អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

​ម៉ិចស៊ិក៖ បោះឆ្នោត​ពោរពេញ​ដោយ​​ហិង្សា​សម្លាប់អ្នក​នយោបាយ​

Andrés Manuel Lopez Obrador ​វ័យ៦៤ឆ្នាំ ​​ជា​អ្នក​នយោបាយ​បក្សឆ្វេង​និយម និងប្រឆាំងនឹងប្រព័ន្ធដឹកនាំរដ្ឋ ​ដោយ​ចាត់ទុកថា ​ជារបប mafia ។
Andrés Manuel Lopez Obrador ​វ័យ៦៤ឆ្នាំ ​​ជា​អ្នក​នយោបាយ​បក្សឆ្វេង​និយម និងប្រឆាំងនឹងប្រព័ន្ធដឹកនាំរដ្ឋ ​ដោយ​ចាត់ទុកថា ​ជារបប mafia ។ @សហការី

ថ្ងៃអាទិត្យ​ទី១កក្កដានេះ​ ពលរដ្ឋ​ម៉ិចស៊ិក ​ប្រមាណ​៨៨លាន​នាក់ដែល​មាន​សិទ្ធិ​បោះឆ្នោត​​ ត្រូវអញ្ជើញ​​ទៅ​បោះឆ្នោត។ ការ​បោះឆ្នោត​នេះ គឺធ្វើ​ឡើង​ជា​​កញ្ចប់តែម្តង​​ ដោយ​ត្រូវ​ជ្រើស​រើស​ប្រធានាធិបតី​ថ្មីផង​ បោះឆ្នោត​ជ្រើស​តាំង​អ្នក​តំណាង​រាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា ព្រម​ទាំង​បោះឆ្នោត​រើស​ចៅហ្វាយក្រុង​ និង​អភិបាល​រដ្ឋ​ថ្មី។​ ជាការ​កត់​សម្គាល់ តាំងពី​ពេល​ផ្តើមយុទ្ធនា​​ឃោសនាបោះ​ឆ្នោត នៅ​ខែ​កញ្ញា​ឆ្នាំមុន​​ រហូត​មកទល់​ថ្ងៃ​បោះឆ្នោត​នេះ គឺ​មាន​រយៈ​​ពេល​ជិត​១០ខែ។ ក្នុង​រយៈ​ពេល​នេះ គឺ​មាន​ការ​សម្លាប់​​​បេក្ខជនឈរ​ឈ្មោះ​បោះឆ្នោត​ និង​អំពើ​ហិង្សា​បង្ហូរ​ឈាម​យ៉ាង​ច្រើនផ្សេងទៀត​​។ ជារួម​គឺមាន​មនុស្ស​១៣៦ត្រូវគេ​សម្លាប់​​។ សង្គម​ស៊ីវិល​និង​អង្គការ​អន្តរជាតិ​វាយ​តម្លៃ​ថា ការ​បោះឆ្នោត​នៅ​ម៉ិចស៊ិក​អាណត្តិ​នេះ គឺជា​ការ​បោះឆ្នោត​ហិង្សា​ដ៏​ឃោរ​ឃៅ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​​​។​

ផ្សាយពាណិជ្ជកម្ម

ម៉ិចស៊ិក គឺជាប្រទេសមួយដែលនៅជាប់ព្រំដែនរបស់អាមេរិក។ រដ្ឋធម្មនុញ្ញរបស់ម៉ិចស៊ិក​នេះ​ បានធានាការពារសិទ្ធិឲ្យពលរដ្ឋមានសិទ្ធិកាន់កាំភ្លើង។ ពលរដ្ឋម៉ិចស៊ិក មាន​ចំនួន​ប្រមាណជា១៣០លាននាក់ ហើយជាងពាក់កណ្តាល រស់នៅក្នុងភាពក្រីក្រ។ មិន​តែ​ប៉ុណ្ណោះ ប្រទេសនេះ ជាប់ឈ្មោះជាប្រទេសរួមរឹតដោយអំពើពុករលួយ។ ចំណែក​ការ​ចរាចរណ៍​គ្រឿងញៀនខុសច្បាប់ ក៏ល្បីមិនតិចដែរ។
 

តើ​បរិយាកាស​បោះឆ្នោតនៅ​ម៉ិចស៊ិក​ មាន​លក្ខណៈបែប​ណា​ បាន​ជាគេ​យល់ថា​​ វា​គ្របដណ្តប់​ដោយ​អំពើហិង្សា និង​បាញ់​សម្លាប់​អ្នកនយោបាយ ?

ជាសរុប​ ​តាំងពី​ពេល​បើក​ឲ្យ​ឃោសនារក​សំឡេង​គាំទ្រ ដែល​ផ្តើម​ធ្វើ​តាំងពី​ខែ​កញ្ញា​ឆ្នាំ​២០១៧ រហូត​មក​ទល់​នឹង​ពេល​នេះ មាន​អ្នក​គាំទ្រ​និងអ្នក​នយោបាយ​ប្រមាណជា ​​១៣៦នាក់ ត្រូវ​គេ​សម្លាប់។ ក្នុង​នោះ គឺមានចំនួន​៤៨នាក់ ដែល​ជា​​បេក្ខជន​​តំណាង​រាស្ត្រ និង​ជា​​បេក្ខជន​ចៅហ្វាយ​ក្រុង​​ជា​ដើម​។

ការ​សម្លាប់​ ពុំ​មែន​មានតែ​ចំពោះ​អ្នក​នយោបាយនោះទេ​ អ្ន​កកាសែត​ក៏​ជា​ជន​រង​គ្រោះ​នៃ​អំពើ​ឃាត​កម្ម​ដែរ។ កាលពី​យប់​ថ្ងៃ​សុក្រ​កន្លង​ទៅនេះ មានបុរស​​អ្នក​កាសែត​ម្នាក់ ត្រូវ​គេ​បាញ់​៣គ្រាប់ ស្លាប់​ភ្លាមៗ​នៅ​ក្នុង​រង្គសាល​មួយ។ គាត់​នោះគឺជា​អ្នក​កាសែត​ទី​៦ហើយ ដែល​ត្រូវគេ​លួច​ធ្វើ​ឃាត​​ក្នុង​ឆ្នាំ២០១៨​​នេះ។ ឃាតកម្មទាំងអស់​នេះ ​ភាគ​ច្រើន​ហ្នឹង​ គឺ​រក​មុខ​ឃាតករ​ដៃ​ដល់​មិន​ឃើញ​ទេ ដែល​បញ្ហានេះ បង្ក​ជា​វិបត្តិ​និទ្ទណ្ឌភាព​ និង​អយុត្តិធម៌​នៅ​ក្នុង​សង្គមម៉ិចស៊ិក​​ យ៉ាង​ខ្លាំង​ក្លា​។​

ក្រៅពី​​អំពើ​ហិង្សា​និង​ការ​កាប់​សម្លាប់ បរិយាការ​នៃ​ការ​បោះឆ្នោត​នៅ​ម៉ិកស៊ិក​នៅថ្ងៃបោះ​ឆ្នោត​​នេះ​​ គឺ​រួម​រឹត​ដោយ​ភាព​សង្ស័យ​ថា​នឹង​មាន​​លួចបន្លំ​សន្លឹ​កឆ្នោត។ អាច​ជា​ការ​​ទិញ​លក់​​សន្លឹកឆ្នោត​ដោយ​ត្រង់ៗ​ ឬក៏​ ការ​ក្លែង​បន្លំ​លទ្ធផល​ឆ្នោតតែម្តង​។ អ្នក​បោះឆ្នោត​មួយ​ចំនួន ​ត្រូវ​រង​សម្ពាធ ឬ​ការ​គំរាម​។​ ពលរដ្ឋខ្លះ​​ដែល​ចេញ​ទៅ​បោះឆ្នោត​ថ្ងៃនេះ ​ភ័យ​ព្រួយ​សុវត្ថិភាព​​។

ទោះ​បី​ជា​ជួប​ឧបសគ្គ​ច្រើន​យ៉ាងណា​ក្តី ក៏​អ្នក​បោះឆ្នោត​ភាគ​ច្រើន ដែល​មាន​យុវជន​ ប្រមាណ​ជា​៤០ភាគរយ​​នោះ នៅតែ​ចេញ​ទៅ​បោះឆ្នោត​។ ភាគ​ច្រើន​នៃ​យុវជន​ទាំងនោះ គឺគេ​​បោះឆ្នោត ដោយ​​រំពឹង​ការ​ផ្លាស់ប្តូរ​មុខ​មាត់​របស់​ប្រទេស ពី​ប្រទេស​ដែល​រួម​រឹត​ដោយ​អំពើ​ពុក​រលួយ​ ទៅជា​ស្រុក​មួយ ដែល​​រីកចម្រើន​ជឿន​លឿន​ជាង​នេះ។

 

បេក្ខជន​ប្រធានាធិបតី ទាំង​៤រូប​ គឺសុទ្ធតែ​មាន​គោលនយោបាយ​រួម​មួយ​ដូចគ្នា ​គឺ​ប្រឆាំង​នឹង​អំពើ​ពុករលួយ។ ដូច្នេះ តើ​បេក្ខជន​មួយ​ណា​លេចធ្លោ​ជាង​គេ​?

បេក្ខជន​ប្រធានាធិបតី ម៉ិចស៊ិក មាន​​៤រូប ដែលកំពុង​លេច​ធ្លោ នៅក្នុង​ការ​ស្ទង់​មតិ​នា​ពេល​ថ្មីៗ​នេះ។​ ហើយ​អ្នក​ទាំង​បួន សុទ្ធតែ​មាន​គោលនយោបាយ​រួម​ដូចគ្នា​ដោយ​ចង់​ប្រឆាំង​អំពើ​ពុក​រលួយដែល​កំពុង​ស៊ីរូង​ស្ថាប័ន​ជាតិ រហូត​ដល់ពួក​គេ​​ហ៊ាន​សន្យាថា បើ​ខ្លួន​ឈ្នះ​ឆ្នោត​ នឹង​តែងតាំង​​រដ្ឋ​អាជ្ញាពីរនាក់​​ ដើម្បី​ស៊ើប​អង្កេត​រឿង​ពុករលួយ​របស់​ស្ថាប័ន​រដ្ឋ​ ហើយ​រដ្ឋ​អាជ្ញា​នោះ ជា​មនុស្ស​ឯករាជ្យ​អព្យាក្រឹត​។ ក៏ប៉ុន្តែ​អ្វីៗ​មិនមែន​ងាយ​ស្រួល​ដោយ​ចេះតែ​ថាៗ​នោះទេ។ ពីព្រោះ​​ថា មន្ត្រី​រដ្ឋការ​ម៉ិច​ស៊ិក​ តាំងពី​ថ្នាក់​តូច​ដល់​ថ្នាក់​កំពូល​សុទ្ធតែ​ដុះ​ស្លែ​ហើយ ខាង​ពុករលួយ។ ទម្លាប់​នៃការ​សុំ​ថ្លៃ​ទឹកតែ ឬ​ទម្លាប់​សូក​ម៉ាន់ ស្ទើរតែ​ក្លាយ​ជា​វប្បធម៌​ទៅហើយ​។​ ឆ្នាំ​២០១៨នេះ ប្រទេសម៉ិច​ស៊ិក​​ ជា​ប់​ឈ្មោះ​ជា​ប្រទេស​រួមរឹត​ដោយ​អំពើ​ពុករលួយខ្លាំង​។ ពោល​គឺ​ជាប់​លេខ​១៣៥ នៅក្នុង​ចំណោម​ប្រទេស​១៨០ ដែល​ពុក​រលួយ​លើលោក។ នេះ​បើ​តាម​អង្គការ​តម្លាភាព​អន្តរជាតិ។

ដោយសារ​ហេតុ​នេះហើយ ទើបបេក្ខជន​ប្រធានាធិបតីមួយ​រូប​ដែល​កំពុង​លេច​ធ្លោ​ជាង​គេ គឺ​លោក​ Andrés Manuel Lopez Obrador បាន​សន្យាថា បើ​លោកជាប់​ឆ្នោត លោក​នឹង​ប្រឆាំង​ឲ្យ​ខ្លាំង​នឹង​អំពើ​ពុករលួយ​ក្នុង​វិស័យ​រដ្ឋ ហើយ​ត្រូវ​កាត់​បន្ថយ​ប្រាក់​ខែ​មន្ត្រី​រដ្ឋ​ការ​ យ៉ាង​ហោច​៥០ភាគ​រយ។

​តាម​ការ​ស្ទង់​មតិ​ចុង​ក្រោយ គាត់​អាច​ទទួល​សំឡេង​គាំទ្រ​ ជាង​៥០ភាគរយ គឺ​ច្រើន​ជាង​គេ​បង្អស់​។​ បេក្ខជន​នេះ មាន​វ័យ​៦៤ឆ្នាំ ជា​អ្នក​នយោបាយ​​មក​ពី​បក្ស​ឆ្វេង​និយម ហើយនិង​ជា​មនុស្ស​​ដែល​ប្រឆាំង​នឹង​ប្រព័ន្ធ​ដឹក​នាំ​រដ្ឋ​ ដែល​គាត់​ចាត់​ទុកថា ជា​របប mafia ។

បេក្ខជន​ទី២ គឺជា​អ្នក​នយោបាយ​វ័យ​ក្មេង អាយុ​ត្រឹម​៣៩ឆ្នាំ មាន​ឈ្មោះថា Ricardo Anaya Cortés ។ ជា​អ្នកនយោបាយ​វ័យក្មេង​​ល្បីឈ្មោះ និងជាអ្នក​ដឹកនាំ​ចលនា​សម្ព័ន្ធ​នយោបាយ​ ពីរបីបក្សចូល​គ្នា។​ ក្នុង​នោះ មាន​បក្ស​អភិរក្ស​និយម​និង​បក្ស​ឆ្វេង​និយម​ផង​។ តាម​ការ​ស្ទង់​មតិ លោក​អាច​នឹង​ទទួល​សំឡេង​គាំទ្រ ប្រហែល​ជិត​២៧ភាគរយ។​

ចំណែក លោក José Antonio Meade Kuribreña ជា​បេក្ខជន​ទី៣។ ដ្បិត​ថា ប្រធានាធិបតីផុត​អាណត្តិ​ គឺ​មិន​ឈរ​ឈ្មោះ​ទៀត​ទេ។ គេ​រំពឹង​ថា បេក្ខជនទី៣បា​នសំឡេង​គាំទ្រ​ត្រឹម​តែ​១៣ភាគរយ​ប៉ុណ្ណោះ។ គាត់​មកពី​បក្ស​កាន់​អំណាច​​បច្ចុប្បន្ន ។ ​បេក្ខជន​ទី៤ គឺ​ Jaime Rodriguez Calderon​ ជា​បេក្ខជន​ឯករាជ្យ ដែល​មាន​សំឡេង​រំពឹង​ថា​បោះឆ្នោត​ឲ្យគាត់​​បាន​តិត​តួច​តែប៉ុណ្ណោះ​។

​​

តាម​ការ​ស្ទង់​មតិ តើ​បេក្ខជន​មកពី​បក្ស​កាន់​អំណាច​បច្ចុប្បន្ន ទំនង​ជា​គ្មាន​ឱកាស​ឈ្នះ​ឆ្នោត​ទេ​មើលទៅ?

បក្ស​កាន់​អំណាច​ធ្លាក់​ប្រជា​ប្រិយភាព ដោយ​សារ​តែ​វិបត្តិ​សង្គម​ច្រើន​ ដែល​ដោះ​ស្រាយ​ពុំ​បាន។ តែលទ្ធផល​យ៉ាង​ណា​នោះ គេ​អាច​នឹង​ដឹង​នៅ​ថ្ងៃច័ន្ទ​​ស្អែក។ អ្វី​ដែល​គេ​​អាច​និយាយ​បា​ននៅពេល​នេះ គឺថា លោក Andrés Manuel Lopez Obrador ឬហៅថា លោក AMLO ​ គឺ​ពិត​ជា​មាន​សំឡេង​នាំមុខគេ​ បើ​តាម​ការ​ស្ទង់​មតិ។

បេក្ខជន​នេះ មកពីបក្ស​ប្រឆាំង និង​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធីបតី​បីដង​មក​ហើយ តែ​មិន​ដែល​ជាប់​ទេ។ អាណត្តិ​នេះ លោក AMLO ​មាន​ប្រជា​ប្រិយភាពខ្លាំង​​ដាច់​គេ ដោយសារតែ​លោក​​ប្រសប់​ខាង​ការ​ឃោសនា​តាម​ប្រព័ន្ធ​អ៊ិនធឺណិត ហើយ​យុវជន​ភាគច្រើន​ដែល​និយម​ប្រើ​អ៊ិនធឺណិតផង​នោះ​​ ក៏​រឹងរឹត​តែ​ចាប់​អារម្មណ៍​ពីសារ​​ឃោសនា​នយោបាយ​របស់​គាត់។

ប្រឈម​នឹង​សម័យ​ដែល​គេ​ព្រួយ​បារម្ភ​ពី​ព័ត៌មាន​ក្លែង​ក្លាយតាម​អ៊ិនធឺណិត បេក្ខជន​រូបនេះ បាន​ផ្តួច​ផ្តើម​គំនិត​បង្កើត​គេហទំព័រ​ ដើម្បី​តាម​ដាន​និង​ត្រួត​ពិនិត្យ​ព័ត៌មាន​ក្លែង​បន្លំ ហើយលោក​​ទុកកិច្ច​ការ​នេះ​​ឲ្យ​និស្សិត​ៗ​នៅ​សកលវិទ្យាល័យ​ផ្នែក​សារព័ត៌មាន​ ជា​អ្នក​ទទួល​ខុស​ត្រូវ​។

ក្រៅតែ​ពី​មាន​មាត់​ឆៅ រិះគន់​ស្ថាប័ន​រដ្ឋ​ដែល​ពុក​រលួយ​ដោយ​ចំៗ លោក AMLO ​បាន​ស្នើឲ្យ​កំណត់ចំនួន​ប្រាក់​ខែ​អប្បរមា។ លោក​សន្យា​ទៀត​ថា នឹង​ផ្តល់​ការ​សិក្សា​អប់រំ​ដោយឥត​គិត​ថ្លៃ ព្រ​មទាំង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​មហាវិទ្យាល័យ។ ការ​សន្យា​ទាំង​នេះ កំពុង​តែ​ទាក់​ចិត្តយុវជន និង​​អ្នក​បោះឆ្នោត​នៅ​ម៉ិច​ស៊ិក​យ៉ាង​ខ្លាំង​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ