អានតួអត្ថបទ
អង្គការ​​​Opep​​

អង្គការ​​Opep៖​​​ផលិតកម្ម​ប្រេង​ក្នុង​ខែ​តុលា​​កន្លង​ទៅ​ បាន​កើន​​ខ្ពស់​​​​​

ទង់ជាតិ​អង្គការ​Opep នៅ​ទីស្នាក់ការ​ក្រុងវីយេន ប្រទេសអូទ្រីស​
ទង់ជាតិ​អង្គការ​Opep នៅ​ទីស្នាក់ការ​ក្រុងវីយេន ប្រទេសអូទ្រីស​ AFP PHOTO / ALEXANDER KLEIN

អង្គការ​ប្រទេស​នាំប្រេងចេញ ហៅ​កាត់ថា អង្គការOpep បានគូសបញ្ជាក់​នៅថ្ងៃសុក្រ​នេះថា ប្រេង​ដែលគេ​បូមបាន ​​​ក្នុង​ខែតុលា​កន្លងទៅ ​មាន​បរិមាណ​ខ្ពស់ រហូត​ដល់​៣៣លាន​៦សែន​៤ម៉ឺន​បារីល ឯណោះ ​ក្នុង​មួយថ្ងៃ។ ផ្ទុយទៅវិញ ​ប្រទេស​អង្គការ​Opep ទើបតែ​បាន​សម្រេច​កិច្ចព្រមព្រៀង​កាត់បន្ថយ​ការផលិត​ប្រេង​ កាលពីខែ​កញ្ញា​ប៉ុណ្ណោះ ដើម្បី ទប់​​មិន​អោយ​ប្រេងឆៅ​​ធ្លាក់ថ្លៃ​ខ្លាំង។ ​

ផ្សាយពាណិជ្ជកម្ម

ខែតុលា​កន្លងទៅ ក្រុម​​​ប្រទេស​​​​នៃ​អង្គការ​នាំប្រេងចេញ ​​Opep បានបូមប្រេងក្នុង​បរិមាណ​​៣៣លាន៦សែន៤ម៉ឺន​បារីល ក្នុង​មួយថ្ងៃ។ គិតទៅ ​គឺមាន​ការ​កើន​បរិមាណ​ដល់ទៅ​​​២សែន​៣ម៉ឺន​​៦ពាន់​បារីល​ក្នុង​មួយថ្ងៃ។ នីហ្សេរីយ៉ា លីប៊ី និង​អ៊ីរ៉ាក់ មាន​ភាព​សកម្ម​ក្នុង​ការ​​​បូមយក​ប្រេង​ ​ក្នុង​បរិមាណ​សន្ធឹកសន្ធាប់ ខណៈ​ប្រទេស​ទាំងនេះ កំពុងមានជម្លោះ​ហិង្សា​​​ក្នុងស្រុក។

​បណ្តា​​ប្រទេស​មិនមែន​សមាជិក​​អង្គការ​​Opep វិញ ក៏បានបង្កើន​ការ​ផលិត​ប្រេង​ដែរ កាលពី​ខែតុលា។ សម្រាប់​ការ​ផលិតប្រេង​គ្រប់​ប្រភេទ​ក្នុងពិភពលោក បរិមាណ​ផលិត​បានកើនថែម​​​ជាង​៩សែន៧ម៉ឺន​បារីល ក្នុង​មួយថ្ងៃ គិតសម្រាប់​ពេល​១ខែ។ ​​ការវិវត្តន៍​​នៃ​ដំណើរការ​ផលិត​ប្រេង​ ត្រូវបានទីភ្នាក់ងារ​ថាមពល​អន្តរជាតិ កត់សម្គាល់​ផងដែរ ក្នុង​របាយការណ៍​មួយ​ ចុះផ្សាយ​​កាលពី​ថ្ងៃព្រហស្បតិ៍​​។ សម្រាប់​ឆ្នាំ២០១៧ អង្គការ​​​Opep រំពឹង​​ថា ​តំរូវការ​ប្រេង​ក្នុង​ពិភពលោក ​​នឹង​កើន​ដល់​៩៥លាន​៥សែន​៥ម៉ឺនបារីល ​ក្នុង​មួយថ្ងៃ។

 

​គួររំលឹក​ថា ​កាលពី​ខែកញ្ញា ​បណ្តា​​ប្រទេស​អង្គការ​Opep បាន​សម្រេច​ចេញ​​​កិច្ចព្រមព្រៀង​កាត់បន្ថយ​ការផលិត​ប្រេង​ ​ដើម្បីទប់​ស្កាត់​មិនអោយ​តម្លៃ​​ប្រេងឆៅ​ធ្លាក់ចុះ​ខ្លាំង។ Opep ចង់​អោយ​ការផលិត​ប្រេង ធ្វើបាន​តែ​ចំណុះ​៣២លាន៥សែន​បារីល ទៅ​៣៣លាន​បារីល​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ។ ​អ៊ីរ៉ាក់ អ៊ីរ៉ង់ លីប៊ី រឺ​ក៏​នីហ្សេរីយ៉ា​មិនចង់​​កាត់បន្ថយ​ការផលិត​ប្រេង​​របស់​ខ្លួនទេ។

 

ថ្ងៃ​៣០វិច្ឆិកា​ ​​ខាងមុខនេះ អង្គការ​Opep​នឹង​បើក​កិច្ចប្រជុំ​ នៅ​ទីក្រុង​វីយេន ដើម្បី​ចែក​កូតា​តាម​ប្រទេស ​ដើម្បី​សម្រេចទិសដៅ​កាត់បន្ថយ​ការ​ផលិត​ប្រេង​នេះ​អោយបាន។ ទន្ទឹមនេះ​ដែរ ​Opep ចង់​សម្រេច​បាន​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ផលិតប្រេង​ធំៗ ដូចជា​រុស្ស៊ី​ជាដើម។ ក្រុង​ម៉ូស្គូ​​មានជំហរ​គាំទ្រ​ការជំរុញ​សន្ទុះ​តម្លៃ​ប្រេង​អោយ​ឡើងថ្លៃ​ក្នុង​ទីផ្សារ​ឡើងវិញ៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ