អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

លោក​ដូណាល់ ត្រាំ សន្យា​ជួយ​រក​កិច្ច​ព្រមព្រៀង​សន្តិភាព ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​

លោក ដូណាល់ ត្រាំ ចាប់​រលាក់​ដៃ ជាមួយលោក ម៉ាសមូដ អាបាស ថ្ងៃទី​២៣​ ឧសភា​ ២០១៧
លោក ដូណាល់ ត្រាំ ចាប់​រលាក់​ដៃ ជាមួយលោក ម៉ាសមូដ អាបាស ថ្ងៃទី​២៣​ ឧសភា​ ២០១៧ Reuters

លោក ​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ត្រាំ ​កំពុង​បន្ត​ទស្សនកិច្ច​នៅ​ក្នុង​តំបន់​ដើមបូព៌ា។ បន្ទាប់​ពី​បាន​ទៅ​ទីក្រុង​ហ្សេរូសាឡឹម ​កាល​ពី​ថ្ងៃ​ចន្ទ​ ​នៅថ្ងៃ​អង្គារ​ ទី​២៣​ឧសភា​​នេះ ​លោក​ដូណាល់ ត្រាំ​ ​បាន​អញ្ជើញ​ទៅ​ទីក្រុង​បេត្លេហឹម ​ដែល​ស្ថិត​ក្នុង​ដែនដី​ស៊ីហ្សកដានី ​របស់​ប៉ាឡេស្ទីន ​ដើម្បី​ជួប​ជាមួយ ​លោក​ ម៉ាសមូដ អាប៉ាស ​ប្រមុខ​ដឹកនាំ​ប៉ាឡេស្ទីន​។ លោក ​ដូណាល់ ត្រាំ ​បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ថា ​លោក​សន្យា​ប្រឹងប្រែង ​ឲ្យអស់​ពី​សមត្ថភាព​ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​សន្តិភាព ​រវាង​អ៊ីស្រាអែល ​និង​ប៉ាឡេស្ទីន ​ឲ្យ​បាន។

ផ្សាយពាណិជ្ជកម្ម

លោក​ ដូណាល់ ត្រាំ ​ត្រូវ​បាន​ទទួល​ដោយ​លោក​ ម៉ាសមូដ អាបាស ​នៅ​វិមាន​ប្រធានាធិបតី ​ក្នុង​ទីក្រុង​បេត្លេហឹម ​ក្នុងដែនដី​ស៊ីហ្សកដានី​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ ទី២៣ឧសភា​។ នៅតាម​ផ្លូវ​ដែល​មាន​ការ​យាមកាម​ យ៉ាង​តឹងតែង ​ពី​សំណាក់ ​អាជ្ញាធរ​ប៉ាឡេស្ទីន​​ មាន​ចង​ទង់​ជាតិ​អាមេរិក​ និង​ប៉ាឡេស្ទីន​ អម​ជាមួយ​បដា​ពាក្យ​ស្លោក ​សរសេរ​ថា ​“ទីក្រុង​សន្តិភាព ​ទទួល​មេដឹកនាំ​សន្តិភាព”។

 
ទីក្រុងសន្តិភាព ​ក្នុង​ន័យ​ពាក្យ​ស្លោក ​តែ​ធាតុពិត ​ទី​ក្រុង​បេត្លេហឹម​ និង​តំបន់​ស៊ីហ្សកដានី ​ស្ថិត​ក្នុង​បរិបទ​សង្រ្គាម​ រាប់សិប​ឆ្នាំ​មកហើយ។ ​ជាងនេះ​ទៅទៀត ​តំបន់​ស៊ីហ្សកដានី ​ត្រូវ​បែងចែក​ជា​ពីរ ​ខណ្ឌចែក​ ម្ខាង​ខាង​លិច ​ម្ខាង​ខាង​កើត។ អ៊ីស្រាអែល ​បាន​ធ្វើ​ជញ្ជាំង​ថ្ម ​វែង​អន្លាយ​ ដាក់​អនានិគម ​នៅ​ផ្នែក​ខាង​លិច។ យ៉ាង​ណាមិញ​ ទិដ្ឋាភាព​ខណ្ឌចែក​ទឹកដី​ ជាពីរ ​ដោយ​ជញ្ជាំង​ថ្ម​បេតុង​នេះ ​លោក​ដូណាល់ ​ត្រាំ ​ក៏បាន​ឃើញ​នឹង​ភ្នែក​ នៅ​ពេល​ក្បួន​រថយន្ត​លោក​ ធ្វើ​ដំណើរ​ឆ្លងកាត់​ ច្រក​ឆែកឆេរ ​ដែល​មាន​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹងតែង​ ពី​សំណាក់ ​ទាហាន​ស្រាអែល។

នៅចំពោះមុខ​ លោក​​ អាបាស ​លោក​ដូណាល់ ត្រាំ ​បាន​ថ្លែង​ថា ​សន្តិភាពគឺ​ជា​ជំរើស ​ដែល​យើង​ត្រូវ​តែ​សម្រេច​ចិត្ត​យក​ ជា​រៀងរាល់​ថ្ងៃ។ ក្នុង​ន័យ​នេះ ​សហរដ្ឋ​អាមេរិក​ នឹង​មាន​វត្តមាន​ជានិច្ច​ ដើម្បី​ជួយ​កសាង​សន្តិភាព។ លោក​បន្ត​ថា ​លោក​នឹង​ប្រឹងប្រែង ​ឲ្យ​អស់​​ពី​សមត្ថភាព ​ដើម្បី​ជួយ​អ៊ីស្រាអែល ​និង​ប៉ាឡេស្ទីន​ សម្រេច​ឲ្យ​បាន​កិច្ច​ព្រមព្រៀង​សន្តិភាព​នឹង​គ្នា។

ដោយឡែក ​លោក ​ម៉ាសមូដ អាបាស ​បាន​ឆ្លើយ​តប​ទៅកាន់​លោក​ ដូណាល់ ត្រាំ ​វិញ​ថា ​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​កសាង​សន្តិភាព​រវាង​អ៊ីស្រាអែល ​និង​ប៉ាឡេស្ទីន​ គឺត្រូវ​ទទួល​ស្គាល់​ប៉ាឡេស្ទីន ​ជា​រដ្ឋ​អធិបតេយ្យ ​និង​ឯករាជ្យ ​ស្មើ​ភាព​គ្នា​ជា​មួយ​អ៊ីស្រាអែល។ លោក​ប្រមុខ​ដឹកនាំ​ប៉ាឡេស្ទីន​ បន្ថែម​ថា ​ប៉ាឡេស្ទីន​​ ត្រៀមខ្លួន​ជានិច្ច​ ដើម្បី​ចរចា​ជាមួយ​ភាគី​អ៊ីស្រាអែល​ ដោយ​សន្តិវិធី។ បញ្ហា​គឺ​មិនមែន​ប៉ាឡេស្ទីន​ ស្អប់​ខ្ពើម​សាសនា​ជ្វីហ្វ​ទេ ​តែ​បញ្ហាគឺ​នៅ​ត្រង់​ថា ​ប៉ាឡេស្ទីន ​មិនអាច​ទទួល​យក​ការ​ដាក់​អណានិគម ​ទន្រ្ទាន​យក​ដែនដី​ប៉ាឡេស្ទីន ​ពី​សំណាក់​អ៊ីស្រាអែល។

តែ​យ៉ាងណា ​លោក ដូណាល់ ត្រាំ ​ដែល​ធ្លាប់​បាន​បង្ហាញ​គោល​ជំហរ​ ថា​មិន​ពេញចិត្ត​នឹង​គំនិត​ ឲ្យ​មាន​ប្រទេស​ពីរ​ឯករាជ្យ​នោះ ​ មិនបាន​ឆ្លើយ​តប​អ្វី ​ទៅ​នឹកការ​លើកឡើង​របស់​លោក​អាប៉ាស​ទេ។ ជាងនេះ ​ទៅទៀត ​កាល​ពី​ថ្ងៃចន្ទ​ នៅ​ចំពោះ​មុខ​ថ្នាក់ដឹក​នាំ​អ៊ីស្រាអែល ​ លោកត្រាំ ​បាន​ថ្លែង​បែប​បង្ការ​ទុកមុន​ថា ​មាន​គេ​ប្រាប់​លោក​ថា ​ជម្លោះ​អ៊ីស្រាអែល-​ប៉ាឡេស្ទីន ​ជា​ជម្លោះ​ស្មុគស្មាញ ​ពិបាក​ដោះ​ស្រាយ​បំផុត   ​តែ​យ៉ាងណា​ លោក​សង្ឃឹម​ថា ​លោក​នឹង​អាច​ជួយ​ជ្រោមជ្រែង ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ