អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​ក្រុម​ជីហាត​អ៊ីរ៉ាក់​មាន​ដើមកំណើត​មកពីណា?

សំឡេង ០៦:៣៣
រូបភាព​បាន​ពី​ខ្សែអាត់វីដេអូ​​របស់​ក្រុម​ជីហាត​អ៊ីរ៉ាក់ ដែល​បង្ហាញ​ពី​ការ​ប្រហារ​ជីវិត​ដោយ​កាត់ក្បាល​អ្នក​កាសែត​អង់គ្លេស
រូបភាព​បាន​ពី​ខ្សែអាត់វីដេអូ​​របស់​ក្រុម​ជីហាត​អ៊ីរ៉ាក់ ដែល​បង្ហាញ​ពី​ការ​ប្រហារ​ជីវិត​ដោយ​កាត់ក្បាល​អ្នក​កាសែត​អង់គ្លេស REUTERS/Social Media Website via REUTERS TV

ក្រុម​ជីហាត​​អ៊ីរ៉ាក់​ទើប​នឹង​បាន​ផ្សព្វផ្សាយ​ខ្សែអាត់​វីដេអូ​មួយ​បង្ហាញ​ថា ពួកគេ​បាន​សម្លាប់​អ្នក​កាសែត​អាមេរិក​ម្នាក់ ដែល​ត្រូវ​ក្រុម​ជីហាត​ចាប់ខ្លួន​នៅ​ស៊ីរី ហើយ​បាន​គំរាម​សម្លាប់​អ្នក​កាសែត​មួយ​ទៀត​ ប្រសិនបើ​អាមេរិក​មិន​ព្រម​បញ្ឈប់​ការវាយប្រហារ​តាមផ្លូវ​អាកាស​នៅ​អ៊ីរ៉ាក់។ ការ​សម្លាប់​ដោយ​កាត់ក្បាល​អ្នក​កាសែត​បរទេស​នេះ​បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ ជាពិសេស លោកខាងលិច​មើល​ឃើញ​កាន់តែ​ច្បាស់ ពី​ការ​គំរាមកំហែង​សន្តិសុខ ដែល​បង្ករ​ឡើង​ដោយ​ក្រុម​ជីហាត​អ៊ីរ៉ាក់​នេះ។

ផ្សាយពាណិជ្ជកម្ម

 

តើ​ក្រុម​ជីហាត​​អ៊ីរ៉ាក់​មាន​ដើម​កំណើត​មក​ពីណា ហើយ​​ក្រុមនេះមាន​ទំនាក់ទំនង​អ្វី​នឹង​ក្រុម​ជីហាត​នៅ​ស៊ីរី?
 
ក្រុមជីហាត​នៅ​អ៊ីរ៉ាក់ និង​ក្រុម​ជីហាត​នៅ​ស៊ីរី គឺ​ជា​ក្រុម​តែមួយ។ តាមពិត គឺ​​ក្រុម​ជីហាត​ពី​អ៊ីរ៉ាក់ ដែល​ចូល​ទៅ​ជួយច្បាំង​ទល់​នឹង​លោក​បាស្ហា​អាល់អាសាដ នៅ​ស៊ីរី។

ក្រុមជីហាត​អ៊ីរ៉ាក់​​ គឺ​ជា​ក្រុម​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ុននីត មាន​ដើមកំណើតដំបូង​ជា​សាខា​មួយ​របស់​ក្រុម​អាល់កៃដា ហើយ​មាន​មេដឹកនាំ​ឈ្មោះ​ថា ហ្សាកាវី ក៏ប៉ុន្តែ ក្រោយ​មក ដោយសារ​តែ​ក្រុម​ហ្សាកាវី​នេះ​ជា​ក្រុម​ជ្រុលនិយម​ខ្លាំងពេក ក្រុម​អាល់កៃដា​ក៏​ប្រកាស​កាត់កាល់​លែងទទួលស្គាល់។

នៅ​ក្នុង​អំឡុង​ពេល​ដែល​កងទ័ព​អាមេរិក​ចូល​ឈ្លានពាន​អ៊ីរ៉ាក់ ពី​ឆ្នាំ​២០០៣ ហ្សាកាវី គឺ​ជា​គូសត្រូវ​ដ៏ធំរបស់​អាមេរិក។ ក៏ប៉ុន្តែ នៅក្រោយ​ពី​ហ្សាកាវី​ត្រូវ​ស្លាប់​ក្នុងការ​ទម្លាក់​គ្រាប់បែក​អាមេរិក នៅ​ឆ្នាំ​២០០៦ សាខា​អាល់កៃដា​នៅ​អ៊ីរ៉ាក់​នេះ​ក៏​ចាប់ធ្លាក់​ចុះខ្សោយ រួចហើយ​ក៏​ទៅចូលរួម​ជាមួយ​ក្រុម​ឧទ្ទាម​អ៊ីស្លាម​ផ្សេងទៀត ដើម្បី​បង្កើត​ជា​ក្រុមជីហាត ដែល​គេ​ដាក់ឈ្មោះ​ថា រដ្ឋអ៊ីស្លាម​អ៊ីរ៉ាក់។

ប៉ុន្តែ ចាប់ពីឆ្នាំ​២០០៧ ដោយសារតែ​អាមេរិក​បង្កើន​កងទ័ព​កាន់តែច្រើន​នៅ​អ៊ីរ៉ាក់ ក្រុមជីហាត “រដ្ឋអ៊ីស្លាមអ៊ីរ៉ាក់”​ នេះ ក៏​កាន់តែ​ធ្លាក់ចុះទន់ខ្សោយ​កាន់តែ​ខ្លាំង​ ហើយ​​ក៏​នាំគ្នា​រត់ទៅ​លាក់ខ្លួន​នៅ​តំបន់​ដាច់ស្រយាល​ នៅ​តាម​បណ្តោយ​ព្រំដែន រវាង​អ៊ីរ៉ាក់ និង​ស៊ីរី។ ក្រុមជីហាត “រដ្ឋអ៊ីស្លាម​អ៊ីរ៉ាក់” នេះ ក៏​ចាប់ផ្តើម​បាត់ឈ្មោះ លែង​សូវ​មាន​អ្នកណា​ចាប់អារម្មណ៍​ពីពេលនោះមក។
 
តើ​ហេតុអ្វី​បាន​ជា​ក្រុម​ជីហាត​អ៊ីរ៉ាក់​ចាប់ផ្តើម​រីកដុះដាលឡើងវិញ​នៅពេលនេះ?
 
ក្រុម​ជីហាត “រដ្ឋអ៊ីស្លាមអ៊ីរ៉ាក់” ចាប់ផ្តើម​កើនកម្លាំង​ឡើងវិញ ដោយសារតែ​មូលហេតុធំៗ​ពីរ គឺ​សង្រ្គាម​ស៊ីវិល​នៅ​ស៊ីរី និង​នយោបាយ​ប្រកាន់​បក្សពួកនិយម​របស់​លោក​នួរី អាល់ម៉ាលីគី នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់។

នៅពេល​ដែល​ប្រជាជន​ស៊ីរី ដែល​ភាគច្រើន​ជា​អ្នក​កាន់​និកាយ​ស៊ុននីត នាំគ្នា​ងើបឡើង​បះបោរ​ប្រឆាំង​នឹង​លោក​បាស្ហា អាល់អាសាដ ដែល​ស្និទ្ធ​នឹង​ក្រុម​ស្ហ៊ីអ៊ីត ក្រុម​ជីហាត​អ៊ីរ៉ាក់ ដែល​ជា​អ្នក​កាន់​និកាយ​ស៊ុននីត​ដូចគ្នា ហើយ​ដែល​មាន​ទីតាំង​នៅ​ក្បែរ​ព្រំដែន​ស៊ីរី​ស្រាប់ ក៏នាំគ្នា​ចូល​ទៅ​ជួយ​ក្រុម​ឧទ្ទាម​ស៊ីរី ដើម្បី​ច្បាំង​ទល់​នឹង​កងកម្លាំង​របស់​លោក​អាសាដ។

​នៅ​ក្នុង​សង្រ្គាម​ប្រឆាំង​នឹង​លោក​អាសាដ​នេះ​ហើយ ដែល​ក្រុម​ជីហាត​អ៊ីរ៉ាក់​ចាប់ផ្តើម​​ទាក់ទាញ​ការគាំទ្រ​កាន់តែ​ច្រើន​​ពី​អ្នក​កាន់​និកាយ​ស៊ុននីត ដោយ​អាច​ទាក់ទាញ​យុវជន​ពី​បរទេស​ឲ្យ​ចូល​ទៅ​ធ្វើ​ជីហាត ព្រមទាំង​​អាច​ស្វែងរក​ជំនួយ​ជា​គ្រឿងសព្វាវុធ និងលុយកាក់​បាន​កាន់​តែ​ច្រើន ដើម្បី​យក​មក​ពង្រឹងកម្លាំង​ឡើងវិញ។

ក្នុងពេល​ជាមួយគ្នា រដ្ឋាភិបាល​អ៊ីរ៉ាក់ ដឹកនាំ​ដោយ​​លោក​ ​នួរី អាល់ម៉ាលីគី ដែល​មក​ពី​និកាយ​ស៊្ហីអ៊ីត​ មាននយោបាយ​ប្រកាន់​បក្ស និង​​និកាយ​កាន់តែ​ខ្លាំង ធ្វើ​ឲ្យ​មានការ​បាក់បែក​នៅ​ក្នុង​ចំណោម​សហគមន៍​អ៊ីរ៉ាក់ ហើយ​ក្រុម​ស៊ុននីត​អ៊ីរ៉ាក់​កាន់តែ​ច្រើន​ចាប់ផ្តើម​នាំគ្នា​ប្រឆាំង​នឹង​រដ្ឋាភិបាល​។ ឆ្លៀត​ក្នុងស្ថានភាព​​នេះ ក្រុម​ជីហាត​អ៊ីរ៉ាក់​ក៏​បាន​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ឡើងវិញ​នៅអ៊ីរ៉ាក់ ដោយ​ពួកគេ​ទទួលបាន​ការគាំទ្រ​កាន់តែ​ខ្លាំងឡើងៗ ពី​សំណាក់​អ្នក​កាន់​និកាយ​ស៊ុននីត​ជ្រុលនិយម​ទាំង​នៅ​អ៊ីរ៉ាក់ និង​នៅ​បរទេស។

ឆ្លៀត​ក្នុងពេល​ដែល​រដ្ឋាភិបាល និង​កងទ័ព​អ៊ីរ៉ាក់​កំពុងតែ​មាន​ការ​បែកបាក់​គ្នា​ខ្លាំង​ស្រាប់ផង នៅ​​ពាក់កណ្តាល​ឆ្នាំ​២០១៤​នេះ ក្រុម​ជីហាត​អ៊ីរ៉ាក់​ក៏​ចាប់ផ្តើម​បើក​ប្រតិបត្តិការ​វាយលុក​ចូល​កាន់កាប់​ក្រុងធំៗ​​របស់​អ៊ីរ៉ាក់ រហូត​កាន់កាប់​ទឹកដី​បាន​មួយ​ផ្នែក​ធំ​នៅ​អ៊ីរ៉ាក់។ ​បូករួម​ជាមួយ​នឹង​ទឹកដី​មួយផ្នែក​នៅ​ខាង​ស៊ីរី ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ពួកគេ​ស្រាប់ ក្រុម​ជីហាត​អ៊ីរ៉ាក់​ ​ក៏​បាន​ប្រកាស​បង្កើត​ជា​រដ្ឋអ៊ីស្លាម ក្នុងទម្រង់​ជា​កាលីហ្វា (ទម្រង់រដ្ឋ​អ៊ីស្លាម​ដើម តាំង​ពី​សម័យ​ព្យាការី​មហាម៉ាត់)។
 
តើ​​ក្រុម​ជីហាត​នេះ​បាន​លុយ​មក​ពីណា​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដើម្បី​យក​មក​ធ្វើ​សង្រ្គាម​នៅ​ស៊ីរី និង​អ៊ីរ៉ាក់​នេះ?
 
បើតាម​ទីភ្នាក់ងារ​ចារកិច្ច និង​អង្គភាព​ប្រឆាំង​ភេរវកម្ម​របស់​អាមេរិក និង​ប្រទេស​នៅ​តំបន់​អឺរ៉ុប ក្រុម​ជីហាត​អ៊ីរ៉ាក់​មាន​ប្រភព​លុយ​សំខាន់ៗ​ពីរ។ ទីមួយ គឺ​បាន​មក​ពី​អណ្តូងប្រេង​ដែល​ពួកគេ​ដណ្តើម​កាន់កាប់ ជាពិសេស នៅ​តំបន់​ខាង​កើត​ប្រទេស​ស៊ីរី។ ប្រភព​លុយ​សំខាន់​ទីពីរ គឺ​បាន​ពី​ពួក​អ្នក​មានៗ ដែល​នៅ​តាម​បណ្តា​ប្រទេស​កាន់​និកាយស៊ុននីត នៅ​ក្នុង​តំបន់​ឈូងសមុទ្រ​ពែរស៍ ហើយ​រដ្ឋាភិបាល​ប្រទេស​ស៊ុននីត​ខ្លះ​ក៏​ប្រហែល​ជា​លួច​ផ្តល់​លុយកាក់​​ដល់​ក្រុម​ជីហាត​អ៊ីរ៉ាក់​នេះ​ដែរ។ នៅថ្ងៃ​ពុធ​នេះ រដ្ឋមន្រ្តី​មួយរូប​របស់​អាល្លឺម៉ង់​បានចោទ​ត្រង់ៗ​ថា គឺ​ប្រទេស​កាតារ ដែល​ជា​អ្នក​ផ្តល់​លុយកាក់​ដល់​ក្រុម​ជីហាត​អ៊ីរ៉ាក់ និង​ស៊ីរី។

តាមពិត​ ស្ទើរតែ​គ្រប់វិបត្តិ​ទាំងអស់ នៅ​ក្នុង​តំបន់​​មជ្ឈិមបូព៌ា ទោះជា​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​​ក៏ដោយ ឬ​ក៏​ជា​វិបត្តិ​នយោបាយ​ផ្ទៃ​ក្នុង​ប្រទេស​ ដូចជា​​នៅ​ស៊ីរី អ៊ីរ៉ាក់ អេហ្ស៊ីប ឬ​លីបង់ ក៏ដោយ នៅ​ពីក្រោយ​ គឺ​សុទ្ធតែ​មាន​ការ​ប្រជែង​អំណាច​គ្នា​ រវាង​ប្រទេស​​មហាអំណាច​ក្នុង​តំបន់ ជាពិសេស រវាង​អ៊ីរ៉ង់ ដែល​ជា​មហាអំណាច​ស៊ីអ៊ីត និង​អារ៉ាប៊ីសាអ៊ូឌីត ដែល​ជា​មហាអំណាច​ស៊ុននីត។ សូម្បីតែ​នៅ​ក្នុង​ចំណោម​ប្រទេស​ស៊ុននីត​ដូចគ្នា ក៏​នៅមាន​ការ​ប្រជែង​អំណាច​គ្នា​ដែរ ជាពិសេស គឺ​គេ​ឃើញ​ប្រទេស​កាតា ដែល​ជា​ប្រទេស​ស៊ុននីត​​តូចមួយ តែ​សម្បូរលុយ តែងតែ​ប្រើលុយ ដើម្បី​បង្កើន​ឥទ្ធិពល​នៅ​តាម​បណ្តា​ប្រទេស​​អារ៉ាប់ ប្រជែង​ជាមួយ​នឹង​អ៊ីរ៉ង់​ផង និង​ជាមួយ​អារ៉ាប៊ីសាអ៊ូឌីតផង។

ម្យ៉ាងទៀត គេ​សង្កេតឃើញ​ថា ជម្លោះ​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​នេះ​ភាគច្រើន​មាន​​ទម្រង់​ជា​ជម្លោះ​រវាង​ជាតិសាសន៍ ​ឬ​រវាង​ក្រុម និកាយ ​សហគមន៍​ នៅ​ក្នុង​ប្រទេស​តែមួយ ហើយ​ដើមឫស​នៃ​បញ្ហា គឺ​កើតចេញ​ពី​​មរតក​ ដែល​បន្សល់ទុក​ដោយ​មហាអំណាច​អាណានិគម​អឺរ៉ុប ជាពិសេស គឺ​បារាំង និង​អង់គ្លេស ដែល​​ធ្លាប់បាន​កាន់កាប់​តំបន់​មជ្ឈិមបូព៌ា​​ ដោយ​បាន​គូសវាស​ខ្សែបន្ទាត់​ព្រំដែន​តម្រូវ​តែ​ទៅតាម​ផលប្រយោជន៍​រៀងៗ​ខ្លួន ឬ​ដើម្បី​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​រដ្ឋបាល ឬ​ការ​ប្រមូលពន្ធ។ ក៏ប៉ុន្តែ នៅ​ក្រោយ​ពេល​ដែល​​អាណានិគម​ត្រូវ​រំសាយ​អស់ទៅ ការ​គូសវាស​បន្ទាត់​ព្រំដែន​នេះ វា​បន្សល់​ទុក​នូវ​ប្រទេស​ឯករាជ្យ​មួយចំនួន ​មាន​ជាតិសាសន៍ និកាយ ឬ​សហគមន៍​ខុសៗ​គ្នា​​ច្រើន​ស្អេក​ស្កះ ដែល​ពិបាក​នឹង​គ្រប់គ្រង​ ហើយ​ជាតិសាសន៍ និកាយ ឬ​សហគមន៍​ខ្លះ ត្រូវ​ខ្សែបន្ទាត់ព្រំដែន​អាណានិគម​​​ពុះចែក​ជា​ចម្រៀកៗ មួយផ្នែក​នៅ​ប្រទេស​មួយ មួយផ្នែក​​ឆ្លងព្រំដែន​ទៅនៅ​ក្នុង​ប្រទេស​ផ្សេងមួយទៀត។ ទាំងអស់​នេះ​វា​​ងាយ​នឹង​ធ្វើ​ឲ្យ​មាន​វិវាទ​រវាង​សហគមន៍​ផ្សេងគ្នា ហើយ​បន្តិចម្តងៗ វិវាទ​នេះ​ក៏​ត្រូវ​​ផ្ទុះ​​ទៅ​ជា​ជម្លោះ​ប្រដាប់អាវុធ​ដូច​សព្វថ្ងៃ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ