អានតួអត្ថបទ
ភូមា

អាមេរិក​ដាក់​ភូមា​ក្នុង​បញ្ជីខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស

US Secretary of State John Kerry holds a copy of the 2016 Trafficking in Persons Report during its release on June 30, 2016 at the State Department in Washington, DC .
US Secretary of State John Kerry holds a copy of the 2016 Trafficking in Persons Report during its release on June 30, 2016 at the State Department in Washington, DC . AFP

នៅថ្ងៃ​ព្រហស្បតិ៍នេះ ក្រសួង​ការបរទេស​អាមេរិក​​បាន​ចេញផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន​ ស្តីពី​ការជួញដូរ​មនុស្ស នៅ​ទូទាំង​ពិភពលោក ដោយ​នៅ​ក្នុងរបាយការណ៍​នេះ ភូមា ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​ថ្មីថ្មោង ត្រូវ​បាន​អាមេរិក​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជីខ្មៅ នៃ​ប្រទេស​ដែល​មានស្ថានភាព​អាក្រក់​បំផុត​នៅ​ក្នុង​ការ​ជួញដូរមនុស្ស ហើយ​ដែល​អាច​ត្រូវ​ទទួល​ទណ្ឌកម្ម​ពី​អាមេរិក។

ផ្សាយពាណិជ្ជកម្ម

ភូមា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ចំនួន ៨ ដែល​ត្រូវ​បាន​អាមេរិក​ដាក់​បញ្ចូល​ទៅក្នុង​បញ្ជីខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស​នៅ​ឆ្នាំ​នេះ ​(ប្រទេស ​៧ទៀត ​រួមមាន ​អ៊ូស្បេគីស្ថាន ​ជីប៊ូទី ​ហៃទី ​ប៉ាពូអាស៊ីនូវែលហ្គណេ ​ស៊ូដង់ ​ស៊ូរីណាម ​និង​ទួកម៉េនីស្ថាន)។ ប្រទេស​ដែល​ជាប់ក្នុង​បញ្ជីខ្មៅនេះ (បច្ចុប្បន្ន​មាន​​ទាំងអស់ ២៦ប្រទេស) ត្រូវ​បាន​វាយតម្លៃ​ថា​ជា​ប្រទេស​ដែល​មាន​ការ​ជួញដូរមនុស្សខ្លាំងក្លា​ ហើយ​រដ្ឋាភិបាល​​មិនបាន​ចាត់វិធានការ​សមរម្យ​ ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ។

គួរបញ្ជាក់ថា អាមេរិក​ធ្លាប់​​​ទទួលរង​នូវការ​រិះគន់​យ៉ាងខ្លាំង ដោយសារ​តែ​មិនបាន​ដាក់​បញ្ចូល​ភូមា​ទៅ​ក្នុងបញ្ជី​ខ្មៅ កាល​ពី​ឆ្នាំ​ទៅមិញ។ នៅពេលនោះ អង្គការ​សិទ្ធិមនុស្ស​ជាច្រើន​បាន​ចោទ​អាមេរិក​ថា បាន​បិទភ្នែក​ធ្វើ​ជា​មើ​លមិនឃើញ​ពី​បញ្ហា​ជួញដូរ​មនុស្ស​នៅ​ភូមា ដោយសារ​តែ​ចង់លើកទឹកចិត្ត​ដល់​រដ្ឋាភិបាល​របស់​លោកថេន សេន ឲ្យ​បន្ត​ធ្វើ​កំណែទម្រង់​ប្រជាធិបតេយ្យ។

ការសម្រេច​ដាក់បញ្ចូល​ភូមា​ទៅក្នុង​បញ្ជីខ្មៅ​នៅពេល​នេះ បាន​ទទួល​នូវ​ការ​អបអរ​សាទរ ពី​សំណាក់​អង្គការ​សិទ្ធិមនុស្ស ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា គេ​បាន​បង្ហាញ​នូវ​ការសោកស្តាយ ដែល​អាមេរិក​មិនបាន​បន្ត​រក្សា​ទុក​​​ប្រទេសថៃ​ឲ្យ​នៅ​ក្នុង​បញ្ជី​ខ្មៅ​ដដែល។

ប្រទេសថៃ​តែងតែ​ទទួលនូវ​ការ​រិះគន់​​ ជុំវិញ​លក្ខខណ្ឌ​ការងារ​របស់​ពលករ ជាពិសេស នៅ​ក្នុង​វិស័យ​នេសាទ ដោយ​របាយការណ៍​ស៊ើបអង្កេតខ្លះ​បាន​លើកឡើង​ថា ពលករ​ដែល​ធ្វើការ​ក្នុង​វិស័យ​នេសាទ​ថៃ មាន​ចំនួនច្រើន​ ដែល​ធ្វើការ​ក្នុងលក្ខខណ្ឌ​ដ៏អាក្រក់ ប្រៀបដូចជា​ទាសករ។ ការជួញដូរ​ និង​កេងប្រវ័ញ្ច​ទៅលើ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ក៏​ជា​ប្រធានបទ​នៃការរិះគន់​ផងដែរ។

ស្ថិត​នៅ​ក្នុង​ស្ថានភាពបែបនេះ អាមេរិក​បាន​សម្រេច​ដាក់​បញ្ចូល​ប្រទេស​ថៃ ទៅក្នុង​បញ្ជីខ្មៅ កាល​ពីឆ្នាំ​ទៅមិញ ក៏ប៉ុន្តែ ទើប​នឹង​បាន​សម្រេច​ដកចេញ​មកវិញ​នៅ​ឆ្នាំ​នេះ។

នាយកអង្គការ​ប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរ​មនុស្ស​ (ATEST) បាន​បង្ហាញ​នូវការ​សង្ស័យថា ការ​សម្រេច​ដកប្រទេសថៃ​ចេញ​ពី​បញ្ជីខ្មៅ គឺ​ប្រហែល​ជា​មាន​លក្ខណៈ​នយោបាយ​​ច្រើន​ជាង​បច្ចេកទេស ដោយសារ​តែ​ថៃ គឺ​ជា​សម្ព័ន្ធមិត្ត​ដ៏ជិតស្និទ្ធ​បំផុត​របស់​អាមេរិក នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ