អានតួអត្ថបទ
កម្ពុជា

ក្រសួង​​ប្រៃសណីយ៍​​ បញ្ចប់​​តំណែង​​មន្ត្រី​​២​​រូប​​ក្រោយ​​បាត់​​លុយ​​​២៣​​ម៉ឺន​​ដុល្លារ​​

រូបសញ្ញារបស់​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
រូបសញ្ញារបស់​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ @MPTC

ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ ​បាន​ប្រកាស​បញ្ចប់​តំណែង​មន្ត្រី​ ២​រូប​របស់​ខ្លួន​ ដែល​​ជាប់​​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​បាត់​បង់​ប្រាក់​អង្គភាព​ចំនួន​​២៣ម៉ឺ​នដុល្លារ​ និង​​ធ្វើ​​ឲ្យ​​អង្គភាព​​បាត់​​បង់​​ទំនុក​​ចិត្ត។​ ការ​ប្រកាស​បញ្ចប់​តំណែង​នេះ ​បន្ទាប់​ពី​អធិការដ្ឋាន​ក្រសួង​ប្រៃសណីយ៍​ និង​​ក្រុម​​ការងារ​​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បាន​រក​ឃើញ​ថា ​មាន​​ការ​​ខ្វះ​​ខាត​​ធ្ងន់ធ្ងរ​​លើ​​ការងារ​​គ្រប់​​គ្រង​​ និង​ការ​ដឹកនាំ​របស់​ថ្នាក់​ដឹកនាំ​ទូ​រគមនាគមន៍​កម្ពុជា។​

ផ្សាយពាណិជ្ជកម្ម

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ ​កាល​ពី​ថ្ងៃ​ទី ​១៨​កុម្ភៈ​ មាន​ការ​តែងតាំ​ង ​និង​ប្រគល់​ភារកិច្ច ​ដល់​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ថ្មី​ និង​អគ្គនាយក​ស្តីទី​ នៃ​ទូរគមនាគមន៍​កម្ពុជា។ ​ការ​ប្រកាស​តែង​តាំង​ថ្មី ​ដែល​បន្ទាប់​ពី​លទ្ធផល​នៃ​អធិការ​កិច្ច​រួម​ រវាង​អធិការដ្ឋាន​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ និង​ក្រុម​ការងារ​នៃ​អង្គភាព​ប្រឆាំង​​អំពើ​ពុក​រលួយ ​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ បាន​កើត​ឡើងនៅ​ក្នុង​អង្គភាព​ទូរគមនាគមន៍ក​ម្ពុជា។​

ភាព​មិន​​ប្រក្រតី ​​ដែល​​រួម​មានដូ​ចជា កា​រ​កិប​កេង​លួច​បន្លំ​ប្រាក់​ចំណូល​របស់​អង្គភាព​ចំនួន ​២៣​ម៉ឺន​ដុល្លារ​អាមេរិក។ ​ការ​គ្រប់​គ្រង​ចំណូល ​ចំណាយ​ មិន​ច្បាស់​លាស់ ​គ្មាន​តម្លាភាព ​គ្មាន​គណនេយ្យ​ភាព ​ដែល​ធ្វើ​ឲ្យ​ចំណូល​ធ្លាក់​ចុះ ​បំណុល​កើ​ន​ឡើង​ជា​លំដាប់ ​និង​មាន​ចន្លោះ​ប្រយោង​ច្រើន​ ដែល​ឈាន​ទៅ​ដល់​ការ​កិប​កេង​ និង​ការ​លុប​បំណុល។ ​និង​មួយ​វិញ​ទៀត​ គឺ​មិន​បាន​យក​ចិត្ត​ទុកដា​ក់ត្រួត​ពិនិត្យ​ការ​គ្រប់​គ្រង​កិច្ច​បញ្ជី​ការ​គណនេយ្យ​ និង​ឯកសារ​ពាក់ព័ន្ធ​ ដែល​ធ្វើ​ឲ្យ​បាត់បង់​ឯកសារ​មាន​សារៈ​សំខាន់​ដោយ​ចេតនា។

​ដោយសារ​ប្រកាស​នេះ ​ក្រសួង​ បាន​សម្រេច​ឲ្យ​ លោក​ខូវ មករា អនុរដ្ឋលេខាធិការ ​និង​ជា​អ្នក​នាំពា​ក្យ​នៃ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ ​ឡើងជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ទូរគមនាគមន៍​កម្ពុជា​ ជំនួសលោ​កមា​ស ​ប៉ូ ដែល​កាន់​តំណែង​នេះ​ពី​មុន។ ​និង​​មួយ​ទៀត​ គឺ​លោក​សន វី​ អគ្គនាយក​រង​នៃ​ទូរគមនាគមន៍​កម្ពុ​ជា ​ត្រូវ​បាន​ប្រគល់​ភារកិច្ច​ជា​អគ្គនាយក​ស្តីទី​នៃ​ទូរគមនាគមន៍​កម្ពុជា​ ជំនួស​លោក​ឡាយ ម៉ារីវ៉ូ។ ហើយ​សមាសភាព​ក្រុម​ប្រឹក្សា​ភិបាល ​ក៏​ត្រូវ​បាន​កាត់​បន្ថយ​មក​នៅ​ត្រឹម​ ៥រូ​បវិញ ដើម្បី​កែសម្រួល​រចនា​សម្ព័ន្ធ​ដឹកនាំ​របស់​អង្គភាព។

លោក​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បាន​លើក​ឡើង​ថា​ ទោះ​​បី​ជា​មាន​ការ​បញ្ចប់​តំណែង​យ៉ាង​នេះ​ក៏​ដោយ ​ប៉ុន្តែ​បើ​តាម​បែបបទ​រដ្ឋបាល ​ប្រធាន​ស្ថាប័ន​នោះ ​ត្រូវ​ចេញលុ​យ​សង​មក​កាន់​រដ្ឋ​វិញ ​បើ​មិន​ដូច្នោះ​ទេ ​នឹង​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ជា​បន្ត​ទៀត។ ​យ៉ាង​ណា​ក៏​ដោយ ​លោកខូវ មករា ដែល​អ្នក​នាំ​ពាក្យ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ បាន​បញ្ជាក់​ថា​ ចំណាត់​ការ​សង​ ឬ​មិន​សង​ ត្រូវ​ចាំ​មើល​លើកា​រ​ស៊ើប​អង្កេត​ជា​បន្ត​ទៀត​សិន​ ដោយសារ​ពេល​នេះ​ខាង​ក្រសួង ​និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​នៅ​មិន​ទាន់​អាច​ចោទ​ប្រកាន់​ជន​ណាមួយ​បាន​នៅ​ឡើយ​ទេ ​ព្រោះ​បុគ្គល​ដែល​ត្រូវ​ដក​តំណែង​នោះ ​គឺ​គ្រាន់​តែ​សង្ស័យ​ថា​ជាប់​ពាក់​ព័ន្ធ​តែ​ប៉ុណ្ណោះ។

​លោក​ខូវ មករា ក៏​បាន​បន្ត​ថា​​ ដោយសារ​តែ​ក្រសួង​មាន​ការ​សង្ស័យ​ពី​រឿង​នេះ ​ទើប​កន្លង​មក​ក្រសួង​បាន​ស្នើ​សុំកិ​ច្ច​សហការ​ជាមួយអ​ង្គភាព​ប្រឆាំង​អំពើពុ​ក​រលួយ ​បង្កើត​ជា​អធិការ​កិច្ច​រួម​មួយ ​រហូតឈា​ន​ដល់​ការ​អង្កេត ​និង​ចេញ​ជា​លទ្ធផល​ជាក់​លាក់​បែប​នេះ។

គួរ​ជម្រាប​ជូនថា​ ចំណាត់​ការ​បែប​នេះ ​ត្រូវ​បាន​ក្រសួង​ប្រៃសណីយ៍ និ​ង​ទូរគមនាគមន៍​ អះ​អាង​ថា ​ជាកា​រ​អនុវត្ត​តាម​អភិក្រម​ «ឆ្លុះ​កញ្ចក់​ ងូតទឹក​ ដុស​ក្អែល​ និង​ព្យាបាល» ​តាម​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន ​ដែល​បាន​ណែនាំ​ដល់​មន្ត្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់តាំ​ង​ពី​ដើម​អណត្តិ​ទី​៥៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ