អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុ​អ្វី​សង្គ្រាមស៊ីរី មិន​ព្រម​ចប់ ?

សំឡេង ០៥:២៦
កង​កម្លាំង​ស៊ីរី​សេរី គាំទ្រ​ដោយ​តួកគី នៅ​តំបន់​ភាគ​ខាង​ជើង​ស៊ីរី ថ្ងៃទី ១១​មីនា ២០១៨
កង​កម្លាំង​ស៊ីរី​សេរី គាំទ្រ​ដោយ​តួកគី នៅ​តំបន់​ភាគ​ខាង​ជើង​ស៊ីរី ថ្ងៃទី ១១​មីនា ២០១៨ REUTERS/Khalil Ashawi

​​បដិវត្តអារ៉ាបនៅ​ស៊ីរី​ បាន​ផ្ទុះ​ឡើង​ នៅ​ថ្ងៃ​ទី ១៥ មីនា ២០១១ ប្រឆាំង​នឹង​រដ្ឋាភិបាល​​ផ្តាច់ការ​ គ្រប់គ្រង​​ប្រទេស ត​ពី​ឪពុក​ទៅ​កូន រយៈ​ពេល​៤០​ឆ្នាំ! បដិវត្ត​ប្រជាជនបាន​រុញ​ច្រាន​ស៊ីរី​ឱ្យ​ធ្លាក់​ក្នុង​ភ្លើង​​សង្គ្រាម​ស៊ីវិល​យ៉ាង​រ៉ាំរៃ ស្លាប់​មនុស្ស​អស់​ជាង ៣៥​ម៉ឺន​នាក់ រាប់​សិប​ពាន់​នាក់​រង​របួស-ពិការ ៧​លាន​នាក់ក្លាយ​ជា​ជនភៀស​ខ្លួន និង​ជាង៦លាន​នាក់​ផ្សេង​ទៀតត្រូវ​ធ្វើ​បំលាស់​ទី​ក្នុង​ប្រទេស។ សង្គ្រាម​នេះ​បាន​បង្ក​ឱ្យ​មាន​វិបត្តិ​មនុស្សធម៌​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ទេ គិត​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទីពីរ​មក។ នេះ​បើ​តាម​អង្គការ​សហប្រជាជាតិ ប៉ុន្តែ​​មក​ទល់​នឹង​ថ្ងៃ​នេះ គេ​នៅ​តែ​ពុំ​មើល​ឃើញ​មាន​ទស្សនៈវិស័យ​ណា​សម្រាប់​ជា​ដំណោះស្រាយ​​ឱ្យ​វិបត្តិ​ស៊ីរី​នេះ​ឡើយ !

ផ្សាយពាណិជ្ជកម្ម

​សង្គ្រាម​ស៊ីរី បាន​អូស​បន្លាយ និង​មាន​អាយុ​កាល ៧​ឆ្នាំ​គត់ ឆ្លង​ចូល​៨​ឆ្នាំ​នៅ​ថ្ងៃ​នេះហើយ តែ​គេ​ហាក់​ដូច​ជា​មើល​មិន​ឃើញ​អំពី​ទស្សនៈ​វិស័យ​នៃ​ការ​ពន្លត់​ភ្លើង​សង្គ្រាម​នេះ​ទេ ! ដំណោះស្រាយ​តាម​ផ្លូវ​នយោបាយ​វិញ ក៏​ហាក់​ដូច​ជានៅ​​ឆ្ងាយដល់​​​ជើង​មេឃ​ឯណោះ។ សន្និសីទ​អន្តរជាតិ​នៅ​ក្រុង​ហ្សឺណែវ ផ្តួច​ផ្តើម​និង​គាំទ្រ​​ក្រុម​ប្រទេស​បស្ចឹម​លោក សន្និសីទ​ក្រុងSotchi រៀប​ចំ​ឡើង​ដោយ​រុស្ស៊ី តួកគី និង​អ៊ីរ៉ង់ មិន​អាច​ជួយស្រោច​ស្រង់​ស៊ីរី​ ឱ្យ​ដើរ​ចេញ​ពី​ជម្លោះ​តាម​ផ្លូវ​នយោបាយ​ទេ។ ជំនួប​ប្រជុំ​ សេចក្តី​សម្រេច​អង្គការ​សហប្រជាជាតិ ត្រូវកកស្ទះមិន​អាច​អនុម័ត​ចេញ ឬ​បើ​អនុម័ត​បាន​ហើយ​ ក៏​គ្មាន​ការ​គោរពទៀត !

ស្ថានភាពទូទៅ ហាក់​កំពុង​ធ្លាក់​ធ្ងន់ធ្ងរ​និងកាន់​តែ​​ស្មុគ​ស្មាញ​ជា​លំដាប់ ! នេះគឺ​ដោយ​សារ​តែ​សង្គ្រាម​ស៊ីរី ប្តូរ​ទម្រង់ ! ​វិបត្តិ​ស៊ីរី ផ្ទុះឡើងដំបូង ក្នុង​សណ្ឋាន​ជា​​សន្ទុះ​នៃ​បដិវត្ត​ប្រជាជន​ប្រឆាំង​រដ្ឋាភិបាល​ផ្តាច់ការ​ និង​អំពើ​ពុករលួយ។ ​ក្នុង​រយៈ​ពេល​ប៉ុន្មានឆ្នាំ​ដំបូង ​ដោយ​មូលហេតុ​ផ្សេងៗ​ជា​ច្រើន ចលនា​បដិវត្តនោះ​ក៏​​បានរុញ​ច្រាន​ប្រទេស​ឱ្យ​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម​ស៊ីវិល ប៉ុន្តែ​ក្រោយ​មក​ទៀត និង​សម្រាប់​ពេល​នេះ​ សង្គ្រាម​ស៊ីវីល​ស៊ីរី បាន​ប្តូរ​ទម្រង់ ទៅ​ជម្លោះ ​រវាង​មហាអំណាច​ប្រចាំតំបន់ និង​មហា​អំណាច​ពិភពលោក​ ដោយ​មាន​ស៊ីរី​ជា​សមរភូមិ ​! សង្គ្រាម​នៅ​ស៊ីរី​នេះ បាន​គូស​វាស​ផែន​ទី​នយោបាយ​អន្តរជាតិ​ថ្មី។

ជម្លោះ​ភូមិសាស្ត្រ​ន​​យោបាយ

ជម្លោះ​នៅ​ស៊ីរី ត្រូវ​បាន​លូក​ដៃ​តាំង​ពី​ដំបូង ដោយ​ភាគី​អន្តរជាតិ​ ជាច្រើន​ប្រទេស ជា​ច្រើនក្រុម។ តួកគី និង​អ៊ីរ៉ង់ ជា​ប្រទេស​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ចំណែក​រុស្ស៊ី និង​ក្រុម​ប្រទេស​បស្ចឹម​លោក ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក លូក​ដៃ​ខ្លាំង​ដោយ​ប្រើ​កម្លាំង​យោធា។

​អន្តរាគមន៍​យោធា​​ដ៏​ខ្លាំង​ក្លារបស់​សម្ព័ន្ធ​អន្តរជាតិ​ ​ បាន​បង្អាក់​សកម្មភាព​របស់​រដ្ឋាភិបាល​ស៊ីរី និង​សម្ព័ន្ធមិត្ត​(រុស្ស៊ី ...)។ ក្រុម​លោក​ខាង​លិចគាំទ្រ​ពួក​ប្រឆាំងស៊ីរី​មែន​តែ​មិន​​បញ្ជូនទ័ព​ថ្មើរ​ជើង​ទៅ​ទេ ព្រោះ​ខ្លាច​លង់​ខ្លួន​ដូច​សង្គ្រាម​នៅ​លីប៊ី។ តែ​ក៏​មិន​ព្រម​ដក​ខ្លួន​ចេញ​ពី​ស៊ីរី​បាន​ដែរ ព្រោះ​ទង្វើ​នេះដូច​ជាទទួល​ស្គាល់​បរាជ័យ​ខ្លួនឯង ហើយ​ទុក​ឱកាស​រុស្ស៊ី​បាន​ដៃ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សង្គ្រាម​នេះ​កាន់​អូសបន្លាយ។ ជម្លោះ​នេះ បាន​រុញ​ច្រាន​រុស្ស៊ី​និ​ងអាមេរិក​ ​​ ឱ្យ​បាន​​ធ្វើសង្គ្រាម​ប្រឈម​គ្នា​ដោយ​ផ្ទាល់​តែ​ម្តង​ នៅ​លើ​ទឹក​ដី​ស៊ីរី​។ ការ​នេះ​បាន​បង្ហាញ​ថា បើ​តាម​អ្នក​ជំនាញ​ ជាការ​ប្រទាញ​ប្រទង់ ដើម្បី​បាន​គ្រប់គ្រង​ពិភពលោក ដែល​នឹង​​អាច​ប្រែប្រួល​អាស្រ័យ​ទៅលើ​លទ្ធផល​នៃ​សង្គ្រាម​ស៊ីរី​នេះ​ហើយ។

វិបត្តិ​ស៊ីរី ក៏នឹងអាច​​ធ្វើ​ឱ្យប្តូរ​​ទម្រង់​នៃ​ការ​ចង​សម្ព័ន្ធ​ភាព​តំបន់​និង​អន្តរជាតិ​ទៀត ដូច​ជា​តួកគី​អាច​នឹង​ត្រូវ​ឃ្លាត​ពី​អូតង់ និង​អឺរ៉ុប។ ហើយ​រុស្ស៊ី​អាច​វិល​មក​ក្លាយ​ជា​ក្បាល​ម៉ាស៊ីន​​ដឹកមុខ តំបន់​មេឌីទែរ៉ាណេ​​ខាង​កើត​វិញ។ ចំណែក​​អ៊ីរ៉ង់ នឹង​ប្រើ​ទឹក​ដី​ស៊ីរី​សម្រាប់​ពង្រឹង​ឥទ្ធិពល​របស់​គេ នៅ​ក្នុង​តំបន់។

លីបង់​ក៏​មាន​ចំណែកពាក់ព័ន្ធ​​ក្នុង​សង្គ្រាម​នៅ​ស៊ីរី​ដែរ​ តាម​រយៈ​ចលនា​ហេស្បូឡា ​ដែល​អ៊ីរ៉ង់ ចង់​សាក​ល្បង​ផ្សារភ្ជាប់​ទៅ​ជា​ដែន​ដី​តែ​មួយ​បន្ត​គ្នា​ពី​អ៊ីរ៉ង់​ទៅ​លីបង់​ ដោយ​មាន​ស៊ីរី​ជា​ស្ពាន។ ប៉ុន្តែ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អ៊ីរ៉ង់​នេះ ត្រូវ​ប៉ះទង្គិច ជាមួយ​អ៊ីស្រាអែល​និង​សហរដ្ឋ​អាមេរិក ព្រម​ទាំង​អារ៉ាប៊ីសាអូឌីត​ ដែល​មិន​ចង់​ឃើញ​អ៊ីរ៉ង់ នៅ​ជិត​​ពួក​ចលនា​ហេស្បូឡាទេ។ ដូច្នេះ​ដរាប​ណា​ក្រុមប្រទេស​នៅ​ក្នុង​តំបន់​មិន​ត្រូវ​រ៉ូវ​គ្នា​ទេ ជាពិសេសបើ​គ្មាន​ការ​ស្រុះ​ស្រួល​គ្នា​រវាង​​អ៊ីរ៉ង់​និង​អារ៉ាប៊ីសាអូឌីត​ទេ សម្រាប់​ភាព​ធូរ​ស្បើយ​ក្នុង​តំបន់​ទេ នោះ​សង្គ្រាម​នៅ​ស៊ីរី ពិត​ជា​ពិបាក​បញ្ចប់​ណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ