អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក អំពាវនាវឲ្យ ​ទំលាក់​អាវុធ​នៅយេម៉ែន

សំឡេង ០៨:២៧
បាតុកម្ម​របស់​ប្រជាជន​​យេម៉ែន ​នៅក្រុងTaiz ​ដែល​ប្រឈមមុខ​នឹង​កង្វះ​ចំណី​អាហារ​​គ្រប់មុខ។
បាតុកម្ម​របស់​ប្រជាជន​​យេម៉ែន ​នៅក្រុងTaiz ​ដែល​ប្រឈមមុខ​នឹង​កង្វះ​ចំណី​អាហារ​​គ្រប់មុខ។ REUTERS/Anees Mahyoub

សហរដ្ឋអាមេរិក តាមរយៈរដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រសួងការបរទេសខ្លួន បានអំពាវនាវផ្ទួនៗគ្នា ថាត្រូវតែបិទបញ្ចប់ សង្រ្គាមនៅយេម៉ែន។ ការអំពាវនាវនេះ ក៏ជួនគ្នា ជាមួយនឹងការអំពាវនាវរបស់ លោកស្រីរដ្ឋមន្រ្តីការពារជាតិបារាំង។ គួរកត់សំគាល់ថា ប្រមាណជិត៤ឆ្នាំ ក្រោយពេលដែលអារ៉ាប៊ីសាអូឌីត​ បានធ្វើអន្តរាគមន៍ ទំលាក់គ្រាប់បែកនៅយេម៉ែន គឺថានេះជាលើកទីមួយហើយ ដែលសហរដ្ឋអាមេរិក បានអំពាវនាវឲ្យទំលាក់អាវុធ។ ឃាតកម្មលើរូបលោក ខាស្ហូហ្ស៊ី កាលពីដើមខែតុលា បានធ្វើឲ្យកិត្តិយសរបស់អារ៉ាប៊ីសាអូឌីត ធ្លាក់ចុះជាខ្លាំង ហើយសហរដ្ឋអាមេរិកខ្លួនឯង​ ក៏ហាក់បីដូចជារអៀសខ្លួន នៅចំពោះមុខទង្វើបំពានផ្ទួនៗ របស់សម្ព័ន្ធមិត្តខ្លួននេះ។

ផ្សាយពាណិជ្ជកម្ម

ឃាតកម្ម​លើ​រូបលោក ខាស្ហូហ្ស៊ី ជំរុញ​ឲ្យ​គេដកខ្លួន ​ឆ្ងាយ​ពី​អារ៉ាប៊ីសាអូឌីត?

ទោះចង់មិនចង់ អំពើឃាតកម្មលើរូបលោក ហ្សាម៉ាល់ ខាស្ហូហ្ស៊ី បានជះឥទ្ធិពលទៅដោយប្រយោល ទៅលើនយោបាយការបរទេសរបស់ប្រទេសមហាអំណាចធំៗ ជាមួយនឹងអារ៉ាប៊ីសាអូឌីត។ រឿងរ៉ាវនេះ បានធ្វើឲ្យអារ៉ាប៊ីសាអូឌីត ត្រូវគេរិះគន់ គេលែងទុកចិត្ត ហើយម្នាក់ៗរអៀសខ្លួន មិនចង់យកខ្លួនទៅបៀតនឹងអារ៉ាប៊ីសាអូឌីតទេ។

តាំងពីដើមមក សហរដ្ឋអាមេរិក គឺជាបង្អែកមួយដ៏ធំ របស់អារ៉ាប៊ីសាអូឌីត។ អាមេរិកគឺជាសម្ព័ន្ធមិត្តដ៏ធំ ហើយគឺជាអ្នកផ្គត់ផ្គង់អាវុធឲ្យ អារ៉ាបីសាអូឌីតថែមទៀតផង។ ការដែលអារ៉ាប៊ីសាអូឌីត ប្រលូកចូលធ្វើសង្រ្គាម ទំលាក់គ្រាប់បែកនៅយេម៉ែន ក្នុងឆ្នាំ២០១៥ អាមេរិក មិនបានហារមាត់ ហាមឃាត់ ឬរិះគន់មួយម៉ាត់ណាឡើយ។ ព្រោះថា សង្រ្គាមនៅយេម៉ែន ត្រូវអារ៉ាប៊ីសាអូឌីត ចាត់ទុកថា ជាសង្រ្គាមកំទេចឥទ្ធិពលរបស់អ៊ីរ៉ង់ នៅយេម៉ែន។

ក៏ប៉ុន្តែជាង៣ឆ្នាំមកនេះ ការទំលាក់គ្រាប់បែក របស់អារ៉ាប៊ីសាអូឌីត បានធ្វើឲ្យគេរិះគន់ខ្លាំងណាស់ ព្រោះជាការទំលាក់គ្រាប់ដោយឥតរើសមុខ គ្មានផែនការត្រឹមត្រូវ គឺទំលាក់ប៉ាតណាប៉ាតណី ទៅលើទីប្រជុំជន បណ្តាលឲ្យស្លាប់ភាគច្រើនបំផុត គឺប្រជាជនស្លូតត្រង់យេម៉ែន។ ម្តងជា២ដង បញ្ហានេះ បានធ្វើឲ្យថ្នាក់ដឹកនាំនយោបាយអាមេរិកខ្លះ ដំឡើងសរសៃក ដាក់រដ្ឋាភិបាលអាមេរិក ថាត្រូវតែដកខ្លួន កុំគាំទ្រ អារ៉ាប៊ីសាអូឌីតពេក។ ហើយពេលនេះ បន្ថែមជាមួយរឿងរ៉ាវ ឃាតកម្មដ៏សាហាវ សម្លាប់លោក ហ្សាម៉ាល់ ខាស្ហូហ្ស៊ីនេះទៀត គឺកិត្តិយសអារ៉ាប៊ីសាអូឌីត កាន់តែអាក្រក់។ មិនមែនមានតែអាមេរិកទេ បារាំង ក៏បានអំពាវនាវឲ្យបញ្ចប់សង្រ្គាម​នៅយេម៉ែនដែរ។

រដ្ឋាភិបាលលោកដូណាល់ ត្រាំ កំពុងតែរងសំពាធខ្លាំង ​ពីសភាខុនក្រេស របស់អាមេរិក ដែលទាមទារ ថាត្រូវដកថយខ្លះ មិនត្រូវទៅប្រឡាក់ប្រឡូស ជាមួយអារ៉ាប៊ីសាអូឌីតទេ។ សមាជិកសភាខ្លះ បានទាំងទាមទារ ថាត្រូវតែឈប់លក់អាវុធ ឲ្យអារ៉ាប៊ីសាអូឌីតទៀតផង។

ដូច្នេះ មិនថាទាំងបារាំង ទាំងអាមេរិកទេ គឺម្នាក់ៗកំពុងព្យាយាម ស្រោចស្រង់មុខមាត់ខ្លួន តាមរយៈការប្រកាសអំពាវនាវ ឲ្យបញ្ចប់សង្រ្គាមនៅយេម៉ែន។ ម្នាក់ៗរអៀសខ្លួនដែរ ដែលលក់អាវុធទៅឲ្យអារ៉ាប៊ីសាអូឌីត​ ហើយបូកបន្ថែមនឹងរឿងឃាតកម្មដ៏សាហាវ ដែលគេសង្ស័យថា ជាស្នាដៃរបស់ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត នេះថែមមួយទៀត។

ពីការតស៊ូទាមទារសិទ្ធិរបស់ក្រុមហ្សាអ៊ីឌីត មកជាសង្រ្គាមប្រជែងឥទ្ធិពលតំបន់

ជាទូទៅ យើងតែងតែនិយាយយ៉ាងសាមញ្ញថា សង្រ្គាមនៅយេម៉ែន គឺជាការប្រឆាំងគ្នា​រវាង សាសនាអ៊ីស្លាមឈីអ៊ីត ទល់នឹងក្រុមអ៊ីស្លាមស៊ូនីត។ តែធាតុពិត សង្រ្គាមនេះ មានលក្ខណៈស្មុគស្មាញខ្លាំងជាងនេះ ហើយមានរឹសគល់ ជាង១០ឆ្នាំមកហើយ។ ផ្តើមពីការបះបោរផ្ទៃក្នុង អន្តរាគមន៍របស់​មហាអំណាចក្នុងតំបន់ បានប្តូរសង្រ្គាមនេះទៅជាសង្រ្គាមប្រជែងឥទ្ធិពលគ្នា។

យេម៉ែន ជាប្រទេសអ៊ីស្លាម តែប្រមាណ៤០% នៃប្រជាជននៅតំបន់ភាគខាងជើង ឈាងខាងលិច គឺជាប្រជាជនកាន់និកាយ ឈីអ៊ីត បែប ហ្សាអ៊ីឌីត។ វាជាចរន្តសាសនាអ៊ីស្លាមមួយបែប តែស្ថិតក្នុងនិកាយឈីអ៊ីត ដូចអ៊ីរ៉ង់ដែរ។ ចំណែកប្រជាជនប្រមាណ៦០%ផ្សេងទៀត គឺគេកាន់សាសនាអ៊ីស្លាមស៊ូនីត ដូចអារ៉ាប៊ីសាអូឌីត។

ការពិតជម្លោះទាស់ទែង បានផ្តើមនៅឆ្នាំ២០០៤ នៅពេលក្រុមឈីអ៊ីតហ្សាអ៊ីឌីត នៅតំបន់សាដា បានបះបោរប្រឆាំងរដ្ឋាភិបាលកណ្តាលយេម៉ែន។ ពួកឈីអ៊ីតហ្សាអ៊ីឌីតនេះ មិនសុខចិត្ត ព្រោះការគ្រប់គ្រងនយោបាយ និងសេដ្ឋកិច្ចទាំងស្រុង ស្ថិតក្នុងដៃរបស់ពួកស៊ូនីត ឯតំបន់របស់ពួកគេនៅខាងជើង និងខាងលិច គឺក្រីក្រ គ្មានការងារធ្វើ។ អ្នកដែលដឹកនាំចលនាបះបោរនាពេលនោះ គឺលោក Hussein Badreddine al-Houthi។ លោក al-Huthis នេះត្រូវបានកងកម្លាំងរដ្ឋាភិបាលយេម៉ែន សម្លាប់នៅខែកញ្ញាឆ្នាំ២០០៤ ហើយចាប់ពីពេលនោះមក គេក៏បានយកឈ្មោះ Houthi នេដាក់ឲ្យកងកម្លាំងបះបោរនេះតែម្តងទៅ។

ការបះបោរតស៊ូរបស់ក្រុមហ៊ូទីនេះ បានរីកកាន់តែធំនៅឆ្នាំ២០១១ ក្នុងអំឡុងពេល ដែលមានបដិវដ្តន៍បះបោរ នៅតាមប្រទេសអារ៉ាប់ផ្សេងៗទៀតក្នុងតំបន់។ រហូតទាល់ដើមឆ្នាំ២០១២ ទើបសម្ព័ន្ធអារ៉ាប់បានធ្វើអន្តរាគមន៍ ជាមួយសហរដ្ឋអាមេរិក ដើម្បីធ្វើកិច្ចព្រមព្រៀងអន្តរកាលមួយ។ កាលណោះគេមានគំរោង កែប្រែយេម៉ែនទៅជារដ្ឋសហព័ន្ធ ដែលខេត្តនីមួយៗ មានស្វ័យតភាពក្នុងការគ្រប់គ្រង។ ក៏ប៉ុន្តែក្រុមហ៊ូទី នៅតែមិនសុខចិត្ត ព្រោះគេចង់បានខេត្តគេ ដែលមានទីក្រុងសាដា ជាបង្គោលនោះ អាចមានច្រកចេញចូលផ្លូវសមុទ្រ ដាច់ដោយឡែក។

ការចរចាក៏បរាជ័យ រីឯសមរភូមិក៏ផ្តើមឡើងវិញ នៅពាក់កណ្តាលឆ្នាំ២០១៤។ ខែកញ្ញា ឆ្នាំ២០១៤ ក្រុមហ៊ូទី បានវាយដណ្តើមបានរដ្ឋធានីសាណា ហើយខែមីនា ឆ្នាំ២០១៥ ក្រុមហ៊ូទី បានខិតចុះមកខាងក្រោម ដណ្តើមបានក្រុងតាអេស ដែលជាទីក្រុងធំជាងគេទី៣។ ហើយបន្ទាប់មកទៀតនៅចុងខែមីនា ឆ្នាំ២០១៥ អារ៉ាប៊ីសាអូឌីត បានដឹកនាំទ័ពសម្ព័ន្ធអារ៉ាប់ ទំលាក់គ្រាប់បែក សំដៅរារាំងក្រុមហ៊ូទី។

ក្នុងកំឡុងពេលចលាចលនេះ នៅភាគខាងត្បូងឯណោះ ក្រុមភេរវកម្មអាល់កាយដា ក៏បានឆក់ឱកាស ដណ្តើមបានដែនដីគ្រប់គ្រង មួយផ្នែកដែរ។ ក៏ប៉ុន្តែស្ថានភាពកាន់តែវឹកវរ និងធ្ងន់ធ្ងរ វេទនាខ្លាំង គឺក្នុងពេលជាង៣ឆ្នាំមកនេះ ដែលអារ៉ាប៊ីសាអូឌីត បានទំលាក់គ្រាប់បែក។ ជារុប មកដល់ពេលនេះ មនុស្សប្រមាណ១សែននាក់បានស្លាប់ របួសប្រមាណ៥៣០០០នាក់ ហើយជាង២០លាននាក់ រស់រំពឹងទាំងស្រុងនឹងជំនួយមនុស្សធម៌។

យុទ្ធសាស្ត្ររបស់អារ៉ាប៊ីសាអូឌីត គឺ​ “សូន្យ”

បើនិយាយពីយុទ្ធសាស្ត្រ គឺយើងសង្កេតឃើញថា អារ៉ាប៊ីសាអូឌីត គ្មានយុទ្ធសាស្ត្រអ្វីទាំងអស់។ អ្នកវិភាគច្រើនណាស់ ដែលយល់ឃើញថា អារ៉ាប៊ីសាអូឌីត មើលស្រាលបញ្ហានេះ គិតថាគ្រាប់បែករបស់ខ្លួន អាចធ្វើឲ្យក្រុមហ៊ូទីបាក់ស្បាត ទំលាក់អាវុធចោល។ អ្នកខ្លះទៀត គិតថា ព្រះអង្គម្ចាស់ ម៉ូហាម៉េដ បេនសាល់ម៉ាន់ យកយេម៉ែនជាសមរភូមិ លេងសើច ចង់បង្ហាញ​ថាខ្លួនចេះធ្វើសង្រ្គាម។

នៅឆ្នាំ២០១៥ ក្នុងវ័យ​​២៩ឆ្នាំ ព្រះអង្គម្ចាស់ រាជទាយាទរូបនេះ ទើបតែត្រូវបានបិតា តែងតាំង ឲ្យធ្វើជារដ្ឋមន្ត្រីការពារជាតិអារ៉ាប៊ីសាអូឌីត។ ដូច្នេះ ព្រះអង្គម្ចាស់នេះ ចង់បង្ហាញថា ខ្លួនមានសមត្ថភាព អាចធ្វើសង្រ្គាមបាន សក្តិសមជារដ្ឋមន្ត្រីការពារជាតិ និងជាអនាគតមហាក្សត្រអារ៉ាប៊ីសាអូឌីត មេកន្ទ្រាញធំនៅតំបន់ឈូងសមុទ្រ។ តែធាតុពិត សមរភូមិនេះ បានធ្វើឲ្យអារ៉ាប៊ីសាអូឌីត កាន់តែលង់ខ្លួន​ជ្រៅទៅៗ គ្មានច្រកចេញ។

ផ្ទុយទៅវិញ អ៊ីរ៉ង់ ដែលតាមការវិភាគ បានចូលធ្វើអន្តរគមន៍ជួយ ក្រុមហ៊ូទីមែនពិត តែជាការជួយដោយមិនចេញមុខ។ តែអន្តរាគមន៍របស់អ៊ីរ៉ង់នេះ បានញាក់ ឲ្យព្រះអង្គម្ចាស់ម៉ូហាម៉េដ បេនសាល់ម៉ាន់​ កាន់តែជ្រួលជ្រើម ត្រេកត្រអាលចង់ទំលាក់គ្រាប់បែក យ៉ាងចំហរ។ សម្រាប់មតិសាធារណៈ អារ៉ាប៊ីសាអូឌីត ខ្លួនឯង ដែលឆេ​វឆាវ ក្អេងក្អាង ទំលាក់គ្រាប់បែកតាមចិត្តខឹង ទាំងដែលគ្មានយុទ្ធសាស្ត្រអ្វីទាំងអស់ ពោលគឺមិនខុសពីក្មេងឈាមរាវនោះទេ។

ទំលាក់អាវុធទាំងអស់គ្នា ដើម្បីចូលតុចរចា

ការទំលាក់អាវុធនេះ គឺរដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់ថា ត្រូវតែទំលាក់ទាំងអស់គ្នា ទាំងភាគីក្រុមហ៊ូទី និងខាងកងទ័ពអារ៉ាប៊ីសាអូឌីត។ ចំណែកលោក រដ្ឋមន្ត្រីការពារជាតិអាមេរិកវិញ បានបន្ថែមទៀត ថា គ្រប់ភាគីទាំងអស់ ត្រូវតែចូលតុចរចា ដែលនឹងចាប់ផ្តើម នៅរវាង១ខែទៀត។ លោក Jim Mattis បានលើកឡើងថា ការចរចាក្រោមការជ្រោមជ្រែងរបស់អង្គការសហប្រជាជាតិ និងចាប់ផ្តើមនៅស៊ុយអ៊ែដ ក្នុងរវាងខែវិច្ឆិកា។

លោក Mike Pompeo បានលើកឡើងផងដែរ ថា នឹងដាក់សំណើរ ទៅកាន់អង្គការសហប្រជាជាតិ ដើម្បីរៀបចំឲ្យមានការកំណត់ព្រំដែនឲ្យបានច្បាស់លាស់ ព្រមទាំងមានយន្តការ ត្រួតពិនិត្យ ប្រមូលគ្រឿងសព្វាវុធធន់ធំទាំងអស់ នៅយេម៉ែន និងដោយមានការអង្កេតការ ពីជំនាញការអន្តរជាតិ។

តែអ្វីដែលចោទ សួរ​ថាតើភាគីហ៊ូទី និងអារ៉ាប៊ីសាអូឌីត ព្រមទំលាក់អាវុធដែរឬទេ? ហើយតើភាគីទាំង២នេះ ព្រមចូលតុចរចាដែរឬទេ។ ការចរចានៅហ្សឺណែវ កាលពីខែកញ្ញាកន្លងទៅ បានបរាជ័យរួចទៅហើយ ដោយសារតែក្រុមហ៊ូទី មិនព្រមមកចូលរួម។ តើពេលនេះ គេមានអ្វីយកទៅសំអាង ដើម្បីទាក់ទាញក្រុមហ៊ូទី ឲ្យមកចូលតុចរចា។ ក្រុមហ៊ូទី អាចនឹងធ្វើពហិកា បើសិនជាគ្មានសំណើរដំណោះស្រាយណាមួយ ដែលផ្តល់អត្ថប្រយោជន៍ទៅឲ្យគេទេនោះ។ សម្រាប់អារ៉ាប៊ីសាអូឌីតវិញ គេជឿថា ជាមួយនឹងរឿងរ៉ាងឃាតកម្មថ្មីៗនេះ គឺអារ៉ាប៊ីសាអូឌីត អាចនឹងបន្ទន់ឥរិយាបទខ្លះ ដើម្បីស្រោចស្រង់មុខមាត់ខ្លួនឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ