ប្រធានាធិបតី អ៊ីស្រាអែលជ្រើសរើសលោកនេតាន់យ៉ាហ៊ូ ឲ្យបង្កើតរដ្ឋាភិបាលថ្មី
ចុះផ្សាយនៅថ្ងៃ: កែប្រែថ្ងៃទី:
បន្ទាប់ពីជំនុំពិភាក្សា អស់ជាច្រើនថ្ងៃ ប្រធានាធិបតីអ៊ីស្រាអែល លោក Reven Rivlin បានប្រកាសនៅយប់ថ្ងៃពុធម្សិលមិញ ជ្រើសរើស នាយករដ្ឋមន្រ្តីផុតអាណត្តិ គឺលោកបិនចាមីន នេតាន់យ៉ាហ៊ូ ឲ្យបង្កើតរដ្ឋាភិបាលចម្រុះថ្មី នៅក្រោយការបោះឆ្នោតសភា កាលពីថ្ងៃ ទី ១៧កញ្ញាកន្លងទៅ។ ប្រធានាធិបតី អ៊ីស្រាអែល បានជ្រើសរើសយកនេតាន់យ៉ាហ៊ូ បើទោះបីជាលោកបានទទួលសំឡេងសភា តិច ជាងលោក បេនី ហ្កង់ បេក្ខជនគូប្រជែងរបស់លោកនេតាយ៉ាហ៊ូ។ តើលោកនេតាន់យ៉ាហ៊ូ នឹងអាចបង្កើតរដ្ឋាភិបាលចម្រុះ ដើម្បី ស្រោចស្រង់ អ៊ីស្រាអែល ពីវិបត្តិជាប់គាំងនយោបាយ នៅពេលនេះ ដែរឬទេ?
លទ្ធផលបោះឆ្នោតជាតិ កាលពីថ្ងៃទី ១៧កញ្ញាកន្លងទៅ បានបង្ហាញថា គណបក្សLikudរបស់ នាយករដ្ឋមន្រ្តីផុតអាណត្តិ លោកបិនចាមីន នេតាន់យ៉ាហ៊ូ បានទទួល៣២អាសនៈ នៅរដ្ឋសភា ចំណែក គណបក្សគូប្រជែង របស់លោក គឺលោកបេនី ហ្កង់ បានអាសនៈ ដល់ទៅ ៣៣ នៅក្នុងចំណោមអាសនៈសរុប ១២០របស់រដ្ឋសភា។ លោកនេតាន់យ៉ាហ៊ូ បានទទួលសំឡេងឆ្នោត តិចជាង លោកបេនី ហ្កង់ មែន ប៉ុន្តែ លោកប្រធានាធិបតីបានសម្រេចជ្រើសរើសលោកនេតាន់យ៉ាហ៊ូឲ្យបង្កើតរដ្ឋាភិបាលថ្មី នៅអ៊ីស្រាអែល។
បន្ទាប់ពី ប្រជុំ ពិភាក្សា ជាមួយគ្រប់គណបក្សនយោបាយ ប្រធានាធិបតី អ៊ីស្រាអែល បានអះអាងថា លោកបានជ្រើសរើសលោកបិនចាមីន នេតាន់យ៉ាហ៊ូ ព្រោះថា លោកនេតាន់យ៉ាហ៊ូ នឹងអាចមានសំណាងច្រើន ដើម្បី ប្រមូលបានសំឡេងគាំទ្រភាគច្រើន នៅសភា។
ជាមួយគណបក្សសម្ព័ន្ធមិត្តមកពីខាងក្រុមស្តាំនិយម និងគណបក្សសាសនា គណបក្សLikud របស់លោកនាយករដ្ឋមន្រ្តីផុតអាណត្តិ នេតាន់យ៉ាហ៊ូ ទទួលបានអាសនៈ ៥៥ នៅរដ្ឋសភា ក្នុងពេលគណបក្សប្រឆាំងរបស់លោកបេនី ហ្កង់ អាចប្រមូលបានតែ ៥៤អាសនៈ នោះបើទោះបីជាមានការចូលរួម ពីខាងគណបក្សកណ្តាលនិយម និងគណបក្សអារ៉ាប់ ក៏ដោយ។
នៅមុនការសម្រេចរបស់ប្រធានាធិបតីទៅទៀត លោកនាយករដ្ឋមន្រ្តីផុតអាណត្តិ បិនចាមីន នេតាន់យ៉ាហ៊ូ ធ្លាប់បានបោះដៃ ទៅគណបក្សប្រឆាំងដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។ ប៉ុន្តែ នៅថ្ងៃ ពុធម្សិលមិញ លោកបានលើកសំណើនេះសាជាថ្មី ប៉ុន្តែ ត្រូវបានលោកបេនី ហ្កង់ បដិសេធ សាជាថ្មីថា លោកមិនអាចចូលរួមបង្កើតរដ្ឋាភិបាល ចម្រុះជាមួយ លោកបិនចាមីន នេតាន់យ៉ាហ៊ូនោះទេ។ បេនី ហ្កង់ បានពន្យល់ថា គឺ គណបក្សរបស់លោក ដែលនឹងមិនយល់ព្រម ឲ្យលោកចូលរួមបង្កើតរដ្ឋាភិបាលចម្រុះជាមួយមេដឹកនាំម្នាក់ ដែលកំពុងរងបទចោទប្រកាន់ ក្នុងរឿងអាស្រូវប្រព្រឹត្តអំពើពុករលួយ។
នៅសប្តាហ៍ក្រោយ លោកនេតាន់យ៉ាហ៊ូ នឹងត្រូវកោះហៅឲ្យទៅបកស្រាយ ក្នុងសំណុំរឿងសង្ស័យ បី ដូចជា ប្រព្រឹត្តអំពើពុករលួយ លួចបន្លំថវិកា និងរំលោភការជឿទុកចិត្ត។ ប្រសិនបើលោកនេតាន់យ៉ាហ៊ូជោគជ័យ បង្កើតឲ្យចេញរដ្ឋាភិបាលចម្រុះថ្មី នោះ នោះ លោកនឹងអាចត្រូវគេបង្ខំឲ្យចុះចេញពីតំណែង នាយករដ្ឋមន្រ្តី តែក្នុងករណីមានការសម្រេចផ្តន្ទាទោសពីតុលាការតែប៉ុណ្ណោះ។
បរាជ័យមិនអាចប្រមែប្រមូលសំឡេងគ្រប់គ្រាន់ ដើម្បី បង្កើតរដ្ឋាភិបាល លោកបិនចាមីន នេតាន់យ៉ាហ៊ូ ធ្លាប់បានរំលាយសភា និងរៀបចំ បោះឆ្នោត មុនកំណត់ កាលពីថ្ងៃទី ១៧កញ្ញា។ ប៉ុន្តែ លើកនេះ លោកនេតាន់យ៉ាហ៊ូ ដែលកាន់តំណែងជានាយករដ្ឋមន្រ្តី អ៊ីស្រាអែល ១០ឆ្នាំមកហើយ បានអះអាងថា លោកនឹងបើកផ្លូវឲ្យលោកបេនី ប្រសិនបើ លោក បរាជ័យមិនអាចប្រមូលសំឡេងបង្កើតរដ្ឋាភិបាលចម្រុះលើកនេះទៀត៕
selfpromo.newsletter.titleselfpromo.newsletter.text
selfpromo.newsletter.link.label