះ ពីព្រោះ​នេះ​ជា​ឆ្នាំ​ដែល​បក្សប្រឆាំង​ត្រូវ​ប្រើប្រាស់​គ្រប់​លទ្ធភាព​ដើម្បី​បង្កើន​សន្ទុះ​ប្រជាប្រិយភាព​របស់​ខ្លួន​ជា​ចាំបាច់ ដោយហេតុ​ថា ការ​ខកខាន​មិន​បាន​បង្កើត​បក្សប្រឆាំង​ថ្មី​វា​មិន​គ្រាន់តែ​ជា​រឿង​យឺត​ពេល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ក៏​នឹង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់ខ្លួន​ខក​ចិត្ត​យ៉ាង​ខ្លាំង​ជាថ្មី​ម្តង​ទៀត។ ការ​បែក​គ្នា​ម្តង​នេះ បើ​អាច​កើត​មាន​មែន នឹង​ក្លាយ​ជា​បញ្ហា​ដែល​ពិបាក​នឹង​កែកុន។

ក្នុង​បរិបទ​បែប​នេះ ប្រាកដ​ណាស់​ថា បក្ស​កាន់អំណាច​ច្បាស់​ជា​បាន​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ទប់​ទប់ ឬ​វាយ​បក​វិញ​ក្នុង​ករណី​ចាំបាច់។ វិធានការ​នានា​ហាក់​ត្រូវ​បាន​ចាត់​ឡើង​ជា​បន្តបន្ទាប់​រួច​ទៅ​ហើយ។ ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ និង​ការ​កោះហៅ​មន្ត្រី​សិទ្ធិ​មនុស្ស​លោក ចាន់ សូ​វ៉េ​ត ឲ្យ​ចូល​ខ្លួន​ទៅ​តុលាការ ទោះ​បី​ជា​វា​ស្ថិត​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ដោយឡែក​មួយ​ក៏ដោយ ក៏ប៉ុន្តែ វិធានការ​នេះ គ្មាន​គោលដៅ​អ្វី​ក្រៅពី​ការ​ខិតខំ​រក្សា​ស្ថិរភាព​នយោបាយ​របស់​រដ្ឋាភិបាល​នោះ​ឡើយ។ ម្យ៉ាងទៀត ផលវិបាក​របស់​វា​បាននិងកំពុង​ធ្វើ​ឲ្យ​បរិយាកាស​នយោបាយ​ក្នុងប្រទេស​អាប់អួរ​រួចទៅហើយ។ តើ​ពី​ពេលនេះ​ដល់​ពេល​បោះឆ្នោត​ខែ​កក្កដា​ឆ្នាំ ២០១៣ នឹង​មាន​អ្វី​កើតឡើង​ទៀត?

យ៉ាង​ណា​ក៏​ដោយ​ចុះ ភាព​តានតឹង​នយោបាយ​នៅពេល​ជិត​បោះឆ្នោត​គឺ​ជា​រឿង​មិន​អាច​ចៀស​រួច ប៉ុន្តែ អ្វី​ដែល​អ្នកបោះឆ្នោត​ខ្មែរ​ទន្ទឹង​រង់ចាំ​គឺ​ការ​ចង់​ឃើញ​ភាព​ចាស់ទុំ​របស់​អ្នកនយោបាយ​មិន​ថា​បក្សប្រឆាំង​ ឬ​បក្ស​កាន់​អំណាច​ឡើយ។ ចូរ​កុំ​ភ្លេច​ថា ក្នុង​របប​ប្រជាធិបតេយ្យ គូប្រជែង​នយោបាយ មិនមែន​ជា​គូសត្រូវ​ស្លាប់​រស់​ដូច​ពី​អតីតកាល​ទៀត​ឡើយ។ ដូច្នេះ ការ​ធ្វើ​នយោបាយ​ក្នុង​ទី​ភ្លឺ​ទាំង​អស់​គ្នា​ គឺ​ជា​រឿង​ចាំបាច់​ដើម្បី​បញ្ចៀស​រាល់​បញ្ហា។ ក្នុង​ករណី​មិន​អាច​ចៀស​វាង​បាន ភាព​តានតឹង​ខាង​នយោបាយ​ក៏​មិនគួរ​នឹង​ក្លាយជា​ស្ថានភាព​រងគ្រោះ​សម្រាប់​ពលរដ្ឋ​ណា​ម្នាក់​នោះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ