អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង្គការអាល់កៃដា និង​អង្គការរដ្ឋអ៊ីស្លាម ជា​អង្គការភេរវនិយម​ដែល​កំពុង​ប្រជែង​កម្លំាង​គ្នា តែ​មាន​មនោគមន៍វិជ្ជា​ដូចគ្នា

សំឡេង ០៥:១៤
ប្រមុខ​​អង្គការ​រដ្ឋអ៊ីស្លាម Abu Bakr al-Baghdadi និង​ប្រមុខ​អង្កការ​អាល់កៃដា Ayman Zawahiri
ប្រមុខ​​អង្គការ​រដ្ឋអ៊ីស្លាម Abu Bakr al-Baghdadi និង​ប្រមុខ​អង្កការ​អាល់កៃដា Ayman Zawahiri

ពិភពលោក​សព្វថ្ងៃ​បាន និង​កំពុង​បន្ត​ប្រឈម​មុខ​នឹង​អង្គការ​ភេរវនិយម​ចំនួន​ពីរ គឺ​អង្គការ​អាល់កៃដា និង​អង្គការ​រដ្ឋអ៊ីស្លាម។ ជាមួយ​នឹង​វត្តមាន​អង្គការ​រដ្ឋអ៊ីស្លាម​តំាង​ពី​ដើម​ឆ្នំា ២០១៤ អង្គការ​អាល់កៃដា​ហាក់​ដូច​ជា​បាន​ចុះ​ខ្សោយ​ឥទ្ធិពល​យ៉ាង​ខ្លំាង ពិសេស​តំាង​ពី​មេកើយ​អ៊ូសាម៉ា បិនឡាដិន​ត្រូវ​បាន​អាមេរិក​បាញ់​សម្លាប់​កាល​ពី​ឆ្នំា ២០១១ មក។ តែ​ជាមួយ​នឹង​ការ​ចេញ​មុខ​ប្រកាស​ពី​ស្នាដៃ​របស់​ខ្លួន​ក្នុង​ការ​វាយប្រហារ​លើ​ទីស្នាក់ការ​ទស្សនាវដ្តី Charlie Hebdo ក្នុង​ប្រទេស​បារំាង​កាល​ពី​ថ្ងៃទី៧ មករា​ថ្មីៗ​នេះ​មក អាល់កៃដា​ចង់​បង្ហាញ​ប្រាប់​ពិភពលោក​ថា ខ្លួន​នៅ​តែ​អាច​មាន​សមត្ថភាព​វាយប្រហារ​បស្ចិមលោក​ពេល​ណា​ក៏​បាន និង​នៅ​កន្លែង​ណា​ក៏​បាន​ដែរ។

ផ្សាយពាណិជ្ជកម្ម

មុន​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​បាន​លេច​រូបរាង​កាល​ពី​ដើម​ឆ្នំា ២០១៤ កន្លង​ទៅ អង្គការ​ភេរវនិយម​ដែល​បាន​គំរាមកំហែង​ពិភពលោក​ខ្លំាង​ជាង​គេ គឺ​អង្គការ​អាល់កៃដា​របស់​មេកើយ​អ៊ូសាម៉ា បិនឡាដិន។ តែ​តំាង​ពី​រូប​បិនឡាដិន​ត្រូវ​បាន​ទ័ពអាមេរិកំាង​បាញ់​សម្លាប់​ក្នុង​ឆ្នំា ២០១១ មក អង្គការភេរវនិយម​មួយ​នេះ​ហាក់​ដូច​ជា​បាន​ចុះ​ខ្សោយ​ឥទ្ធិពល​យ៉ាង​ខ្លំាង។ សព្វថ្ងៃ​នេះ អាល់កៃដា​កំពុង​ដឹកនំា​ដោយ​អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី​ដែល​ជា​មនុស្ស​មិន​សូវ​មាន​អំណាច និង​យុទ្ធសាស្រ្ត​ដូច​បិនឡាដិន​ទេ។ មួយ​វិញ​ទៀត អង្គការ​ភេរវនិយម​របស់​បិនឡាដិន​មួយ​នេះ​ក៏​បាន​ចុះ​ខ្សោយ​ដោយសារ​តែ​ប្រតិបត្តិការ​វាយប្រហារ​របស់​កម្លំាង​ទ័ព​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ក៏​ដូច​ជា​នៅ​ទីកន្លែង​ផ្សេង​ទៀត។ ពេញ​មួយ​ឆ្នំា ២០១៤ កន្លង​ទៅ ពោល​តំាង​ពី​លេច​ឈ្មោះ​វត្តមាន​​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី​មក ពិភពលោក​ហាក់​ដូច​ជា​មិន​សូវ​ចាប់​អារម្មណ៍​ខ្លំាង​លើ​ការ​គំរាមកំហែង​របស់​អង្គការ​អាល់កៃដា​ប៉ុន្មាន​ទេ តែ​បាន​នំា​គ្នា​ប្រយុទ្ធ​ទប់ទល់​នឹង​អង្គការ​រដ្ឋអ៊ីស្លាម។ នេះ​ក៏​ដោយសារ​ថា អង្គការ​រដ្ឋអ៊ីស្លាម​កំពុង​បង្ក​គ្រោះថ្នាក់​យ៉ាង​ខ្លំាង​ដល់​ពិភពលោក។

ជាក់ស្តែង​ថ្មីៗ​កន្លង​ទៅ អង្គការ​ភេរវនិយម​មួយ​នេះ​បាន​បង្ហាញ​ពី​រូបភាព​កាត់ ក អ្នកកាសែត​បរទេស និង​វាតទី​កាន់កាប់​ដែនដី​មួយ​ភាគ​របស់​អ៊ីរ៉ាក់ និង​ស៊ីរី។ តែ​អ្វី​ដែល​ពិភពលោក​ហាក់​ដូច​ជា​ភ្លេច​នោះ​គឺ​ថា អាល់កៃដា​កំពុង​មាន​សន្ទុះ​ខ្លំាង​នៅ​ក្នុង​ប្រទេស​យេម៉ែន។ ប្រទេស​យែម៉ែន​ដែល​ភេរវជន​បាញ់​ប្រហារ​លើ​ទីស្នាក់ការ​របស់​ទស្សនាវដ្តី Charlie Hebdo ក្នុង​ប្រទេស​បារំាង​បាន​ទៅ​ហ្វឹកហ្វឺន រៀនសូត្រ និង​ដែល​មេ​អាល់កៃដា​ប្រចំា​តំបន់​នៅ​យេម៉ែន​បាន​ចេញ​មុខ​ប្រកាស​ជា​ស្នាដៃ​របស់​ខ្លួន​តាម​រយៈ​ខ្សែអាត់​វីដេអូ​ខ្លី​មួយ​រយៈពេល ១០នាទី។ ទង្វើ​ប្រឆំាង Charlie Hebdo ស បញ្ជាក់​ឲ្យ​ឃើញ​ថា អាល់កៃដា​បាន និង​កំពុង​ព្យាយាម​ប្រជែង​កម្លំាង​ជាមួយ​អង្គការ​រដ្ឋអ៊ីស្លាម ពិសេស​កន្ត្រាក់អារម្មណ៍​ពិភពលោក​ជា​ថ្មី​ថា ខ្លួន​មិន​ទាន់​ស្លាប់​ទេ និង​អាច​វាយប្រហារ​បស្ចិមលោក​ពេល​ណា​ក៏​បាន និង​នៅ​កន្លែង​ណា​ក៏​បាន​ដែរ។

អាល់កៃដា និង​រដ្ឋអ៊ីស្លាម ជា​អង្គការ​ភេរវនិយម​មាន​រចនាសម្ព័ន្ធ​ខុស​គ្នា តែ​មាន​គោលដៅ​ដូច​គ្នា

អ្វី​ដែល​ខុស​គ្នា​រវាង​អង្គការ​ភេរវនិយម​ទំាង​ពីរ គឺ​រចនាសម្ព័ន្ធ និង​យុទ្ធសាស្រ្ត។ តែ​គោលដៅ​មាន​តែ​មួយ​ដូច​គ្នា គឺ​ប្រឆំាង​នឹង​បស្ចិមលោក។ និយាយ​ពី​រចនាសម្ព័ន្ធ អង្គការ​អាល់កៃដា​មាន​មេកើយធំ​របស់​ខ្លួន និង​គ្មាន​ទីស្នាក់ការកណ្តាល​ណា​មួយ​ច្បាស់លាស់​ទេ មាន​ន័យ​ថា អាល់កៃដា​បាន​បង្កើត​ជា​សាខា​នៅ​តាម​តំបន់​ដែល​អាច​នឹង​កែន​ប្រមូល​សមាជិក​របស់​ខ្លួន​បាន។ ថ្មីៗ​នេះ និង​ដើម្បី​ប្រជែង​កម្លំាង​ជាមួយ​អង្គការ​រដ្ឋអ៊ីស្លាម អាល់កៃដា​បាន​ប្រកាស​បង្កើត​សាខា​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ីខាងត្បូង។ សាខា​អាល់កៃដា​ដែល​កំពុង​មាន​ឥទ្ធិពល​ខ្លំាង គឺ​មាន AQMI នៅ​តំបន់​ម៉ាក្រែប និង AQPA នៅ​ក្នុង​ប្រទេស​យេម៉ែន។ យុទ្ធសាស្រ្ត​របស់​អាល់កៃដា គឺ​អំពាវនាវ​ឲ្យ​ក្រុម សកម្មជន​របស់​ពួក​គេ​ឲ្យ​ចេញ​មុខ​ប្រឆំាង​នឹង​បស្ចិមលោក។ ជា​ទូទៅ ក្រុមយុទ្ធជន​អាល់កៃដា​ច្រើន​​លាក់ខ្លួន​នៅ​តាម​តំបន់​ព្រៃភ្នំ រីឯ​ថវិកា​របស់​អាល់កៃដា​ទៀត​សោត​បាន​មក​ពី​ជំនួយ​លួចលាក់​ពី​ខាង​ក្រៅ។

ចំណែក​អង្គការ​រដ្ឋអ៊ីស្លាម​វិញ អង្គការ​ភេរវនិយម​មួយ​នេះ​មាន​រចនាសម្ព័ន្ធ​ដឹកនំា​ត្រឹមត្រូវ​ជា​ចំហ និង​មាន​ដែនដី​មួយ​ច្បាស់លាស់ គឺ​មួយ​ភាគ​របស់​ប្រទេស​អ៊ីរ៉ាក់ និង​មួយ​ភាគ​របស់​ស៊ីរី។ ប្រាក់ចំណូល​របស់​អង្គការ​រដ្ឋអ៊ីស្លាម​បាន​មក​ពី​ការ​លក់​ប្រេងឆៅ​ក្នុង​តំបន់​ដែល​ខ្លួន​គ្រប់គ្រង។ ជា​រៀងរាល់​ខែ លុយ​បាន​មក​ពី​ការ​លក់​ប្រេងឆៅ​មាន​ដល់​ទៅ​រាប់​លាន​ដុល្លារ។ ម្យ៉ាង​ទៀត កម្មវត្ថុ​សំខាន់​របស់​អង្គការ​រដ្ឋអ៊ីស្លាម គឺ​បង្កើត​រដ្ឋ​ផ្លូវការ​មួយ​នៅ​ក្នុង​ដែនដី​មួយ​ដោយ​បាន​អំពាវនាវ​ហៅ​ប្រជាជន​អ៊ីស្លាម​ទំាង​អស់​ឲ្យ​រួមរស់​ជាមួយ​ខ្លួន។ ពិត​ណាស់​ថា អង្គការ​រដ្ឋអ៊ីស្លាម​ក៏​បាន​អំពាវនាវ​ឲ្យ​សម្លាប់​ជន​លោកខាងលិច​ដែរ តែ​គ្មាន​ភស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ពី​ការ​ចូលរួម​ពិតប្រាដ​របស់​ពួក​នេះ ដូច​ទង្វើ​ចេញ​មុខ​របស់​ពួក​អាល់កៃដា​ទេ។ ក្នុង​ពេល​នេះ អង្គការ​រដ្ឋអ៊ីស្លាម​កំពុង​អូសទាញ​ក្រុម​សកម្មជន​របស់​អាល់កៃដា។ តែ​អ្វី​ដែល​ពិភពលោក​មិន​ត្រូវ​ភ្លេច​នោះ​គឺ​ថា អង្គការ​ភេរវនិយម​ទំាង​ពីរ​កំពុង​បង្ក​គ្រោះថ្នាក់​ដល់​ពិភពលោក​ដូច​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ