អានតួអត្ថបទ
អាកាសធាតុ

អង្គការ​ខាង​បរិស្ថាន​ ​ប្តឹង​ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ ទៅកាន់តុលាការ​ធម្មនុញ្ញ

ការទាមទារ​ឱ្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​គិតគូរ​ពីបរិស្ថាន​ នាពេល​កន្លងមក។​
ការទាមទារ​ឱ្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​គិតគូរ​ពីបរិស្ថាន​ នាពេល​កន្លងមក។​ Reuters

នៅអាល្លឺម៉ង់ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ បាន​ប្រមូល​ផ្តុំ​គ្នា​ ដាក់​ពាក្យ​បណ្តឹង​រួម​មួយ​ ប្តឹង​ចំពោះថ្នាក់​ដឹកនាំ​ប្រទេស​លោកស្រី Angela Merkel ពី​សំណុំរឿង​អសមត្ថភាព ក្នុង​ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និង​ការកើន​កម្តៅ​ផែន​ដី។ តាម​ខ្លឹមសារ​របស់​ពាក្យ​ប្តឹង គឺ​«រដ្ឋាភិបាលអាល្លឺម៉ង់ និង ​លោកស្រី Merkel យក​ចិត្ត​ទុក​ដាក់​មិន​បា​នគ្រប់​គ្រាន់​ ហើយ​និង​ធ្វើ​នយោបាយ​ដ៏​គ្រោះថ្នាក់​ចំពោះ​បរិស្ថាន​និង​ភព​ផែន​ដី»។ ពាក្យ​បណ្តឹង​នេះ បា​នដាក់​ទៅ​កាន់​​តុលាការ​ធម្មនុញ្ញអាល្លឺម៉ង់រួច​ហើយ។

ផ្សាយពាណិជ្ជកម្ម

​ដើម​បណ្ដឹង​ គឺ​​ជា​បណ្តុំ​​អង្គការ​ការពារ​បរិស្ថាននិងអាកាសធាតុ​ ​ជាច្រើន ក្នុង​នោះ មាន​អង្គការ​ GermanWatch, Greenpeace, Friday for Future ជា​ដើម​។​​ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ យល់ថា គោលនយោបាយ​រដ្ឋ​អាល្លឺម៉ង់​សព្វថ្ងៃ​ គឺ​បម្រើ​ផលប្រយោជន៍​ដល់​ក្រុម​ហ៊ុន​ខាង​ផលិត​រថយន្ត​ និង​ខាង​ឧស្សាហកម្ម​ ខ្លាំង​ពេក ដែល​វិស័យ​ឧស្សហកម្ម​​អស់​ទាំង​នេះហើយ​ដែល​ជាអ្នកបញ្ចេញ​ផ្សែង​និង​ឧស្ម័នកាបូនិក​​បំពុល​បរិស្ថាន​ ហើយ​ជាប្រភព​នៃ​ការ​ប្រែប្រួល​អាកាសធាតុនិង​ការ​កើនកម្តៅ​ផែនដី​។

ការ​ប្តឹងទៅ​តុលាការធម្មនុញ្ញ​នេះ គឺដោយ​​សំអាង​ទៅលើ​មាត្រា២នៃ​​ច្បាប់​ជាមូលដ្ឋាន​របស់​អាល្លឺម៉ង់ ដែល​មាន​ចែង​ពី​«​សិទ្ធិរស់រាន​មាន​ជីវិត ហើយ​រស់​ដោយ​សេចក្តី​ថ្លៃថ្នូ​រ»។ ហេតុ​នេះ ក្រុម​អង្គការ​ដើមបណ្តឹង គិតថា រដ្ឋាភិបាល​អាល្លឺម៉ង់​សព្វថ្ងៃ​ធ្វើ​នយោបាយ ហាក់កំពុងតែ​បំផ្លាញ់ជីវិត​យុវជននិងក្មេង​ៗ​ជាន់​ក្រោយ ហើយ​ដែល​រំលោភ​បំពាននឹង​ច្បាប់​ធម្មនុញ​របស់​ជាតិ​​។

ជាការ​កត់​សម្គាល់ ការ​ប្តឹង​របស់​អង្គការ​សង្គម​ស៊ីវិល គឺទំនង​ជា​យក​គំរូ​តាម​អង្គការ​បរិស្ថាន​​នៅ​ប្រទេស​ហូឡង់ ដែល​បាន​ប្តឹង​ទៅ​តុលាការ​កំពូល​ហូឡង់ នា​​ចុងឆ្នាំ​២០១៩កន្លងទៅថ្មីៗនេះ។ នៅទីបំផុត សាលាជម្រះ​ក្តីជាន់​ខ្ពស់​ហូឡង់​​ បាន​សម្រេច​ឱ្យ​រដ្ឋាភិបាល ​ សម្រេច​ឱ្យ​បាន​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័នផ្ទះ​កញ្ចក់ ២៥ភាគរយ ធៀប​នឹង​ឆ្នាំ​១៩៩០។​ ហេតុនេះហើយ ទើប​អង្គការ​បរិស្ថាន​នៅ​អាល្លឺម៉ង់​ចង់​យក​គំរូតាម​ ប្តឹងរដ្ឋាភិបាល​ទៅ​តុលាការ​ជាន់​ខ្ពស់​របស់​អាល្លឺម៉ង់​ដែរ​។

បើ​តាម​អ្នកសង្កេត​ខ្លះ នា​កន្លងមក រដ្ឋាភិបាល​អាល្លឺម៉ង់​ ក៏​បាន​ប្រឹង​រក​វិធានាការ​ទប់​ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​ច្រើនដែរ ដូចជា​ កំណត់​និង​កាត់បន្ថយ​ល្បឿនបើកបរ ដែល​អាច​ជួយ​កាត់បន្ថយការ​បញ្ចេញ​ឧស្ម័នកាបូនិក ចំនួន​៥លាន​តោន​ដែរ​ ហើយ​ព្រម​ទាំង​ បាន​សន្យា​បិទ​រោង​ចក្រ​ធ្យូង​ថ្ម​នៅ​យ៉ាង​យូរ​ត្រឹមឆ្នាំ​២០៣៨ ជាដើម​។ ក៏ប៉ុន្តែ ចំពោះ​អង្គការ​ខាង​បរិស្ថាន វិធានរបស់​រដ្ឋបែបនេះ​​នៅ​តិចតួច​ណាស់ បើ​ធៀប​នឹងអ្វីដែល​រដ្ឋាភិបាល​អាច​​ធ្វើ​បាន ហើយ​ពួក​គេ​ទាមទេ​ឱ្យ​បិទ​​រោង​ចក្រ​ធ្យូង​ថ្ម ពេ​លនេះ​តែម្តង​ មិន​ចាំយូរ​ទៀតទេ​។​

ទោះយ៉ាងណាក្តី ការ​បិទ​រោង​ចក្រ​ធ្យូងថ្ម ហើយ​និង​ការ​បន្ថយ​សកម្មភាព​ផលិត​រថយន្ត​និង​រ៉ែ ដើម្បី​គិតគូរដល់​បរិស្ថាន ជារឿង​មួយ​លំបាក​​ចំពោះ​សេដ្ឋកិច្ច​អាល្លឺម៉ង់ ហើយ​ក៏​លំបាក​ចំពោះ​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​នេះ ដែល​មាន​ចំនួន​ជាង​រាប់​សែន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ