អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រជាជន​ស៊ីរី​ក្លាយ​ជា​ជនភៀសខ្លួន​ច្រើន ជាប់​ចំណាត់ថ្នាក់​ទី២ ក្នុង​ពិភពលោក

ជនភៀសខ្លួន​ស៊ីរី​រត់​ពី​សង្រ្គាម​ចូល​ទៅក្នុង​ទឹកដី​តួកគី កាលពី​ខែ​កញ្ញា ២០១៤
ជនភៀសខ្លួន​ស៊ីរី​រត់​ពី​សង្រ្គាម​ចូល​ទៅក្នុង​ទឹកដី​តួកគី កាលពី​ខែ​កញ្ញា ២០១៤ REUTERS/Stringer

ប្រជាជន​ស៊ីរី​បាន​ក្លាយ​ជា​ប្រជាជន​ដែល​ភៀសខ្លួន​ច្រើន​ជាងគេ នៅក្នុង​ពិភពលោក បន្ទាប់​ពី​ប្រជាជន​ប៉ាឡេស្ទីន។ យោងតាម​របាយការណ៍​ចេញផ្សាយ​នៅថ្ងៃ​នេះ ដោយ​​ឧត្តមស្នងការ​ដើម្បី​ជនភៀសខ្លួន របស់​អង្គការ​សហប្រជាជាតិ ប្រជាជន​ស៊ីរី ច្រើន​ជាង​៣​លាន​នាក់​បាន​រត់ភៀសខ្លួន​ពីសង្រ្គាម​ស៊ីវិល និង​កំពុង​ជ្រកកោន នៅក្នុង​ប្រទេស​ជិតខាង។ ការហូរចូល​ដោយ​គំហុក​នៃ​ជនភៀសខ្លួន កំពុង​បង្ក​ផលវិបាក និងក្លាយ​ជា​វិបត្តិ​ដែល​ដោះស្រាយ​មិន​ចេញ នៅក្នុង​ប្រទេស​ទទួល​ជនភៀសខ្លួន ដូចជា​ករណី​ប្រទេស​លីបង់​ជាដើម។ 

ផ្សាយពាណិជ្ជកម្ម

សង្រ្គាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ នៅ​មិន​ទាន់ចប់ នៅ​ស៊ីរី ជាង​៣​ឆ្នាំ​កន្លះ មកនេះ បាន​ធ្វើ​ឲ្យ​ជនភៀសខ្លួន​ស៊ីរី មាន​ចំនួន​ច្រើន រហូត​នាំមុខ​ប្រទេស​អាហ្វហ្កានីស្ថាន​ដែល​ធ្លាប់​ស្ថិតនៅ​ចំណាត់ថ្នាក់​ទីពីរ បន្ទាប់ពី​ប្រជាជន​ប៉ាឡេស្ទីន។ ការកើនឡើង​ដោយ​គំហុក បែបនេះ បាន​ធ្វើ​ឲ្យគេ​ព្រួយបារម្ភ ពី​វិបត្តិ​ជនភៀសខ្លួន​ស៊ីរី ទៅ​ថ្ងៃមុខ។ ត្រូវ​ដឹងថា ជនភៀសខ្លួន​អាហ្វហ្កានីស្ថាន ដែល​កំពុង​ជ្រកកោន នៅ​ប៉ាគីស្ថាន និង​នៅ​អ៊ីរ៉ាក់ មាន​ចំនួន សរុប ២លាន ៦​សែននាក់ ដោយសារ​​សង្រ្គាម​ស៊ីវិលអស់​ ៣០​ឆ្នាំ។

 
តាម​របាយការណ៍​របស់​ឧត្តមស្នងការ​ដើម្បី​ជនភៀសខ្លួន អង្គការ​សហប្រជាជាតិ គ្រាន់​តែ​ក្នុង​រយៈពេល​៦​ខែ​ដើម​ឆ្នាំ ២០១៤ មាន​ប្រជាជន​ស៊ីរី ជាង ៧សែន​នាក់ បាន​រត់គេច​ខ្លួន ពីសង្រ្គាម​នៅ​ស៊ីរី។ ចំនួន​នេះ​បាន​ធ្វើ​ឲ្យ​ជនភៀសខ្លួន​ស៊ីរី ក្នុង​រយៈពេល​តែ​៣​ឆ្នាំកើន​ដល់​ទៅ​ជាង ៣លាន​នាក់ គឺ​ច្រើន​ជាង​អាហ្វហ្កានីស្ថាន ដែល​សន្សំបាន​តែ​២លាន ៦​សែន​នាក់ ក្នុង​រយៈពេល​៣០​ឆ្នាំ។ ម្យ៉ាងទៀត បើ​ចំនួន​ភៀសខ្លួន​ស៊ីរី នៅតែ​មាន​ច្រើន​បែបនេះ ដូចឆ្នាំ ២០១៤ នោះ គេ​បារម្ភដែរថា ជនភៀសខ្លួន ស៊ីរី នឹង​កើន​ដល់​ជាង ៤​លាននាក់ នៅ​ចុងឆ្នាំ ២០១៥នេះ។ ចំនួន​នេះ​ច្រើន​ណាស់ ព្រោះ​ត្រូវ​ដឹងថា នៅមុន​សង្រ្គាម​ស៊ីវិល​ផ្ទុះឡើង ​នៅ​ខែ​មីនា ឆ្នាំ ២០១១ ស៊ីរី​មាន​ប្រជាជន​សរុប​ប្រមាណ ២០​លាន​នាក់​ប៉ុណ្ណោះ។ ប៉ុន្តែ សង្រ្គាម ប្រយុទ្ធ​បង្ហូរឈាម​គ្នា រវាង​ទ័ព​រដ្ឋាភិបាល​របស់​លោកប្រធានាធិបតី ស៊ីរី និង​ក្រុម​ប្រឆាំង​បាន​សម្លាប់​ជីវិត​មនុស្ស​ជាង ២សែននាក់ ដែល​ភាគច្រើន​ជា​ប្រជាជន​ស៊ីវិល។

លីបង់​ពេញហៀរ​ដោយ​ជនភៀសខ្លួន​ស៊ីរី
ការកើនឡើង​ជនភៀសខ្លួន​ស៊ីរី​បាន​ធ្វើ​ឲ្យ​តំបន់​ដើមបូព៌ា និង​អាហ្វ្រិក​ក្លាយ​ជា​កន្លែង​សំបូរ ជនភៀសខ្លួន ច្រើន​ជាងគេ ក្នុង​ពិភពលោក ដោយ​ទាញ​ចំណាត់ថ្នាក់​ពី​ទ្វីបអាស៊ី។ លីបង់ ហ្សកដានី តួកគី និង​អ៊ីរ៉ាក់ ប្រទេស​ជិតខាង​ស៊ីរី កំពុង​ទទួល​ជនភៀសខ្លួន ស៊ីរី​ជាង ៣​លាននាក់នេះ។ ប៉ុន្តែ មាន​តែ​លីបង់​ទេ ដែលមាន​ជនភៀសខ្លួន​ស៊ីរី​ច្រើន​ជាងគេ គឺ​ដល់​ទៅ ១​លាន ១​សែននាក់ ក្នុង​ពេល​ដែល​លីបង់​មាន​ប្រជាជន​សរុប ត្រឹម​ជាង ៤លាន ៨​សែននាក់​ប៉ុណ្ណោះ។ លីបង់​ទទួល​ជនភៀសខ្លួន​ស៊ីរី ច្រើន​ជាង​គេ ព្រោះ​អាស្រ័យ​ទៅលើ​ទីតាំង​ភូមិសាស្រ្ត។ សង្រ្គាម​ផ្ទុះ​ឡើង​ដំបូង​នៅ​ទីក្រុង​ហូម ដែល​រដ្ឋាភិបាល​របស់​លោក​បាស្ហា អាល់អាសាដ ចាត់ទុក​ជា​សំបុក​របស់​ក្រុមប្រឆាំង និង​បាន​បាញ់​ប្រហារ បំផ្លាញ​ផ្ទះ​សម្បែង​ច្រើនជាងគេ។ ប្រជាជន​នៅ​ទីក្រុង​ហូម ជាច្រើន​ម៉ឺននាក់ មិនថា ប្រជាជន​ស៊ីវិល ឬ​អ្នក​គាំទ្រ​ក្រុមប្រឆាំង​ស៊ីរី​បាន​រត់ពី​ការវាយប្រហារ សំដៅ​ទឹកដី​លីបង់។

មាន​ជនភៀសខ្លួន​ច្រើន​ក្នុង​ទឹកដី​របស់ខ្លួន ធ្វើ​ឲ្យ​រដ្ឋាភិបាល​លីបង់ សឹង​តែ​រស់​អាស្រ័យ ដោយសារ​ចរាចរណ៍​ជំនួយ​សម្រាប់​ប្រជាជន​ភៀសខ្លួន​បរទេស។ប៉ុន្តែ បច្ចុប្បន្ន ដោយសារ​តែ​ជំនួយ​អន្តរជាតិ សម្រាប់​ជនភៀសខ្លួន មាន​ការខ្វះខាត ហើយ​ចំនួន​ជនភៀសខ្លួន ក៏​កើនឡើង​មិនឈប់ លីបង់ កំពុង​ចង់​ស្ទះខ្យល់ និង​ស្រែក​អំពាវនាវ​រក​ជំនួយ ជា​បន្ទាន់​ដើម្បី​ដោះស្រាយ​វិបត្តិជនភៀសខ្លួន។ ថ្មីៗនេះ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​ជនភៀសខ្លួន​ហូរចូល​ដោយ​គំហុកពេក អាជ្ញាធរ​លីបង់​បាន​កំណត់​ឲ្យ​ប្រជាជន​ស៊ីរី ត្រូវតែមាន​ទិដ្ឋាការ ដើម្បី​អាច​ចូលទឹកដី​លីបង់។ នេះ​វិធានការ​តឹងរ៉ឹង​មួយ មិនធ្លាប់​មាន​ពីមុនមក និង​ត្រូវ​គេ​មើលឃើញ​ថា អាច​ជា​ការបិទ រឹតបន្តឹង រារាំង​មិន​ឲ្យ​ជនភៀសខ្លួន​បាន​ទទួល​សិទ្ធិការពារ​សុវត្ថិភាព។ ប៉ុន្តែ រហូតមកដល់​ពេលនេះ អង្គការ​សហប្រជាជាតិ​ផ្ទាល់​មិន​បាន​បន្ទោស​លីបង់​ទេ ព្រោះ គេយល់ចិត្ត​អាជ្ញាធរ​លីបង់ ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​សន្តិសុខ ការខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ ឬ​សុខាភិបាល ដោយសារ​តែ​ចំនួន​ជនភៀសខ្លួន​មាន​ច្រើន​ជាង​លទ្ធភាព​របស់​លីបង់។ ម្យ៉ាង អង្គការ​សហប្រជាជាតិ ក៏​គ្មាន​ដំណោះស្រាយ​ណាមួយ សម្រាប់​លីបង់ ក្រៅតែ​ពីស្រែក​រក​ជំនួយ​អន្តរជាតិ ដើម្បី​បន្ធូរ ការរែកពន្ធ​របស់​លីបង់​តែប៉ុណ្ណោះ។ តួកគីវិញ ក៏​កំពុង​ខ្វល់ខ្វាយ​ដែរ ព្រោះ​ប្រជាជន​ស៊ីរី កាន់តែ​ច្រើន រត់ចូល​ទៅក្នុង​ទឹកដី​តួកគី ដើម្បី​រត់គេច​ពី​ការវាយប្រហារ​របស់​ក្រុមជីហាត ឬ​ទ័ព​រដ្ឋាភិបាល​ស៊ីរី។

អឺរ៉ុប​ផ្ទាំងស៊ីប រិះគន់​ខាង​មិនសូវ​ទទួល​ជនភៀសខ្លួន​ស៊ីរី
រដ្ឋាភិបាល​អង់ការ៉ា បាន​រិះគន់​បណ្តា​ប្រទេស​អឺរ៉ុប​ដែល​បិទខ្ទប់ មិន​ចង់​​ទទួល​យក​ជនភៀសខ្លួន ស៊ីរី។ អង់ការ៉ា​រិះគន់​ប្រទេស​អឺរ៉ុប ព្រោះថា រហូត​មក អឺរ៉ុប​រឹតបន្តឹង អន្តោប្រវេសន៍ ដោយនឹង​ផ្តល់​សិទ្ធិរស់នៅ ទទួល​ជនភៀសខ្លួនណា ដែល​មាន​ឯកសារ​បង្ហាញថា ខ្លួន​រងគ្រោះដោយសារ​សង្រ្គាម។

នៅ​អឺរ៉ុប ប្រទេស​ដែល​ទទួល​ជនភៀសខ្លួន​ច្រើនជាងគេ គឺ​ស៊ុយអែត។ ស៊ុយអែត និង​អាល្លឺម៉ង់ ជា​គោលដៅ​សំខាន់​មួយ​របស់​ប្រជាជន​ស៊ីរី ដែល​បច្ចុប្បន្ននេះ បាន​ក្លាយ​ជា​ប្រជាជន​ដែល​ដាក់​ពាក្យ​សុំ​សិទ្ធិជ្រកកោន នៅ​ប្រទេស​ក្រៅ ច្រើន​ជាងគេ នៅក្នុង​ពិភពលោក។ ថ្មីៗនេះ ប្រជាជន​ស៊ីរី​ជាង ១ពាន់​នាក់ បាន​ធ្វើដំណើរ​តាម​កប៉ាល់​ដឹក​សត្វ ដោយ​ខុសច្បាប់​សំដៅ​អ៊ីតាលី។ ពួកគេ​បាន​ចំណាយ​ប្រាក់​រាប់ពាន់​ដុល្លារ ដើម្បី​បង់​ឲ្យ​ក្រុមជួញដូរ ដឹកពួកគេ​មក​ទឹកដីអឺរ៉ុប។ យោងតាម​ប្រធាន​ឧត្តមស្នងការ​ដើម្បី​ជនភៀសខ្លួន អឺរ៉ុប​ត្រូវតែ​ទទួល​ជនភៀសខ្លួន​ស៊ីរី។ បើសិន​គេ​មិន​ចង់​ឃើញ​លំហូរ​គំហុក​ជនភៀសខ្លួន​ស៊ីរី ក្នុង​ទឹកដីអឺរ៉ុប នោះ អឺរ៉ុប​ត្រូវ​តែ​ជួយដោះស្រាយ បិទបញ្ចប់​វិបត្តិ​សង្រ្គាម​ស៊ីវិល​នៅ​ស៊ីរី និង​ផ្តល់​ជំនួយ​ដើម្បី​ឲ្យ​ជនភៀសខ្លួន​ស៊ីរី នៅ​លីបង់ ឬ​តួកគី​អាច​រស់នៅ​សមរម្យបាន។ ដរាបណា​សង្រ្គាម​មិន​ចប់​នៅ​ស៊ីរី និង​ជំរំជនភៀសខ្លួន នៅ​តែ​ខ្វះខាត ជាពិសេស នៅរដូវត្រជាក់​បែបនេះ នោះ នឹង​មាន​ប្រជាជន​ស៊ីរី​ជាច្រើន​ទៀត ដែល​នឹង​ធ្វើដំណើរ​ដោយ​ខុសច្បាប់ និង​គ្រោះថ្នាក់ ឆ្លង​ចូល​ទឹកដី​អឺរ៉ុប៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ