អានតួអត្ថបទ
សហរដ្ឋមអាមេរិក

ការស្ទង់​មតិ៖ ប្រជាប្រិយភាព​របស់​លោក​អូបាម៉ា​ធ្លាក់​ចុះ​ខ្លាំង

លោក​អូបាម៉ា ប្រធានាធិបតី​អាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ ម៉ាឡេស៊ី នៅថ្ងៃ​ទី ២៦​មេសា ២០១៤
លោក​អូបាម៉ា ប្រធានាធិបតី​អាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ ម៉ាឡេស៊ី នៅថ្ងៃ​ទី ២៦​មេសា ២០១៤ © REUETERS/Samsul Said

ប្រជាប្រិយភាព​របស់​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ធ្លាក់ចុះ​យ៉ាងច្បាស់​ក្រឡែត បើ​ប្រៀបធៀប​នឹង​រយៈពេល​បីខែ​ដំបូង នៅ​ដើមឆ្នាំ។ លោក​អូបាម៉ា ដែល​ទើប​បញ្ចប់​ទស្សនកិច្ច បញ្ចុះបញ្ចូល​ប្រទេស​សម្ព័ន្ធ​មិត្ត​​ នៅ​អាស៊ី កំពុង​ត្រូវ​ប្រជាជន​អាមេរិកាំង​ក្នុង​ស្រុក រិះគន់ និង​បន្ទោស មិនពេញ​ចិត្ត​ចំពោះ​នយោបាយ​របស់​លោក​ប្រធានាធិបតី​ក្នុង​ការគ្រប់គ្រង​សេដ្ឋកិច្ច សុខភាព នៅអាមេរិក និង​នយោបាយ​ការបរទេស​របស់​លោក​ដើម្បី​​ដោះស្រាយ​វិបត្តិ​នៅ​អ៊ុយក្រែន។

ផ្សាយពាណិជ្ជកម្ម

 

ក្នុងរយៈពេល​តែ​បីខែ ប្រជាប្រិយភាព​របស់​ប្រធានាធិបតី​អាមេរិក​បាន​ប្រែប្រួល ដោយ​បាន​ធ្លាក់ចុះ​ពី​៤៦​ភាគរយ មក​នៅ​ត្រឹម ៤១​ភាគរយ។ នេះ​បើ​តាម​ការស្ទង់មតិ​ដែល​រៀបចំ​ឡើង​ដោយ​កាសែត​The Washington post និង​បណ្តាញ​ផ្សព្វផ្សាយ​ទូរទស្សន៍ ABC។ ការស្ទង់​មតិ ធ្វើឡើង​ពី​ថ្ងៃ​ទី ២៤​ដល់​ថ្ងៃ​ទី ២៧ មេសា ទៅលើ​មនុស្ស​មួយពាន់​នាក់​នៅ​អាមេរិក។

ការស្ទង់មតិ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​អាច​មាន​កំហុស​ភាន់ច្រលំ​តែ​ត្រឹម​៣,៥ភាគរយ​ប៉ុណ្ណោះ។ តាម​ការស្ទង់មតិ មនុស្ស​ប្រមាណ តែ​៤២​ភាគរយ​​ដែល​សំដែង​ការគាំទ្រ​នយោបាយ​សេដ្ឋកិច្ច​បច្ចុប្បន្ន​របស់​លោក​អូបាម៉ា។ មនុស្ស​៣៧​ភាគរយ​ដែល​ត្រូវ​បាន​សាកសួរ បាន​និយាយដែរ​​ថា ពួកគេ​ពេញចិត្ត​ច្បាប់​សុខភាព​ថ្មី ដែល​លោកអូបាម៉ា​បាន​បង្កើតឡើង ប៉ុន្តែ  មាន​​មនុស្ស​មិន​ដល់​៣៤​ភាគរយ​ផង​និយាយថា ពួកគេ​​ពេញចិត្ត​របៀប​ដោះស្រាយ​វិបត្តិ​អ៊ុយក្រែន​របស់​លោកប្រធានាធិបតី​អាមេរិក។

ការធ្លាក់​ចុះ​កូដ ប្រជាប្រិយភាព​អាច​ធ្វើ​ឲ្យ​លោកអូបាម៉ា និង​បក្ស​ប្រជាធិបតេយ្យ​របស់​លោក​មាន​ការព្រួយបារម្ភ ជាពិសេស នៅពេល​ដែលការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ដើម្បី​ផ្លាស់ប្តូរ​សមាជិក​សភា កាន់តែ​ខិត​ចូល​មកដល់។ នៅ​ខែ​វិច្ឆិកា អាមេរិក​នឹង​រៀបចំ​ការបោះ​ឆ្នោត ដើម្បី​ផ្លាស់ប្តូរ​សមាជិក​សភា​អ្នកតំណាង​ទាំងអស់​ប្រមាណ ៤៣៥​នាក់ ក្នុង​ពេល​​ដែល​ សមាជិក​ព្រឹទ្ធសភា​មួយភាគបី នៃ​សមាជិក​សរុប​១០០​រូប ក៏នឹងត្រូវ​ផ្លាស់ប្តូរ នៅក្នុង​ការបោះ​ឆ្នោត​​នោះដែរ។

តាម​កាសែត The Washington Post តាមបទពិសោធន៍​នៅក្នុង​ការបោះឆ្នោត​មុនៗ នៅពេល​ដែល​ប្រជាប្រិយភាព​របស់​ប្រធានាធិបតី​ធ្លាក់ចុះ បក្ស​របស់​ប្រធានាធិបតី​ក៏នឹង​ត្រូវ​សំពង​មួយ​ដំបង​យ៉ាង​ដំណំ​ដែរ។

បក្ស​សាធារណរដ្ឋ​កំពុង​គ្រប់គ្រង​សំឡេង​ភាគច្រើន​នៅ​សភាជាន់ទាប។ លទ្ធផល​បោះឆ្នោត នៅថ្ងៃ​ខាងមុខ​នឹង​អាច​ធ្វើ​ឲ្យ​មាន​ការប្រែប្រួល​នៅ​ព្រឹទ្ធសភា ដែល​រហូតមក​ដល់​ពេលនេះ នៅ​គ្រប់គ្រង​ដោយ​សំឡេង​ភាគច្រើន​របស់​​បក្ស​ប្រជាធិបតេយ្យ​របស់​លោក​អូបាម៉ា។ គេ​កំពុង​ចោទសួរថា តើ​បក្ស​សាធារណរដ្ឋ​នឹង​អាច​កេងចំណេញ​ពីការធ្លាក់ចុះ​ប្រជាប្រិយភាព​របស់​លោកអូបាម៉ា​ដើម្បី​ដណ្តើម​សំឡេង​ភាគច្រើន​ពី​បក្ស​ប្រជាធិបតេយ្យ​នៅ​ព្រឹទ្ធសភា​ដែរឬទេ។

ការចូលរួម​បោះឆ្នោត​ដើរតួនាទី​សំខាន់​ក្នុង​ការកំណត់​អ្នកឈ្នះ​លើកនេះ។ ក្រុមមនុស្ស​ចាស់ និង​អ្នកមាន​ស្បែកស ដែល​គាំទ្រ​បក្ស​សាធារណរដ្ឋ​និយាយ​រួចហើយ​ថា ពួកគេ​នឹង​ទៅបោះឆ្នោត​សភា​នៅ​ខែ​វិច្ឆិកា​ខាងមុខ។ ចំណែក​ក្រុមជនបរទេស និង​យុវជន​ដែល​ជា​ម្ចាស់​សំឡេងឆ្នោត​ធ្វើ​ឲ្យ​អូបាម៉ា​ឈ្នះ​ពីរ​អាណត្តិនោះ ហាក់​នៅមាន​ការរារែក មិន​ចង់​ទៅបោះឆ្នោត​ច្រើន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ