អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នាយក​រដ្ឋមន្រ្តី អ៊ីស្រាអែល​ចោទ​អាមេរិក​ថា លំអៀង

សំឡេង ០៩:៣៦
លោក​នាយករដ្ឋមន្រ្តី អ៊ីស្រាអែល​នៅ​មុខ​ការដ្ឋាន​សំណង់​លំនៅឋាន​នៅ​Cisjordanieទឹកដី​ប៉ាឡេស្ទីន នៅ​ឆ្នាំ ២០១៥
លោក​នាយករដ្ឋមន្រ្តី អ៊ីស្រាអែល​នៅ​មុខ​ការដ្ឋាន​សំណង់​លំនៅឋាន​នៅ​Cisjordanieទឹកដី​ប៉ាឡេស្ទីន នៅ​ឆ្នាំ ២០១៥ REUTERS/Ronen Zvulun/File Photo

សង្រ្គាម​ការទូត អាមេរិក អ៊ីស្រាអែល បាន​ចាប់​ផ្ទុះ​សា ជាថ្មី។ នៅ​ថ្ងៃ​ពុធ​ទី ២៨ ធ្នូ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បានចេញមុខ​រិះគន់​យ៉ាងចាស់ដៃ លោក​ប្រមុខ​ការបរទេស​អាមេរិក ចន ឃេរី ដែល​បាន​លើកឡើង​ថា ការពង្រីក​សំណង់​អាណានិគមកិច្ច​អ៊ីស្រាអែល ក្នុង​ទឹកដី​ប៉ាឡេស្ទីន កំពុង​តែ​បំផ្លាញ ដំណើរការ​ចរចា​សន្តិភាព ប៉ាឡេស្ទីន អ៊ីស្រាអែល។ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល បិនចាមីន នេតានីញ៉ាហ៊ូ បាន​ចោទប្រកាន់​លោក​ចន ឃេរី ថា មាន​ជំហរ​លំអៀង។ 

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សុន្ទរកថា ចុងក្រោយ​ក្នុង​មុខងារ​របស់​លោក​ជារដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក​ចន ឃេរី កាលពី​ថ្ងៃ​ពុធ បាន​លើក​ឡើង​ថា ដំណោះស្រាយ​សម្រាប់​បង្កើត​រដ្ឋពីរ អ៊ីស្រាអែល និង​ប៉ាឡេស្ទីន កំពុងប្រឈមនឹង​គ្រោះថ្នាក់។ តាមលោក​ចន ឃេរី ផ្លូវ​ជ្រើសរើស​មាន​តែមួយ គឺ​បង្កើត​ឲ្យ​មាន​រដ្ឋ​ពីរ រស់នៅ​ជិតគ្នា គឺ​ប៉ាឡេស្ទីន ហើយ​និង​អ៊ីស្រាអែល។ មាន​រដ្ឋពីរ​ផ្សេងគ្នា គឺ​ជា​មធ្យោបាយ​តែមួយគត់ ដើម្បី​បាន​សន្តិភាព ពិតប្រាកដ និង​យូរអង្វែង រវាង​ប៉ាឡេស្ទីន ហើយ​និង​អ៊ីស្រាអែល។ “ប្រជាជន​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​មាន​ជម្រើសពីរ៖ ឬមួយ ពួកគេ​អាច​ជ្រើសរើស​រស់នៅ​ជុំគ្នា ក្រោម​ដំបូល​រដ្ឋតែមួយ ឬមួយ ត្រូវរស់នៅ​បំបែកគ្នា​ជា​រដ្ឋពីរ។ ប៉ុន្តែ ត្រូវដឹងថា មាន​ការពិតជាក់ស្តែង​មួយដែល​មិនអាច​ប្រកែកបាន។ នោះគឺ បើសិនជា​ពួកគេ​ជ្រើសរើស​រស់នៅ​ជាមួយ​គ្នា ក្នុង​រដ្ឋតែ​មួយ អ៊ីស្រាអែល​ត្រូវ​ក្លាយ​ជា​រដ្ឋជ្វីហ្វ ឬ​ជា​រដ្ឋប្រជាធិបតេយ្យ ប៉ុន្តែ មិនអាច​ទាំង​២​បានទេ។ រដ្ឋតែមួយ​នោះទៀតសោត នឹង​មិនអាច​ស្គាល់​សន្តិភាព​បាន​ឡើយ”។

 

នាយករដ្ឋមន្រ្តី អ៊ីស្រាអែល​បាន​គាំទ្រ​ជាសាធារណៈ ដំណោះស្រាយ​ឲ្យ​មាន​រដ្ឋពីរ ប៉ុន្តែ រដ្ឋាភិបាល​ចម្រុះ​របស់​លោក​សព្វថ្ងៃនេះ គឺ​ជា​រដ្ឋាភិបាល ស្តាំនិយមជ្រុល មិនធ្លាប់​មានទេ ​នៅ​អ៊ីស្រាអែល។ រដ្ឋាភិបាល​នេះ​មាន​ផែនការ​នយោបាយ​ដែល​មាន​លក្ខណៈ​ជាតិនិយម​បំផុត។ សូម្បី​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ផ្ទាល់​ធ្លាប់​អះអាង​ថា រដ្ឋាភិបាល​របស់​លោក ជា​រដ្ឋាភិបាល​សកម្ម ក្នុងការសាងសង់​លំនៅឋាន​ថ្មី​ឲ្យ​ប្រជាជន​អ៊ីស្រាអែល។ រដ្ឋាភិបាល​បែបនេះ កំពុង​ដើរ​ផ្លូវខុស គឺ​ដើរ​ទៅរក​ផ្លូវ​ដែល​ឈាន​ទៅ​បង្កើត​រដ្ឋតែមួយ។

លោក​ចន ឃេរី បាន​បោះត្រា ស្នាដៃ​របស់លោក ដោយ​បាន​រិះគន់​យ៉ាង​ចាស់ដៃ រដ្ឋាភិបាល​អ៊ីស្រាអែល​ដែលបើតាម​លោក​បាន​បង្កើត​គម្រោង​សាងសង់​លំនៅឋាន មិនឈប់ នៅ​Jérusalem ខាង​កើត និង​ក្នុង​ទឹកដី​Cisjordanie របស់​ប្រជាជន​ប៉ាឡេស្ទីន។

ដើម្បី​ស្វែងរក​សន្តិភាព​រវាងគ្នា ប៉ាឡេស្ទីន និង​អ៊ីស្រាអែល លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​បាន​ស្នើ​ឲ្យ​ភាគី​ទាំងពីរ​បង្កើត​រដ្ឋ​ពីរ​ផ្សេងគ្នា ដោយ​ពឹងផ្អែក​លើ​ខ្សែព្រំដែន ដែល​ត្រូវ​បាន​កំណត់ នៅ​មុន​សង្រ្គាម ៦ថ្ងៃ នៅ​ឆ្នាំ ១៩៦៧។ មួយវិញទៀត តាម​លោក​ឃេរី បើសិន​ភាគី​ទាំងពីរ​យល់ព្រម​ធ្វើ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយគ្នា នោះ អ៊ីស្រាអែលនឹង​ត្រូវ​គេ​ទទួល​ស្គាល់​ជា​រដ្ឋ​ជ្វីហ្វ ចំណែក​Jerusalem ដែល​ជា​កន្លែងដណ្តើម​ប្រទាញប្រទង់​ខ្លាំង គួរ​ក្លាយ​ជា​រដ្ឋធានី​រួម​របស់​ប្រទេស​ទាំងពីរ។

បិនចាមីន នេតានីញ៉ាហ៊ូ៖ អ៊ីស្រាអែល​មិនទទួល​យោបល់​ពី​ថ្នាក់ដឹកនាំ​របស់​ប្រទេស​ដទៃ
អ៊ីស្រាអែល​ទើប​នឹង​ខឹង អាមេរិក ដែល កាលពី​ថ្ងៃ​សុក្រ មិនព្រម​ប្រើ​សិទ្ធិ​វេតូ​ជួយ​ការពារ​អ៊ីស្រាអែល នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ជា​លើក​ទី​មួយ ចាប់តាំង​ពី​ឆ្នាំ ១៩៧៩ អាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីស្រាអែល បាន​នៅ​ស្ងៀម មិន​ព្រម​វេតូ នៅពេល​ក្រុមប្រឹក្សា​សន្តិសុខបោះឆ្នោត លើ​សេចក្តីសម្រេច​ដែល​ទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់ ជាបន្ទាន់ និង​ទាំងស្រុង សំណង់​អាណានិគមកិច្ច​ក្នុង​ទឹកដី​ប៉ាឡេស្ទីន។ បើតាម លោក​ចន ឃេរី រដ្ឋាភិបាល​អាមេរិក​មិន​វេតូ ដោយសារ​តែ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា សំដៅ​ជួយ​រក្សា​ដំណោះស្រាយ​ឲ្យ​មាន​រដ្ឋ​ពីរ។

ការពន្យល់​របស់​លោក​ចន ឃេរី មិន​បាន​បញ្ចុះបញ្ចូល បន្ទន់ចិត្ត​របស់​ភាគី​អ៊ីស្រាអែលទេ។ សុន្ទរកថា បញ្ចប់​មុខងារ​របស់លោក​ជា​ប្រមុខការបរទេស​អាមេរិក ដែលបាន​សង្កត់ធ្ងន់ រិះគន់​នយោបាយ​សំណង់​អាណានិគមកិច្ច​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល គឺ​ប្រៀប​បាន​នឹង​ការចាក់សាំង​លើ​ភ្លើងដូច្នេះដែរ។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ដែល​បាន​ប្រតិកម្ម​តប យ៉ាងរហ័ស គឺ​នៅ​តែ​ប៉ុន្មាននាទី​ក្រោយ​សុន្ទរកថា​របស់​លោក​ចន ឃេរី៖ “សុន្ទរកថា​របស់​លោក​ចន ឃេរី គឺ​ជាសុន្ទរកថា ដ៏​គួរ​ឲ្យ​ខកចិត្ត​ធំមួយ។ លោកប្រមុខការបរទេស​អាមេរិក​មិន​បាន​ខ្វល់ពី​ឫសគល់​នៃ​ជម្លោះ ឬ​និយាយ​ពី​ការរឹងចចេស​របស់​ប្រជាជន​ប៉ាឡេស្ទីន ដែល​បដិសេធ​ដាច់ណាត់ មិន​ទទួល​ស្គាល់​រដ្ឋអ៊ីស្រាអែល​នោះទេ។ ផ្ទុយទៅវិញ លោក​ងប់ងុល គិត​តែ​និយាយ​ពីរឿង​សំណង់​អាណានិគមកិច្ច ក្នុង​ដែនដី​អ៊ីស្រាអែល។ ខ្ញុំ​ចង់​ប្រាប់​អ្នកថា ខ្ញុំ​ឆ្ងល់​មែនទែន​….រដ្ឋមន្រ្តី​ការបរទេស​របស់​ប្រទេស​មហាអំណាច​មួយទាំងមូល បាន​យក​ត្រឹមបញ្ហា​សំណង់​លំនៅឋាន​អ៊ីស្រាអែល មកធ្វើ​ជារឿង​សង្ខេប​ខ្លី​មួយ​នៃ​បញ្ហា នៅ​តំបន់​ដើមបូព៌ា។ ក្នុង​សុន្ទករថា ​រយៈពេល​មួយម៉ោង លោក​ឃេរី​បាន​ត្រឹម​និយាយ​ថា តំបន់​ដើមបូព៌ា​កំពុង​ឆាបឆេះ​ដោយ​សង្រ្គាម។ ប្រទេស​ក្នុង​តំបន់​ត្រូវបំផ្លាញ បាត់រូបរាង ដោយ​សង្រ្គាម​ដែល​បាន​បង្កបង្កើត​ឲ្យ​មាន​ក្រុមភេរវនិយម។ គឺ​ក្នុង​រយៈពេល​មួយម៉ោង​ពេញ ដែល​លោក​ឃេរី​បាន​វាយប្រហារ​ប្រទេស​តែមួយ គឺ​អ៊ីស្រាអែល ដែល​តាមពិត នៅ​រក្សា​បាន​ស្ថិរភាព ក្នុង​តំបន់​ដើមបូព៌ា។

តាំង​ពីលោក​នេតានីញ៉ាហ៊ូ ត្រូវ​បង្កើត​រដ្ឋាភិបាល ចម្រុះ​ជាមួយ​ក្រុមជាតិ​និយម គឺ​ក្រុម​ដែល​ចង់ពង្រីក​ដែន​អាណានិគម​អ៊ីស្រាអែល រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​បើក​ដៃ​អនុញ្ញាត​ជា​បន្តបន្ទាប់ ការសាងសង់ផ្ទះ ក្នុង​ទឹកដី​ប៉ាឡេស្ទីន ដែល​អ៊ីស្រាអែល​កំពុង​កាន់កាប់ ទាំងខុសច្បាប់ និងទទួល​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ។ តាម​អង្គការ​អ៊ីស្រាអែល ប្រឆាំង​សំណង់​អាណានិគមកិច្ច សំណើ​សុំ​ប័ណ្ណ​សាងសង់​ផ្ទះសម្បែង ត្រូវ​បាន​អង្គការ​សាសនា​ជាតិ​និយម Ateret Cohanim ដាក់​ស្នើ​ទៅ​រដ្ឋាភិបាល។ អង្គការ​Ateret Cohanim ធ្លាប់​បាន​ដាក់​ទិសដៅ​ហើយថា នឹង​ពង្រីក​សំណង់​អាណានិគមកិច្ច​អ៊ីស្រាអែល​ក្នុង​ទឹកដី​Jérusalem ខាងកើត។ បច្ចុប្បន្ននេះ មាន​ប្រជាជន​អ៊ីស្រាអែល ៤៣០ ០០០​នាក់ រស់នៅក្នុង​តំបន់​ស៊ីហ្សកដានី ដែល​អ៊ីស្រាអែល​កាន់កាប់។ ចំណែក ប្រជាជន​អ៊ីស្រាអែល ប្រមាណ ២សែននាក់​ទៀត កំពុង​រស់នៅ Jérusalem ខាងកើត ដែល​ប្រជាជន​ប៉ាឡេស្ទីន​ទាមទារ​ចង់​បាន​ជាអនាគត​រដ្ឋធានី​របស់​ខ្លួន។
 
ប្រធានាធិបតី​ជាប់ឆ្នោត លោក​ដូណាល់ ត្រាំ ​ចេញ​មុខ​ការពារ​អ៊ីស្រាអែល….
នៅមិនទាន់​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិកផង លោក​ដូណាល់ ត្រាំ ​បាន​បង្ហាញ​ជំហរ​របស់ខ្លួន ដែល​នឹង​ដើរ​ផ្ទុយស្រឡះ​ពី នយោបាយ​របស់​រដ្ឋបាល​លោក​អូបាម៉ា។ នៅក្នុង​សារ​Twitter លោក​ដូណាល់​ត្រាំ ធ្លាប់​បាន​រិះគន់​លោកអូបាម៉ា ដែល​មិនបានលើកដៃ​វេតូ ការពារ​អ៊ីស្រាអែល។ នៅក្នុង​សារ Twitter លោក​ដូណាល់ ត្រាំ នៅ​បាន​សរសេរ​គាំទ្រ​អ៊ីស្រាអែល ដែល​បើតាម​លោក ត្រូវ​បាន​គេ​មើលងាយ។ តាម​លោក​ត្រាំ អ៊ីស្រាអែល​ដែល​ធ្លាប់​ជា​មិត្ត​របស់​អាមេរិក គឺ​លែង​ជា​មិត្ត​ទៀតហើយ នៅក្នុង​អាណត្តិ​របស់​លោកអូបាម៉ា។ លោក​បាន​អំពាវនាវ​ឲ្យ​អ៊ីស្រាអែល អត់ធ្មត់ និង​រឹងមាំ ព្រោះថា នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត ទេ គឺ​ថ្ងៃ​ទី ២០ មករា ថ្ងៃ​ដែល​លោក​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី អាមេរិក នឹង​ឈាន​ចូលមក​ដល់​ហើយ។

ដើម្បី​បញ្ជាក់​ជំហរ​គាំទ្រ​អ៊ីស្រាអែល លោក​ដូណាល់ ត្រាំ នៅ​បាន​តែងតាំង លោក​David Friedman ដែល​ចង់​ផ្លាស់ទី​ស្ថានទូត​អាមេរិក​ទៅក្នុង​ទឹកដី​ដ៏ចម្រូងចម្រាស Jerusalem ដែល​លោក​បាន​ចាត់ទុក​រួចទៅហើយ ជា​រដ្ឋធានី​ផ្តាច់មុខ​របស់​អ៊ីស្រាអែល។ ជំហរ​របស់​រដ្ឋបាល​ថ្មី​អាមេរិក នឹង​អាច​ជា​ឧបសគ្គ​រារាំង ដំណើរការ​ស្វែងរក​សន្តិភាព ដែល​កំពុង​តែជាប់គាំង​រួចហើយនោះ។ ចង់ ឬ​មិន​ចង់ នយោបាយ​របស់​អនាគត​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ មិន​ត្រឹម​តែ​មិន​បន្ត​នយោបាយ​ចង់​កសាង​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​តែប៉ុណ្ណោះទេ ប៉ុន្តែ ផ្ទុយទៅវិញ គឺ​មានតែ​ទៅ​បិទផ្លូវ កប់​ចោល​ការខិតខំប្រឹងប្រែង​កន្លងមក របស់​អាមេរិក។ គោលដៅ​របស់​រដ្ឋបាល​លោក​ត្រាំ មាន​តែ​មួយ គឺ​ការពារ​ផលប្រយោជន៍​រឲ្យ​ប្រជាជន​អ៊ីស្រាអែល ដែល​ជា​សម្ព័ន្ធមិត្ត​របស់ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ