អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

យុទ្ធសាស្ត្រ​​ក្រុម​ហាម៉ាស​​ដើម្បី​​ទាក់​ចំណាប់​​អារម្មណ៍​អន្តរជាតិ​

សំឡេង ០៣:៤៥
លោក Ismaïl Haniyeh មេដឹកនាំ​ថ្មី​​​នៃ​ចលនា​​ហាម៉ាស​ប៉ាឡេស្ទីន​
លោក Ismaïl Haniyeh មេដឹកនាំ​ថ្មី​​​នៃ​ចលនា​​ហាម៉ាស​ប៉ាឡេស្ទីន​ SAID KHATIB / AFP

តាំង​ដើមខែ​ឧសភា​នេះ​មក ​ក្រុម​ហាម៉ាស​​ប៉ាឡេស្ទីន​​​​ដែល​អឺរ៉ុប​និង​អាមេរិក​ចាត់ទុក​ជា​ក្រុម​ ភេរវជន បាន​​ប្រឹង​ទាក់ចំណាប់អារម្មណ៍​អន្តរជាតិ ​ដោយ​បាន​ប្រកាស​កែប្រែ​កម្មវិធី​នយោបាយ​​ថ្មី ហើយ​ថែមទាំង​​បាន​ជ្រើសយក​​អតីត​នាយករដ្ឋមន្ត្រី​ប៉ាឡេស្ទីន Ismaïl Haniyeh​ ​អ៊ីស្មាអែល ហានីយេ អោយ​ធ្វើ​​ជាមេដឺកនាំ​ថ្មីទៀតផង។ ក្រុម​ហាម៉ាស​កំពុង​​​ចង់ដើរ​តួនាទី​​ជា​អ្នកចរចា​តំណាង​ប៉ាឡេស្ទីន ក្នុង​ឆាកអន្តរជាតិ​ ឆ្លាស់គ្នា​ជាមួយ​​ប្រធាន​រដ្ឋអំណាច​ម៉ាមូដ អាបាស។ 

ផ្សាយពាណិជ្ជកម្ម

ដើមខែ​ឧសភា​នេះ ក្រុម​ហាម៉ាសប៉ាឡេស្ទីនដែល​អាមេរិក និង​អឺរ៉ុប​ចាត់ទុក​ជា​ក្រុមភេរវជន ​​បាន​ធ្វើអោយ​អន្តរជាតិ​ ពិសេស​បណ្តា​ប្រទេស​នៅតំបន់​បូព៌ា​ចាប់អារម្មណ៍។ ក្រុម​ហាម៉ាស​​បាន​ប្រកាស​កែប្រែ​​កម្មវិធី​នយោបាយ​ថ្មី ​ដោយ​​ព្រមទទួល​ស្គាល់​រដ្ឋប៉ាឡេស្ទីន​ក្នុង​ដែន​កំណត់​​ព្រំដែន​ឆ្នាំ១៩៦៧។ ជា​ព្រំដេន​ដែល​គូសឡើង​មុន​អ៊ីស្រាអែល​ចូលកាន់កាប់​​ហ្ស៊កដានី ហ្កាហ្សា និង​ហ្សេរុយហ្សាឡិម​ខាងកើត។ ​​

ទោះ​ក្រុមហាម៉ាស​ប្រកាន់​ជំហរ​មិន​ទទួល​ស្គាល់​​អ៊ីស្រាអែល គេ​មើលឃើញថា ​ការ​កែប្រែ​​​កម្មវិធី​​​ថ្មី​នេះ​​ ជា​ការបន្ទន់​ជំហរ​​រក​អ៊ីស្រាអែល ព្រោះ​ខ្លឹមសារ​ទទួលស្គាល់​រដ្ឋ​ប៉ាឡេស្ទីន ​ក្នុង​ព្រំដែន​ឆ្នាំ​១៩៦៧ ស្របតាម​ខ្លឹមសារ​នយោបាយ​ដែលរដ្ឋអំណាច​​ប៉ាឡេស្ទីនដាក់​លើ​តុចរចា​ជាមួយ​អ៊ីស្រាអែល។ ក្រុម​ហាម៉ាស​ថែមទាំង​​ថា ហាម៉ាស​ប្រយុទ្ធ​ជាមួយ​អ៊ីស្រាអែល មិនមែន​ដោយសារ​​ស្អប់ជនជាតិ​ជ្វីហ្វ​អ៊ីស្រាអែល​ទេ តែ​ស្អប់​នយោបាយ​ឈ្លានពាន​របស់​អ៊ីស្រាអែល​ទៅលើ​ប៉ាឡេស្ទីន​។ ហាម៉ាស​មិន​រើសអើង​​ជាមួយ​សាសនា​​ជ្វីហ្វនៅ​អ៊ីស្រាអែល​ទេ។

ចំពេល​​ប៉ាឡេស្ទីន​កំពុង​ស្វែងរក​ការគាំទ្រ​ពី​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ សម្រាប់​កិច្ចចរចា​សន្តិភាព​ជាមួយអ៊ីស្រាអែល ​​ក្រុមហាម៉ាស​ប្រហែល​ចង់​ផ្សះផ្សា​ជាមួយ​ក្រុមហ្វាតា របស់ប្រធាន​រដ្ឋ​អំណាច​​ប៉ាឡេស្ទីន​តែម្តង ដើម្បី​អាច​ឈាន​​ទៅ​រកតួនាទី​ជា​អ្នក​ចរចា​​តំណាង​ប៉ាឡេស្ទីន ក្នុង​ឆាក​អន្តរជាតិ​ ឆ្លាស់គ្នា​ជាមួយប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន ម៉ាមូដ អាបាស។ ដើម្បីពង្រឹង​មុខមាត់​អោយ​សក្តិសម​ជា​អ្នកចរចា​អន្តរជាតិ​តំណាង​ប៉ាឡេស្ទីន​​ ក្រុមប្រឹក្សា​ស្ហួរ៉ា​ក៏​​បានបោះឆ្នោត​អោយ​លោក​អ៊ីស្មាអែល ហានីយេ ​អាយុ​៥៤ឆ្នាំ ​ដែល​ជា​អតីត​នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន​ ​​​​អោយលោក​ហានីយេ ធ្វើជា​ប្រធានការិយាល័យ​នយោបាយ​ថ្មី បន្ត​តំណែង​ដឺកនាំ​ពីលោក​​ខាលេដ មេស្ហាអាល់ ជា​មេដឺកនាំ​ដែល​កំពុង​ភៀសខ្លួន​នៅ​កាតា។

បុគ្គលិក​លក្ខណៈ​របស់​លោក​ហានីយេ ជា​មេដឺកនាំថ្មី របស់​ក្រុម​ហាម៉ាស សបង្ហាញ​ថា ហាម៉ាស​​​បើក​ចំហរ​ទៅរក​ឆាកអន្តរជាតិ​ទូលំទូលាយ​ជាងមុន។ លោក​ហានីយេ ធ្លាប់​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ប៉ាឡេស្ទីន ក្រោយ​ក្រុមហាម៉ាស​ជាប់ឆ្នោត​សភា​ ឆ្នាំ២០០៦។ ​លោក​ហានីយេ មា​នជំហរ​​នយោយបាយ​​មិន​ជ្រុលនិយម​។ លោកជា​តួអង្គ​ចរចា​ដ៏ល្អ​ លោក​​ធ្លាប់​អំពាវនាវ​​អង់គ្លេស​និង​អាមេរិក​អោយប្រាប់​​អោយ​បញ្ឈប់​ហិង្សា​របស់​​អ៊ីស្រាអែល​ទៅលើ​ប៉ាឡេស្ទីន​ទៀតផង។

បើ​ហាម៉ាស​កាន់តែ​បើកចំហរ ហើយ​សហគមន៍​អន្តរជាតិ​អាច​ប្តូរ​ការយល់ឃើញ​ចំពោះ​ហាម៉ាស​វិញបាន នោះ​លោក​ហានីយេ អាច​​ជា​គូ​ប្រជែងសំខាន់​​ជាមួយ​ប្រធានរដ្ឋ​អំណាច​ប៉ាឡេស្ទីន​ម៉ាមូដ អាបាស​ ក្នុង​ការ​ជួយ​ហាម៉ាស​អោយ​ក្លាយ​ជា​តួអង្គ​ចរចា​តំណាង​ប៉ាឡេស្ទីន ក្នុង​ឆាក​អន្តរជាតិ​បាន។ ​ប្រជាប្រិយ​ភាព​របស់​លោក​ម៉ាមូដ អាបាស ជា​មេដឺកនាំ​ប៉ាឡេស្ទីនវិញ កំពុង​ធ្លាក់ចុះ។ ​​ប្រជាជន​​ប៉ាឡេស្ទីន​តវ៉ា​ប្រឆាំង​អំពើ​ពុករលួយ​របស់​ស្ថាប័ន​គ្រប់គ្រង​ប៉ាឡេស្ទីន​ នេះ​ជា​ឧកាស​ជួយអោយ​​ក្រុមហាម៉ាស​អាច​មានមុខមាត់​ល្អឡើងវិញ​ ប្រៀប​នឹង​ក្រុម​ហា្វតា​របស់​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន។

នៅចំពោះ​មុខពេលនេះ ​ក្រុម​ហាម៉ាសកំពុង​​ព្យាយាម​​​ខិត​ទំនាក់ទំនង​ទៅរក​សហគមន៍​អន្តរជាតិ​ ពិសេស​​ប្រទេស​ក្នុង​តំបន់​តែម្តង។ ហាម៉ាស​​ប្រកាស​កែប្រែ​កម្មវិធី​នយោបាយ​ថ្មី​ ដាក់​លោក​ហានីយេ ជា​អតីត​នាយករដ្ឋមន្ត្រី​ប៉ាឡេស្ទីន អោយ​ដឺកនាំ​ក្រុម ​ក៏​​ដើម្បី​​​អោយ​អាមេរិក​ និង​អឺរ៉ុបប្តូរ​ជំហរ​ឡើងវិញ ឈប់ចាត់ទុក​ថា ហាម៉ាស​ជា​ក្រុមភេរវជន​ទៀត​ដែរ។ ​ក្រុមហាម៉ាស​​មិនបាន​លាក់បាំង​បំណង​ខ្លួនទេ ក្រុម​ហាម៉ាសធ្លាប់​​ប្រាប់ចំៗ​ថា សង្ឃឹមថា អឺរ៉ុប​​អាច​ប្តូរ​ជំហរ​​ចំពោះ​ហាម៉ាស​បាន​។

ក្នុង​កិច្ចការ​ខិតទៅរ​កសហគមន៍​អន្តរជាតិ​នេះ ក្រុមហាម៉ាស​ត្រូវ​ខិត​ទៅរកប្រទេស​ក្នុង​តំបន់ ពិសេស​​អេហ្ស៊ីប ព្រោះ​អេហ្ស៊ីប​ធ្លាប់​ជួយ​ប៉ាឡេស្ទីន​ច្រើនណាស់។ ទន្ទឹម​នេះដែរ លោក​ហានីយេ ជា​អ្នក​ដឺកនាំ​ថ្មី​របស់​ហាម៉ាស​ក៏ត្រូវបង្រួបបង្រួម​សកម្មជន​ក្នុង​ក្រុម​ដែរ។ សកម្មជនក្រុមហាម៉ាស​ខ្លះ​ដែល​ជា​អ្នកអភិរក្ស​និយម​មិនបាន​ពេញចិត្ត​នឹង​ការកែប្រែ​កម្មវិធី​នយោបាយ​ថ្មី​របស់​ក្រុមទេ ព្រោះ​តែ​ពួកគេ​យល់ថា ជា​ការ​បន្ទន់​ជំហរ​ទៅ​រក​អ៊ីស្រាអែល​នោះ​ឯង៕   

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ