អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ផលប្រយោជន៍​សេដ្ឋកិច្ច​ធ្វើ​ឲ្យ​អឺរ៉ុប​បែកបាក់​គ្នា នៅចំពោះ​មុខ​រុស្ស៊ី

សំឡេង ០៥:០៣
ប្រជាជន​អ៊ុយក្រែន​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​បារាំង​ក្នុង​ទីក្រុង​គៀវ​ដើម្បី​ប្រឆាំង​កុំ​ឲ្យ​បារាំង​លក់​កប៉ាល់​ចម្បាំង​ទៅ​ឲ្យ​រុស្ស៊ី
ប្រជាជន​អ៊ុយក្រែន​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​បារាំង​ក្នុង​ទីក្រុង​គៀវ​ដើម្បី​ប្រឆាំង​កុំ​ឲ្យ​បារាំង​លក់​កប៉ាល់​ចម្បាំង​ទៅ​ឲ្យ​រុស្ស៊ី ©REUTERS/Valentyn Ogirenko

បញ្ជី​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប​ទៅលើ​រុស្ស៊ី​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅថ្ងៃ​ព្រហស្បតិ៍ ទី ២៤​កក្កដា។ សហភាព​អឺរ៉ុប​គ្រោង​ដាក់​​ទណ្ឌកម្មបន្ថែម​ទៅលើ​រុស្ស៊ី បន្ទាប់ពី​យន្តហោះ​ម៉ាឡេស៊ី​ដឹកនាំ​អ្នកដំណើរ​ត្រូវផ្ទុះ​ធ្លាក់​ដោយ​​គ្រាប់​មីស៊ីល​ដែល​អាច​បាញ់​ចេញ​ដោយ​ក្រុម​បំបែកទឹកដី​និយម​រុស្ស៊ី។ ប៉ុន្តែ តាំងពី​ថ្ងៃ​ចន្ទ សមាជិក​ធំៗ​របស់​អឺរ៉ុប​ចាប់ផ្តើម​សើរើ​រឿង​រសើប​រវាង​គ្នា​ទៅវិញ ទៅមក ដោយ​អង់គ្លេស​បាន​រិះគន់​បារាំង​ពី​រឿង​លក់​កប៉ាល់​ចម្បាំង​ទំនើប Mistrale ដែល​បារាំង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​រុស្ស៊ី នៅខែ​តុលាខាងមុខ ចំណែក​បារាំង​វិញ បាន​និយាយ​ឌឺដង​ទៅវិញ​ ដោយ​ស្នើ​ឲ្យ​ទីក្រុង​ឡុងដ៍​ចាប់​បណ្តេញ​អ្នកនយោបាយ មហាសេដ្ឋី​​​រុស្ស៊ី​ពី​ទឹកដី​អង់គ្លេស​​សិន មុន​នឹង​រិះគន់​បារាំង។​

ផ្សាយពាណិជ្ជកម្ម

រុស្ស៊ី​កំពុង​ឈរ​ឱបដៃ​មើល​សមាជិក​អឺរ៉ុបឈ្លោះ​គ្នាយ៉ាង​រំភើយ។ សមាជិក​ទាំង​២៨​របស់​អឺរ៉ុប​ត្រូវ​ប្រជុំ​គ្នាដើម្បីចាត់វិធានការ​រួម​គ្នា​ដាក់​ទណ្ឌកម្ម​ថ្មី​ទៅលើ​រុស្ស៊ី។ សហភាព​អឺរ៉ុបចង់​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៅលើ​រុស្ស៊ី ដោយសារ​តែ​ក្រុមបំបែក​ទឹកដី​អ៊ុយក្រែន ដែល​រុស្ស៊ី​គាំទ្រជួយ បាន​រារាំង ឬ​អាច​ជា​អ្នកបាញ់​មីស៊ីល​បំផ្លាញ​យន្តហោះ សម្លាប់​អ្នកដំណើរ ដែល​នៅក្នុង​នោះ មាន​ជាង​១៩០​នាក់​ជា​ជនជាតិ​ហូឡង់ ដែល​ជា​សមាជិក​មួយ​របស់សហភាព​អឺរ៉ុប។ ​​ប៉ុន្តែ បើ​សមាជិក​របស់​អឺរ៉ុប​គិត​តែ​ពីឈ្លោះគ្នា នោះ គេ​មិន​ឃើញ​មាន​ផ្លូវណា​ដែល​ធ្វើ​ឲ្យ​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​រុស្ស៊ី ទៅតាម​ការគ្រោងទុកនោះទេ។

 
កាលពីថ្ងៃ​អង្គារ​ គឺ​នាយករដ្ឋមន្រ្តី​អង់គ្លេស ដែលបាន​រើកកាយ​រឿង​បារំាង​ត្រូវ​បញ្ជូន​យន្តហោះ​ចម្បាំង ទៅលក់​ឲ្យ​រុស្ស៊ី។ ការបញ្ជូន​កប៉ាល់​ចម្បាំង​Mistrale​ទៅ​ឲ្យ​រុស្ស៊ី នៅ​ខែ​តុលា​ឆ្នាំនេះធ្វើ​ឲ្យ​បារាំង​រង​​ពាក្យ​បន្ទោស និង​រិះគន់ពី​ប្រទេស​សមាជិក​ផ្សេងទៀត​របស់​អឺរ៉ុប និង​ពី​អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត។ តាម​លោកនាយក​រដ្ឋមន្រ្តី​អង់គ្លេស ដាវីដ កាមឺរូន វា​ជា​រឿង​ដែល​គេ​មិន​នឹក​ស្មានដល់​ដែល​​ថា បារាំង​ត្រូវ​បញ្ជូន​កប៉ាល់​​ Mistrale​ទៅ​ឲ្យ​រុស្ស៊ី។ អង់គ្លេស​បាន​ស្នើ​ឲ្យ​បារាំង​ប្តូរជំហរវិញ។​ ចំណែក​អាមេរិក​វិញ​ក៏​បង្ហាញ​ក្តីបារម្ភ​ដូចនឹង​អង់គ្លេស ដោយ​បាន​ចាត់ទុក​ការបញ្ជូន​កប៉ាល់​ Mistrale​ទៅ​ឲ្យ​រុស្ស៊ីថា ជា​រឿង​មិន​សម​កាលៈទេសៈ ជាពិសេស​គឺ​ក្នុង​បរិបទ​ដែល​រុស្ស៊ី​បាន​លេប​យកទឹកដី​មួយផ្នែក​របស់​អ៊ុយក្រែន និង​កំពុងជួយ​​ការពារ​ក្រុម​ឧទ្ទាម​ផ្តាច់​ទឹកដី​អ៊ុយក្រែន ដែល​ត្រូវ​គេ​ជឿថា ជា​អ្នកបាញ់​ទម្លាក់​យន្តហោះ​ដឹកអ្នកដំណើរ​ម៉ាឡេស៊ី។

ហេតុអ្វី​បាន​ជា​កប៉ាល់​ Mistrale​បង្ក​ភាព​​ចម្រូងចម្រាស​រវាង​បារាំង​​ និងសម្ព័ន្ធមិត្ត? កប៉ាល់​ Mistrale​ដែល​មាន​តួនាទី​ដឹកឧទ្ធម្ភាគចក្រ គឺ​ជា​នាវា​ចម្បាំង​​ដែល​មាន​មុខងារ​ជា​ច្រើន​មុខ។ រុស្ស៊ី​ចង់​ទិញ​នាវា​ច​ម្បាំង​ Mistrale ព្រោះតែ​រុស្ស៊ី​នៅ​ខ្វះ​នាវា​ចម្បាំង​ដ៏ទំនើប​ប្រភេទ​នេះ​នៅ​ក្នុង​កងទ័ព​របស់ខ្លួន។ Mistrale មិនត្រឹមតែ​អាច​​ដឹក​ឧទ្ធម្ភាគចក្រ ប៉ុន្តែ វា​អាច​ជា​យាន​ដឹក​កងទ័ព​ជើងគោក​​ច្រើន​ជាង​៤០០​នាក់ រថពាសដែក និង​មន្ទីរពេទ្យ។ ជារួម​ រុស្ស៊ី​ត្រូវ​ការ​នាវាចម្បាំង​របស់បារាំង Mistrale ព្រោះ​វា​មិនត្រឹម​ជា​នាវា​សម្រាប់​ដឹកជញ្ជូន ប៉ុន្តែ វា​អាច​បញ្ជា​ប្រតិបត្តិការ​នៅក្នុង​សមរភូមិ​បាន​ដូច​នាវា​ចម្បាំង​ផ្សេងទៀត។

បារាំង​ចាប់ផ្តើម​ចរចា​លក់​នាវាចម្បាំង​ Mistrale​ទៅ​រុស្ស៊ី តាំងពី​ឆ្នាំ ២០០៨ គឺ​បន្ទាប់ពី​រុស្ស៊ី​វាយឈ្លានពាន​ប្រទេស​ហ្សីអកហ្សី។ នៅ​ផ្នែកការទូត កាលណោះ​បារាំង​ចង់​បង្ហាញ​ថា អឺរ៉ុប​មិន​បាន​ប្រកាន់​យករុស្ស៊ី​ជា​សត្រូវទេ។ ប៉ុន្តែ នៅផ្នែក​សេដ្ឋកិច្ច​វិញ បារាំង​ដែល​ចុះ​ហត្ថលេខា​​នៅ​ឆ្នាំ ២០១១ ជាមួយ​រុស្ស៊ី​បាន​ទទួល​ទឹកប្រាក់​ជាង​មួយ​ពាន់​លាន​អឺរ៉ូពី​រុស្ស៊ី ដោយ​បារាំង​សន្យា​សាងសង់​នាវា​ Mistrale​ចំនួន​ពីរ សម្រាប់​​រុស្ស៊ី។ នៅក្នុង​ទឹកប្រាក់​ជាង​មួយពាន់​លាន​អឺរ៉ូ ក្រៅតែ​ពី​ថ្លៃ​នាវា​ចម្បាំង បារាំង​ត្រូវ​ជួល​ឲ្យ​បង្រៀន​ក្រុម​ជើងទឹក​រុស្ស៊ី និង​លក់​បច្ចេកវិទ្យា​របស់​កប៉ាល់​ Mistraleទៅ​ឲ្យ​រុស្ស៊ី។

ចង់ ឬ​មិន​ចង់ បារាំង​មិន​ងាយ​នឹង​ដើរ​ថយក្រោយ​ ដោយ​ឈប់​បញ្ជូន​នាវា​ Mistrale​ទៅ​ឲ្យ​រុស្ស៊ី ទៅតាម​ការទាមទារ​របស់​ប្រទេស​សម្ព័ន្ធមិត្ត​របស់ខ្លួនទេ។ រដ្ឋាភិបាល​បារាំង​បាន​ការពារ​នយោបាយ​របស់ខ្លួន ដោយ​បាន​លើកឡើង​ពី​ផលប៉ះពាល់សេដ្ឋកិច្ច បើសិន​បារាំង​មិន​គោរព​តាម​កិច្ចសន្យា​។ ទីមួយ​គឺ​បារំាង​ត្រូវ​សង​ទាំង​ថ្លៃដើម និងបង់​​ជម្ងឺចិត្ត​២០​ភាគរយ​​ទៅ​ឲ្យ​រុស្ស៊ី។ ទីពីរ ប្រជាជន​បារាំង​ជាង​១០០០​នាក់​ដែលកំពុង​​ធ្វើការ​ពឹង​អាស្រ័យ​លើ​ការដ្ឋាន​សង់​នាវា​ចម្បាំង​ទាំង​ពីរ​នឹង​បាត់បង់​ចំណូល ហើយ​ដែល​នឹង​ក្លាយ​ជា​បន្ទុក​របស់​រដ្ឋបារាំង​ដែល​កំពុង​មាន​សេដ្ឋកិច្ច​ដើរ​អូសជើង​ទៅ​ហើយ​នោះ។ ​ទីបី​បើសិន​បារាំង​មិន​ធ្វើ​តាម​កិច្ចសន្យាលក់ នោះ​គឺ​សហគ្រាស​អាវុធ​របស់​បារាំង​នឹង​មាន​កេរ្តិ៍ឈ្មោះ​អាក្រក់ ព្រោះថា ប្រទេស​ផ្សេងទៀតដូចជា​ឥណ្ឌា ឬ​អារ៉ាប៊ី សាអូឌីត​ជាដើម ដែល​បារាំង​ចង់​លក់​យន្តហោះ​ចម្បាំង​ឲ្យនោះ នឹងអាច​​រារែក លែង​ទុកចិត្ត ​ចង់​ទិញសព្វាវុធ​របស់​បារាំង។

ក្នុងស្ថានភាព​បច្ចុប្បន្ន បារាំង​មិន​ចង់​ធ្វើការ​លះបង់​តែម្នាក់ឯង និង​បាន​ស្នើ​ឲ្យ​ប្រទេស​អឺរ៉ុប​ផ្សេងទៀត ដែល​ធ្វើ​ជំនួញ​ជាមួយ​រុស្ស៊ី​មាន​តម្លាភាព។ រដ្ឋមន្រ្តីការបរទេស​បារាំង កាលពីថ្ងៃ​ពុធ​បាន​ប្រាប់​ឲ្យ​អង់គ្លេស​ចាត់ការ​បោសសម្អាត​ក្រុម​អ្នកមាន​រុស្ស៊ី ដែលកំពុង​ធ្វើ​ជំនួញ​​ផ្តល់​ប្រយោជន៍​សេដ្ឋកិច្ច​ដល់​​ទីក្រុង​ឡុងដ៍។

នាករដ្ឋមន្រ្តី​អង់គ្លេស​វិញ​ដែល​បាន​ស្នើ​ឲ្យ​មាន​ការហាម​លក់​អាវុធ​ទៅ​ឲ្យ​រុស្ស៊ី នៅក្នុង​បញ្ជី​ទណ្ឌកម្ម​ថ្មី បាន​អះអាង​ថា អង់គ្លេស​បាន​ផ្អាក​លក់​អាវុធ​ទៅ​រុស្ស៊ី ចាប់តំាង​ពី​ពេល​រុស្ស៊ី​ភ្ជាប់តំបន់​​គ្រីមេ​របស់​អ៊ុយក្រែន​ចូល​ក្នុង​ទឹកដី​របស់ខ្លួន។ ប៉ុន្តែ របាយការណ៍​របស់​សភា​អង់គ្លេស កាលពីថ្ងៃ​ពុធ បាន​បង្ហាញ​ផ្ទុយពីនេះ ដោយ​បាន​សរសេរ​ថា រដ្ឋាភិបាល​អង់គ្លេស​នៅ​បន្ត​ផ្តល់​អាជ្ញាប័ណ្ណ​​ដល់​ក្រុមហ៊ុន​អង់គ្លេស​ឲ្យ​លក់​អាវុធ​ដល់​រុស្ស៊ី។ ជាសរុប​នៅក្នុង​កិច្ចសន្យា​​លក់​អាវុធ​ជាង​២៥០​ដែលមាន​តម្លៃ ១៦៧​លាន​អឺរ៉ូ អង់គ្លេស​លក់​ទៅ​ឲ្យ​រុស្ស៊ី នូវ​សម្ភារៈ​យោធា ដូចជា​អាវការពារ​គ្រាប់ អាវុធ​ធុនស្រាល និង​កែវឆ្លុះ​ពេលយប់។ សំណុំរឿង​លក់​អាវុធ​របស់ប្រទេស​សមាជិក​អឺរ៉ុប​ទៅ​ឲ្យ​រុស្ស៊ី​បាន​សើរើ រាលដាល​ទៅដល់​​អាល្លឺម៉ង់​ ដែល​ជាប្រទេស​នាំ​ចេញ​អាវុធ​ធំទីបី​នៅក្នុង​ពិភពលោក បន្ទាប់ពី​អាមេរិក និង​រុស្ស៊ី។ ប៉ុន្តែ រដ្ឋមន្រ្តី​អាល្លឺម៉ង់​បាន​អះអាងថា អាល្លឺម៉ង់​ឈប់​លក់​អាវុធ​សម្រាប់ធ្វើ​សង្រ្គាម​ទៅ​ឲ្យ​រុស្ស៊ី តាំងពី​ឆ្នាំ ២០០៥។ បច្ចុប្បន្ន ក្នុង​ហេតុផល​សេដ្ឋកិច្ច អាល្លឺម៉ង់​លក់​តែ​អាវុធ​ធុនស្រាល ដែល​រដ្ឋាភិបាល​អាល្លឺម៉ង់​នឹង​អាច​សើរើ​ពិចារណា​ឡើងវិញ ទៅតាម​ជំហរ​របស់​រុស្ស៊ី នៅក្នុង​វិបត្តិ​អ៊ុយក្រែន៕  
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ