អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការ​​បាញ់រះ​ក្នុង​ស្ថានទូត​អ៊ីស្រាអែល​នៅ​ហ្សកដានី ដរ​មកពី​​វិបត្តិ​នៅ​ហ្ស៊េរុយសាឡិម ?

កង​កម្លាំង​ប៉ូលិស​នៅមុខ​ស្ថានទូត​អ៊ីស្រាអែល​ប្រចាំ​ក្រុង​អាម៉ាន់​ប្រទេស​ហ្ស័កដានី
កង​កម្លាំង​ប៉ូលិស​នៅមុខ​ស្ថានទូត​អ៊ីស្រាអែល​ប្រចាំ​ក្រុង​អាម៉ាន់​ប្រទេស​ហ្ស័កដានី REUTERS/ Stringer

វិបត្តិ​នៅ​ដើម​បូព៌ា​បន្ត​ឆាប​ឆេះ​ ! ​វិធានការ​​សន្តិសុខ​ដាក់​ទ្វារ​សុវត្ថិភាព​ចាប់​អាវុធ​នៅ​មាត់​ច្រក​ចូល​វិហារ​អ៊ីស្លាម​នៅ​ហ្ស៊េរុយសាឡិម​ ដែល​បង្ក​បង្កើត​​ឱ្យ​មាន​​​​អំពើ​ហិង្សា​​មរណៈ​ អំឡុងពេល​ពេញ​មួយ​ចុង​សប្តាហ៍​នេះ កំពុង​ក្លាយ​ជា​សម្ពាធ​ធ្ងន់ឡើងៗ​សង្កត់​លើ​អ៊ីស្រាអែលខ្លួនឯង។ មាន​ការ​បាញ់​រះ​ស្លាប់​មនុស្ស​ពី​រ​នាក់ ក្នុង​​ស្ថានទូត​អ៊ីស្រាអែល​នៅ​ហ្សកដានី។ ចំណែក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​វិញ ត្រូវ​បើក​ជំនួប​ប្រជុំ​បន្ទាន់​នៅ​ថ្ងៃ​ចន្ទ​នេះ។

ផ្សាយពាណិជ្ជកម្ម

ក្នុង​ពេល​ភ្លាមៗនេះ គេ​មិនទាន់​អាច​អះអាង​ ឬ​ទាញ​សេចក្តី​សន្និដ្ឋាន​ ដោយ​ច្បាស់​លាស់​បាន​ទេ ថា​តើ​ហេតុការណ៍​បាញ់​រះនៅ​ស្ថានទូត​អ៊ីស្រាអែល ប្រចាំ​ក្រុង​អាម៉ាន់ ប្រទេស​ហ្សកដានី មានពាក់ព័ន្ធ​នឹង​ភាព​តាន​តឹង​នៅហ្ស៊េរុយសាឡិមឬ​ក៏​អត់​នោះ។ អ្វី​ដែល​ច្បាស់​គឺ​ ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ ​មាន​ករណី​​បាញ់​រះ​ក្នុង​ស្ថាន​ទូត​អ៊ីស្រាអែ ​ខាង​ផ្នែក​អាគារ​ស្នាក់​នៅ មិនមែនជា​​អាគារ​រដ្ឋបាល​ទេ។

បើ​តាម​ក្រសួង​ការបរទេស​អ៊ីស្រាអែល កម្មករជាង​ឈើ​​ហ្សកដានីម្នាក់ ដែល​​ត្រូវ​មក​ជួលជុល​តុទូ​តាម​ទម្លាប់ បាន​យក​តួនឺវិស ទៅ​ចាក់​ភ្នាក់ងារ​សន្តិសុខអ៊ីស្រាអែលមុន។ សន្តិសុខ​រង​របួសបាន​​ត​ដៃ​វិញ​បាន ដោយ​ដក​កាំភ្លើង​បាញ់​កម្មករ​ដៃដល់​អាយុ​១៧​ឆ្នាំ​ ឱ្យ​ស្លាប់នៅនឹង​កន្លែង។ ប៉ុន្តែ​ការ​បាញ់​រះ​ក៏​បាន​បង្ក​ឱ្យ​មាន​អ្នក​រង​របួស​ម្នាក់​ទៀត គឺ​ជា​ម្ចាស់​ ​អាគារ​នោះ។ របួស​ធ្ងន់ពេក​ ម្ចាស់​ផ្ទះជាតិ​ហ្សកដានី​នោះ​ក៏​ស្លាប់​ នៅ​ពេល​ដឹក​ដល់​មន្ទីរ​ពេទ្យ។

អាជ្ញាធរ​ហ្សកដានី បាន​បិទ​តំបន់​ជុំ​វិញ​ស្ថានទូត​អ៊ីស្រាអែល​ នៅ​អាម៉ាន់​ ដើម្បី​ការពារ​សុវត្ថិភាព និង​បាន​ប្រកាស​បើក​អង្កេត​ ព្រមទាំង​ចេញ​បម្រាម​ហាមឃាត់​មិន​ឱ្យ​ភ្នាក់ងារ​អ៊ីស្រាអែល ចាក​ចេញ​ពី​ប្រទេស​ទេ។

ការ​រីក​រាលដាល​អំពើ​ហិង្សា និង​វិបត្តិការទូត​

ប៉ុន្តែ​ខាង​អ៊ីស្រាអែល បាន​គូស​បញ្ជាក់​ថា ភ្នាក់ងារ​អ៊ីស្រាអែល​ដែល​បើក​ការ​បាញ់​រះនេះ​ដោយ​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​តែប៉ុណ្ណោះ ហើយម្យ៉ាង​ទៀត គាត់​មាន​អភ័យឯកសិទ្ធិ​ទូត ដូច្នេះ​ភ្នាក់ងារ​អ៊ីស្រាអែល​រូប​នេះ ត្រូវ​តែ​អាច​ចេញ​ចូល​ទៅ​ណា​ក៏​បាន។

ទំនាក់ទំនង​រវាង​អ៊ីស្រាអែល និង​ហ្សកដានី ហាក់​មាន​ភាព​រកាំរកូស​នឹង​គ្នា តាំង​ពី​ជាង​មួយ​សប្តាហ៍​មក​ហើយ ពោល​គឺ​តាំង​ពីអ៊ីស្រាអែល​បាន​ចាត់​វិធានការ ដាក់​ទ្វារ​សុវត្ថិភាព​​ចាប់​អាវុធ​ នៅ​ទីលាន​វិហារ​អ៊ីស្លាម​ហ្ស៊េរុយសាឡិម​ ទីកន្លែង​សក្តិសិទ្ធ​​សំខាន់​ទី​បី​របស់​សាសនា​អ៊ីស្លាម។ ​

ក្រុងចាស់​​ហ្ស៊េរុយសាឡិម ដែល​​ជា​ប្រភព​នៃ​ជម្លោះ​ រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ ស្ថិត​នៅ​​តំបន់​ហ្ស៊េរុយសាឡិម​ខាង​កើត ជា​សង្កាត់​អ៊ីស្លាម ​ស្ថិត​ក្រោម​អាណានិគមកិច្ច​អ៊ីស្រាអែល តែ​​​ប្រទេស​ហ្សកដានីជា​អ្នក​គ្រប់គ្រង​រដ្ឋបាល​មជ្ឈមណ្ឌល​នេះ។ អ៊ីស្រាអែល ជា​អ្នក​យាម​ត្រួត​ពិនិត្យ​នៅ​ច្រក​ចូល​ទីលាន​សក្តិសិទ្ធិ ព្រោះ​នៅ​ទី​នោះ​ក៏ជា​ទីកន្លែង​សក្តិសិទ្ធិ​ របស់​​សាសនា​ជី្វហ្វ​ ដែល​អ៊ីស្រាអែល ហៅ​ថា​ វិហារភ្នំ។ អ្នក​កាន់​សាសនា​អ៊ីស្លាម​អាច​ចេញ​ចូល​ទៅ​វិហារ​នោះ​បាន​គ្រប់​ពេល​វេលា ឯចំណែក​ជនជាតិ​ជ្វីហ្វ (អ៊ីស្រាអែល) អាច​ឡើង​ទៅ​កាន់​ទីលាន​នោះ ទៅ​តាម​ពេល​ម៉ោង​កំណត់ និង​មិន​អាច​នៅ​សូត្រធម៌​ទី​នោះ​បាន​ឡើយ។ លក្ខន្តិកៈ​នេះ​ ត្រូវ​បាន​ចែង​តាំង​ពី​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។

អាជ្ញា​ធរ​អ៊ីស្រាអែល ​បាន​ធានាអះអាង​ថាមិន​ប៉ះពាល់​លក្ខន្តិកៈ​នេះ​ទេ និង​ប្រកាស​​​ចង់​រក​ដំណោះស្រាយ ដោយ​បាន​ព្រលយ​អំពី​លទ្ធភាព​ដក​​ទ្វារ​សុវត្ថិភាព​ចេញ​ ហើយ​ដាក់​ជំនួសនូវ​វិធី​ការ​ពារ​សន្តិសុខ​ថ្មី គឺ​ការ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​វិញ។ កាមេរ៉ា​នោះ​ទំនើប​មាន​សម្ត្ថភាព​អាច​ចាប់ដឹង​ថា​មនុស្ស​ណា​មាន​ផ្ទុក​​ជាតិ​ផ្ទុះ​និ​ងកាំភ្លើង​បាន។ គណៈកម្មការ​សន្តិសុខ​​អ៊ីស្រាអែល​បាន​ជួប​ប្រជុំ​គ្នា​នៅ​យប់មិញ និង​នៅ​ថ្ងៃ​ចន្ទ​នេះ​ទៀត អំពី​វិធានការ​ថ្មី​នេះ។ តែ​មូលនិធិ​អ៊ីស្លាម​ ​អ្នក​គ្រប់គ្រង​ទីលាន​នេះ ដែល​គ្មាន​នរណា​ក្រៅ​ពី​ហ្សកដានី បានព្រមាន​ជា​ស្រេច​ហើយ​ថាក៏​​មិន​អាច​ទទួល​វិធានការ​ថ្មី​របស់​អ៊ីស្រាអែល​នេះ​បានដែរ។

អាមេរិក​បញ្ជូន​អន្តរការី​ពិសេស​ទៅ​អ៊ីស្រាអែល ក្រុមប្រឹក្សា​សន្តិសុខ​បើក​ប្រជុំ​បន្ទាន់

គេ​ពិត​ជា​ពិបាក​ស្រមៃ​ឃើញភាព​ធូរ​ស្រាល​​​ក្នុង​ពេល​ឆាប់ៗ​ណាស់។​ សហគមន៍​អន្តរជាតិ​ មាន​ការ​ព្រួយ​បារម្ភ​ខ្លាំងឡើងៗ។ លោក​​ប្រធានាធិបតី​ត្រាំ​ បាន​បញ្ជូនអន្តរការី​ពិសេស​ មក​កាន់​តំបន់​ដើម​បូព៌ា​នេះ​ ដើម្បី​សាក​ល្បង​រក​ដំណោះស្រាយវិបត្តិ។

បើ​តាម​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក សុំ​មិន​បញ្ចេញ​ឈ្មោះ ការ​ដែរ​អាមេរិក​​​បញ្ជូន​អន្តរការី​ពិសេស​មក​អ៊ីស្រាអែល​ក៏ព្រោះ​តែ​ខ្លាច​ស្ថានការណ៍​ធ្លាក់​កាន់​តែ​ដុនដាប​ថែមទៀត។ ព្រោះ​ទន្ទឹម​នឹង​បាតុកម្មហិង្សា និង​ការ​បាញ់​រះ​នៅ​ហ្ស័កដានី ម្សិលមិញ​នេះ មាន​ករណីបាញ់​ផ្លោង​ចេញ​ពី​តំបន់​ហ្កាហ្សា​គ្រប់គ្រង​ដោយ​ពួក​ហាម៉ាស មក​លើ​ទឹកដី​អ៊ីស្រាអែល​ផង តែ​គ្មាន​​ជន​រងគ្រោះ​របួស​ឬ​ស្លាប់​។ ហើយ​អ៊ីស្រាអែល​ក៏​បាន​បញ្ចេញ​​រថក្រោះ​ទៅ​ត្រៀម​ប្រយុទ្ធ​ តប​វិញ​ទៀត។

ចំណែក​​ ក្រុមប្រឹក្សា​សន្តិសុខក៏​​ត្រូវ​បើក​​ជំនួប​ប្រជុំ​បន្ទាន់ ដោយ​បិទ​ទ្វារ​ ដើម្បី​រក​វិធី​បន្ធូរ​សម្ពាធ​ នៅ​ហ្ស៊េរុយសាឡិម។ ជំនួប​នេះ​ ​ត្រូ​វ​បាន​ស្នើ​ឡើង​ដោយ​បារាំង ស៊ុយអែត និង​អេហ្ស៊ីប ប៉ុន្តែ​គេ​មិន​បាន​ដឹង​ថា​តើ​អាមេរិក​របស់​លោក​ត្រាំ បង្ហាញ​ជំហរ​យ៉ាង​ណា​ លើក​នេះ។ ពីមុនៗ​មក​អាមេរិក​តែង​តែ​បិទខ្ទប់រាល់​គ្រប់​សេចក្តី​សម្រេច​ចិត្ត​របស់​អង្គការ​សហប្រជាជាតិ ដើម្បីការពារ​អ៊ីស្រាអែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ