អានតួអត្ថបទ
ខ្មែរក្រហម

​សាឡុត ស ពេល​រៀន​នៅ​ប៉ារីស​ និង​ឥទ្ធិពល​បក្ស​កុម្មុយនិស្ត​បារាំង

បុរីនិស្សិត​អន្តរជាតិ​ក្រុង​ប៉ារីស ដែលមេដឹកនាំ​ខ្មែរក្រហម​ធ្លាប់​ស្នាក់​នៅ ពេល​រៀន​នៅ​ប៉ារីស
បុរីនិស្សិត​អន្តរជាតិ​ក្រុង​ប៉ារីស ដែលមេដឹកនាំ​ខ្មែរក្រហម​ធ្លាប់​ស្នាក់​នៅ ពេល​រៀន​នៅ​ប៉ារីស RFI/Dyna Seng

កាលពីសប្តាហ៍​មុន លោក-អ្នកនាង​បាន​ជ្រាប​រួចមក​ហើយ​ថា នៅឆ្នាំ​១៩៤៩ សាឡុត ស បាន​ជាប់ឈ្មោះ​ ក្នុង​ចំណោម​និស្សិត​ខ្មែរ ២១ រូប ដែល​ទទួល​បាន​អាហារូបករណ៍​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​បារាំង។ នៅ​ទីក្រុង​ប៉ារីស​នោះហើយ ដែល​សាឡុត ស ទទួលឥទ្ធិពល​ពី​លទ្ធិកុម្មុយនិស្ត​ខ្លាំង រហូត​បាន​ចូលជា​សមាជិក​បក្ស​កុម្មុយនិស្ត​បារាំង។

ផ្សាយពាណិជ្ជកម្ម

ក្រោយពី​ធ្វើដំណើរ​តាម​កប៉ាល់ អស់​រយៈពេល​ប្រមាណ​ជិត​មួយខែ សាឡុត ស និង​សិស្ស​អាហារូបករណ៍​២០នាក់​ផ្សេងទៀត បាន​មកដល់​ប្រទេស​បារាំង នៅក្នុង​អំឡុង​ខែ​កញ្ញា ឆ្នាំ១៩៤៩។ សាឡុត ស បាន​ស្នាក់នៅ​បុរី​និស្សិត​មួយ​ក្នុង​ក្រុង​ប៉ារីស ដែល​គេហៅ​ជា​ភាសា​បារាំង​ថា “Cité Universitaire de Paris”។

នៅក្នុង​អំឡុង​ពេលនោះ លទ្ធិ​កុម្មុយនិស្ត​កំពុងតែ​មាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​នៅ​ប្រទេស​បារាំង។ បក្ស​កុម្មុយនិស្ត​បារាំង គឺ​ជា​បក្ស​កុម្មុយនិស្ត​ធំជាងគេ​បង្អស់ នៅ​អឺរ៉ុប​ខាងលិច។ ក៏ប៉ុន្តែ ភ្លាមៗនោះ សាឡុត ស នៅ​មិនទាន់​ចាប់អារម្មណ៍​នឹង​រឿង​នយោបាយ​ខ្លាំងក្លា​ណាស់ណា៎​នៅឡើយ​ទេ។

នៅក្នុង​អំឡុង​វិស្សមកាល​រដូវ​ក្តៅ ឆ្នាំ​១៩៥០ សាឡុត ស និង​និស្សិត​ខ្មែរ​១៧នាក់​ផ្សេងទៀត បាន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​កងយុវជន ដើម្បី​ទៅ​ធ្វើការ​នៅ​ប្រទេស​យូហ្គោស្លាវី ដែល​ជា​ប្រទេស​កុម្មុយនិស្ត ស្ថិតនៅ​អឺរ៉ុប​ខាង​កើត។ សាឡុត ស បាន​ចំណាយពេល​មួយខែ នៅ​ប្រទេស​យូហ្គោស្លាវីធ្វើការ​ដោយ​ប្រើ​កម្លាំង​សុទ្ធសាធ​ជាមួយ​ប្រជាជន​យូហ្គោស្លាវី។

យូហ្គោស្លាវីដែល​បាន​ផ្តាច់​សម្ព័ន្ធភាព​ជាមួយ​សហភាព​សូវៀត​ កាលពី​ឆ្នាំ១៩៤៨ គឺ​ជា​ប្រទេស​ប្រកាន់យក​របប​ដឹកនាំ​បែប​សង្គមនិយម។ ជា​ប្រទេស​ឯកោ ដែល​ប្លុក​កុម្មុយនិស្ត​របស់​សូវៀត​ក៏​មិន​រាប់រក ប្លុកសេរី​លោក​ខាងលិច​ក៏មិន​រាប់រក។ ស្ថិតក្នុង​ភាព​ឯកោ ព្រមទាំង​ប្រឈមមុខ​នឹង​ការ​គម្រាមកំហែង​ពី​សំណាក់​សហភាព​សូវៀត​របស់​ស្តាលីន​បែបនេះ ប្រធានាធិបតី​យូហ្គោស្លាវីគឺ​លោកទីតូបាន​ប្រមូល​កៀងគរ​ប្រជាជនឲ្យមក​ធ្វើការ​ក្នុង​ការដ្ឋាន​សំណង់​ធំៗ ដើម្បី​កសាង​ប្រទេស។

យោងតាម​លោក David Chandler ប្រហែលជា​មកពី សាឡុត ស មើលឃើញ​ពី​គំរូ​របស់​ប្រទេស​យូហ្គោស្លាវីបែបនេះ​ហើយ បានជា​នៅពេល​គាត់​កាន់​អំណាច​ គាត់​បាន​បង្ខំឲ្យ​ប្រជាជន​កម្ពុជា​ធ្វើការ​ក្នុង​ការដ្ឋាន​ធំៗ ដូចជា​ លើក​ទំនប់ ជីក​ប្រឡាយ និង​ការដ្ឋាន​សំណង់​ផ្សេងៗទៀត។ ក៏ប៉ុន្តែ សាឡុត ស ខ្លួនឯង ក្នុងបទសម្ភាសន៍​ជាមួយ​លោក​ Nate Thayor ​បាន​អះអាង​ថា របៀបដឹកនាំ​របស់​គាត់​មិនបានចម្លង​ពី​​ប្រទេស​ណាមួយ​ជាក់លាក់​នោះទេ ប៉ុន្តែ ជា​គំរូ​ចម្រុះ​ពី​គ្រប់​កន្លែង។

ក្រោយពេល​ត្រឡប់ពី​យូហ្គោស្លាវីមក​ប៉ារីស​វិញ សាឡុត ស ចាប់ផ្តើម​សោះអង្គើយ​នឹង​ការ​រៀនសូត្រ​នៅ​សាលា ហើយ​បែរមក​ចាប់អារម្មណ៍​នឹង​រឿង​នយោបាយ​វិញ។ សូម្បីតែ​សាឡុត ស ខ្លួនឯង​ក៏បាន​អះអាង​ដែរ​ថា ពេល​នៅ​ប្រទេស​បារាំង គាត់​រៀន​ឲ្យបាន​ត្រឹមតែ​ជាប់​មធ្យមភាគ ដើម្បី​កុំឲ្យ​គេ​ផ្តាច់​អាហារូបករណ៍​ប៉ុណ្ណោះ ចំណែក​ពេល​ភាគច្រើន​ផ្សេងទៀត គាត់​ចំណាយ​ទៅលើ​ការ​អាន​សៀវភៅ ដែល​ទាក់ទង​នឹង​រឿង​នយោបាយ ឬ​ទាក់ទង​នឹង​បដិវត្តន៍​នៅ​ប្រទេស​បារាំង ជាដើម។

ម្យ៉ាងទៀត នៅពេលនោះ សាឡុត ស បាន​ស្គាល់ ជួន ម៉ុម និង កេង វ៉ាន់សាក់ ដែល​បាន​មក​រៀន​នៅ​ប្រទេស​បារាំង តាំងពី​ឆ្នាំ១៩៤៦។ យោងតាម​លោក David Chandler និស្សិត​ទាំងពីរ​រូប​នេះ​បាន​ជះឥទ្ធិពល​ច្រើន​លើ​ផ្នត់គំនិត​បែប​ជាតិនិយម និង​បែប​កុម្មុយនិស្ត​របស់​សាឡុត ស។

ជួន ម៉ុម គឺជា​សិស្ស​ដ៏​ឆ្នើម​មួយរូប​ខាង​ផ្នែក​វិទ្យាសាស្រ្ត ហើយ​បាន​ចូល​ជា​សមាជិក​បក្ស​កុម្មុយនិស្ត​បារាំង នៅ​ឆ្នាំ​១៩៥១។ ប្រហែល​ជា ជួន ម៉ុម នេះហើយ ដែល​បាន​នាំ​សាឡុត ស ឲ្យចូល​បក្ស​កុម្មុយនិស្ត​បារាំង នៅ​ឆ្នាំ​១៩៥២។

ចំណែក លោក កេង វ៉ាន់សាក់ វិញ ក៏ជា​សិស្ស​ដ៏ឆ្នើម​ម្នាក់​ដែរ តែ​ខាង​អក្សរសាស្រ្ត។ កេង វ៉ាន់សាក់ គឺជា​មនុស្ស​ស្រឡាញ់​ចូលចិត្ត​គំនិត​នយោបាយ​ឆ្វេងនិយម ប៉ុន្តែ​គាត់​មិនមែន​ជា​ជនកុម្មុយនិស្ត​នោះ​ទេ។ ទោះជាយ៉ាងនេះ​ក៏ដោយ នៅក្នុង​បទសម្ភាសន៍​ជាច្រើន ជាពិសេស​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី លោក កេង វ៉ាន់សាក់ ខ្លួនលោក​ផ្ទាល់​បាន​អះអាង​ថា គំនិត​នយោបាយ​មួយចំនួន​របស់ សាឡុត ស គឺ​ទទួល​ឥទ្ធិពល​ពី​លោក។ សាឡុត ស បាន​ស្គាល់ កេង វ៉ាន់សាក់ តាមរយៈ អៀង សារី ដែល​បាន​មកដល់​ទីក្រុង​ប៉ារីស នៅ​ចុង​ឆ្នាំ​១៩៥០ គឺ​នៅពេល​ដែល អៀង សារី បាន​ទៅ​សុំឲ្យ កេង វ៉ាន់សាក់ ជួយ​រក​ជួល​បន្ទប់មួយ​ឲ្យ សាឡុត ស។ កេង វ៉ាន់សាក់ ក៏បាន​ជួយ សាឡុត ស ឲ្យរក​បាន​បន្ទប់​ជួល​មួយ នៅ​ទល់មុខ​ផ្ទះគាត់ នៅ​ផ្លូវ Letellier ក្នុង​សង្កាត់ទី១៥ ក្រុងប៉ារីស។

ក្រោយមក សាឡុត ស បាន​ចូលរួម​ក្នុង​ការប្រជុំ​របស់​ក្រុម​និស្សិត​កុម្មុយនិស្ត ដែល​តែងតែ​រៀបចំធ្វើ​នៅក្នុង​ផ្ទះ​របស់ កេង វ៉ាន់សាក់ ដើម្បី​រៀនសូត្រ​ពី​ទ្រឹស្តី​កុម្មុយនិស្ត។ ក្រុមនេះ​មាន​ឈ្មោះថា “ក្រុមម៉ាក់ស៊ីស្ត៍” (Cercle Marxiste) ត្រូវបាន​បង្កើតឡើង នៅ​ដើម​ឆ្នាំ១៩៥១ តាម​គំនិត​ផ្តួចផ្តើម​របស់ អៀង សារី និង រ័ត្ន សាមឿន។ អ្នក​ចូលរួម​ក្នុង​ការ​ប្រជុំ​នេះ​ ភាគច្រើន ដូចជា សៀង អាន, យុន សឿន, ម៉ី ម៉ាន់, ហ៊ូ យន់, ជួន ម៉ុម និង តូច ភឿន សុទ្ធសឹង​តែជា​សមាជិក​បក្ស​កុម្មុយនិស្ត​បារាំង។

អ្នកខ្លះទៀត ដូចជា កេង វ៉ាន់សាក់ ជាដើម មិនមែន​ជា​សមាជិក​បក្ស​កុម្មុយនិស្ត​នោះទេ។ សាឡុត ស ក៏​នៅ​មិនទាន់​ចូល​បក្ស​កុម្មុយនិស្ត​បារាំង​ដែរ​នៅពេលនោះ។ ពួកគេ​ចូលរួម​ក្នុង​ការប្រជុំ​នេះ​ក្នុងនាម​មិត្តភក្តិ​ប៉ុណ្ណោះ។ យោងតាម កេង វ៉ាន់សាក់ ដែល​ជា​ម្ចាស់ផ្ទះ សាឡុត ស មិនសូវ​ដែល​បាន​ចូលរួម​ក្នុង​ការប្រជុំ​នេះ​ទៀងទាត់​ប៉ុន្មាន​ទេ។ នៅក្នុង​ការ​ប្រជុំនេះ​ទៀតសោត សាឡុត ស ក៏​មិនមាន​បញ្ចេញ​គំនិត​អ្វី​ដែល​នាំឲ្យ​គេ​ចាប់អារម្មណ៍​នោះដែរ។

នៅចន្លោះ​ឆ្នាំ​១៩៥០ ដល់​ឆ្នាំ​១៩៥២ ការ​ប្រឈមមុខ​ដាក់គ្នា​រវាង​សម្តេច​ នរោត្តម សីហនុ និង​គណបក្ស​ប្រជាធិបតេយ្យ​បាន​កើតមាន​កាន់តែ​ខ្លាំងឡើងៗ។ នៅឆ្នាំ១៩៥០ អៀវ កើស ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ត្រូវបាន​គេ​លប​ធ្វើឃាត។ ឥស្សរជន​មួយរូប​របស់​គណបក្ស​ប្រជាធិបតេយ្យ គឺ សឺន ង៉ុកថាញ់ ដែល​បារាំង​បាន​ដោះលែង​ពី​ប្រទេស​បារាំង​ឲ្យមក​កម្ពុជា​វិញ នៅ​ចុង​ឆ្នាំ១៩៥១ បាន​រត់​ទៅ​បង្កើត​ចលនា​តស៊ូ​មួយ​ក្នុងព្រៃ​ស្ថិត​ក្នុង​ខេត្ត​សៀមរាប នៅ​ខែមីនា​ឆ្នាំ១៩៥២ ។

នៅខែមិថុនា ឆ្នាំ១៩៥២ សម្តេច នរោត្តម សីហនុ បាន​សម្រេច​រំលាយ​រដ្ឋាភិបាល និង​សភា​ជាតិ ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ។ និស្សិត​ខ្មែរ​មួយចំនួន ដែល​កំពុង​រៀន​នៅ​ប្រទេស​បារាំង​បាន​សរសេរ​អត្ថបទ​ចុះផ្សាយ​ក្នុង​ទស្សនាវដ្តី​មួយ​ឈ្មោះ “ខេមរនិស្សិត” រិះគន់​សេចក្តី​សម្រេច​របស់​សម្តេច នរោត្តម សីហនុ ក្នុង​ការ​រំលាយ​សភា​នេះ។ សាឡុត ស ដោយ​ប្រើ​ឈ្មោះសម្ងាត់​ថា “ខ្មែរដើម” ក៏បាន​សរសេរ​អត្ថបទ​មួយ​រិះគន់​របប​រាជានិយម​យ៉ាងខ្លាំង​ដែរ។ អត្ថបទ​នេះ​មាន​ចំណងជើង​ថា “រាជានិយម ឬ​ប្រជាធិបតេយ្យ?” លោក កេង វ៉ាន់សាក់​វិញ​ បាន​សរសេរ​សំបុត្រ​ចំហរ​មួយច្បាប់​ក្នុងនាម ខេមរនិស្សិត ផ្ញើ​ថ្វាយ និង​រិះគន់​សម្តេច នរោត្តម សីហនុ ។

នៅខែសីហា ឆ្នាំ១៩៥២ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​សម្រេច​កាត់ផ្តាច់​អាហារូបករណ៍​និស្សិត ដែល​កំពុងរៀន​នៅ​ប្រទេស​បារាំង ក្នុងនោះ​ក៏​មាន​អាហារូបករណ៍​របស់​សាឡុត ស ដែរ។

ក្រោយពី​អាហារូបករណ៍​ត្រូវបាន​កាត់ផ្តាច់ និស្សិត​មួយចំនួន ដូចជា អៀង សារី ហ៊ូ យន់ និង សុន សេន ជាដើម បាន​សម្រេច​បន្ត​ការ​សិក្សា​នៅ​ប្រទេស​បារាំង​តទៅទៀត។ ផ្ទុយទៅវិញ និស្សិត​មួយចំនួន​ទៀត ដូចជា សាឡុត ស យុន សឿន និង រ័ត្ន សាមឿន ជាដើម បាន​សម្រេចចិត្ត​ឈប់រៀន ហើយ​ត្រឡប់ទៅ​ប្រទេស​កម្ពុជា​វិញ ដើម្បី​តស៊ូ​ប្រឆាំង​នឹង​អាណានិគម​បារាំង។ ក៏ប៉ុន្តែ នៅក្នុង​​បទសម្ភាសន៍​ជាមួយ​វិទ្យុអាស៊ី​ លោក​កេង វ៉ាន់សាក់ បាន​អះអាងថា ការណ៍​ដែល​សាឡុត ស សម្រេចចិត្ត​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញនៅពេល​នោះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហាស្នេហា​​ផ្ទាល់ខ្លួន ច្រើន​ជាង​​បញ្ហា​នយោបាយ។
 
ទោះជាយ៉ាងណា ក្រោយពី​អាហារូបករណ៍​ត្រូវបាន​កាត់ផ្តាច់​ សាឡុត ស បានបន្ត​រស់នៅ​ប្រទេស​បារាំង​រយៈពេល​៥ខែ​ ទើប​ចេញ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា។ យោងតាម​លោក David Chandler គឺ​ក្នុង​អំឡុងពេល​នោះឯង ដែល សាឡុត ស បាន​ចូល​ជា​សមាជិក​បក្ស​កុម្មុយនិស្ត​បារាំង។ ក៏ប៉ុន្តែ មិនមាន​អ្នកណា​ម្នាក់​ដឹងច្បាស់​ថា តើ​សាឡុត ស ចូល​បក្ស​កុម្មុយនិស្ត​បារាំង​ នៅ​ថ្ងៃណា ខែណា ឲ្យបាន​ពិតប្រាកដ​នោះទេ។ អ្នកណា​ជាអ្នក​ឧទ្ទេសនាម សាឡុត ស ឲ្យ​ចូល​បក្ស​ក៏​មិនមាន​អ្នកណា​ដឹង​ច្បាស់​ដែរ ប៉ុន្តែ គេ​សង្ស័យ​ថា អ្នក​ឧទ្ទេសនាម សាឡុត ស គឺ ជួន ម៉ុម ដែល​បាន​ចូល​បក្ស​កុម្មុយនិស្ត​បារាំង​ មួយឆ្នាំ​មុន សាឡុត ស។

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៥២ សាឡុត ស បាន​ឡើង​កប៉ាល់​ចាកចេញ​ពី​ប្រទេស​បារាំង ឆ្ពោះទៅ​ប្រទេស​កម្ពុជា​វិញ។ ក្រោយពី​បាន​ចំណាយពេល​អស់​ជាង​៣ឆ្នាំ នៅ​ប្រទេស​បារាំង សាឡុត ស បាន​វិលត្រឡប់ទៅ​ប្រទេស​កម្ពុជា​វិញ​ដៃ​ទទេ ដោយ​គ្មាន​សញ្ញាបត្រ​អ្វី​សូម្បី​តែ​មួយ​សន្លឹក ក្រៅតែ​ពី​គំនិត​កុម្មុយនិស្ត​និយម។
 
មកដល់ប្រទេសកម្ពុជា សាឡុត ស បាន​ប្រឡូកចូល​ក្នុង​ជីវិត​នយោបាយ​ភ្លាម ដោយ​មិនមាន​ប្រកប​វិជ្ជាជីវៈ​អ្វីនោះទេ។ សាឡុត ស បាន​ទាក់ទង​ជាមួយ Pham Van Ba តំណាង​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន ដើម្បី​សុំ​ចូល​ជា​សមាជិក​បក្ស។ ដោយសារ សាឡុត ស ជា​សមាជិក​បក្ស​កុម្មុយនិស្ត​បារាំង​ស្រាប់ បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​ក៏បាន​ទទួល​សាឡុត ស ឲ្យ​ចូល​បក្ស។

នៅខែ​សីហា ឆ្នាំ១៩៥៣ សាឡុត ស និង​មិត្តភ័ក្តិ​ពីរនាក់​ទៀត ដែលមក​ពី​ប្រទេស​បារាំង​ដូចគ្នា គឺ រ័ត្ន សាមឿន និង យុន សឿន ក៏​បាន​ចូលរួម​ក្នុង​ចលនា​តស៊ូ​ខ្មែរ ដែល​ស្ថិតនៅ​ប៉ែក​ខាង​កើត​ប្រទេស​កម្ពុជា​ ជាប់នឹង​ព្រំដែន​វៀតណាម។ ក្រុមនេះ​ជា​សាខា​ដែល​បាន​បំបែក​ចេញពី​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន កាល​ពី​ឆ្នាំ​១៩៥១ ហើយ​ស្ថិតក្រោម​ការ​គ្រប់គ្រង​របស់​ពួក​វៀតមិញ ហេតុនេះហើយ​បានជា​គេ​ហៅថា ពួក​ “ខ្មែរវៀតមិញ”។

នៅក្នុង​ចលនា​តស៊ូ​នេះ សាឡុត ស បាន​ធ្វើការ​ក្រោម​បញ្ជាផ្ទាល់​របស់ ទូ សាមុត ដែល​ពេលនោះ​ជា​អនុប្រធាន​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ។​ នៅពេលនោះ​សហការី​ដ៏​ជិតស្និទ្ធ​របស់ សាឡុត ស គឺ សុក ធួក ហៅ វ៉ន វ៉េត ដែល​ក្រោយមក​បាន​ក្លាយជា​ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ។

ក្រោយសន្និសីទ​ក្រុង​ហ្សឺណែវ ឆ្នាំ១៩៥៤ ដែល​មាន​ចែង​អំពី​ការ​ហាមឃាត់​មិនឲ្យ​មាន​ចលនា​តស៊ូ​ប្រដាប់អាវុធ​នៅលើ​ទឹកដី​កម្ពុជា សាឡុត ស និង វ៉ន វ៉េត ក៏បាន​ចេញពី​ព្រៃ ធ្វើដំណើរ​ចូលមក​ទីក្រុង​ភ្នំពេញ។

នៅពេលនោះ ពួក​កុម្មុយនិស្ត​ខ្មែរ​បាន​បង្កើត​គណបក្ស​មួយ ដោយ​ដាក់ឈ្មោះ​ថា “បក្ស​ប្រជាជន” ដើម្បី​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ​ ដែល​នឹង​រៀបចំ​ធ្វើ​នៅ​ឆ្នាំ១៩៥៥។ សាឡុត ស ដែល​ពេលនោះ​បាន​ប្រើ​ឈ្មោះសម្ងាត់​ថា “ប៉ុល” ត្រូវបាន​បក្ស​កុម្មុយនិស្ត​ចាត់តាំង​ឲ្យ​ធ្វើការ​ទាក់ទង​ជា​ប្រចាំ ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ ព្រោះ​ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ មាន​មនុស្ស​មួយចំនួន ដូចជា កេង វ៉ាន់សាក់ និង ជួន ម៉ុម ជាដើម ដែល សាឡុត ស ធ្លាប់​ស្គាល់​យ៉ាង​ជិតស្និទ្ធ កាលពី​នៅ​ប្រទេស​បារាំង។

ក៏ប៉ុន្តែ បក្សប្រជាជន​របស់​ពួក​កុម្មុយនិស្ត​បាន​ទទួល​បរាជ័យ នៅក្នុង​ការ​បោះឆ្នោត​ជាតិ ឆ្នាំ១៩៥៥ ដោយ​រក​មិនបាន​សូម្បី​តែមួយ​សំឡេង​ក្នុង​សភាជាតិ។ សាឡុត ស ក៏​ស្ថិត​ក្នុង​ភាព​តែលតោល មិនមាន​ការងារ​អ្វី​ធ្វើ​ឲ្យ​ប្រាកដប្រជា។ ពេលនោះ​ហើយ ដែល​សាឡុត ស ចាប់ផ្តើម​ចាប់យក​អាជីព​ជា​គ្រូ​បង្រៀន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ