អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ម៉ាល់ឌីវ​កំពុង​ធ្លាក់​ក្នុង​ភាព​ទ័ល​ច្រក​នយោបាយ ឬ ?

សំឡេង ០៥:៣៩
សកម្មជន​គាំទ្រ​លោក ណាស្ហេដ នាំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​មាន​ការ​បោះឆ្នោត​
សកម្មជន​គាំទ្រ​លោក ណាស្ហេដ នាំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​មាន​ការ​បោះឆ្នោត​ © Reuters

នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ ប្រទេស​ម៉ាល់ឌីវ ត្រូវ​​​បោះឆ្នោត​​ជ្រើសរើស​ប្រធានាធិបតី​ ប៉ុន្តែ​ប៉ូលិស​បានរារាំង​ដំណើរ​ការ​នេះ និង​​ប្រកាស​នៅ​នាទី​ចុង​ក្រោយ​លុប​ចោល​ការ​បោះឆ្នោត​ជុំ​ទី​មួយ​វិញ។ សកម្មជន​​អ្នកគាំទ្រ​បេក្ខជន​ប្រធានាធិបតី​ដែល​មាន​ប្រជាប្រិយភាព​ នាំ​គ្នា​ចុះ​ធ្វើ​បាតុកម្ម។ ហើយ​នៅ​អាទិត្យ​នេះ លោក​ ម៉ូហាម៉េត ណាស្ហេដ បាន​ប្រកាស​ជំហរ​ដាច់​ខាត​ ការពារ​ដំណើរ​ការ​បោះឆ្នោត​តាម​​បែប​ប្រជាធិបតេយ្យ​ និង​ទាមទារ​បន្ត​ធ្វើ​យុទ្ធនាកា​រ​ឃោសនា​បោះឆ្នោត។

ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ម៉ាល់ឌីវ បាន​ប្រព្រឹត្ត​ទៅ​ កាលពី​ថ្ងៃទី​៧ កញ្ញា ឆ្នាំ​២០១៣ ប៉ុន្តែ​ត្រូវ​បាន​​តុលាការ​កំពូល ប្រកាស​លុប​ចោល​ មិន​យក​ជា​បាន​ការ​ ក្រោម​ហេតុ​ផល​មាន​ភាព​មិន​ប្រក្រតី បើ​ទោះ​បី​ជា​ក្រុម​អ្នក​សង្កេត​ការណ៍​ក្នុង​ស្រុក​និង​អន្តជាតិ​ ចាត់ទុក​ថា​មាន​ការ​បោះឆ្នោតជុំ​ទីមួយ​នេះ មាន​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​ដោយ​អព្យាក្រិត្យ យ៉ាងណា​ក៏ដោយ។

​គណៈកម្មាការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត​ បាន​កំណត់​យក​ថ្ងៃ​ថ្មី គឺ​ថ្ងៃ​សៅរ៍​ទី​១៩ តុលា​សម្រាប់​បោះឆ្នោត​សា​ឡើង​វិញ ប៉ុន្តែ​លើក​នេះ ត្រូវ​បាន​រាំង​ស្ទះ និង​បង្អាក់​ដំណើរ​ការ​ដោយ​ក្រុងប៉ូលិស​ម្តង។ ក្រុម​ប៉ូលិស​ដែល​បាន​ចូល​ទៅ​លុក​លុយ​ក្នុង​ការិយាល័យ​ និង​ប្រកាស​ហាមឃាត់​មិន​អនុញ្ញាត​ឱ្យ​ឯកសារ​បោះឆ្នោត​ណា​អាច​ចេញ​ទៅ​តាម​មណ្ឌល​បោះឆ្នោត​ឡើយ។

សម្រាប់​ប៉ូលិស​ ដែល​ហ៊ាន​ចូល​ទៅ​​បង្អាក់​ដំណើរ​ការ​បោះឆ្នោត ព្រោះ​បាន​មើល​ឃើញ​មាន​ការ​រំលោភ​​បទ​បញ្ជា​របស់​តុលាការ​កំពូល ដែល​ទាមទារ​ឱ្យ​បេក្ខជន​ប្រធានាធិបតី​ទាំង​អស់​ត្រូវ​មានឈ្មោះ​ក្នុង​បញ្ជី។ បញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត​មាន​បេក្ខជន​តែ​ម្នាក់​ប៉ុណ្ណោះ បានចុះ​ឈ្មោះត្រឹម​ត្រូវ ឯ​ពីរ​នាក់ទៀត​មិន​បាន​ធ្វើ​ស្រប​តាម​ការ​ដីកា​របស់​តុលាការ​កំពូលតម្រូវ​ទេ។

នៅ​ទី​បំផុត គណៈកម្មាការ​ជាតិ​បោះឆ្នោត​ក៏​បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ លើក​ពេល​បោះឆ្នោត​ទៅ​ធ្វើ​នៅ​ថ្ងៃ​ក្រោយ​វិញ។ ហើយនៅយប់​មិញ គណៈកម្មាការ​បាន​ចេញ​មុខ​ពន្យល់​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ ថា​ត្រូវ​ការ​ពេល​​បី​សប្តាហ៍ ទើប​អាច​​រៀប​ចំ​ការ​បោះឆ្នោត​ជា​ថ្មី​ទៀត​បាន ប៉ុន្តែ​រដ្ឋធម្មនុញ្ញ​ម៉ាល់ឌីវ តម្រូវ​ឱ្យ​មាន​ប្រធានាធិបតី​ថ្មី​ឱ្យ​បាន​មុន​ថ្ងៃ​ទី ១១​ វិច្ឆិកា។

បេក្ខជន​ប្រធានាធិបតី

អ្នក​ដែល​មាន​ប្រជាប្រិយភាព​ជាងគេ គឺ​លោក មហាមេត ណាស្ហេដ (Mohamed Nasheed) អតីត​ប្រធានាធិបតី​ប្រសូត​ចេញ​ពី​បោះឆ្នោត​លើក​ដំបូង តែ​បាន​លា​លែង​ចេញ​ពី​តំណែង​នៅ​ឆ្នាំ​២០១២​​។ ក្នុង​ពេល​បោះឆ្នោត​ថ្ងៃ​ទី ៧​កញ្ញា លោក​បាន​ទទួល​សំឡេង​នាំ​មុខ​គេ ដល់​ទៅ​៤៥,៥%​ ប៉ុន្តែ​មិនគ្រប់គ្រាន់​សម្រាប់​ទទួល​ជោគជ័យ​ នៅ​ជុំ​ទី​មួយ​តែ​ម្តង​ទេ។ ម្យ៉ាង​ទៀត​លទ្ធផល​នោះ​ ត្រូវ​បាន​តុលាការ​កំពូល​លុប​ចោលមិន​ទទួល​ស្គាល់​ទៅ​ហើយ។

ចំណែក​​គូ​ប្រជែងរបស់​លោក ណាស្ហេដ គឺ​ជា​លោក អាប់ឌុលឡាស យ៉ាមែន Abdullah Yameen (ស្ថិត​នៅ​លំដាប់​ទីពីរ​ ក្នុង​សម័យ​បោះឆ្នោត​ថ្ងៃ​ទី​៧/០៩)។ អាប់ឌុលឡាស យ៉ា​មែន​ នេះ​ត្រូវ​ជា​ប្អូន​ប្រុស​​មេដឹកនាំ​ឯកបក្ស​ម៉ាល់ឌីវ លោក ម៉ូម៉ូន អាប់ឌុល ហ្កាយូម ដែល​​គ្រប់គ្រងប្រទេស​តែ​ម្នាក់ឯង​រយៈ​ពេល​៣០​ឆ្នាំ​ ពោល​គឺ​រហូត​ដល់​ឆ្នាំ​២០០៨ ឆ្នាំ​ដែល​មាន​ការ​បោះឆ្នោត​ដោយ​សេរី​ជា​លើក​ដំបូង។ ស្ថិត​នៅលំដាប់ទីបី គឺកាស៊ីម ​អ៊ីប្រាហ៊ីម (Qasim Ibrahim)។ បេក្ខជន​រូប​នេះ ជា​ដើម​ហេតុ​នៃ​ការ​តវ៉ា រហូត​ដល់​មាន​លុប​ការ​បោះឆ្នោត​​ ទើប​បេក្ខជន​រូប​នេះ​អាច​នៅ​មាន​មុខ​​​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​បាន​ទៀត។ អ្នក​ដែល​អាម៉ាស​ជាងគេ​បំផុត គឺ​ប្រធានាធិបតី​បច្ចុប្បន្ន ! ដោយ​ទទួល​សំឡេង​គាំទ្រ​ក្រោម​៥% លោកMohamed Waheed Hassan ​ត្រូវបាន​ដក​ចេញ​ពី​ប្រកួត​ប្រជែងនេះ។



អ្នក​តាម​ដាន​ស្ថានការណ៍​ប្រទេសម៉ាល់ឌីវ កំពុង​នាំ​គ្នា​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ខ្លាច​ប្រទេស​ដ៏​តូច​ កាន់សាសនា​អ៊ីស្លាម ស៊ុយនីត​មួយ​នេះ ប្រែក្លាយ​អស្ថិរភាព​នយោបាយ​ទៅ​ជា​​អំពើ​ហិង្សា​។

ម៉ាល់ឌីវ​​ជា​​​ប្រទេស​តូច​មួយ​ មាន​កោះតូច​ធំ ដ៏​ប្រណិតៗ ចំនួន​ជាង​មួយ​ពាន់ នៅ​ក្នុង​មហា​សមុទ្ទ​ឥណ្ឌា។ ជាមួយ​នឹង​​ទេសភាព​ ឆ្នេរខ្សាច់​ដ៏​សក្បុស ​​ម៉ាល់ឌីល​ ប្រៀប​បាន​ទៅនឹង​ឋានសួគ៌លោកីយ៍ ប៉ុន្តែ​ប្រទេស​ដ៏​ស្ងប់​ស្ងាត់​មួយ​នេះ ទើប​ត្រូវបាន​រង្គោះរង្គើ​ជួប​វិបត្តិ​នយោបាយ នៅ​ឆ្នាំ​២០១២​​ ក្រោយ​ពេល​ដែល​ប្រធានាធិបតី​ ប្រសូត​ចេញ​ពី​ការ​បោះឆ្នោត​លើក​ដំបូង​របស់​ម៉ាល់ឌីវ លោក Mohamed Nasheed បាន​បង្ខំលា​លែង​ចេញពី​តំណែង​ ក្រោយ​ពីមាន​​ចលនា​បាតុកម្ម​ ​រៀបចំ​ឡើង​ដោយ​បក្ស​ប្រឆាំង ដឹកនាំ​ដោយ​អតីត​ប្រធានាធិបតី​Maumoon Abdul Gayoom។ ថ្វី​ដ្បិត​តែ​មិន​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​លើក​នេះមែន ប៉ុន្តែ​អតីត​ប្រធានាធិបតី​រូប​​នេះ​ មាន​បណ្តាញ​នៅ​ក្នុង​គ្រប់​​មន្ទីរ​រដ្ឋបាល​​ទាំង​អស់ ហើយ​អាច​ទាញ​ខ្សែ​ញាក់​​ពី​ក្រោយ​ខ្នង​ ​ដោយ​សម្ងាត់ និង​ដោយសេរី​ទៀត​ផង។​

ម្យ៉ាង​វិញទៀត  បើ​តាម​អ្នក​ការទូត​លោក​ខាង​លិច បញ្ហា​របស់​ម៉ាល់ឌីវ គឺ​អនុវត្ត​តាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ បែប​បស្ចឹម​លោក ប៉ុន្តែ​ប្រទេស​នេះ​គ្មាន​ស្ថាប័ន​សម​ស្រប​សម្រាប់​​គាំទ្រ​ដំណាក់​កាល​អន្តរកាល​សោះ។ ទាំង​សហរដ្ឋ​អាមេរិក ទាំង​ឥណ្ឌា​ជិត​ខាង​ កំពុង​តាមដាន​ស្ថានការណ៍​ប្រទេស​នេះ​យ៉ាង​កៀក​កិត និង​បាន​ស្នើ​សុំ​ឱ្យ​មាន​ការ​បោះឆ្នោត​មួយ​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​រលូន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ