អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តម្រូវ​ការ​ខាង​ជីវភាព​និង​សុខមាល​ភាព​មាន​ស្តង់ដា​កាន់​តែ​ខ្ពស់!

សំឡេង ០៥:០១
កម្មករ​កាត់ដេរ​បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​នៅមុខ​ក្រសួង​ការងារ​​ ដោយ​បាន​បិទ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​នៅថ្ងៃ​សុក្រ​ទី ​២៧ ​ធ្នូ​។​
កម្មករ​កាត់ដេរ​បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​នៅមុខ​ក្រសួង​ការងារ​​ ដោយ​បាន​បិទ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​នៅថ្ងៃ​សុក្រ​ទី ​២៧ ​ធ្នូ​។​ សហការី

បច្ចុប្បន្ន​នេះ មនុស្ស​ម្នាក់​ៗ​មាន​សេចក្តី​ត្រូវ​ការ​ខាង​ជីវភាព​និង​សុខមាល​ភាព​កាន់​តែ​ខ្ពស់​ជាង​មុន​ជា​លំដាប់។ កន្លង​ទៅ ការ​តវ៉ា​បញ្ហា​ប្រាក់​ខែ​កើត​មាន​ផុលផុស​ជាង​គេ​តែ​នៅ​ក្នុង​វិស័យ​កាត់ដេរ និង​ក្នុង​ចំណោម​គ្រូ​បង្រៀន​ខ្លះ​ប៉ុណ្ណោះ។ ដោយ​ឡែក​មន្ត្រីរាជការ​មិន​ទាន់​ហ៊ាន​ចេញ​មុខ​តវ៉ា​នៅ​ឡើយ​ទេ។ យ៉ាងណា​ក៏​ដោយ នៅក្នុង​សម័យកាល​សេដ្ឋកិច្ច​ទីផ្សារសេរី​និង​សម្ភារៈ​និយម​ដូច​បច្ចុប្បន្ន​ដែល​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​កាន់​តែ​ខ្ពស់​ឡើង​ជា​លំដាប់​នោះ បញ្ហា​ជីវភាព​និង​សុខ​មាលភាព​គឺ​ជា​សេចក្តី​ត្រូវការ​ដែល​មាន​ស្តង់ដា​កាន់​តែ​ខ្ពស់។ នេះ​ជា​និន្នាការ​ដែល​រដ្ឋាភិបាល​មិនអាច​មើល​រំលង​បាន​ឡើយ​។

ផ្សាយពាណិជ្ជកម្ម

រហូត​មកដល់​ពេល​នេះ សកម្មភាព​តវ៉ា​រឿង​ប្រាក់ខែ​ដែល​កើត​ឡើង​ខ្លាំង​ជាងគេ​មាន​តែ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ តាម​ពិត​ទៅ​បុគ្គលិក កម្មករ គ្រប់​វិស័យ រាប់​ទាំង​មន្ត្រីរាជការ​និង​គ្រូ​បង្រៀន​ផង​ក៏​សុទ្ធ​តែ​ត្រូវ​ការ​ប្រាក់​ខែ​គ្រប់​គ្រាន់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ដូចគ្នា​ដែរ។

 
អំណឹះតទៅ បញ្ហា​ប្រាក់​ខែ​នឹង​ឡើង​កម្តៅ​ពី​ព្រោះ​គ្រួសារ​នីមួយ​ៗ​ត្រូវ​ការ​ចំណាយ​កាន់​តែ​ច្រើន​ទៅ​លើ​ជីវភាព​ប្រចាំ​ថ្ងៃ ទៅ​លើ​ការ​សិក្សា​របស់​កូន ទៅ​លើ​សេវា​សុខា​ភិបាល និង​ការ​ចំណាយ​សម្រាប់​ទំនាក់​ទំនង​សង្គម​ដូច​ជា​ពិធីបុណ្យ​និង​ចងដៃ​អាពាហ៍​ពិពាហ៍​ជាដើម។ ក្នុង​បរិបទ​នេះ​អ្នក​ដែល​មាន​ប្រាក់​ខែ​តិច​តួច​ប្រាកដ​ជា​មិន​អាច​ទប់​ទល់​បាន​ឡើយ​។

ជាការ​ពិត បើ​និយាយ​ពី​ស្ថានភាព​សេដ្ឋកិច្ច​ជាតិ ប្រទេស​ក្រីក្រ​ដូច​កម្ពុជា​គ្មាន​លទ្ធភាព​ផ្តល់​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​ឲ្យ​បាន​សម​តាម​សេចក្តី​ត្រូវការ​ជាក់​ស្តែង​ឡើយ។ ប៉ុន្តែ បញ្ហា​ដោយឡែក​របស់​កម្ពុជា​គឺ​នៅ​ត្រង់​ថា មន្ត្រី​រាជការ​មាន​ប្រាក់ខែ​តិចតួច​ពេក ខណៈ​ដែល​ជីវភាព​របស់​មន្ត្រី​រដ្ឋា​ភិ​បាល​និង​មន្ត្រី​អាជ្ញាធរ​នានា មាន​ភាព​ស្តុក​ស្តម​យ៉ាង​ខ្លាំង ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​សេដ្ឋកិច្ចជាតិ​ទាល់​តែ​សោះ​។

នៅ​កម្ពុជា មាន​តែ​មន្ត្រីរាជ​ការ​តូច​តាច​ប៉ុណ្ណោះ​ដែល​និយាយ​អំពី​ប្រាក់ខែ។ ដោយ​ឡែក​មន្ត្រី​មានបុណ្យ​ស័ក្តិ​និង​មុខ​តំណែង​សំខាន់​ៗ​មិន​ដែល​គិត​គូរ​ពី​បញ្ហា​ប្រាក់ខែ​ទេ​ពោល​គឺ​ពួក​គេ​និយាយ​តែ​អំពី​ប្រាក់​ដែល​រកបាន​ពី​ការងារ​និង​ពី​តួនាទី​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ ជាក់​ស្តែង​នៅពេល​ជួប​មុខ​គ្នា ពួកគេ​មិន​ដែល​សួរ​ទៅកាន់​មិត្ត​ភ័ក្តិ​ឬ​បង​ប្អូន​អំពី​ប្រាក់​ខែ​ទេ ប៉ុន្តែ គេ​ច្រើន​តែ​សួរថា តើ​ការងារ​នោះ«រកបាន»ដែរ​ឬ​ទេ?

ហេតុដូច្នេះ​ហើយ​បានជា​មន្ត្រី​អ្នកមាន​បុណ្យស័ក្តិ តួនាទី គ្រប់​លំដាប់​ថ្នាក់​មិន​ដែល​នាំ​គ្នា​លើកយក​បញ្ហា​ប្រាក់ខែ​មក​និយាយ​ឡើយ។ ចំណែក​មន្ត្រីរាជការ​តូចតាច​ក៏​មិនសូវ​ហ៊ាន​តវ៉ា​រឿង​ប្រាក់ខែ​ដែរ​បើទោះ​បីជា​ពួកគេ​ខ្វះខាត​ជីវភាព​យ៉ាង​ខ្លាំង​ក៏​ដោយ។ មិន​សូវ​ហ៊ាន​ពី​ព្រោះ​តែ​ពួកគេ​ខ្លាច​បាត់​បង់​ការងារ។ អវត្ត​មាន​សហជីព​ក្នុង​ចំណោម​មន្ត្រីរាជការ​ក៏​ជា​មូលហេតុ​មួយទៀត​ដែល​ធ្វើ​ឲ្យ​បញ្ហា​ប្រាក់ខែ​ក្លាយ​ជា​ប្រធានបទ​ដែល​មិន​សូវ​គេ​លើក​មក​ជជែក​តវ៉ា​ជា​សាធារណៈ។ ប៉ុន្តែ ការ​រអ៊ូរទាំ​និង​ការតវ៉ា​ក្នុង​ចិត្ត​ច្បាស់​ជា​កើត​មាន​ដោយ​ចៀស​មិន​ផុត។

ប៉ុន្តែ អំណឹះត​ទៅ បញ្ហា​ប្រាក់ខែ​ច្បាស់​ជា​ឡើង​កម្តៅ​ក្នុង​គ្រប់​វិស័យ​ពីព្រោះ​ថា ទី​១ វា​ជា​ចំណុច​យុទ្ធ​សាស្ត្រ​ដែល​បក្ស​ប្រឆាំង​វាយ​លុក​ដើម្បី​ដណ្តើម​ប្រជា​ប្រិយភាព។ ទី២ សេចក្តី​ត្រូវការ​ខាង​ជីវភាព​កាន់តែ​កើន​ឡើង​ខ្លាំង​ជាង​មុន​ដោយ​សារ​ទំនិញ​សព្វ​សារពើ​បន្ត​ឡើង​ថ្លៃ​ឥត​ឈប់​ឈរ និង​ទី៣ ក្រៅ​ពី​ដោះស្រាយ​ជីវភាព មនុស្ស​សម័យ​នេះ​ត្រូវ​ការ​ចំណាយ​ទៅ​លើ​សម្ភារៈ​ប្រើប្រាស់​និង​ការ​កម្សាន្ត​សប្បាយ​ច្រើន​ជាង​មុន​ស្រប​តាម​ដំណាក់​កាល​អភិវឌ្ឍន៍រ​បស់​ប្រទេស។ ការ​លើក​យក​ហេតុផល​សេដ្ឋកិច្ច​ជាតិ​ទន់ខ្សោយ​មក​ពន្យល់​អំពី​បញ្ហា​ប្រាក់ខែ​ទំនង​ជា​ពិបាក​នឹង​បញ្ចុះ​បញ្ចូល​ឲ្យ​គេ​ទទួល​យក​បាន​ណាស់​ក្នុង​បរិបទ​ដែល​មន្ត្រី​រដ្ឋា​ភិបាល​រស់​ក្នុង​ជីវភាព​ស្តុកស្តម្ភ​បែប​នេះ​។

ដូច្នេះ ការ​គិត​គូរ​ពី​បញ្ហា​ប្រាក់ខែ​និង​សុខមាល​ភាព​របស់​មន្ត្រី​រាជការ​គ្រូប​ង្រៀន​និង​កម្មករ​ឲ្យ​បាន សម​ស្រប​គឺជា​អាទិភាព​ចម្បង​ដែល​រដ្ឋា​ភិបាល​ត្រូវ​ប្រឈម​មុខ​ដោះ​ស្រាយ។ សូម​កុំភ្លេចថា បើ​ទោះ​បីជា​មន្ត្រី​រាជការ​មិន​ចេញ​តវ៉ា​ជា​ចំហ ប៉ុន្តែ ពួកគេ​អាច​តវ៉ា​ដោយ​ស្ងៀម​ស្ងាត់​តាមរយៈ​សន្លឹក​ឆ្នោត។ ការ​ធ្លាក់​ចុះ​ប្រជា​ប្រិយភាព​យ៉ាង​គំហុក​របស់​បក្ស​កាន់​អំណាច​ក្នុង​ការ​បោះឆ្នោត​ចុង​ក្រោយ​នេះ ក៏​ពិត​ជា​មាន​ចំណែក​ពី​មន្ត្រី​រាជការ​មួយ​ចំនួន​ដែរ​។

ពិត​ហើយ រដ្ឋា​ភិបាល​តែង​បង្ហាញ​មោទ​នភាព​ចំពោះ​ការរីក​ចម្រើន​របស់​ប្រទេស៖ រថយន្ត ម៉ូតូ ផ្ទះថ្ម​សសរ​ឥដ្ឋ ភោជនីយ​ដ្ឋាន និង​ផ្សារ​ទំនើប​ៗ​ក្នុង​ទីក្រុង​ជាដើម ប៉ុន្តែ គេ​ក៏​មិន​ត្រូវ​ភ្លេច​ទេ​ថា ការ​រីក​ចម្រើន​ទាំង​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​តម្រូវ​ការ​ចំណាយ​កាន់​តែ​ច្រើន​ជាង​មុន​។ ក្នុង​បរិបទ​នេះ អ្នក​មាន​ជីវភាព​ខ្សត់​ខ្សោយ​ត្រូវ​ទទួលរង​សម្ពាធ​សេដ្ឋកិច្ច​ផង និង​សម្ពាធ​ផ្លូវចិត្ត​ផង​ដែល​ពិបាក​នឹង​ទ្រាំទ្រ ជាពិសេស​មន្ត្រីរាជការ​និង​គ្រូបង្រៀន​តែម្តង​ដោយសារ​តែ​ពួក​គេ​រស់នៅ​ដោយ​ផ្ទាល់​ក្នុង​បរិស្ថាន​អ្នក​ទី​ក្រុង។ ទាំងនេះ​អាច​បញ្ជាក់​បាន​ថា បញ្ហា​ប្រាក់ខែ​និង​សុខមាលភាព​គឺជា​ចំណុច​អាទិភាព​បំផុត​មួយ​ដែល​រដ្ឋាភិបាល​ត្រូវ​យកចិត្ត​ទុកដាក់​ដោះ​ស្រាយ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ