អានតួអត្ថបទ
ម៉ាឡេស៊ី

ម៉ាឡេស៊ី​ចេញផ្សាយ​ទិន្នន័យ​ផ្កាយរណប​អំពី​យន្តហោះ ​MH370

រដ្ឋមន្រ្តី​ក្រសួង​គមនាគមន៍​ម៉ាឡេស៊ី នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​ប្រតិបត្តិការ​រុករក​យន្តហោះ MH370 (រូបថតឯកសារ)
រដ្ឋមន្រ្តី​ក្រសួង​គមនាគមន៍​ម៉ាឡេស៊ី នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​ប្រតិបត្តិការ​រុករក​យន្តហោះ MH370 (រូបថតឯកសារ) REUTERS/Athit Perawongmetha

អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ចេញផ្សាយ​ជាសាធារណៈ នៅថ្ងៃ​អង្គារ​នេះ នូវ​ទិន្នន័យ​ដើម ដែល​គេ​យក​បាន​ពី​ផ្កាយរណប ហើយ​ដែល​គេ​យក​មក​ប្រើ ដើម្បី​គណនា​រក​ទីតាំង​ចុងក្រោយ នៃ​យន្តហោះ​របស់​ក្រុមហ៊ុន​ Malaysia Airlines ដែល​បាត់​ពីរ៉ាដា កាល​ពីថ្ងៃ​ទី៨​មីនា។ ការចេញផ្សាយ​ទិន្នន័យ​នេះ​ត្រូវ​បាន​ធ្វើឡើង ទៅតាម​ការទាមទារ​របស់​ក្រុមគ្រួសារ​អ្នកដំណើរ​ ដែល​មានការ​សង្ស័យ​ទៅលើ​សេចក្តីសន្និដ្ឋាន​ជាផ្លូវការ​ ទាក់ទង​នឹង​ទីតាំង​ចុងក្រោយ​របស់​យន្តហោះដែល​បាត់នេះ។

ផ្សាយពាណិជ្ជកម្ម

 

ទិន្នន័យ ដែល​អាជ្ញាធរ​ម៉ាឡេស៊ី​ចេញផ្សាយ​ជាសាធារណៈ នៅថ្ងៃ​អង្គារ​នេះ គឺ​ជា​ទិន្នន័យ​ដើម ដែល​ក្រុមហ៊ុន​មួយ​របស់​អង់គ្លេស​​ឈ្មោះ Inmarsat យក​មក​គណនា ដើម្បី​កំណត់​ទីតាំង​ចុងក្រោយ​របស់​យន្តហោះ​ប៊ូអ៊ីង ៧៧៧ ជើងហោះហើរលេខ MH370 ក្រោយ​ពី​យន្តហោះ​នេះ​ត្រូវ​បាត់​ពី​រ៉ាដា កាល​ពីថ្ងៃ​ទី៨​មីនា។

​តាមរយៈ​លទ្ធផល​នៃ​ការ​គណនា​នេះ​ហើយ ដែល​អាជ្ញាធរ​ម៉ាឡេស៊ី​បាន​សន្និដ្ឋាន​ថា យន្តហោះ​នេះ​ត្រូវ​ធ្លាក់​ នៅ​ប៉ែក​ខាង​ត្បូង​​មហាសមុទ្រ​ឥណ្ឌា ក្បែរ​ប្រទេស​អូស្រ្តាលី ហើយ​ប្រតិបត្តិការ​តាមស្វែងរកយន្តហោះ​ត្រូវ​បាន​ផ្តោត​តែ​នៅ​ក្នុង​តំបន់​នេះ។

ជាងពីរខែ​ក្រោយ​មក ប្រតិបត្តិការ​តាមស្វែងរក​យន្តហោះ ទាំង​នៅលើ​ផ្ទៃទឹក និង​ទាំង​នៅ​បាតសមុទ្រ ដែល​ចំណាយលុយ​អស់រាប់លាន​ដុល្លារ តែ​រក​មិន​ឃើញ​អ្វី​ទាំងអស់ ហើយ​ក្រុមគ្រួសារ​អ្នក​ដំណើរ​ទាំង ២៣៩នាក់ ដែល​ជិះ​ក្នុង​យន្តហោះ​ដែល​បាត់ បាន​នាំគ្នា​បង្ហាញ​នូវ​មន្ទិលសង្ស័យ​ ចំពោះ​ការ​គណនា​របស់​ក្រុមហ៊ុន Inmarsat ហើយ​ទាមទារ​ឲ្យ​អាជ្ញាធរ​ចេញផ្សាយ​សាធារណៈ​នូវ​ទិន្នន័យ​ដើម ដែល​គេ​យក​មក​ប្រើ​ក្នុងការ​គណនា​នេះ។

មន្រ្តី​រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​អះអាង​ថា ខ្លួន​សុខចិត្ត​ចេញផ្សាយ​ទិន្នន័យ​ ទៅតាម​ការទាមទារ​របស់​គ្រួសារ​ជនរងគ្រោះ ដើម្បី​បង្ហាញ​នូវ​តម្លាភាព ជុំវិញ​ប្រតិបត្តិការ​តាម​ស្វែងរក​យន្តហោះ​ដែលបាត់នេះ។

ក៏ប៉ុន្តែ អ្នកជំនាញ​ជាច្រើន​បាន​អះអាង​ថា ទិន្នន័យ​ទាំង​ ៤៧ទំព័រ ដែល​ម៉ាឡេស៊ី​ចេញផ្សាយ​នៅថ្ងៃ​អង្គារ​នេះ គឺ​ជា​ទិន្នន័យ​បច្ចេកទេស ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​ពិបាក​យល់ ហើយ​ដែល​គេ​ត្រូវការ​ពេលវេលា​យូរ​ ដើម្បី​សិក្សា​មើល។

នៅ​ក្នុងពេល​ជាមួយគ្នា ប្រតិបត្តិការ​ស្វែងរក​​ដានយន្តហោះ ដោយ​ប្រើ​យាន​មុជទឹក​គ្មាន​មនុស្ស​បើក Bluefin-21 នៅតែ​បន្ត​ធ្វើ ដោយ​មិនមាន​អ្នកណា​អាច​សន្និដ្ឋាន​ឲ្យ​បាន​​ប្រាកដ ១០០%​ ថា ទីតាំង​ដែល​គេ​កំពុង​រុករក​នេះ​ពិតជា​ទីតាំង ដែល​យន្តហោះ​ MH370​នេះ​ធ្លាក់​ពិតប្រាកដមែន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ