អានតួអត្ថបទ
កម្ពុជា

កិច្ច​ប្រជុំ សម្រេច​លើ​ការ​តម្លើង​ប្រាក់​ខែ​កម្មករ ធ្វើ​នៅ​ថ្ងៃ​ទី​១២​វិច្ឆិកា

បាតុកម្ម ដឹកនាំ​ដោយ​លោក​រ៉ុង ឈុន ទាមទារ​ដំឡើង​ប្រាក់ឈ្នួល​ដល់​កម្មករ​កាត់ដេរ។
បាតុកម្ម ដឹកនាំ​ដោយ​លោក​រ៉ុង ឈុន ទាមទារ​ដំឡើង​ប្រាក់ឈ្នួល​ដល់​កម្មករ​កាត់ដេរ។ RFI/Navin Im

គណៈកម្មការ​ប្រឹក្សា​ការងារ ដែល​ជា​យន្ត​ការ​ត្រី​ភាគី ដឹក​នាំ​ដោយ​លោក អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ នឹង​បើក​កិច្ច​ប្រជុំ សម្រេច​លើក​ការ​តម្លើង​ប្រាក់​ខែ​កម្មករ​រោង​ចក្រ​កាត់​ដេរ នៅ​ថ្ងៃ​ទី​១២​វិច្ឆិកា​។ ភាគី​សហជីព​កម្មករ រក្សា​ជំហរ ទាម​ទារ​ឲ្យ​គណៈ​កម្មការ​ប្រឹក្សា​ការងារ ជជែក​ពិភាក្សា​បន្ថែម​លើ​តួលេខ ១៤០ ដុល្លារ សម្រាប់​ប្រាក់​ឈ្នួល​អប្បបរមា ឆ្នាំ២០១៤​។

ផ្សាយពាណិជ្ជកម្ម

គណៈកម្មការ​ប្រឹក្សា​ការងារ ជា​យន្តការ​ត្រីភាគី ដែលមាន​សមាសភាព ២៨ រូប មក​ពី​សហជីព​កម្មក​រ ៧ រូប ថៅ​កែ​រោង​ចក្រ ៧ រូប និង​រដ្ឋាភិបាល ១៤ រូប ដឹក​នាំ​ដោយ​លោក អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​។ គណៈកម្មការ​ប្រឹក្សា​ការងារនឹង​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១២​វិច្ឆិកា ដើម្បី​សម្រេច​លើ​ការ​តម្លើង​ប្រាក់ខែ​កម្មករ សម្រាប់​ឆ្នាំ២០១៤។

លិខិត​កោះហៅ​សមាជិក​គណៈកម្មការ​ប្រឹក្សា​ការងារ ដែល​រួមមាន៖ មេដឹកនាំ​សហជីព​កម្មករ ភាគី​ថៅកែ​រោងចក្រ និង​មន្ត្រី​រដ្ឋាភិបាល​តាម​ក្រសួង​នានា ត្រូវបាន​លោក អ៊ិត សំហេង បញ្ជូន​ទៅកាន់​សមាជិក​រួចហើយ។ ប៉ុន្តែ​ក្នុង​លិខិត ដំបូង​ដាក់ថា ប្រជុំ​នៅ​ថ្ងៃទី១០វិច្ឆិកា តែដោយ​សារ​តែ​ថ្ងៃ១០វិច្ឆិកា ជា​ថ្ងៃ​ឈប់សម្រាក ដែល​លើក​មកពី​ថ្ងៃ៩វិច្ឆិកា បុណ្យ​ឯករាជ្យ​ជាតិ ត្រូវចំ​ថ្ងៃអាទិត្យ ដូច្នេះ​កិច្ចប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ នឹងត្រូវ​ធ្វើ​នៅ​ថ្ងៃទី១២វិច្ឆិកា។

ប្រធាន​សហជីព​កម្មក​រ​ស៊ីខាវ​ឌូ លោក​អាត់​ធន់ ដែលជា​សមាជិក​គណៈកម្មកា​រ​ប្រឹក្សា​ការងារ បាន​លើកឡើងថា សហជីព​កម្មករ​រប​ស់លោក នៅតែ​រក្សា​ជំហរ ក្នុងការទាមទារឡើង ប្រាក់ ខែ​កម្មករ ចំនួន ១៤០ ដុល្លារ ដូច​អ្វីដែល​សហជីព បាន​ព្រមព្រៀងគ្នា ក្នុង​កិច្ចប្រជុំ​របស់​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី ដែល​បាន​ប្រជុំ​ជាច្រើន​ថ្ងៃ គិត​ចាប់តាំងពី​ថ្ងៃទី២០តុលា។

សូម​រម្លឹកថា កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស ដែលមាន​សមាសភាព ភាគី​រដ្ឋាភិបាល ៩ រូប ភាគី​ថៅកែ​រោងចក្រ ៩ រូប និង​ភាគី​សហជីព ៩ រូប គឺ​ភាគី​រដ្ឋាភិបាល បានកំណត់​តួលេខ ប្រាក់ខែ​អប្បបរមា សម្រាប់​កម្មករ​រោងចក្រ​កាត់ដេរ នៅ​ឆ្នាំ២០១៥ ចំនួន ១២១ ដុល្លារ។ រីឯ​ថៅកែ​រោងចក្រ ចំនួន ១១០ ដុល្លារ និង​ភាគី​សហជីព​កម្មករ ចំនួន ១៤០ ដុល្លារ។

ប៉ុន្តែ​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​នោះ បានសម្រេច​បញ្ជូន​តួលេខ​តែ​ពីរ​ប៉ុណ្ណោះ ទៅកាន់​គណៈកម្មការ​ប្រឹក្សា​ការងារ ដើម្បី​ប្រជុំ​សម្រេច គឺ ១១០ ដុល្លារ សម្រាប់​ជំហរ​ថៅកែ​រោងចក្រ និង​ភាគី​រដ្ឋាភិបាល ចំនួន ១២១ ដុល្លារ។ ក្រុមការងារ​ចម្រុះ​សំអាងថា តួលេខ​ទាំងពីរ​នេះ ទទួលបាន​ការបោះឆ្នោត​ដោយ​សំឡេង​ភាគច្រើន។ រីឯ​តួលេខ​របស់​សហជីព ១៤០ ដុល្លារ មិនត្រូវ​បញ្ជូន​ទៅកាន់​កិច្ចប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ​ទេ ដោយសារ​តែមាន​សំឡេងឆ្នោត​របស់​មេដឹកនាំ​សហជីព ២ អនុបវាទ។

យ៉ាងណាក៏ដោយ មេដឹកនាំ​សហជីព​កម្មករ លោក អាត់ ធន់ បាន​ព្រមាន​ទុកជាមុន​ថា លោក​នឹង​អាចធ្វើ​ពហិការ ដើរ​ចេញពី​កិច្ចប្រជុំ បើសិនជា​រដ្ឋាភិបាល មិន​យក​តួលេខ​របស់​សហជីព ១៤០ ដុល្លារ ទៅ​ពិភាក្សា​ទេនោះ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ