អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាជ្ញាធរ​ប៉ាឡេស្ទីន​ប្រកាស​ផ្តាច់​ការ​ទាក់ទង​ផ្លូវ​ការ​ជាមួយ​អ៊ីស្រាអែល

សំឡេង ០៥:៤០
លោក​ Mahmoud Abbas ប្រកាស​បង្កក​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​អ៊ីស្រាអែល
លោក​ Mahmoud Abbas ប្រកាស​បង្កក​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​អ៊ីស្រាអែល AFP/Abbas Momani

ជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន នៅ​តំបន់​ដើម​បូព៌ា កំពុង​ស្គាល់​ភាព​តឹង​ជា​ថ្មី​។ មាន​ស្លាប់​ សរុប​ ៦​នាក់ បី​នាក់​ជា​អ៊ីស្រាអែល បី​នាក់​ជា​ប៉ាឡេស្ទីន នៅ​ស៊ីហ្សកដានី និង​នៅ​​ក្រុង​ហ្សេរ៉ុយសាឡិម បន្ទាប់​ពី​មាន​អំពើ​ហិង្សា​ប្រឈម​មុខ​គ្នា​រវាង​បាតុករ​ប៉ាឡេស្ទីន​និង​កង​រក្សា​សន្តិសុខ​អ៊ីស្រាអែល នៅ​រសៀល​ថ្ងៃ​សុក្​រ​ ថ្ងៃ​សូត្រ​ធម៌​របស់​សាសនិកជន​អ៊ីស្លាម។ ប្រធានាអាជ្ញាធរ​ប៉ាឡេស្ទីន លោក ម៉ាមូត អាបាស បាន​ប្រកាស​បង្កក​រាល់​គ្រប់​ទំនាក់ទំនង​ផ្លូវ​ការ​ជាមួយ​អ៊ីស្រាអែល។

ផ្សាយពាណិជ្ជកម្ម

ប្រធាន​អាជ្ញាធរ​ប៉ាឡេស្ទីន លោក ម៉ាមូត អាបាស ដែល​មាន​ទម្លាប់​សំងំ​នៅ​ក្នុង​ការិយាល័យ នៅ​ក្រុង​រ៉ាម៉ាឡះ នៃ​តំបន់​ស៊ីហ្ស័កដានី បង្ហាញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍​ យ៉ាង​កម្រ​បំផុត និង​ផ្តល់​សេចក្តី​ថ្លែងការណ៍​ដោយ​ផ្ទាល់​ យ៉ាង​តិច​តួច​បំផុត។ ដូច្នេះ នៅពេល​ណា​ដែល​លោក​បង្ហាញវត្តមាន​​នៅ​ចំពោះ​មុខ​ប្រជាជាតិ នោះ​គឺ​​ជា​សញ្ញា​ ប្រាប់ ​ថា​ មាន​ការណ៍ធំ មាន​សំណុំ​រឿង​រសើប​ខ្លាំង និង​មាន​សារ​សំខាន់ ត្រូវ​ផ្តល់ដំណឹង​ជូន​​​ពលរដ្ឋ​ប៉ាឡេស្ទីនហើយ។

នៅ​ក្នុង​សុន្ទរកថា​យប់​មិញ លោក​ ម៉ាមូត អាបាស បាន​ប្រកាសផ្អាក​ទំនាក់ទំនង​ជា​ផ្លូវការ​ជាមួយ​អ៊ីស្រាអែល គ្រប់​កំរិត​​ទាំងអស់ ! កិច្ចសហប្រតិបត្តិការ​សន្តិសុខ​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន ក៏​​​ត្រូវ​​ព្យួរ​ដែរ។ ដូច្នេះ ចាប់ពេល​នេះ​ទៅ ទំនង​ជា​គ្មាន​ទៀត​ទេ ការ​ផ្តោះ​ប្តូរ​ការណ៍​សម្ងាត់ និង​យុទ្ធនាការ​ដែល​ត្រូវ​ឆ្លង​កាត់​ការ​ពិគ្រោះ​យោបល់​គ្នា​នោះ។

យុទ្ធនាការ​និង​កិច្ច​សហប្រតិបត្តិការ​​សន្តិសុខ​អ៊ីស្រាអែល-​ប៉ាឡេស្ទីន ទើប​កកើត​ជា​រូប​រាង​ថ្មីថ្មោង ជា​ក្តី​សង្ឃឹម​ថ្មី និង​បាន​ទទួល​ការ​អបអរ​សរសើរ​ពី​សហរដ្ឋ​អាមេរិកខ្លាំង។ ការ​ដែល​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន អាច​​កាន់​ដៃ​គ្នា​​រក្សា​សន្តិសុខ​ វា​ជា​អាវុធ​ដ៏​ប្រពៃ និង​មាន​ប្រសិទ្ធិភាព​បំផុត ក្នុង​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​​តំបន់។ តែ​បើ​លុប​វា​ចោល​នោះ​ ហានិភ័យ​នៃ​ការ​វាយប្រហារ​សង​សឹក​គ្នា​ ពិត​ជា​នឹង​អាច​កើនឡើង​ខ្លាំង។

ការ​បង្ហាញ​វត្តមាន​​និង​ថ្លែង​សុន្ទរកថា​ជាតិ របស់​ប្រធាន​អាជ្ញាធរ​ដែន​ដី​ប៉ាឡេស្ទីន​យប់​មិញ អាច​ជា​មធ្យោបាយ​មួយ​នៃ​ការ​រុញ​ច្រាន​​រដ្ឋបាល​អាមេរិក​ ព្រមទាំង​សហគមន៍​អន្តរជាតិ​​ ឱ្យ​ជួយ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​អ៊ីស្រាអែល ឱ្យ​ដក​វិធានការ​​ប្រឆាំង​នឹង​ជន​ប៉ាឡេស្ទីន។ លោក អាប៉ាស បាន​ដាក់​លក្ខខណ្ឌ​ថា ដរាប​ណា​អ៊ីស្រាអែល​មិនលុប​ចោល​វិធានការប្រឆាំង​នឹង​ពលរដ្ឋ​ប៉ាឡេស្ទីន និង​នៅ​វិហារ​អ៊ីស្លាម​ទេ ​ដកទ្វារ​ចាប់​ជាតិ​ផ្ទុះ​ឬ​អាវុធ​ចេញ​ពី​ទីលាន​សក្តិសិទ្ធ​នៅ​ទីក្រុង​ហ្សេរ៉ុយសាឡិម​ទេ គ្មានទេ​ការ​ទាក់ទង​ជា​ផ្លូវការ​​រវាង​គ្នា។

ត្រួត​ពិនិត្យ​អត្តសញ្ញាណ​មុន​ឆ្លង​ទ្វារ​សុវត្ថិភាព​ ដើម្បី​បាន​​ចូល​ទីលាន​វិហារ​អ៊ីស្លាម នៅ​ហ្សេរ៉ុយសាឡិម
ត្រួត​ពិនិត្យ​អត្តសញ្ញាណ​មុន​ឆ្លង​ទ្វារ​សុវត្ថិភាព​ ដើម្បី​បាន​​ចូល​ទីលាន​វិហារ​អ៊ីស្លាម នៅ​ហ្សេរ៉ុយសាឡិម REUTERS/Ronen Zvulun

ហាម​ប៉ាឡេស្ទីនអាយុ​ក្រោម​៥០​ឆ្នាំ​ចូល​វិហារ​

ក្រោយ​ពី​មាន​ហេតុការណ៍​ជនអារ៉ាបអ៊ីស្រាអែល​បី​នាក់ បាន​សម្លាប់​ប៉ូលិស​អ៊ីស្រាអែល​ពីរនាក់​នៅ​ថ្ងៃទី ១៤​កក្កដា ២០១៧មក អាជ្ញាធរ​អ៊ីស្រាអែល បាន​ចេញក្រិត្យ​ចាត់​​វិធានការ​ យ៉ាង​តឹង​តែង​ការពារ​សុវត្ថិភាព​តំបន់ក្រុង​ចាស់​ហ្សេរ៉ុយសាឡិម ​ ដែលជា​ទឹក​ដី​សក្តិសិទ្ធិ ​មាន​វិហារ​អ៊ីស្លាម និង​ទីភ្នំ​​សក្ការៈរបស់​អ្នក​កាន់​សាសនា​ជ្វីហ្វ (អ៊ីស្រាអែល) ដោយ​ដាក់ ​ទ្វារ​សុវត្ថិភាព ចាប់​ជាតិ​ផ្ទុះ​និង​អាវុធ នៅ​ច្រក​ចូល​ទីលាន។

​​សម្រាប់​អ៊ីស្រាអែល វិធានការ​នេះ ធ្វើ​ឡើង​ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យ​មាន​ការ​កាត់​អាវុធ លោកហៈ ចូល​ទៅ​ដល់​កន្លែង​ប្រារព្ធសាសនា។ អ៊ីស្រាអែល​ក៏​បាន​ចេញ​បម្រាម​​ហាមឃាត់​មិន​ឱ្យ​ជន​ប៉ាឡេស្ទីន​ប្រុស​អាយុក្រោម​៥០​ឆ្នាំ​ចូល​ ទៅ​កាន់​វិហារ​នោះ​ឡើយ។​

ប៉ាឡេស្ទីនស្លាប់​បី​នាក់​ របួស​ជាង​៤៥០​នាក់

វិធានការ​នេះ​បាន​ធ្វើ​​ប្រជា​ប៉ាឡេស្ទីនខឹង​សម្បារ​ខ្លាំងណាស់ និង​បាន​ប្រមូល​ផ្តុំ​គ្នាជា​កម្លាំង​រួម ធ្វើ​បាតុកម្ម​ប្រឆាំង​នៅ ​ក្រុង​​ហ្សេរ៉ុយសាឡិម ជុំ​វិញវិហារ។ នៅ​ថ្ងៃ​សុក្រ​ ដែល​ជា​ថ្ងៃសូត្រ​ធម៌តាម​ទម្លាប់​អ៊ីស្លាម​មក​ដល់​ ជន​ប៉ាឡេស្ទីន​​ទាំង​ចាស់​ទាំង​ក្មេង​ បាន​សម្រេច​ចិត្ត​នាំ​គ្នា​សូត្រ​ធម៌ ក្រាប​នៅតាម​ផ្លូវ សាធារណៈ​ និង​មុខ​​ច្រក​ផ្លូវ​ចូល​វិហារ​ទាំង​អស់​គ្នា។

ក្រោយ​ពិធី​សូត្រ​ធម៌​ដែល​ប៉ូលិស​អ៊ីស្រាអែល​ឈរ​ព័ទ្ធ​ធ្វើ​ជា​របង​ ចប់ ការ​ប៉ះទង្គិច​ដោយហិង្សា​​ក៏​បាន​ផ្ទុះ​ឡើង និង​បង្ក​ឱ្យ​មាន​អ្នក​រង​របួសដោយ​គ្រាប់​ជ័រ យ៉ាង​ហោច​១១០​នាក់។

ជា​សរុប​មាន​ស្លាប់​ជន​ប៉ាឡេស្ទីនបី​​​នាក់​ ក្នុង​នោះ​ពីរ​នាក់​មាន​អាយុ​ទើប​តែ​១៧ និង​១៨​ឆ្នាំ ដោយ​ត្រូវ​គ្រាប់​កាំភ្លើង​របស់ប៉ូលិស​​អ៊ីស្រាអែល​ នៅ​ហ្សេរ៉ុយសាឡិម​ខាងកើត ឆ្ងាយ​បន្តិច​ពី​ទី​លាន​សក្តិសិទ្ធិ។ អ្នក​ទី​បី​ស្លាប់​នៅ​ស៊ីហ្ស័កដានី ដោយ​ស្នាដៃ​ប៉ូលិស​អ៊ីស្រាអែល​ដែរ ដែល​បាញ់​គ្រាប់​ពិត​ចំ​បេះដូង។ បើតាម​កាកបាទក្រហម​ ​ក្នុង​មួយ​ថ្ងៃ​សុក្រ​ម្សិលមិញ គេរាប់​ឃើញ​មាន​អ្នក​រង​របួស​​​ ៤៥០​នាក់ ក្នុង​ការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​អ៊ីស្រាអែល នៅ​ហ្សេរ៉ុយសាឡិម​ខាង​កើត នៅក្រុង​ចាស់​ហ្សេរ៉ុយសាឡិម និង​នៅ​ស៊ីហ្ស័កដានី។ ហើយ​នៅ​តំបន់​ហ្កាហ្សា មាន​របួស​៤០​នាក់​ដែរ ដោយ​ការ​ត្រូវ​គ្រាប់​កាំភ្លើង​ប៉ូលិស​អ៊ីស្រាអែល។

ការ​ប៉ះទង្គិច​ហិង្សា​រវាង​ជន​ប៉ាឡេស្ទីន​និង​ប៉ូលិស​អ៊ីស្រាអែល ក្រោយ​សូត្រ​ធម៌​រួច
ការ​ប៉ះទង្គិច​ហិង្សា​រវាង​ជន​ប៉ាឡេស្ទីន​និង​ប៉ូលិស​អ៊ីស្រាអែល ក្រោយ​សូត្រ​ធម៌​រួច © Reuters

អ៊ីស្រាអែល​បីនាក់ស្លាប់

​ហើយ​ក្រោយ​សេចក្តី​ប្រកាស​របស់លោក​​ប្រធាន​អាជ្ញាធរ​​ភ្លាម អ៊ីស្រាអែល​ក៏​ប្រកាស​ថា​មាន​ពលរដ្ឋ​ខ្លួន​បី​នាក់​ដែរ​បាន​ស្លាប់ គឺ​ដោយ​ស្នាដៃ​របស់​​​ជន​ប៉ាឡេស្ទីនដែល​លួច​​ចូល​ធ្វើ​ឃាត​ជន​អ៊ីស្រាអែល​ដល់​ផ្ទះ ក្នុង​តំបន់​អាណានិគមកិច្ច​អ៊ីស្រាអែល សម្លាប់​ឪពុកនិង​​កូនពីរ​នាក់ ដែល​កំពុងជួប​ជុំ​គ្រួសារ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ តាម​ប្រពៃណី​។

ជន​ដៃដល់​ប៉ាឡេស្ទីន​ដែល​​មាន​អាយុ​ទើប​តែ​២០​ឆ្នាំនេះ បាន​សរសេរ​សារ​លើ​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ថា​ “ខ្ញុំ​មាន​អាយុ​២០​ឆ្នាំ តែ​ក្រោយ​វិធានការ​​នៅ​វិហារ​អ៊ីស្លាម​នៅ​ក្រុង​ចាស់​ហ្សេរ៉ុយសាឡិម ខ្ញុំ​គ្មាន​ជីវិត​ទៀត​ឡើយ។”

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ