អានតួអត្ថបទ
បារាំង-អ៊ិរ៉ង់

អ៊ីរ៉ង់រិះគន់​បារាំង ​ថាកុំ​ឲ្យ​ចេះ​ដឹង​រឿង​កាំជ្រួច​បាលីស្ទីក​របស់​​គេ​ឲ្យ​សោះ

លោក Ali Akbar Velayati ទី​ប្រឹក្សា​​កិច្ចការ​បរទេស​​របស់​​​លោក Ali Khamenei ប្រមុខ​ដឹកនាំ​កំពូល​អ៊ីរ៉ង់
លោក Ali Akbar Velayati ទី​ប្រឹក្សា​​កិច្ចការ​បរទេស​​របស់​​​លោក Ali Khamenei ប្រមុខ​ដឹកនាំ​កំពូល​អ៊ីរ៉ង់ George OURFALIAN / AFP

ក្នុងពេលមិនដល់២ថ្ងៃផង អ៊ីរ៉ង់ បានធ្វើការប្រកាសរិះគន់រដ្ឋាភិបាលបារាំង ដល់ទៅ២ដង​​ ទាក់ទិននឹងគោលជំហរបារាំង ក្នុងជំលោះនៅដើម​បូព៌ា។ លោកប្រធានាធិបតីបារាំង ដែលបានតាំងខ្លួន ចង់ធ្វើជាអាជ្ញាកណ្តាល ដោះស្រាយវិវាទរវាងអារ៉ាប៊ីសាអូឌីត នឹងអ៊ីរ៉ង់នោះ ​បាននិយាយកាលពីថ្ងៃសុក្រកន្លងទៅថា អ៊ីរ៉ង់ គួរពិចារណាឲ្យបានច្បាស់ឡើងវិញ អំពីកម្មវិធីអាវុធបាលីស្ទីករបស់ខ្លួន។ ក៏ប៉ុន្តែសម្តីនេះ ត្រូវបានថ្នាក់ដឹកនាំអ៊ីរ៉ង់ ច្រានចោល ហើយរិះគន់បារាំងថា មិនត្រូវមកចេះលូកដៃរឿងរបស់គេទេ។

ផ្សាយពាណិជ្ជកម្ម

"អ៊ីរ៉ង់ មិនចាំបាច់សុំការអនុញ្ញាតពីប្រទេសណាមួយទាំងអស់ ដើម្បីអភិវឌ្ឍន៍កម្មវិធីអាវុធបាលីស្ទីករបស់ខ្លួនទេវាគឺជាសិទ្ធិពេញទី របស់អ៊ីរ៉ង់"។ នេះជាសម្តីរបស់លោក Ali Akbar Velayati ទីប្រឹក្សាផ្ទាល់របស់លោកអាលី ខេមណី ប្រមុខដឹកនាំកំពូលអ៊ីរ៉ង់។ លោកទីប្រឹក្សា និងជាអតីតរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះ បានបន្តថា  "តើលោកម៉ាក្រុងជានរណា បានជាហ៊ានមកនិយាយដាស់តឿនអ៊ីរ៉ង់? បើសិនជាបារាំង ចង់ទទួលផលល្អ ពីសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ នោះបារាំងគួរតែចៀស​វៀង កុំចេះដឹងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់ ឲ្យសោះ"

សម្តីទាំងប៉ុន្មានម៉ាត់នេះ  គឺអ៊ីរ៉ង់ បានឆ្លើយតបទៅកាន់សម្តីលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ដែលបាននិយាយកាលពីថ្ងៃសុក្រទី ១៧ វិច្ឆិកាថា "អ៊ីរ៉ង់គួរតែគិតគូរពិចារណា លើកម្មវិធីកាំជ្រួចបាលីស្ទីករបស់ខ្លួនឡើងវិញ ព្រោះវាហាក់កំពុងតែរីកសាយភាព គ្មានការគ្រប់គ្រង ហើយគំរាម ដល់ប្រទេសផ្សេងក្នុងតំបន់"

ដោយឡែក កាលពីថ្ងៃសុក្រដែរ ថ្នាក់ដឹកនាំអ៊ីរ៉ង់ ក៏បានរិះគន់បារាំងដែរ បន្ទាប់ពីបានឮ​លោករដ្ឋមន្ត្រីក្រសួងការបរទេសបារាំង បាននិយាយរិះគន់ថា អ៊ីរ៉ង់ កំពុងប្រើនយោបាយច្បាម និងប្រើឥទ្ធិពលចូលច្រៀតតាមប្រទេសផ្សេងៗ ក្នុងតំបន់។​ សំដីនេះ គឺលោករដ្ឋមន្ត្រីការបរទេសបារាំង និយាយចេញពីរាជធានីរីយ៉ាត ក្រោយបានជួបថ្នាក់ដឹកនាំអារ៉ាប៊ីសាអូឌីត។ អ៊ីរ៉ង់ បានឆ្លើយភ្លាមថា បារាំងចង់ធ្វើអាជ្ញាកណ្តាលដោះស្រាយបញ្ហា ទាំងដែលខ្លួន លំអៀងទៅរកខាងអារ៉ាប៊ីសាអូឌីត។ លោក Velayati ទីប្រឹក្សារបស់មប្រមុខដឹកនាំកំពូលអ៊ីរ៉ង់ បានលើកឡើងថា "លោកម៉ាក្រុង គួរណាតែប្រកាន់ជំហរនយោបាយ ពាក់កណ្តាល​ឯករាជ្យដូចលោក Charles de Gaulle ដោយមិនត្រូវនៅក្រោមឃ្លៀកអាមេរិក ទាំងស្រុងទេ"

សូមបញ្ជាក់ថា​មានសំណុំរឿងជាច្រើន នៅដើមបូព៌ា ដែលអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត កំពុងប្រឈមមុខដាក់គ្នា ដូចជាបញ្ហាស៊ីរី​ យេម៉ែន កាតា និងចុងក្រោយគេនេះ គឺលីបង់។ រដ្ឋាភិបាកបារាំង ទើបតែបានហក់ចូលខ្លួនចង់ធ្វើជាអាជ្ញាកណ្តាល នាំអ៊ីរ៉ង់មកចរចា។ បំណងមួយទៀតរបស់បារាំង គឺចង់បើកផ្លូវចរចាជាមួយអ៊ីរ៉ង់ ស្តីពីកាំជ្រួចបាលីស្ទីក ដែលដោយសារបញ្ហានេះហើយ សហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល បានចោទអ៊ីរ៉ង់ ថាមិនគោរពកិច្ចព្រមព្រៀងកម្មវិធីនុយក្លែអ៊ែរ។ តែអ៊ីរ៉ង់ នៅតែអះអាងជានិច្ច ថា កម្មវិធីអាវុធបាលីស្ទីក ពុំមានចែងក្នុងកិច្ចព្រមព្រៀងទេ ហើយវាគឺជាសិទ្ធិស្របច្បាប់របស់អ៊ីរ៉ង់ ដែលត្រូវផលិតអាវុធការពារខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ