អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

អ្នកទោស​ប៉ាឡេស្ទីន ក្នុង​​គុក​​អ៊ីស្រាអែល ជាង​​១ពាន់​​នាក់ ធ្វើ​​កូដកម្ម​​អត់​​អាហារ

ប្រជាជន និង ក្រុមគ្រួសារ​អ្នកទោស​ប៉ាឡេស្ទីន​ នាំគ្នា​ធ្វើ​បាតុកម្ម​ ទាមទារ​​ឲ្យ​អ៊ីស្រាអែល ​​ដោះលែង​អ្នកទោស​​ប៉ាឡេស្ទីន។
ប្រជាជន និង ក្រុមគ្រួសារ​អ្នកទោស​ប៉ាឡេស្ទីន​ នាំគ្នា​ធ្វើ​បាតុកម្ម​ ទាមទារ​​ឲ្យ​អ៊ីស្រាអែល ​​ដោះលែង​អ្នកទោស​​ប៉ាឡេស្ទីន។ Reuters

អ្នកទោស​ប៉ាឡេស្ទីន​​ ក្នុង​គុក​អ៊ីស្រាអែល ​ជាង​១ពាន់​នាក់ ​បាន​រួម​គ្នា ​ធ្វើ​កូដកម្ម​អត់​អាហារ ​ដោយ​គ្មាន​ពេល​កំណត់ ​ចាប់​ពី​ថ្ងៃ​ចន្ទ ​ទី ​១៧​មេសា ​ដើម្បី​ធ្វើការ​តវ៉ា ​អំពី​ភាព​អយុត្តិធម៌ ​ព្រមទាំង​ការ​រំលោភ​បំពាន ​ ពី​សំណាក់ ​អាជ្ញាធរ ​ក៏ដូច​ជា​ប្រព័ន្ធ​យុត្តិធម៌​អ៊ីស្រាអែល។ សូម​បញ្ជាក់​ថា ​អ៊ីស្រាអែល ​បាន​បង្កើត​នីតិវិធី​ច្បាប់​ ដែល​អាច​អនុញ្ញាតិ​ឲ្យ​ចាប់​ដាក់​ឃុំ​ ជនជាតិ​ប៉ាឡេស្ទីន ​ក្នុង​ករណី​មួយ​ចំនួន​ ដោយ​ពុំ​ចាំបាច់​ ឆ្លងកាត់​ការ​ជំនុំជំរះ​អ្វី​ទាំង​អស់។

ផ្សាយពាណិជ្ជកម្ម

 

មន្ត្រី​ប៉ាឡេស្ទីន ​ទទួល​បន្ទុក​កិច្ចការ​អ្នក​ទោស​ជាប់​នៅ​អ៊ីស្រាអែល ​ បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​បារាំង​ នៅព្រឹក​ថ្ងៃ​ចន្ទ​នេះថា​ យ៉ាងហោច​ណាស់ ​មាន​អ្នក​ទោស​ប៉ាឡេស្ទីន​ ប្រមាណ​ជា​១៣០០​នាក់ ​ដែល​ត្រូវ​បាន​អ៊ីស្រាអែល​ចាប់​ដាក់​ឃុំ ​បាន​ចាប់​ផ្តើម​ធ្វើ​កូដកម្ម​អត់​អាហារ ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ ​ ដោយ​គ្មាន​ពេល​កំណត់។ ចំណែក​ អង្គការ ​ក្លឹប​អ្នក​ទោស​ប៉ាឡេស្ទីន ​ដែល​មាន​បេសកកម្ម​ការងារ​នៅ​តាម​តំបន់ ​ដែល​អ៊ីស្រាអែល ​បាន​ដាក់​អាណានិគម​លើ​ប៉ាឡេស្ទីន ​បាន​បញ្ជាក់​ថា ​មាន​អ្នក​ទោស​ទាំងអស់​ប្រហែល​១៥០០​នាក់ ​ដែល​បាន​នាំគ្នា​ធ្វើ​កូដកម្ម​អត់​អាហារ។

ដោយឡែក​ អ្នក​នាំពាក្យ​ការិយាល័យ​មន្ទីរ​ឃុំឃាំង​អ៊ីស្រាអែល ​បាន​ឲ្យ​ដឹង​ថា ​រហូត​មក​ទល់​ពេល​នេះ ​ គឺមាន​តែ​អ្នកទោស​តែ​ប្រមាណ​ជា​ ៧០០​នាក់​ប៉ុណ្ណោះ ​ដែល​បាន​បដិសេធ ​មិន​ព្រម​បរិភោគ​អាហារ។ មន្ត្រី​អ៊ីស្រាអែល ​ដដែល​បាន​បន្ថែម​ថា ​គេ​កំពុង​តែ​ពិនិត្យ​បន្ថែម​ ព្រោះមាន​អ្នក​ទោស​ខ្លះ ​ធ្វើ​កូដកម្ម​អត់​អាហារ​តែពីរបី​ថ្ងៃ​ប៉ុណ្ណោះ ​ហើយ​ចាប់​ផ្តើម​បរិភោគ​វិញ ​នៅ​ពេល​អត់ទ្រាំ​ឃ្លាន​លែង​បាន។

បើ​យោង​តាម​ ការ​ផ្តល់​ព័ត៌មាន​របស់​អង្គការ​ក្លឹប​អ្នក​ទោស​ប៉ាឡេស្ទីន​ បាន​ឲ្យដឹង​ថា ​អាជ្ញាធរ​មន្ទីរ​ឃុំឃាំង​អ៊ីស្រាអែល ​បាន​ចាប់ផ្តើម​ប្រមែរ​ប្រមូល​យក​សម្ភារៈ​ផ្ទាល់ខ្លួន​ របស់​អ្នកទោស​ចេញ​ពី​បន្ទប់​ឃុំឃាំង ​ហើយ​បាន​ចាប់ផ្តើម ​ បញ្ជូន​អ្នកទោស​ទៅកាន់​មន្ទីរ​ឃុំឃាំង​កន្លែង​ផ្សេង​មួយ​ទៀត។

សូម​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ ​មាន​អ្នក​ទោស​ប៉ាឡេស្ទីន​ ប្រមាណ​ជា​៦៥០០​នាក់ ​ដែល​ត្រូវ​បាន​អាជ្ញាធរ​អ៊ីស្រាអែល​ចាប់​ដាក់​ឃុំ ​នៅតាម​តំបន់​ដូចជា​ រ៉ាម៉ាឡា ​និង​ស៊ីហ្សកដានី។ ក្នុង​ចំណោម​នោះ ​មាន​ប្រមាណ​ជា​៥០០​នាក់ ​ដែល​ជា​អ្នកទោស​ ដែល​ត្រូវ​បាន​គេ​ចាប់​ដាក់​ឃុំ ​ក្រៅ​ប្រព័ន្ធ​តុលាការ ​ពោល​គឺ​មិន​បាន​ឆ្លងកាត់​ការ​ជំនុំជំរះ​ក្តី​ឡើយ។

ការ​រួបរួម​គ្នា ​ធ្វើ​កូដកម្ម​បង្អត់​អាហារ​នាពេល​នេះ ​ គឺ​បាន​ធ្វើ​ឡើង​ទៅ​តាម​ការ​អំពាវនាវ​របស់​សកម្មជន​ប៉ាឡេស្ទីន​ម្នាក់​ ឈ្មោះ ​Barghouthi ​ដែល​ត្រូវ​បាន​អ៊ីស្រាអែល ​កាត់ទោស​ឲ្យ​ជាប់​គុក​មួយ​ជីវិត។ ជន​ឈ្មោះ ​Barghouthi​ នេះ ​បាន​សរសេរ​លិខិត​ផ្ញើរ​ទៅ​កាន់​កាសែត ​NewYork Times ពី​មន្ទីរ​ឃុំឃាំង ​ដោយ​បាន​លើក​ឡើង​ថា​ កូដកម្ម​បង្អត់​អាហារ​នេះ ​គឺ​ដើម្បី​បរិហារ ​ឲ្យ​ពិភពលោក​បាន​ដឹង​ អំពី​ទង្វើ​អមនុស្សធម៌ ​និង​អយុត្តិធម៌ ​របស់​អាជ្ញាធរ​អ៊ីស្រាអែល។ លោក​ម្នាក់​នេះ ​ក៏​បាន​លើក​ឡើងថា​ អ៊ីស្រាអែល ​មាន​ប្រព័ន្ធ​យុត្តិធម៌​ពីរ​បែប ​មួយ​ចាប់ដាក់​ទោស​ប្រជាជន​ប៉ាឡេស្ទីន​ ដោយ​គ្មាន​ការ​ស្រាវជ្រាវ​ជំនុំ​ជំរះ ​ហើយ​មួយ​បែប​ទៀត ​លើកលែង​ទោស​ដល់​ប្រជាជន​អ៊ីស្រាអែល ​ណា ​ដែល​ធ្វើ​បំពាន ​លើ​ប្រជាជន​ប៉ាឡេស្ទីន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ