អានតួអត្ថបទ
យេម៉ែន-អារ៉ាប៊ីសាអូឌីត

មីស៊ីល​បាលីស្ទីក បាញ់​ចេញ​ពី​យេម៉ែន សំដៅក្រុងរីយ៉ាត ​ត្រូវបាន​អារ៉ាប៊ីសាអូឌីត​ កំទេច​បាន

យេម៉ែន ​ស្ថិតនៅ​ខាងត្បូង​បង្អស់ ​នៃ​ឧបទ្វីប​​អារ៉ាប៊ីសាអូឌីត
យេម៉ែន ​ស្ថិតនៅ​ខាងត្បូង​បង្អស់ ​នៃ​ឧបទ្វីប​​អារ៉ាប៊ីសាអូឌីត RFI

នៅថ្ងៃអាទិត្យទី ៥ វិ​ច្ឆិកា យោងតាមការផ្សាយរបស់ទីភ្នាក់ងារ​​ ព័ត៌មានផ្លូវការអារ៉ាប៊ីសាអូឌីត បានឲ្យដឹងថា     មីស៊ីលបាលីស្ទីកមួយគ្រាប់ ត្រូវបានគេស្ទាក់ កំទេចបានទាន់ពេលវេលា នៅភាគឥសាន រាជធានីរីយ៉ាត មិនឆ្ងាយប៉ុន្មានពីព្រលានយន្តហោះ។ យោងតាមប្រភពដដែល មីស៊ីលនេះ គឺត្រូវបានបាញ់ចេញពី ប្រទេស​យេម៉ែន ដោយក្រុមឧទ្ទាមហ៊ូទី ដើម្បីសំដៅកំទេចព្រលានយន្តហោះរីយ៉ាត។

ផ្សាយពាណិជ្ជកម្ម

ទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអូឌីត al-Masirah បានផ្សាយថា គឺក្រុមឧទ្ទាមឈីអ៊ីត ហ៊ូទី ដែលជាអ្នកបានបាញ់មីស៊ីល បាលីស្ទីក ចេញពីយេម៉ែន សំដៅមកកំទេចព្រលានយន្តហោះ នៅរាជធានីរីយ៉ាត របស់អារ៉ាប៊ីសាអូឌីត។

ដូចគ្នាដែរ ទីភ្នាក់ងារ ព័ត៌មានផ្លូវការអារ៉ាប៊ីសាអូឌីត ដែលបានស្រង់សំដីរបស់អ្នកនាំពាក្យសម្ព័ន្ធមិត្តអារ៉ាប់ ដែលធ្វើអន្តរាគមន៍នៅយេម៉ែន ក៏បានអះអាងថា គឺជាមីស៊ីល របស់ក្រុមឧទ្ទាមហ៊ូទីស។ អ្នកនាំពាក្យរូបនេះ បន្ថែមថា ពុំមានអ្នកស្លាប់ ឬរងរបួសទេ ដោយសារតែមីស៊ីល ត្រូវបានកំទេចទាន់ពេលវេលា ហើយធ្លាក់នៅចំទីតាំង ដែលពុំមានមនុស្សរស់នៅ។

សូមបញ្ជាក់ថា ចាប់តាំងពីផ្ទុះសង្រ្គាមនៅយេម៉ែន និងបន្ទាប់ពីអារ៉ាប៊ីសាអូឌីត បានចូលធ្វើអន្តរាគមន៍មក ក្រុមហ៊ូទី បានព្យាយាមបាញ់កាំភ្លើងធំ ឬគ្រាប់មីស៊ីល ជារើយៗ មកក្នុងដីអារ៉ាប៊ីសាអូឌីត។ ជាក់ស្តែង កាលពីខែកក្កដាកន្លងទៅ ក្រុមហ៊ូទី បានបាញ់មីស៊ីល មួយសំដៅទៅក្រុង La Mecque ដែលជាទីក្រុងសក្ការៈនៃសាសនាអ៊ីស្លាម។ មីស៊ីលនេះ ក៏ត្រូវបានអារ៉ាប៊ីសាអីឌីត ស្ទាក់កំទេចបានដែរ។ តែយ៉ាងណា លើកនេះជាលើកទីមួយហើយ​ ដែលក្រុមហ៊ូទីស បាញ់មីស៊ីលបានឆ្ងាយ សំដៅទៅរដ្ឋធានីរីយ៉ាត។

គួរកត់សម្គាល់ថា នៅក្រោយអន្តរាគមន៍យោធា របស់សម្ព័ន្ធមិត្តអារ៉ាប់ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត ក្រុមឧទ្ទាមហ៊ូទី​ បានថមថយកម្លាំងជាខ្លាំង។ អារ៉ាប៊ីសាអូឌីត បានទំលាក់គ្រាប់បែក យ៉ាងដំណំ និងដោយឥតសំចៃ ទៅលើដែនដីរបស់ក្រុមហ៊ូទីនៅយេម៉ែន។  អង្គការសហប្រជាជាតិ បានបើកការស៊ើបអង្កេតមួយ បន្ទាប់ពីមានការចោទប្រកាន់ ពីអ្នកសង្កេតការជាច្រើន ថា អារ៉ាប៊ីសាអូឌីត បានទំលាក់គ្រាប់បែក សម្លាប់ប្រជាជនយ៉េម៉ែនស្លូតត្រង់ ដោយឥតរើសមុខ។ ក្នុងកំឡុងពេលជាង៣ឆ្នាំមកនេះ មានមនុស្សស្លាប់ ប្រមាណ ៨៦០០នាក់ និងរបួសជិត ៦០ម៉ឺននាក់៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ