អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រទេសរុស្ស៊ីទើបមាននាយករដ្ឋមន្ត្រីថ្មី

សំឡេង ០៥:២៨
លោក មីកាអ៊ីល មីឈូស្ទីន (Mikhaïl Michoustine) ដែលត្រូវរដ្ឋសភារុស្ស៊ី សម្រេចផ្តល់សេចក្តីទុកចិត្តលើបេក្ខភាពប្រមុខរដ្ឋាភិបាលរុស្ស៊ីថ្មី នៅថ្ងៃទី​១៦មករា​២០២០។
លោក មីកាអ៊ីល មីឈូស្ទីន (Mikhaïl Michoustine) ដែលត្រូវរដ្ឋសភារុស្ស៊ី សម្រេចផ្តល់សេចក្តីទុកចិត្តលើបេក្ខភាពប្រមុខរដ្ឋាភិបាលរុស្ស៊ីថ្មី នៅថ្ងៃទី​១៦មករា​២០២០។ Reuters

ថ្ងៃព្រហស្បតិ៍ ទី​១៦មករា សភាឌូម៉ា បាន​យល់​ស្រប​បោះឆ្នោតផ្តល់​សេចក្តីទុកចិត្ត​ចំពោះ​បេក្ខភាពនាយករដ្ឋមន្ត្រីថ្មី លោក Mikhail Mishustine ។ ប្រមុខរដ្ឋាភិបាលរុស្ស៊ីថ្មី មាន​អាយុ៥៣ឆ្នាំ ជាបណ្ឌិតវិទ្យាសាស្ត្រសេដ្ឋកិច្ច ល្បីខាងពូកែ  ហូតពន្ធបំពេញថវិកាជាតិ។ បេក្ខភាពថ្មី​នេះ  ត្រូវស្នើទៅទទួលការអនុម័តតាម​សំណើ​របស់​ប្រធានាធិបតី Vladimir Poutine   គឺក្រោយពីរដ្ឋាភិបាល លោក Dmitri Medvedev បានលាចេញពីតំណែង។ តើនាយករដ្ឋមន្ត្រីថ្មីដែលតាមលំដាប់អំណាច ចែងក្នុងរដ្ឋធម្មនុញ្ញប្រទេស ជាមនុស្សទី២នៅរុស្ស៊ីមានប្រវត្តិរូបយ៉ាងណា?

ផ្សាយពាណិជ្ជកម្ម

លោក Mikhail Mishustine បានកើតនៅក្រុងម៉ូស្គូ ថ្ងៃ៣ មីនា ឆ្នាំ១៩៦៦។ ពាក្យថា «កើតនៅម៉ូស្គូ» គឺមានឈាមជ័រចេញពីរដ្ឋធានីប្រទេស ខុសពីអ្នកមកពីក្រៅដែលបានទទួលសិទ្ធិរស់នៅក្នុងក្រុងនេះ។ ក្នុងឆ្នាំ ១៩៨៩ គាត់បានរៀនចប់វិជ្ជាស្ថានក្រុងម៉ូស្គូខាងម៉ាស៊ីន-ឧបករណ៍ តាមឯកទេសកម្ម “ប្រព័ន្ធធ្វើគម្រោងដោយស្វ័យប្រវត្ត”។ ៣ឆ្នាំក្រោយមក គាត់បានទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិតសាលានោះដែរ។ បន្ទាប់មក គាត់ក្លាយជានាយក មន្ទីរពិសោធន៍ខាងធ្វើតេស្ត ដោយដឹកនាំក្លឹបកុំព្យូទ័រអន្តរជាតិ។   

ក្នុងឆ្នាំ១៩៩៨ លោក Mikhail Mishustine ចូលបម្រើការងារឲ្យរដ្ឋក្នុងតំណែងជាជំនួយការខាងប្រមូល ព័ត៌មាន និងត្រួតពិនិត្យលើខ្ទង់ចំណូលនៃពន្ធហូតបានដោយស្ថាប័នពន្ធសហព័ន្ធរុស្ស៊ី។ បន្ទាប់មក គាត់បានធ្វើជាអនុរដ្ឋមន្ត្រីក្រសួងពន្ធអាករសហព័ន្ធរុស្ស៊ី , ជាអ្នកដឹកនាំ ទីភ្នាក់ងារសហព័ន្ធខាងវាស់ចុះ បញ្ជីសុរិយោដី នៅអម ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច, ជាអ្នកដឹកនាំទីភ្នាក់ងារសហព័ន្ធខាងគ្រប់គ្រងលើ តំបន់សេដ្ឋកិច្ចពិសេស​។

ក្នុងឆ្នាំ២០០៨ លោក  Mishustine បានដកខ្លួនចេញពីការងាររដ្ឋ ហើយជាប់ដៃរវល់ជាថ្មីនឹង Business លើកនេះ គឺក្នុងវិស័យវិនិយោគ។ នៅខែកុម្ភៈ ឆ្នាំ២០០៩ គាត់បានក្លាយជាក្របខណ្ឌបម្រុងរបស់ប្រធានាធិបតីរុស្ស៊ី ហើយនៅខែមេសា ឆ្នាំ២០១០ លោក​ត្រូវបានតែងតាំងជា អ្នកដឹកនាំស្ថាប័នពន្ធអាករសហព័ន្ធរុស្ស៊ី  FNS ។

ការងារក្នុង Business

ក្លឹបកុំព្យូទ័រអន្តរជាតិ  ជាទីដែលលោក Mishustine បានចាប់ផ្តើមធ្វើការ ក្នុងឆ្នាំ​១៩៩២ តាំងគោលដៅ ធ្វើ“សមាហរណកម្ម បច្ចេកវិជ្ជាកុំព្យូទ័ររុស្ស៊ីនិងបរទេស និយាយឲ្យចំ គឺទាក់ទាញបច្ចេកវិជ្ជា​ព័ត៌មានជឿនលឿនរបស់បស្ចិមលោក”។ ក្នុងឆ្នាំ១៩៩៣ លោក Mishustine ឡើងជានាយករួច បន្ទាប់មកជា ប្រធាននៃថ្នាក់ដឹកនាំ ក្លឹបកុំព្យូទ័រអន្តរជាតិ  ដោយទាក់ទាញឲ្យចូលមកក្នុងក្លឹបនេះ គឺក្រុមហ៊ុនបរទេសធំៗ ហើយគាត់ក្លាយជាអ្នកចាត់ចែងវេទិកាកុំព្យូទ័រអន្តរជាតិ  ដែលជាពិព័រណ៍កុំព្យូទ័រ មួយធំបំផុតនៅរុស្ស៊ី។

នៅខែមីនា ឆ្នាំ២០០៨ ក្រោយពីចាកចេញពីតំណែងជាអ្នកដឹកនាំទីភ្នាក់ងារសហព័ន្ធខាងគ្រប់គ្រងលើ តំបន់សេដ្ឋកិច្ចពិសេស លោក Mishustine អស់២ឆ្នាំ បានកាន់តំណែងជាប្រធាន UFG Capital Partners ។ គាត់បានទទួលបន្ទុកខាងគម្រោងដាក់ឲ្យដំណើរការ គឺ មូលនិធិអចលនទ្រព្យ ព្រមទាំងខាងអភិវឌ្ឍន៍ Business នៅតាមខេត្ត។  

ការងារបម្រើរដ្ឋ

នៅខែមេសា ឆ្នាំ២០១០ ក្រោយពីប្រធានាធិបតីបានតែងតាំងគាត់ក្នុងតំណែងជាប្រធានស្ថាប័នពន្ធអាករសហព័ន្ធរុស្ស៊ី  FNS, លោក Mikhail Mishustine តែងបានជាប់ដៃរវល់នឹងការអភិវឌ្ឍបច្ចេកវិជ្ជាព័ត៌មាននៃ ប្រព័ន្ធហូតពន្ធ។ ជាប់ទៅនឹងឈ្មោះគាត់ គឺ គំនិតផ្តួចផ្តើមបែបយ៉ាង អនុវត្តហត្ថលេខា ឌីជីថល់អេឡិកត្រូនិក និង លេខជាអត្តសញ្ញាណសម្គាល់អ្នកបង់ពន្ធឲ្យរដ្ឋ ។ 

ក្នុងតំណែងនេះ លោក  Mishustine បានប្រកាសសង្គ្រាមទល់នឹងទិន្នន័យដែលហៅថា” ក្រខ្វក់” ហើយ គាត់ដាក់ទសរំលើងឫស បញ្ហាខាងបង្វែរទៅវិញអាករលើតម្លៃបន្ថែម TVA ដោយគ្មានអ្វីជាមូលដ្ឋាន សំអាង។

ចំណែក ពួកសហគ្រិននាំគ្នាសង្ឃឹមថា ស្ថាប័នពន្ធអាករ  FNS ដឹកនាំដោយលោក Mishustine ដែល រូបគាត់ធ្លាប់ប្រកបរបរ Business ស្រាប់ មុខជានឹងចេះប្រែបានដូចចិត្តស្ថាប័ននេះ ឲ្យអនុគ្រោះពុំខាន ចំពោះអ្នករកស៊ី​។

លោក Mishustine ពីចំណែកគាត់គាំទ្រដល់ការប្រែឲ្យងាយស្រួលទៅសហប្រតិបត្តិការរវាងម្ខាងគឺ Business និង ប្រជាពលរដ្ឋនិងម្ខាងទៀត គឺអង្គការហូតពន្ធ។  ដើម្បីសម្រួលវិធីបង់ពន្ធសម្រាប់ពលរដ្ឋ  និង ដើម្បីប្រយុទ្ធទល់នឹងអំពើពុករលួយ លោក  Mishustine ថ្លែងថា គាត់មានបំណងអភិវឌ្ឍឲ្យបានជាអតិបរិមា នៅក្នុងស្ថាប័នគាត់ គឺ សេវាអេឡិកត្រូនិក ។

ក្រៅពីប្រើព័ត៌មានវិទ្យា ស្ថាប័នFNS ក្រោមការដឹកនាំលោក Mishustine បានអនុវត្តស្តង់ដារថ្មីៗ ខាងផ្តល់សេវាដល់ពួកអ្នកបង់ពន្ធ។ ជាអាទិ៍ សម្រាប់ភាពងាយស្រួលរបស់ពលរដ្ឋFNS បានពន្យារម៉ោងធ្វើការនៃអធិការកិច្ចពន្ធ។ ក្នុងឆ្នាំ២០១៥ FNS ថែមទាំងបានបើកឲ្យដំណើរការ  គឺមជ្ឈមណ្ឌលសម្រាប់ទំនាក់ទំនង ថ្នាក់សហព័ន្ធ ទៅផង។ 

ការងារវិទ្យាសាស្ត្រ

ទន្ទឹមនឹង ការដឹកនាំស្ថាប័នពន្ធ លោក Mishustine ក៏ដឹកនាំការងារវិទ្យាសាស្ត្រនៃមហាវិទ្យល័យ ពន្ធអាករ សាកលវិទ្យាល័យហិរញ្ញវត្ថុ នៅអមរដ្ឋាភិបាលសហព័ន្ធរុស្ស៊ីទៅផង។ ក្រោមការដឹកនាំរបស់គាត់  ឧទ្ទិសដល់ខួប ២៥ ឆ្នាំ នៃការបង្កើតអង្គការពន្ធនៅសហព័ន្ធរុស្ស៊ី មានចេញផ្សាយ សៀវភៅសិក្សា ក្រោម ឈ្មោះថា “ពន្ធអាករ និង របៀបគ្រប់គ្រងលើការហូតពន្ធ”។

ជីវភាពគ្រួសារ

លោក Mikhail Mishustine អាយុ៥៣ឆ្នាំ មានកូនប្រុស៣នាក់។  ប្រពន្ធគាត់ គឺ​លោកស្រី Vladlena Mishustna អាយុ៤៤ឆ្នាំ ជាសហស្ថាបនិកក្លឹបកុំព្យូទ័រអន្តរជាតិ។   មេគ្រួសារ លោក Mishustine មានចំណូលចិត្តលេង Hockey ។

ក្នុងអំឡុង១០ឆ្នាំ ដែលគាត់បានដឹកនាំស្ថាប័នពន្ធអាករសហព័ន្ធរុស្ស៊ី រូបគាត់និងភរិយាគាត់ រកបានចំណូលប្រមាណ ១.០០០ លានរូប្ល ។ ចំណូលគាត់ ក្នុង១ ឆ្នាំៗ  គឺពី១៩ ដល់៣០លាន រូប្ល។ រីឯ ចំណូលប្រពន្ធគាត់ ក្នុង១ឆ្នាំៗ គឺពី ៤៧ ដល់ ១៦០លានរូប្ល។ គ្រួសារនេះ រស់នៅក្នុងលំនៅមានផ្ទៃក្រឡា១៤០ម៉ែត្រការ៉េ ព្រមទាំងមានផ្ទះដាច់ដោយឡែក ទំហំជាង៨០០ម៉ែត្រការ៉េ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ