អានតួអត្ថបទ
ទុយនីស៊ី

« បដិវត្តន៍ផ្កាម្លិះ » កំពុង​ជះក្លិន ចូល​ទៅក្នុង​ប្រទេសអារ៉ាប់​ផ្តាច់ការ​ផ្សេងទៀត

ទាហាន​ទុយនីស៊ី​កំពុង​ល្បាត​នៅ​តាម​ផ្លូវ​សំខាន់ៗ ក្នុង​ទីក្រុងទុយនី ប្រទេស​ទុយនីស៊ី
ទាហាន​ទុយនីស៊ី​កំពុង​ល្បាត​នៅ​តាម​ផ្លូវ​សំខាន់ៗ ក្នុង​ទីក្រុងទុយនី ប្រទេស​ទុយនីស៊ី ©Fethi Belaid/ AFP

« បដិវត្តន៍​ផ្កាម្លិះ​ »នៅ​ក្នុង​ប្រទេស​ទុយនីស៊ី​ត្រូវ​បាន​ប្រជាជន​អារ៉ាប់​រាប់លាននាក់​នៅ​ក្នុង​ពិភពអារ៉ាប់ តាមដាន​មើល​យ៉ាង​យកចិត្តទុកដាក់​បំផុត។ រហូត​មក​ដល់​ថ្ងៃច័ន្ទ ទី១៧ មករា​នេះ ថ្នាក់ដឹកនំាអារ៉ាប់​ជា​ច្រើន​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ប្រយ័ត្នប្រយែង​បំផុត។ ជាទូទៅ ថ្នាក់​ដឹកនំា​អារ៉ាប់​មិន​បាន​ត្រេកត្រអាល​ការ​ធ្លាក់​ពី​អំណាច​របស់​លោកប្រធានាធិបតី​ទុយនីស៊ី បិន អាលី​ទេ។ ខុស​ពី​ប្រទេស​លោកខាងលិច​មួយ​ចំនួន​ដែល​បាន​អំពាវនាវ​ឲ្យ​មាន​របប​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ទុយនីស៊ី។ យ៉ាង​ណា​ក៏​ដោយ ថ្នាក់ដឹកនំា​នៅ​ពិភពអារ៉ាប់​បារម្ភ​ខ្លាច​ព្រឹត្តិការណ៍​ទុយនីស៊ី​រាលដាល​ឆ្លង​ចូល​ក្នុង​ប្រទេស​ខ្លួន។

ផ្សាយពាណិជ្ជកម្ម

 

ទុយនីស៊ី​ជា​ប្រទេស​ស្ថិត​នៅ​តំបន់​អាហ្វ្រិក​ខាងជើង ជាប់​នឹង​សមុទ្រ​មេឌីទេរ៉ានេ។ ទុយនីស៊ី​ជា​ប្រទេស​មួយ​ស្ថិត​ក្នុង​តំបន់​ម៉ាហ្រ្កិប ដែល​មាន​ប្រទេស​ម៉ារ៉ុក អាល់ហ្សេរី លីប៊ី និង​ប្រទេស​ម៉ូរីតានី ហើយ​ប្រទេស​ដែល​មាន​ព្រំដែនជាប់​នឹង​ទុយនីស៊ី គឺ​អាល់ហ្សេរី ម៉ារ៉ុក និង​ប្រទេស​លីប៊ី។ បើ​និយាយ​ជាទូទៅ ទុយនីស៊ី​ក៏​ជា​ប្រទេស​មួយ​ស្ថិត​ក្នុង​ពិភពអារ៉ាប់​ដែរ។

តាម​ពិត​ទៅ មិន​មែន​មាន​តែ​ប្រទេស​ជិត​ខាង​ទុយនីស៊ី​ទេ​ដែល​បារម្ភ​នោះ ពោល​គឺ​សឹង​តែ​គ្រប់​ប្រទេស​ទំាង​អស់​នៅ​ក្នុង​ពិភព​អារ៉ាប់​តែ​ម្តង។ ក្រៅ​ពី​ប្រទេស​នៅ​ក្នុង​តំបន់​ម៉ាហ្រ្កិប នៅ​មាន​ប្រទេស​អារ៉ាប់​មួយ​ចំនួន​ទៀត​ក៏​កំពុង​ព្រឺ​ឆ្អឹងខ្នង​ដែរ រួម​មាន​ប្រទេស​អេហ្ស៊ីប ហ្ស័កដានី ឬ​មួយ​ក៏​ប្រទេស​ស៊ីរី​ជា​ដើម។ ចូរ​កុំ​ភ្លេច​ថា របបដឹកនំា​នយោបាយ​នៅ​ក្នុង​ប្រទេស​ទំាង​នេះ ក៏​មិន​សូវ​ខុស​គ្នា​ពី​របប​ដឹកនំានយោបាយ​នៅ​ក្នុង​ប្រទេស​ទុយនីស៊ី ក្រោម​អំណាច​ផ្តាច់ការ​អស់​រយៈពេល ២៣ឆ្នំា​របស់​លោក បិន អាលី​ទេ។ បញ្ហា​មនុស្ស​អត់​ការងារធ្វើ ការគាបសង្កត់ ធ្វើទុក្ខបុកម្នេញ អំពើពុករលួយ​ស៊ីរូងផ្ទៃក្នុង និង​ក្រុមគ្រួសារ បក្សពួកនិយម សុទ្ធសឹង​ជា​បញ្ហា​ដែល​ប្រទេស​អារ៉ាប់​ជាទូទៅ​កំពុង​ជួប​ប្រទះ។ មួយវិញ​ទៀត តំាង​ពី​ក្រោយ​ឆ្នំា ១៩៨៩ ពិសេស​ក្រោយ​ការ​ដួលរលំ​ជញ្ជំាង​ទីក្រុង​ប៊ែរឡំាង​មក មាន​ប្រទេស​ច្រើន​ណាស់​បាន​ផ្តើម​អនុវត្ត​របបនយោបាយ​ប្រជាធិបតេយ្យ​សេរីនិយម ពហុបក្ស វៀរលើកលែង​តែ​ប្រទេស​នៅ​ក្នុង​ពិភពអារ៉ាប់​ប៉ុណ្ណោះ ដែល​នៅ​ទ្រឹង​មួយ​កន្លែង។

ពិភពអារ៉ាប់​បញ្ចេញ​ប្រតិកម្ម ដោយ​ប្រយ័ត្នប្រយែង

រហូត​មក​ដល់​ពេល​នេះ មាន​ប្រទេស​អារ៉ាប់​ខ្លះ​បិទមាត់ មិន​និយាយ​អ្វី​ទំាង​អស់ ខ្លះ​ទៀត​ក៏​និយាយ​ដែរ តែ​សុទ្ធសឹង​ជា​ពាក្យ​សំដី​ដែល​មាន​ការ​ថ្លឹងថ្លែង​ដោយ​ប្រយ័ត្នប្រយែង​ជាទីបំផុត ព្រោះ​ថា ព្រឹត្តិការណ៍​ដែល​ប្រជាជន​ទុយនីស៊ី​នំា​គ្នា​ឲ្យ​ឈ្មោះ​ថា « បដិវត្តន៍​ផ្កាម្លិះ » គឺ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​គេ​កម្រ​ឃើញ​មាន ឬ​មិន​ធ្លាប់​មាន​ទេ នៅ​ក្នុង​ពិភពអារ៉ាប់​កន្លង​មក។

អ្នក​ដែល​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​ប្រយ័ត្នប្រយែង​ជាង​គេ គឺ​សម្ព័ន្ធ​អារ៉ាប់។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍ ទី១៥ មករា​ចុង​សប្តាហ៍​កន្លង​ទៅ សម្ព័ន្ធ​អារ៉ាប់​បាន​អំពាវនាវ​រដ្ឋអំណាច និង​គ្រប់​កម្លំាង​នយោបាយ​ទំាងអស់​នៅ​ក្នុង​ប្រទេស​ទុយនីស៊ី ឲ្យ​បង្ហាញ​នូវ​ឯកភាព​ដើម្បី​រក្សា​សមិទ្ធិផល​របស់​ប្រជាជន​ទុយនីស៊ី និង​ស្ថាបនា​សន្តិភាព​នៅ​ក្នុង​ប្រទេស។

ប្រទេស​អេហ្ស៊ីប ដែល​ជា​ប្រទេស​អារ៉ាប់​មាន​ប្រជាជន​ច្រើន​ជាង​គេ លោក​ប្រធានាធិបតី Hosni Moubarac បាន​បញ្ចេញ​ប្រតិកម្ម​តាម​រយៈ​ការ​ប្រកាស​របស់​ក្រសួង​ការបរទេស​ថា លោក​មាន​ជំនឿ​លើ​គតិបណ្ឌិត​របស់​ប្រជាជន​ទុយនីស៊ី។ លោក Moubarac ដែល​បាន​កាន់​អំណាច​តែ​ម្នាក់ឯង​ចំនួន ៣០ឆ្នំា​មក​ហើយ។

ជា​រួម​ទៅ គេ​ហាក់​ដូច​ជា​មិន​ទាន់​ឃើញ​មាន​ប្រទេស​អារ៉ាប់​ណា​មួយ ត្រេកត្រអាល​នឹង​ការ​ធ្លាក់​ពី​អំណាច​របស់​លោក​ប្រធានាធិបតី​ទុយនីស៊ី បិន អាលី​ទេ។ ផ្ទុយទៅវិញ មាន​តែ​ជួយ​សោកស្តាយ ដូច​ករណី​លោក​ប្រធានាធិបតី​លីប៊ី Kadhafi ដែល​អង្គុយ​កៅអី​ប្រធានាធិបតី​អស់​រយៈពេល ៤២ឆ្នំា​មក។

យ៉ាង​ណា​ក៏​ដោយ ការ​ដែល​ថ្នាក់ដឹកនំា​អារ៉ាប់​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​ប្រយ័ត្នប្រយែង​នា​ពេល​នេះ ជា​ភស្តុតាង​មួយ​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​ព្រួយបារម្ភ​របស់​ពួក​គេ ដោយ​មិន​ដឹង​ថា តើ​ថ្ងៃ​អង្សា​របស់​ខ្លួន​នឹង​ឈាន​មក​ដល់​នៅ​ពេល​ណា ?

យោង​តាម​ក្រុមអ្នកវិភាគ ប្រទេស​ដែល​អាច​នឹង​​ជួប​ប្រទះ​ដូច​ករណី​ប្រទេស​ទុយនីស៊ី មាន​ប្រទេស​អេហ្ស៊ីប​របស់​លោក​ប្រធានាធិបតី Hosni Moubarac ប្រទេស​ហ្ស័កដានី​របស់​មហាក្សត្រ Abdallah ទី២ ប្រទេស​ស៊ីរី​របស់​លោក Bachar al-Assad និង​ប្រទេស​ជិត​ខាង​ទុយនីស៊ី​ផ្សេង​ទៀត។

« បដិវត្តន៍​ផ្កាម្លិះ​ » កំពុង​ជះក្លិន ឆ្លង​ចូល​ប្រទេស​អារ៉ាប់​ផ្តាច់ការ​ផ្សេងទៀត

ខណៈ​នេះ បដិវត្តន៍​ផ្កាម្លិះ​ទុយនីស៊ី​ហាក់​ដូច​ជា​បាន​ជះ​ក្លិន​ចូល​ទៅ​ក្នុង​ប្រទេស​អារ៉ាប់​មួយ​ចំនួន។ ជាក់​ស្តែង​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប ក្នុង​ថ្ងៃច័ន្ទ ទី១៧ មករា​​នេះ មាន​បុរស​ម្នាក់​បាន​ចាក់​សំាង​ដុតខ្លួន​ឯង នៅ​ពី​មុខ​រដ្ឋសភាជាតិ។ នៅ​ថ្ងៃអាទិត្យ ទី១៦ មករា​ម្សិលមិញ នៅ​ក្នុង​ប្រទេស​អាល់ហ្សេរី មាន​យុវជន​ម្នាក់​អត់​ការងារ​ធ្វើ​បាន​ដុតខ្លួន​នៅ​ពីមុខ​អគាររដ្ឋបាល​ក្នុង​ស្រុក Tebessa។ ទំាង​នេះ​សុទ្ធសឹង​ជា​កាយវិការ​ដែល​ពួក​គេ​បាន​ចម្លង​តាម​យុវជន​ទុយនីស៊ី​ម្នាក់​ដែល​បាន​ដុតខ្លួន ដែល​បង្ក​ឲ្យ​មាន​ការ​ងើប​បះបោរ​ប្រឆំាង​រដ្ឋាភិបាល រហូត​ដល់​ទម្លាក់​លោកប្រធានាធិបតី បិន អាលី។ សូម​ជម្រាបជូន​ថា យុវជន​ទុយនីស៊ី​រូប​នោះ​មាន​សញ្ញាប័ត្រខ្ពស់ តែ​ដើរ​លក់បន្លែ ផ្លែឈើ ដោយ​រក​ការងារ​ធ្វើ​មិន​បាន។ តែ​នៅ​ពេល​កំពុង​ដើរ​លក់ ស្រាប់​តែ​ត្រូវ​ក្រុម​ប៉ូលិស​រឹបអូស​យក​អស់​រលីង។

ប៉ុន្តែ អ្វី​ដែល​ប្រជាជន​ទុយនីស៊ី​សម្រេច​បាន​ដោយ​ជោគជ័យ​នា​ពេល​នេះ មិន​ធានា​ថា អាច​នឹង​យក​ទៅ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធិភាព​នៅ​ក្នុង​ប្រទេស​អារ៉ាប់​ផ្សេង​ទេ។ អ្វីៗ វា​អាស្រ័យ​លើ​កត្តា​ជាក់ស្តែង និង​លក្ខខណ្ឌ​របស់​ប្រទេស​នីមួយៗ។ ដូច​យ៉ាង​នៅ​ក្នុង​ប្រទេស​ទុយនីស៊ី កងទ័ព​ក៏​បាន​ចូលរួម​ជាមួយ​នឹង​កម្លំាង​បះបោរ​របស់​ប្រជាជន​ដែរ។ បើ​គ្មាន​កងទ័ព​នៅ​ពី​ក្រោយ​ទេ លោក​ប្រធានាធិបតី បិន អាលី ក៏​មិន​ងាយ​នឹង​ធ្លាក់​យ៉ាង​ទាន់ហន់​របៀប​នេះ​ដែរ។

ចាប់​ពី​ពេល​នេះ​ត​ទៅ បដិវត្តន៍​ផ្កាម្លិះ​ទុយនីស៊ី​បាន​ក្លាយ​ជា​មេរៀន​មួយ​សម្រាប់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​អារ៉ាប់​ផ្សេង​ទៀត​ដែល​កំពុង​កាន់អំណាច​ផ្តាច់ការ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ