អានតួអត្ថបទ
ម៉ាឡេស៊ី

តុលាការ​កំពូល​ម៉ាឡេស៊ី​ហាម​មិនឲ្យ​អ្នក​កាន់​គ្រិស្តសាសនា​ប្រើ​ពាក្យ ​“អាឡាហ៍”

ស្រ្តី​អ្នក​កាន់​សាសនា​អ៊ីស្លាម​នៅ​ក្រៅ​តុលាការ​កំពូល ក្រោយ​ពេល​តុលាការ​ចេញសេចក្តីសម្រេច​លើ​ការ​ប្រើពាក្យ "អាឡាហ៍" ថ្ងៃ​ចន្ទ ២៣មិថុនា ២០១៤
ស្រ្តី​អ្នក​កាន់​សាសនា​អ៊ីស្លាម​នៅ​ក្រៅ​តុលាការ​កំពូល ក្រោយ​ពេល​តុលាការ​ចេញសេចក្តីសម្រេច​លើ​ការ​ប្រើពាក្យ "អាឡាហ៍" ថ្ងៃ​ចន្ទ ២៣មិថុនា ២០១៤ REUTERS/Samsul Said

តុលាការ​កំពូល​ម៉ាឡេស៊ី​ទើប​នឹង​បាន​ចេញ​សេចក្តីសម្រេច នៅថ្ងៃ​ចន្ទ​នេះ ដោយ​បាន​ច្រានចោល​បណ្តឹង​របស់​អ្នក​កាន់​គ្រិស្តសាសនា ដែល​ទាមទារ​សិទ្ធិ​ប្រើ​ពាក្យ “អាឡាហ៍” ដើម្បី​សំដៅ​លើ​ព្រះ​របស់​ពួកគេ។ ជម្លោះ​ជុំវិញ​ការប្រើពាក្យ “អាឡាហ៍” នេះ បាន​បង្ក​ភាព​ចម្រូងចម្រាស នៅ​ក្នុង​សង្គម​ម៉ាឡេស៊ី​អស់រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ។

ផ្សាយពាណិជ្ជកម្ម

បញ្ហា​បាន​ចាប់ផ្ទុះឡើង កាល​ពី​ឆ្នាំ​២០០៧ នៅ​ពេល​ដែល​ក្រសួង​មហាផ្ទៃ​ម៉ាឡេស៊ី បាន​ចេញ​ប្រកាស​មួយ ហាមឃាត់​មិន​ឲ្យ​កាសែត​កាតូលិក​ ដែល​សរសេរ​ជា​ភាសា​ម៉ាឡេ យក​ពាក្យ “អាឡាហ៍” ទៅប្រើ ដើម្បី​សំដៅ​លើ​ព្រះ​នៃ​គ្រិស្ត​សាសនា។ ​អាជ្ញាធរ​ម៉ាឡេស៊ី​​ក៏ដូចជា​ប្រជាជន​ម៉ាឡេស៊ី​ភាគច្រើន​ដែល​កាន់​សាសនា​អ៊ីស្លាម​យល់ថា ពាក្យ “អាឡាហ៍” អាច​ប្រើ​បាន សម្រាប់​តែ​សំដៅ​លើ​ព្រះ​នៃ​សាសនា​អ៊ីស្លាម​តែ​ប៉ុណ្ណោះ។

ក៏ប៉ុន្តែ កាសែត​កាតូលិក​ម៉ាឡេ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​រដ្ឋបាល​ ដើម្បី​ទាមទារ​ឲ្យ​លុបចោល​បម្រាម​របស់​ក្រសួង​មហាផ្ទៃ ដោយ​លើកឡើង​ថា ពាក្យ “អាឡាហ៍” ដែល​មាន​ដើម​កំណើត​ពី​​ភាសា​អារ៉ាប់ គឺ​ជា​ពាក្យ​តែមួយ​គត់ ក្នុង​ភាសា​​​ម៉ាឡេ ដែល​មានន័យថា “ព្រះ” ហើយ​ថា អ្នក​កាន់​គ្រិស្តសាសនា​នៅ​ម៉ាឡេស៊ី​ធ្លាប់​ប្រើ​ពាក្យ​នេះ ដើម្បី​សំដៅ​លើ​ព្រះ​របស់​ខ្លួន​អស់រយៈពេល​រាប់​សតវត្សរ៍​មកហើយ។ ដូច្នេះ ប្រសិនបើ​អាជ្ញាធរ​ហាមឃាត់​មិន​ឲ្យ​អ្នក​កាន់​សាសនា​ផ្សេង​ប្រើ​ពាក្យ​នេះ វា​គឺ​ជា​ការ​រំលោភ​លើ​សិទ្ធិ​របស់​​អ្នក​កាន់​សាសនា​ភាគតិច។

នៅ​ឆ្នាំ​២០០៩ តុលាការ​រដ្ឋបាល​ម៉ាឡេស៊ី​ក៏​បាន​ចេញ​សេចក្តីសម្រេច​លុបចោល​បម្រាម​របស់​ក្រសួង​មហាផ្ទៃ​វិញ ទៅតាម​បណ្តឹង​របស់​កាសែត​កាតូលិក។ សេចក្តីសម្រេច​ដែល​បាន​បណ្តាល​ឲ្យ​មាន​ភាព​តានតឹង​យ៉ាង​ខ្លាំង រវាង​អ្នក​កាន់​សាសនា​អ៊ីស្លាម និង​អ្នក​កាន់​សាសនា​គ្រិស្ត​នៅ​ម៉ាឡេស៊ី រហូត​មាន​ការ​វាយប្រហារទៅលើ​វិហារ​សាសនា​គ្នា​ទៅវិញ​ទៅមក។

នៅ​ឆ្នាំ​២០១៣ ក្រោយ​ពី​មាន​សេចក្តីសម្រេច​ពី​សាលាឧទ្ធរណ៍ ការ​ហាមមិន​ឲ្យប្រើ​ពាក្យ​ “អាឡាហ៍” ស្រាប់​តែ​ត្រូវ​បាន​ដាក់ឡើងវិញ ទើប​ធ្វើ​ឲ្យ​កាសែត​កាតូលិក​​ប្តឹង​បន្ត​ទៅ​តុលាការ​កំពូល។ ក៏ប៉ុន្តែ នៅថ្ងៃ​ចន្ទ​នេះ តុលាការ​កំពូល​ម៉ាឡេស៊ី ដែល​មាន​ចៅក្រម​ជំនុំជម្រះ ៧រូប បាន​សម្រេច​ដោយ​សំឡេង ៤ទល់​នឹង៣​ច្រានចោល​បណ្តឹង​របស់​កាសែត​កាតូលិក​នេះ។

សេចក្តីសម្រេច​របស់​តុលាការ​កំពូល ដែល​ជា​សេចក្តីសម្រេច​បិទផ្លូវ​តវ៉ា គឺ​ជា​ការ​បិទបញ្ចប់​ជម្លោះ​តាម​ផ្លូវ​ច្បាប់ ជុំវិញ​ការ​ប្រើ​ពាក្យ “អាឡាហ៍”​នេះ ក៏ប៉ុន្តែ វា​មិនប្រាកដ​ថា​នឹង​អាច​ដោះស្រាយ​ភាពតានតឹង​រវាង​អ្នក​កាន់​សាសនា​អ៊ីស្លាម និង​អ្នក​កាន់​សាសនា​គ្រិស្ត​បាន​នោះទេ។ ក្រុម​អ្នក​កាន់​សាសនា​អ៊ីស្លាម​បាន​នាំគ្នា​អបអរ​សាទរ​ចំពោះ​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​នៅថ្ងៃ​ចន្ទ​នេះ។ ក៏ប៉ុន្តែ ក្រុម​អ្នក​កាន់​គ្រិស្ត​សាសនា​វិញ​បាន​រិះគន់តុលាការ​កំពូល​ថា​មិនបាន​គិតគូរ​ទៅដល់​សិទ្ធិ​ជាមូលដ្ឋាន​របស់​ជនជាតិ​ភាគតិច៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ