អានតួអត្ថបទ
អូទ្រីស

កិច្ចប្រជុំ​​​ប្រទេស​​​តំបន់​​បាល់កង់​​ នៅក្រុង​​វីយ៉ែន​​ មាន​វត្តមាន​​​​​លោកស្រី​​​មែរកិល​​​​​

ប្រមុខដឹកនាំ​អូទ្រីស Christian Kern ​និង​លោកស្រី​មែរកិល​ នៅ​ទីក្រុង​វីយ៉ែន ថ្ងៃសៅរ៍ ២៤កញ្ញា ២០១៦។
ប្រមុខដឹកនាំ​អូទ្រីស Christian Kern ​និង​លោកស្រី​មែរកិល​ នៅ​ទីក្រុង​វីយ៉ែន ថ្ងៃសៅរ៍ ២៤កញ្ញា ២០១៦។ Reuters

ថ្ងៃសៅរ៍​នេះ ​ក្រុងវីយែន​​​​ ប្រទេស​អូទ្រីស​​​រៀបចំ​ជំនួប​​​​ប្រទេស​តំបន់បាល់កង់ ក្នុងទិសដៅ​ពិភាក្សា​ពី​​វិបត្តិ​ជនភៀសខ្លួន។ ក្នុងកិច្ចប្រជុំ​នេះ ​​​គេឃើញ​មាន​​​​វត្តមា​ន​ចូលរួម​របស់​ប្រមុខ ដឹកនាំ​​អាល្លឺម៉ង់​ មែរកិល ផងដែរ។ បក្ស​កាន់អំណាច​របស់​​លោកស្រី​មែរកិល​ ទើប​តែ​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​តំបន់​ ដោយសារ​តែ​នយោបាយ​​​ជនអន្តោប្រវេសន៍។ ​ 

ផ្សាយពាណិជ្ជកម្ម

បក្សកាន់អំណាច​អាល្លឺម៉ង់​ទទួលបរាជ័យ ក្នុង​ការបោះឆ្នោត​តំបន់ ដោយសារ​តែ​នយោបាយ​ទទួលជួយ​ជនអន្តោប្រវេសន៍​របស់​លោកស្រី​មែរកិល។ ប៉ុន្តែ​​ ​​ក៏​មិនបាន​ហាមឃាត់​ប្រមុខដឹកនាំ​មែរកិល មិន​អោយ​​ចូលរួម​​​កិច្ចប្រជុំ​តំបន់​បាល់កង់ ដែលផ្តោតការ​ពិភាក្សា​​លើ​ការជួយ​ដោះស្រាយ​​បញ្ហា​ជនភៀសខ្លួនដែរ។

ជំនួប​ប្រទេស​តំបន់​បាល់កង់​ថ្ងៃសៅរ៍នេះ មានទិសដៅ​ពិភាក្សា​ ជំរុញ​អោយមានការ​សម្រេច​ចិត្ត​រួម ក្នុង​ការ​​​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន។ ជាជំនួប​ដែល​មាន​ការចូលរួម​ពីប្រទេស​បាល់កង់​ ដូចជា​អាល់បានី ស៊ែរប៊ី រូម៉ានី ក្រូអាស៊ី រឺ​ក៏ស្លូវេនី​ជាដើម។ ថ្នាក់ដឹកនាំ​ប្រទេស​សហភាព​​អឺរ៉ុបក៏​មានវត្តមាន​នៅ​ក្រុង​វីយ៉ែនដែរ។

​ប្រទេសជាច្រើន​នៅតាម​តំបន់​​បាល់កង់ ​កំពុង​ចោទសួរ​ពី​បញ្ហា​ជនភៀសខ្លួន។ គេកត់សម្គាល់​ថា ​​នាយករដ្ឋមន្ត្រី​ហុងគ្រី វិចទ័រ អូបាន ជា​អ្នកដែល​មិនពេញចិត្ត​នយោបាយ​ទទួល​ជនភៀសខ្លួន​​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់។ រហូត​ដល់​ខែមិនា​ឆ្នាំ២០១៦ ជនភៀសខ្លួន​ជាង​១សែននាក់​​​បាន​ឆ្លងចូលអឺរ៉ុប តាម​ច្រក​តំបន់​បាល់កង់​។ ប៉ុន្តែ ​​តាំងពី​មានការ​បិទព្រំដែន​តំបន់​បាល់កង់ ​និង​មានកិច្ចព្រមព្រៀង​រវាង​អឺរ៉ុប​ជាមួយ​តួកគី​ខែ​មិនាមក​ ជនភៀសខ្លួន​តាម​សមុទ្រ​មេឌីទែររ៉ាណេ​​បានថយចុះ​ជាងមុន។

មុននឹង​ចូលរួម​កិច្ចប្រជុំក្រុងវិយ៉ែន ​​ថ្ងៃសៅរ៍នេះ នាយករដ្ឋមន្ត្រី​ក្រិក​ អាឡិចស៊ីស​ ស៊ីប្រាស ​​​​បាន​សុំអោយមាន​​​សាមគ្គិភាព​គ្នា ជាមួយ​ក្រិក ​ក្នុង​ការដោះស្រាយ​បញ្ហា​ជនភៀសខ្លួន។ អ្នក​សុំ​​សិទ្ធិ​ជ្រកកោន ​​​៦ម៉ឺននាក់​កំពុង​ជាប់ខ្លួន​នៅ​ក្រិក។ នៅ​ប៊ុលហ្ការី និង​ស៊ែរប៊ី​វិញ​ក៏មាន​មនុស្ស​​រាប់ពាន់នាក់​ដែរ។ ​

សម្រាប់​ប្រមុខដឹកនាំ​អូទ្រីស​ លោក គ្រីស្យង់ គើន ដែល​រៀបចំ​ជំនួប​នៅ​ទីក្រុងវីយ៉ែន​ ថ្ងៃសៅរ៍​នេះ ​ជំនួប​ក្រុងវីយ៉ែន ​ក៏ដូចជាជំនួប​អឺរ៉ុប​ផ្សេងទៀតដែរ ​គឺ​មានទិសដៅ​ទុក​​ផល​ប្រយោជន៍​​ជាតិ​និមួយៗ​មួយឡែក​​ ដោយ​​ត្រូវ​ជំរុញ​អោយ​មានការសម្រេចចិត្ត​រួមគ្នា​មួយឡើង៕ ​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ