អានតួអត្ថបទ
អាល់ហ្សេរី-ប្រេងកាត

ប្រេងកាត៖​អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអូឌីត​បន្ត​មិន​ចុះ​សម្រុង​គ្នា​ក្នុង​រឿង​កាត់​បន្ថយ​ការ​បូម​ប្រេង

លោក Abdullah al-Badri អគ្គលេខាធិការ​អង្គការ Opep
លោក Abdullah al-Badri អគ្គលេខាធិការ​អង្គការ Opep REUTERS/Heinz-Peter Bader

នៅ​ថ្ងៃ​ពុធ ទី២៨ កញ្ញា​នេះ ទីក្រុង​អាល់ហ្សេ​នៃ​ប្រទេស​អាល់ហ្សរី​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​ថាមពល​អន្តរជាតិ។ តែ​នា​ឱកាស​នោះ អង្គការ​នៃ​ក្រុមប្រទេស​នាំ​ប្រេង​ចេញ​ហៅ​កាត់​ថា Opep ឆ្លៀត​ជួបប្រជុំ​គ្នា​ក្រៅផ្លូវការ​ដើម្បី​ជជែក​ពី​ការ​កាត់​បន្ថយ​ផលិតកម្ម​ប្រេងឆៅ និង​ពី​តម្លៃ​ដែល​បាន​ធ្លាក់​ចុះ​ខ្លាំង​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ Opep សង្ឃឹម​រក​បាន​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ជួយ​ឲ្យ​តម្លៃប្រេង​ឡើង​ថ្លៃ​ជា​ថ្មី។ តែ​ប្រហែល​ជា​ពិបាក​រក​បាន​កិច្ចព្រមព្រៀង​មួយ ព្រោះ​អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអូឌីត​កំពុង​បន្ត​និយាយ​មិន​ចុះ​សម្រុង​គ្នា។

ផ្សាយពាណិជ្ជកម្ម

អស់​ជា​ច្រើន​ខែ​កន្លង​មក​ហើយ​ដែល​អង្គការ​នៃ​ក្រុមប្រទេស​នាំ​ប្រេង​ចេញ​ហៅ​កាត់​ថា Opep បាន​ព្យាយាម​ស្វែង​រក​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ស្រោចស្រង់​តម្លៃប្រេង​ដែល​បាន​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​តាំង​ពី​ពាក់កណ្តាល​ឆ្នាំ ២០១៤។ ធ្លាក់​ថ្លៃ​តាំង​ពី ១០០ដុល្លារ​ក្នុង​១បារីល​នា​ដើម​ឆ្នាំ ២០១៤ មក​នៅ​តែ​ជាង ៤០ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១បារីល​នា​ពេល​បច្ចុប្បន្ន។ ជា​ថ្មី​ម្តង​ទៀត​នា​ឱកាស​វេទិកា​ថាមពល​អន្តរជាតិ​រៀបចំ​ក្នុង​ប្រទេស​អាល់ហ្សេរី​ពេល​នេះ Opep សង្ឃឹម​រក​បាន​កិច្ចព្រមព្រៀង​មួយ​ដែល​អាច​ជួយ​ដំឡើង​តម្លៃ​ប្រេង​ឡើង​វិញ។

តែ​បើ​តាម​មើល​ទៅ កិច្ចព្រមព្រៀង​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា​ប្រហែល​ជា​ពិបាក​បន្តិច ពិបាក​នៅ​ត្រង់​ថា ប្រទេស​មហាអំណាច​ពីរ​នៅ​ក្នុង​តំបន់ គឺ​អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអូឌីត​នៅ​បន្ត​និយាយ​មិន​ចុះ​សម្រុង​គ្នា​ទាល់​តែ​សោះ។ លោក​រដ្ឋមន្រ្តី​ថាមពល​អ៊ីរ៉ង់​បាន​ថ្លែង​ថា ការ​រក​ឲ្យ​បាន​កិច្ចព្រមព្រៀង​មួយ​ក្នុង​រយៈពេល ២ថ្ងៃ​មិន​មាន​ចែង​នៅ​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​ពេល​នេះ​ទេ និង​ថា គេ​ត្រូវ​ការ​ពេល​វេលា​ច្រើន​ដើម្បី​ពិភាក្សា ពិគ្រោះយោបល់​ឲ្យ​បាន​លំអិត​ជាង​នេះ។

សូម​ជម្រាប​ជូន​ថា ក្រុម​ប្រទេស​ផលិតប្រេង​ភាគច្រើន​ដែល​ចំណូល​បាន​ពឹង​ផ្អែក​សឹង​តែ​ទាំង​ស្រុង​ពី​ការ​លក់​ប្រេង​នោះ ចង់​ឲ្យ​មាន​ការ​កាត់​បន្ថយ​បរិមាណ​បូម​ក្នុង​គោលដៅ​ផ្តល់​សន្ទុះ​តម្លៃ​ប្រេង​ឡើង​វិញ។ តែ​បញ្ហា​នៅ​ត្រង់​ថា មាន​ប្រទេស​ផលិតប្រេង​គ្រាក់ៗ​មិន​យល់​ព្រម ដូច​យ៉ាង​អ៊ីរ៉ង់ ឬ​មួយ​អារ៉ាប៊ីសាអូឌីត​ជា​ដើម។ លោក​រដ្ឋមន្រ្តី​ថាមពល​អ៊ីរ៉ង់​បាន​គូសបញ្ជាក់​ច្បាស់ៗ​ថា អាទិភាព​ទី១ របស់​អ៊ីរ៉ង់​ពេល​នេះ​មិន​មែន​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​ទេ តែ​ត្រូវ​ដំឡើង​ឲ្យ​ដល់​កម្រិត​មួយ​ដែល​ខ្លួន​ធ្លាប់​មាន​នៅ​មុន​ទ័ណ្ឌកម្ម​អន្តរជាតិ​ក្នុង​រឿង​នុយក្លេអ៊ែរ។

ចំណែក​លោក​រដ្ឋមន្រ្តី​ថាមពល​អារ៉ាប៊ីសាអូឌីត​បាន​ឆ្លើយ​តប​នឹង​លោក​រដ្ឋមន្រ្តី​ថាមពល​អ៊ីរ៉ង់​ថា ប្រទេស​មួយ​មិន​អាច​ជះ​ឥទ្ធិពល​លើ​ទីផ្សារ​ប្រេង​បាន​ទេ និង​ថា បើ​អ៊ីរ៉ង់​យក​ព្រម​កាត់​បន្ថយ​បរិមាណ​បូមប្រេង​របស់​ខ្លួន អារ៉ាប៊ីសាអូឌីត​ក៏​នឹង​ត្រៀម​ខ្លួន​ធ្វើ​ដូច​គ្នា​ដែរ ព្រម​ទាំង​ឆ្លៀត​ឌឺដង​ដាក់​អ៊ីរ៉ង់​ថា មែនទែន​ទៅ អារ៉ាប៊ីសាអូឌីត​មិន​ត្រូវ​ការ​ឲ្យ​មាន​កិច្ចព្រមព្រៀង​របស់ Opep ដើម្បី​ជួយ​ដំឡើង​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារអន្តរជាតិ​ទេ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ