អានតួអត្ថបទ
UNESCO-យេម៉ែន

UNESCO​ថ្កោលទោស​អារ៉ាប៊ីសាអ៊ូឌីត ​ដែល​ទម្លាក់​គ្រាប់បែក​បំផ្លាញ​បិតិកភណ្ឌ​ក្រុង​សាណា

ផ្ទះបូរាណមួយ នៅ​ក្រុង​សាណា ដែល​រង​ការខូចខាត​ដោយ​ការ​ទម្លាក់​គ្រាប់បែក។
ផ្ទះបូរាណមួយ នៅ​ក្រុង​សាណា ដែល​រង​ការខូចខាត​ដោយ​ការ​ទម្លាក់​គ្រាប់បែក។ REUTERS

ការ​ទម្លាក់​គ្រាប់បែក​ ទៅ​លើ​ប្រទេស​យេម៉ែន​ ដោយ​ក្រុម​សម្ព័ន្ធមិត្ត​អ៊ីស្លាម​ ដែល​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​ នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ ក្រៅ​ពី​បាន​សម្លាប់​ប្រជាជន​ស្លូត​ត្រង់​អស់​ជាច្រើន​ពាន់​នាក់ ​អារ៉ាប៊ីសាអ៊ូឌីត​ទើប​បាន​ធ្វើឲ្យ​មាន​ការ​តវ៉ា ​ពី​អង្គការ​យូនេស្កូ ​ដោយសារ​កាល​ពី​ថ្ងៃ​សុក្រ​ទី ​១២ ​មិថុនា​ កងទ័ព​អាកាស​អារ៉ាប៊ីសាអ៊ូឌីត​ បាន​ទម្លាក់​គ្រាប់​មីស៊ីល ​លើ​ក្រុង​សាណា ​ក្នុង​សង្កាត់​មួយ​ ដែល​ត្រូវ​បាន​ចាត់​បញ្ចូល​ជា​បិតិភណ្ឌ​ពិភពលោក​ ព្រោះវា​សំបូរ​សំណង់​បូរាណ ​ដែល​មាន​អាយុ​រាប់​រយ​ឆ្នាំ​មក​ហើយ។

ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​សុក្រ​ទី​ ១២​ មិថុនា ​វេលា​ទៀបភ្លឺ ​មាន​យន្តហោះ​កងទ័ព​អាកាស​របស់ ​អារ៉ាប៊ីសាអ៊ូឌីត ​បាន​ហោះ​មក​ទម្លាក់​គ្រាប់​មីស៊ីល​ មួយ​គ្រាប់​ ​នៅ​ពី​លើ​ក្រុង​សាណា ​ក្នុង​សង្កាត់ ​កាស៊ីមី​(Qassimi) ​ដែល ​សំបូរ​ដោយ ​សំណង់​អាគារ​បូរាណ ​រាប់​ពាន់​ខ្នង​ ហើយ​ដែល​ត្រូវ​បាន​អង្គការ​យូនេស្កូ ​ចាត់​បញ្ចូល​ជា​បិតិកភណ្ឌ​មនុស្សជាតិ​ពិភពលោក។ ជា​សំណាង​ល្អ ​គ្រាប់​មីស៊ីល​នេះ ​មិន​បាន​ផ្ទុះ។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាងណា ​គ្រាប់​មីស៊ីល​នេះ​ ​បាន​ធ្វើ​ឲ្យ​អាគារ​បូរាណ​មួយ ​បាក់​រលំ​ហើយ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ​៥​នាក់ ​ក្នុង​នោះ​មាន​មនុស្ស​ស្រី​ម្នាក់ ​និង​ក្មេង​ម្នាក់​ផង​ដែរ។

 
លោកស្រី​ អ៊ីរីណា បូកូវ៉ា ​អគ្គនាយក​អង្គការ​យូនេស្កូ ​ដែល​មាន​ទីទាំង​នៅ​ទីក្រុង ប៉ារីស ​បាន​ចេញ​មុខ​ថ្កោលទោស​ដោយ​ចំហរ ​ចំពោះ​ទង្វើ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​របស់​អារ៉ាប៊ីសាអ៊ូឌីត ​​ដែល​ជា​អ្នក​ទំលាក់​គ្រាប់​បែក ​លើ​ទីក្រុង​សាណា។ ទីក្រុង​សាណា ​រដ្ឋធានី​ប្រទេស​យេម៉ែន ​គឺ​ជា​ទីក្រុង​បូរាណ​ ​ដែល​មាន​ប្រវត្តិ​និង​ស្ថាបត្យកម្ម​តាម​ប្រពៃណី​អ៊ីស្លាម​បូរាណ ​មាន​ចំណាស់​ តាំង​ពី ​សតវត្ស​ទី៧ ​ទី៨​ម្លេះ។ នៅ​ទីក្រុង​នេះ ​មាន​វិហារ​ម៉ូស្កេ​អ៊ីស្លាម​ ចំនួន​១០៣​កន្លែង ​និង​ផ្ទះ​បូរាណ​តាម​បែប​រចនាបថ​សាណា ​ចំនួន​ប្រមាណ​ជា​៦ពាន់​ខ្នង ​ដែល​សំណង់​ទាំងអស់​នេះ ​សុទ្ធតែ​ត្រូវ​បាន​សាងសង់​ តាំង​ពី​មុន​សតវត្ស​ទី ៩​ម្លេះ។ ការ​ចាត់​បញ្ចូល​សំណង់​ទាំង​នេះ ​ជា​បិតិកភណ្ឌ​ពិភពលោក ​គឺ​មាន​ន័យ​ថា ​វា​ជា​សម្បត្តិ​វប្បធម៌​របស់​មនុស្ស​ជាតិ​ទាំង​មូល ​ហើយ​ដែល​គ្រប់គ្នា​ត្រូវ​តែ​ថែរ​រក្សា។

សូម​បញ្ជាក់​ថា ​ចាប់តាំង​ពី​ថ្ងៃ ​ទី ២៦ ​មីនា​មក ​អារ៉ាប៊ីសាអ៊ូឌីត​ បាន​ដឹកនាំ​កង​កម្លាំង​ ដែល​មាន​ការ​ចូលរួម​ពី​ប្រទេស​អារ៉ាប់ស៊ូនីត​ ជាច្រើន ​ដើម្បី​ធ្វើ​ការ​ទម្លាក់​គ្រាប់បែក ​កម្ទេច​ក្រុម​ឧទ្ទាម​ហ៊ូទីស ​នៅ​យេម៉ែន។ អង្គការ​សុខភាព​ពិភពលោក ​បាន​ចេញ​របាយការណ៍ ​ស្តី​ពី​ចំនួន​អ្នក​ស្លាប់​ នៅ​យេម៉ែន ​ដោយសារ​ការ​ទម្លាក់​គ្រាប់បែក​របស់​ អារ៉ាប៊ីសាអ៊ូឌីត ​គឺ​មាន​ចំនួន​ជាង​ ២៥០០​នាក់។

យ៉ាងណា​មិញ ​នេះ​មិនមែន​ជាលើក​ដំបូង​ទេ ​ដែល​អារ៉ាប៊ីសាអ៊ូឌីត ​ទម្លាក់​គ្រាប់បែក​លើ​តំបន់​ដែល​មាន​បិតិកភណ្ឌ​បូរាណ​ នៅ​យេម៉ែន។ ជាក់​ស្តែង ​កាល​ពី​ចុង​ខែ​ឧសភា ​ទំនប់​បូរាណ ​ម៉ារីព ​ត្រូវ​បាន​បំផ្លាញ ​ដែល​ធ្វើឲ្យ​ខូចខាត​ដល់​សិលាចរិក​ ដែល​មាន​សេសសល់​តាំង​ពី​ជំនាន់​អាណាចក្រ​សាបា។ ហើយ​មុន​នេះ ប៉ុន្មាន​ថ្ងៃ ​សារមន្ទីរ​ឋាម៉ារ (Dhamar) ដែល​សំបូរ​ទៅ​ដោយ​វត្ថុបូរាណ ​ ត្រូវ​បាន​បំផ្លាញ​ចោល​ទាំង​ស្រុង។ អង្គការ​ យូនេស្កូ ​បាន​អំពាវនាវ​ថា អារ៉ាប៊ីសាអ៊ូឌីត​ត្រូវតែ​បញ្ឈប់​ការ​ទម្លាក់​គ្រាប់​បែក ​បំផ្លាញ​សំណង់​បូរាណ​ទាំងនេះ។ ដោយឡែក ក្រុម​ភាគី​ដែល​មាន​ជម្លោះ​នៅ​យេម៉ែន ​​ដោយ​មាន​ការ​ជ្រោមជ្រែង​ ពី​អង្គការ​សហ​ប្រជាជាតិ ​នឹង​ជួប​ពិភាក្សា​គ្នា ​នៅ​ថ្ងៃ​អាទិត្យ​នេះ ​នៅ​ទីក្រុង ​ហ្សឺណែវ​ ដើម្បី​រក​ច្រក​ចេញ និង​បញ្ចប់​សង្គ្រាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ