អានតួអត្ថបទ
អ៊ីរ៉ាក់

អ៊ីរ៉ាក់៖មានស្លាប់បាតុករ ៦នាក់នៅភាគខាងត្បូងដែលជាទីកន្លែងកំពុងបន្តមានការបះបោរយ៉ាងខ្លាំងក្លា

អ៊ីរ៉ាក់៖មានស្លាប់បាតុករ ៦នាក់នៅភាគខាងត្បូងដែលជាទីកន្លែងកំពុងបន្តមានការបះបោរយ៉ាងខ្លាំង
អ៊ីរ៉ាក់៖មានស្លាប់បាតុករ ៦នាក់នៅភាគខាងត្បូងដែលជាទីកន្លែងកំពុងបន្តមានការបះបោរយ៉ាងខ្លាំង REUTERS/Wissm al-Okili

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៣នាក់​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា​រវាង​កម្លាំង​ប៉ូលិស និង​ហ្វូង​បាតុករ​នៅ​ក្នុង​ទីក្រុង​ណាស៊ីរីយ៉ា ហើយ​បាតុករ ៣នាក់​ទៀត​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ខេត្ត​បាសូរ៉ា។ គួរ​រម្លឹក​ថា ជិត ២ខែ​មក​ហើយ​ដែល​ប្រទេស​អ៊ីរ៉ាក់​បាន​គ្របដណ្តប់​ដោយ​ចលនា​បះបោរ​មហាជន​មិន​ធ្លាប់​មាន​មួយ គិត​តាំង​ពី​ការ​ដួលរលំ​របប​សាដាមហ៊ូសេន​ក្នុង​ឆ្នាំ ២០០៣។ ក្រុម​បាតុករ​បាន​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​ប្រព័ន្ធ​នយោបាយ និង​ការ​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​ដែល​ពួក​គេ​ចោទ​ពី​បទ​​ពុករលួយ និង​អសមត្ថភាព។

ផ្សាយពាណិជ្ជកម្ម

ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ហិង្សា​រវាង​កម្លាំង​ប៉ូលិស និង​ហ្វូង​បាតុករ​បាន​កើត​មាន​ពេញ​មួយ​ថ្ងៃ​សៅរ៍​ឆ្លង​ចូល​ថ្ងៃ​អាទិត្យ ទី២៤ វិច្ឆិកា។ ជាមួយ​នឹង​ការ​បាត់បង់​ជីវិត​បាតុករ​យ៉ាង​តិច ៣នាក់​នៅ​ក្នុង​ទីក្រុង​ណាស៊ីរីយ៉ា​ដែល​មាន​ចម្ងាយ ៣០០គីឡូម៉ែត្រ​ពី​ទីក្រុង​បាកដាដ និង ៣នាក់​ទៀត​នៅ​ក្នុង​ខេត្ត​បាសូរ៉ា ចំនួន​មនុស្ស​ស្លាប់​សរុប​មាន​ប្រមាណ​ជា ៣៥០នាក់​គិត​តាំង​ពី​ថ្ងៃ​ផ្តើម​ផ្ទុះ​ចលនា​បះបោរ​មហាជន​ជិត ២ខែ​កន្លង​ទៅ។ ២ខែ​ដែល​អ៊ីរ៉ាក់​បាន​ស្គាល់​ភាព​វឹកវឹក​ខ្លាំង​មិន​ធ្លាប់​មាន​តាំង​ពី​ក្រោយ​ការ​ដួលរលំ​របប​សាដាមហ៊ូសេន​ក្នុង​ឆ្នាំ ២០០៣។

អ្វី​ដែល​ក្រុម​បាតុករ​បន្ត​ទាមទារ​យ៉ាង​ទទូច​ដោយ​មិន​រា​ថយ គឺ​កំណែទម្រង់​ស៊ីជ្រៅ​លើ​ប្រព័ន្ធ​នយោបាយ និង​ប្តូរ​ចេញ​ទាំង​អស់​នូវ​ថ្នាក់ដឹកនាំ​ដែល​ពួក​គេ​ចោទ​ពី​បទ​ពុករលួយ និង​គ្មាន​សមត្ថភាព។ ជិត ១ខែ​មក​ហើយ​ដែល​សាលារៀន​នៅ​តាម​ទីក្រុង និង​ខេត្ត​មួយ​ចំនួន​ស្ថិត​ប៉ែកខាងត្បូង​ត្រូវ​បាន​បិទទ្វារ។ តាម​គម្រោង​ក្នុង​ថ្ងៃ​អាទិត្យ ទី២៤ វិច្ឆិកា ក្រសួង​អប់រំ​ត្រូវ​ប្រកាស​បើក​សាលារៀន​ទាំង​នោះ​ឲ្យ​ទទួល​កូនសិស្ស​ឡើង​វិញ។ តែ​អ្នកកាសែត AFP ប្រចាំ​អ៊ីរ៉ាក់​បាន​ឲ្យ​ដឹង​ថា គ្មាន​សាលារៀន​ណា​មួយ​ក្នុង​ទីក្រុង​ណាស៊ីរីយ៉ា​បាន​បើក​ទ្វារ​ទេ ហើយ​ក្រុម​បាតុករ​បាន​បន្ត​បិទខ្ទប់​ច្រក ចេញ​ចូល​អាគារ​រដ្ឋ​មួយ​ចំនួន។ ទន្ទឹម​គ្នា​នេះ ក្រុម​បាតុករ​ក៏​បាន​ដុត​សំបក​កង់ឡាន​នៅ​លើ​ស្ពាន​ចំនួន ៥ ដែល​ឆ្លង​កាត់​ទន្លេ។

ចំណែក​នៅ​ក្នុង​ខេត្ត​បាសូរ៉ា​ស្ថិត​ប៉ែក​ខាងត្បូង​ប្រទេស​ដែល​ជា​ប្រភព​ប្រេងឆៅ​មួយ ក្រុម​បាតុករ​បាន​បិទ​ផ្លូវសំខាន់ៗ​មួយ​ចំនួន ដូច​យ៉ាង​ផ្លូវ​នាំ​ទៅ​កាន់​កំពង់ផែ Oum Qasr ដែល​ជា​ច្រក​នាំ​ទំនិញ​ចូល​យ៉ាង​សំខាន់។ តាម​គណៈកម្មការ​រដ្ឋាភិបាល​ស្តីពី​សិទ្ធិមនុស្ស កម្លាំង​ប៉ូលិស​បាន​អន្តរាគមន៍​បំបែក​ហ្វូង​បាតុករ​ដែល​ព្យាយាម​បិទខ្ទប់​ច្រក​ចូល​កំពង់ផែ​ដោយ​បណ្តាល​ឲ្យ​មាន​អ្នក​របួស​ប្រមាណ​ជា ១០នាក់។ ការ​ប៉ះទង្គិច​គ្នា​ក៏​មាន​ដែរ​រវាង​កម្លាំង​ប៉ូលិស និង​ក្រុម​បាតុករ​នៅ​ស្រុក Kerbala ដែល​ជា​ស្រុក​អ្នក​កាន់សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត​មាន​ចម្ងាយ ១០០គីឡូម៉ែត្រ​ពី​ទីក្រុង​បាកដាដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ