អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អង្គការ Opep៖ហេតុអ្វី​បាន​ជា​អារ៉ាប៊ីសាអូឌីត​យល់ព្រម​ធ្វើ​សម្បទាន​ឲ្យ​អ៊ីរ៉ង់?

សំឡេង ០៥:៤៣
អង្គការ Opep៖ហេតុអ្វី​បាន​ជា​អារ៉ាប៊ីសាអូឌីត​យល់ព្រម​ធ្វើ​សម្បទាន​ឲ្យ​អ៊ីរ៉ង់?
អង្គការ Opep៖ហេតុអ្វី​បាន​ជា​អារ៉ាប៊ីសាអូឌីត​យល់ព្រម​ធ្វើ​សម្បទាន​ឲ្យ​អ៊ីរ៉ង់? REUTERS/Ramzi Boudina

កាល​ពី​ថ្ងៃ​ពុធ ទី២៨ កញ្ញា​កន្លង​ទៅ អង្គការ​នៃ​ក្រុម​ប្រទេស​នាំ​ប្រេងចេញ​ហៅកាត់​ថា Opep បាន​ឯកភាព​គ្នា​លើ​កិច្ចព្រមព្រៀង​មួយ​ជា​គោលការណ៍​ក្នុង​ការ​បញ្ចុះ​ផលិតកម្ម​ប្រេង។ គោលដៅ គឺ​ជួយ​ស្រោចស្រង់​តម្លៃប្រេង​ដែល​បាន​ធ្លាក់​ថ្លៃ​ខ្លាំង​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ ២០១៤។ នៅ​ថ្ងៃទី៣០ វិច្ឆិកា​ខាង​មុខ Opep នឹង​លើក​យក​កិច្ចព្រមព្រៀង​ជា​គោលការណ៍​នេះ​ទៅ​ជជែក​លម្អិត​នា​ជំនួបកំពូល​ប្រចាំ​ឆមាសទី២​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស។ តើ​មាន​ហេតុ​អ្វី​ខ្លះ​ដែល​បាន​ធ្វើ​ឲ្យ​អង្គការ Opep សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ថា តើ​កិច្ចព្រមព្រៀង​នេះ​អាច​ជួយ​ឲ្យ​តម្លៃប្រេង​ឡើង​ថ្លៃ​ឡើង​វិញ​ដែរ ឬ​ទេ? 

ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត អង្គការ​នៃ​ក្រុម​ប្រទេស​នាំ​ប្រេង​ចេញ​ហៅកាត់​ថា Opep សម្រេច​បាន​កិច្ចព្រមព្រៀង​​មួយ​ជា​គោលការណ៍។ គឺ​ជា​កិច្ចព្រមព្រៀង​ដែល​អង្គការ Opep បាន​យល់​ព្រម​កាត់​បន្ថយ​ការ​បូម​ប្រេង​ប្រមាណ​ជា ៧០០ ០០០បារីល​ក្នុង​មួយ​ថ្ងៃ ពោល​បញ្ចុះ​ការ​បូម​សរុប​ពី ៣៣ ៤៧០ ០០០លានបារីល​ក្នុង​មួយ​ថ្ងៃ​ឲ្យ​មក​នៅ​ត្រឹម​ពី ៣២ ៥០០ ០០០លានបារីល​ទៅ ៣៣ ០០០ ០០០លានបារីល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ កម្មវត្ថុ​របស់​អង្គការ Opep គឺ​ជួយ​ស្រោចស្រង់​តម្លៃប្រេង​ដែល​បាន​ធ្លាក់​ថ្លៃ​តាំង​ពី​ពាក់កណ្តាល​ឆ្នាំ ២០១៤ ពី​តម្លៃ​ជាង ១០០ដុល្លារ​ក្នុង​មួយ​បារីល​មក​នៅ​តិច​ជាង ៣០ដុល្លារ​ក្នុង​មួយ​បារីល​នា​ដើម​ឆ្នាំ ២០១៦។

 
អ្វី​ជា​ការ​កត់សម្គាល់ កិច្ចព្រមព្រៀង​កាត់បន្ថយ​ផលិតកម្ម​ប្រេង​របស់​អង្គការ Opep ពេល​នេះ​នៅ​ជា​កិច្ចព្រមព្រៀង​ជា​គោលការណ៍​មែន តែ​ជា​កិច្ចព្រមព្រៀង​ដែល​ទទួល​បាន​ការ​សាទរ ពិសេស​ទីផ្សារ​ក្នុង​លោក​តែ​ម្តង ព្រោះ​នៅ​ក្រោយ​ការ​សម្រេច​របស់ Opep តម្លៃ​ប្រេង​បាន​ស្ទុះ​ឡើង​បន្តិច​នៅ​ទីផ្សារ​អាមេរិក​ក៏​ដូច​ជា​នៅ​ទីផ្សារ​អាស៊ី។ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ តម្លៃប្រេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​ឡើង​ជិត ៥០ដុល្លារ​ក្នុង​មួយ​បារីល តែ​នៅ​ឆ្ងាយ​ជាង​តម្លៃ ១០០ដុល្លារ​ក្នុង​មួយ​បារីល​នៅ​ឡើយ។ ខណៈ​នេះ មាន​សំណួរ​ចំនួន​ពីរ​ដែល​កំពុង​ចោទ​ឡើង ទី១ ហេតុអ្វី​បាន​ជា​អង្គការ Opep មិន​សម្រេច​របៀប​នេះ​តាំង​ពី​យូរ និង​ទី២ តើ​កិច្ចព្រមព្រៀង​មួយ​នេះ​នឹង​អាច​ជួយ​ឲ្យ​តម្លៃប្រេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ងើប​ឡើង​វិញ​ដូច​តម្លៃ​ជាង ១០០ដុល្លារ​ក្នុង ១បារីល​ដែរ ឬ​ទេ?។

ពិត​ណាស់​ថា តម្លៃប្រេង​ធ្លាក់​ថ្លៃ វា​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​ប្រើប្រាស់ តែ​វា​ជា​ក្តីបារម្ភ​ខ្លាំង​ណាស់​ចំពោះ​អ្នក​មាន​ប្រេង​លក់។ ក្រុម​ប្រទេស​សមាជិក​អង្គការ Opep ពិត​ជា​យល់​មិន​ច្រឡំ​ទេ​ថា មាន​តែ​ការ​កាត់​បន្ថយ​បរិមាណ​បូម​ទេ ទើប​គេ​អាច​ជួយ​ដំឡើង​តម្លៃប្រេង​ឡើង​វិញ​បាន​។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ប្រទេស​សមាជិក​អង្គការ Opep ពិបាក​និយាយ​ចុះ​សម្រុង​គ្នា​ក្នុង​ការ​ស្វែង​រក​កុងសង់ស៊ុស​រួម​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា។ ឧបសគ្គ​ចម្បង គឺ​ការ​ច្រណែន​គ្នា និង​ការ​ប្រជែង​ឥទ្ធិពល​គ្នា ពិសេស​រវាង​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​ដែល​ជា​មហាអំណាច​ក្នុង​តំបន់ និង​ជា​ប្រទេស​ជង្រុកប្រេង​ដ៏​សំខាន់។

អារ៉ាប៊ីសាអូឌីត​តែងតែ​បាន​បញ្ជាក់​ជា​ច្រើន​ដង​ថា ខ្លួន​មិន​ជំទាស់​នឹង​ការ​កាត់​បន្ថយ​បរិមាណ​បូម​ប្រេង​ទេ ប្រសិន​បើ​អ៊ីរ៉ង់​យល់ព្រម​ធ្វើ​ដូច​គ្នា។ តែ​អ៊ីរ៉ង់​តែងតែ​បដិសេធ​ដោយ​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា អត្រា​នៃ​ការ​បូម​របស់​ខ្លួន​នៅ​ទាប​ខ្លាំង​ណាស់ បើ​ធៀប​នឹង​អត្រា​នៅ​មុន​ពេល​ទទួល​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​ដោយសារ​សំណុំរឿង​នុយក្លេអ៊ែរ និយាយ​ឲ្យ​ស្រួល​យល់ អ៊ីរ៉ង់​ត្រូវ​ការ​បូម​សងសឹក​ឲ្យ​ទាន់​គេ​ឯង។ នៅ​មួយ​ថ្ងៃ មុន​កិច្ចប្រជុំ​របស់​អង្គការ Opep ក្រៅ​ផ្លូវការ​ក្នុង​ទីក្រុង​អាល់ហ្សេ ប្រទេស​អាល់ហ្សេរី​កាល​ពី​ថ្ងៃទី២ កញ្ញា រដ្ឋមន្រ្តី​ក្រសួង​ថាមពល​អ៊ីរ៉ង់​បាន​បញ្ជាក់​ច្បាស់ៗ​ថា កិច្ចព្រមព្រៀង​មិនមែន​ជា​របៀប​វារៈ​នៃ​កិច្ចប្រជុំ ហើយ​គេ​ក៏​មិន​ត្រូវ​រង់ចាំ​លទ្ធផល​អ្វី​ដុំកំភួន​ពី​កិច្ចប្រជុំ​នោះ​ដែរ។

តែ​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ខុស​ពី​អ្វី​ដែល​គ្រប់​គ្នា​បាន​រង់ចាំ កិច្ចប្រជុំ​របស់​អង្គការ Opep បាន​ឯកភាព​គ្នា​លើ​កិច្ចព្រមព្រៀង​មួយ​ជា​គោលការណ៍។ នៅ​ក្នុង​កិច្ចព្រមព្រៀង​ជា​គោលការណ៍​នោះ អង្គការ Opep បាន​យល់ព្រម​កាត់​បន្ថយ​បរិមាណបូម និង​អនុញ្ញាត​ឲ្យ​ប្រទេស​សមាជិក​ចំនួន ៣ អាច​បន្ត​បូម​ក្នុង​កម្រិត​អតិបរមា​របស់​ខ្លួន គឺ​អ៊ីរ៉ង់ នីហ្សេរីយ៉ា និង​ប្រទេស​លីប៊ី។ រូប​លោក​រដ្ឋមន្រ្តី​ថាមពល​អារ៉ាប៊ីសាអូឌីត​បាន​លើក​ហេតុផល​ទៅ​ពន្យល់​ថា ការ​យល់​ព្រម​ឲ្យ​អ៊ីរ៉ង់​បន្ត​បូម​ក្នុង​កម្រិត​អតិបរមា មក​ពី​អ៊ីរ៉ង់​ជា​ប្រទេស​ដែល​មាន​ភាព​យឺតយ៉ាវ​ដោយសារ​ជាប់​ទ័ណ្ឌកម្ម​សេដ្ឋកិច្ចអន្តរជាតិ​អស់​រាប់សិបឆ្នាំ ចំណែក​នីហ្សេរីយ៉ា ព្រោះ​ជា​ប្រទេស​ដែល​បាន​រង​ការ​វាយប្រហារ​ពី​ពួក​ឧទ្ទាម​លើ​ស្ថានីយ៍​បូមប្រេង ហើយ​សម្រាប់​លីប៊ី ព្រោះ​ជា​ប្រទេស​ដែល​កំពុង​ផុងខ្លួន​ក្នុង​សង្រ្គាមស៊ីវិល។

តាម​រយៈ​ការ​ពន្យល់​របស់​រដ្ឋមន្រ្តី​ថាមពល​អារ៉ាប៊ីសាអូឌីត​រូប​នេះ​នាំ​ឲ្យ​គេ​យល់​បាន​ភ្លាម​ថា នៅ​ទីបំផុត អារ៉ាប៊ីសាអូឌីត​បាន​បន្ទន់​ឥរិយាបទ​ដោយ​យល់ព្រម​ធ្វើ​សម្បទាន​ឲ្យ​អ៊ីរ៉ង់។ សួរ​ថា ហេតុអ្វី​បាន​ជា​អារ៉ាប៊ីសាអូឌីត​បាន​ប្តូរ​ជំហរ ១៨០អង្សារ​របៀប​នេះ?

ពិត​ជា​គ្មាន​អ្វី​ពិបាក​យល់​ឡើយ ព្រោះ​អារ៉ាប៊ីសាអូឌីត​ត្រូវ​ការ​លុយ​ជា​បន្ទាន់​ដើម្បី​ស្រោចស្រង់​ស្ថានភាព​សេដ្ឋកិច្ច​ដែល​កំពុង​ដុនដាប​ខ្លាំង។ អារ៉ាប៊ីសាអូឌីត​ក៏​ដូច​ជា​ប្រទេស​សមាជិក​ផ្សេង​ក្នុង​អង្គការ Opep ដែរ បាន​ពឹង​សឹង​តែ​ទាំង​ស្រុង​លើ​ចំណូល​បាន​មក​ពី​ការ​លក់​ប្រេង។ តែ​តាំង​ពី​ប្រេង​ធ្លាក់​ថ្លៃ​ខ្លាំង​ជាង ២ឆ្នាំ​កន្លង​ទៅ​មក ប្រទេស​ថៅកែ​ប្រេង​ក្នុង​លោក​មួយ​នេះ​កំពុង​ត្រដរ​ខ្យល់​ជាមួយ​នឹង​ឱនភាព​ថវិកា​ឡើង​ដល់ ៩៨ ០០០លានដុល្លារ​ក្នុង​ឆ្នាំ ២០១៥។ ចុង​ក្រោយ​នេះ រដ្ឋាភិបាល​ទីក្រុង​រីយ៉ាដ​បាន​ចាត់​វិធានការ​មួយ​ចំនួន ដូច​យ៉ាង​ចាយ​ត្បិតត្បៀត និង​កាត់​បន្ថយ​ប្រាក់ខែ​មន្រ្តីរាជការ។

ជម្រើស​ចុង​ក្រោយ​ដោយ​កាត់​កេរ្តិ៍ កាត់​ខ្មាស់ និង​ដើម្បី​បាន​ខ្យល់​អុកស៊ីសែន​ថ្មី អារ៉ាប៊ីសាអូឌីត​បាន​បន្ទន់​ឥរិយាបទ​នៅ​ចំពោះ​មុខ​អ៊ីរ៉ង់​ដែល​ជា​គូប្រជែង ស៊ីសាច់​ហុត​ឈាម។ មហិច្ឆតា​នយោបាយ​ក្នុង​តំបន់​នៅ​តែ​មាន​សម្រាប់​អារ៉ាបប៊ីសាអូឌីត តែ​នៅ​ចំពោះ​មុខ បញ្ហា​ក្រពះ​ជា​រឿង​ចម្បង​ដែល​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់។ គេ​ត្រូវ​រង់ចាំ​ជំនួបកំពូល​របស់​អង្គការ Opep នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ដែល​នឹង​កំណត់​ច្បាស់​ពី​កូតា​នៃ​ការ​បូមប្រេង​របស់​ប្រទេស​សមាជិក​នីមួយៗ​ដោយ​សង្ឃឹម​ថា តម្លៃប្រេង​នឹង​អាច​វិល​រក​តម្លៃ​ដើម​របស់​វា​វិញ ឬ​យ៉ាង​ហោច​ណាស់ ក៏​មិន​ធ្លាក់​ថ្លៃ​បន្ថែម​ទៀត​ដែរ៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ