អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

​បុរសខ្លាំង ពូទីន កំពុង​​រៀបចំ​សេណារីយ៉ូរក្សាអំណាច​ឬយ៉ាងណា​​ ?

បុរសខ្លាំង Vladimir Poutine ប្រធានធិបតី​រុស្ស៊ី​
បុរសខ្លាំង Vladimir Poutine ប្រធានធិបតី​រុស្ស៊ី​ @AFP

នៅប្រទេស​រុស្ស៊ីថ្ងៃព្រហស្បតិ៍​ ទី​១៦មករា រដ្ឋ​សភាដូម៉ា​ប្រជុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាព​រដ្ឋាភិបាលថ្មី ។ ជា​មីទ្ទីញ​ប្រជុំ​យ៉ាងបន្ទាន់​បំផុត​ គឺបន្ទាប់ពី​ថ្ងៃពុធ​១៥មករា ប្រធានធិបតី​ ពូទីន ប្រកាសយ៉ាង​ភ្ញាក់​ផ្អើល​ពីការ​សុំ​ឈប់​ពីតំណែង​របស់​នាយករដ្ឋមន្ត្រី​ មេដវេដេវ និងការ​លាឈប់​របស់​សមាជិករដ្ឋាភិបាលទាំងមូល។ ​ក្នុង​ពេល​ជាមួយគ្នា ប្រមុខរដ្ឋ​រុស្ស៊ី​ ពូទីន ក៏​បាន​ប្រកាស​ដែរ​ពីការ​រៀបចំ«ធ្វើប្រជាមតិ»ដើម្បីកែប្រែ​រដ្ឋធម្មនុញ្ញ។

ផ្សាយពាណិជ្ជកម្ម

នៅពីក្រោយការលាឈប់ពីតំណែងរបស់នាយករដ្ឋមន្ត្រី មេដវេដេវ និងគម្រោងកំណែ​រដ្ឋធម្មនុញ្ញនេះ គេ​​យល់ថា​ លោក​ ពូទីន កំពុងតែរៀបចំអនាគត​ដើម្បីរក្សាអំណាចរដ្ឋរបស់គាត់បន្តទៀត។​ តើ​មែនដែរ​ទេ​?

អ្នកវិភាគនយោបាយនិងអ្នក​ជំនាញ​កិច្ចការ​រុស្ស៊ី ​ច្រើន​នាក់ គេ​យល់​ស្រប​គ្នា​អ៊ីចឹងមែន។ គឺថា មាន​សេណារីយ៉ូ ពីរ​ដែល​គេ​មើល​ឃើញ តែ​ទោះយ៉ាងណាក្តី សេណារីយ៉ូ​ណាមួយ​ក៏ដោយ គឺ​ស្ថិត​ក្នុង​បំណង​តែ​មួយ​ គឺ​បុរសខ្លាំង​ ពូទីន កំពុង​រៀបចំ​អនាគត​នៃការ​ក្តោប​ក្តាប់​អំណា​ស្រុក​ទេសត​ទៀត​ នៅពេល​ដែល​លោក​​ចប់​អាណត្តិ​ដឹកនាំ​ នៅ​ឆ្នាំ​២០២៤។ ជាឆ្នាំ​ដែល​លោកត្រូវ​ចប់​តំណែង​ប្រធានាធិបតី ហើយ​មិន​អាចមា​ន​សិទ្ធិ​បន្ត​ឈរឈ្មោះ​ឱ្យ​បោះឆ្នោត​ជាប្រធានាធិបតី​ទៀត​ឡើយ។ នេះ​បើ​តាម​ការ​កំណត់​​​ចែង​របស់​រដ្ឋធម្ម​នុញ្ញ​រុស្ស៊ី។ ធម្មនុញ្ញ ដែល​ចែង​ថា ប្រធានាធិបតីរុស្ស៊ី​ អាច​កាន់អំណាច​ជាប់​២​គ្នា តែក្នុង​ពីរ​​អាណត្តិ​ប៉ុណ្ណោះ។ អាណត្តិ​មួយៗ គឺ​៦ឆ្នាំ​ម្តង។ ​

ហេតុ​នេះ សេណារីយ៉ូ ដែល​គេ​មើល​ឃើញ​ច្បាស់​នោះ គឺទី១ លោក​ ពូទីន កំពុង​តែ​រើស​អ្ន​កថ្មី​មក​ជំនួស​ ដោយ​ឆ្លង​កាត់​តាម​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ជាមុន​សិន។ ក្នុងន័យ​នេះហើយ ដែល​លោក​ប្រធានាធិបតី​រុស្ស៊ី បាន​ជ្រើស​រើស​អគ្គនាយក​គយ លោក មីកាអ៊ីល​ មីស្ហ៊ូស្ទីន​ (Mikhaïl Michoustine) ដែល​ជាមន្ត្រី​រដ្ឋការ​ចាស់​​វស្សា និង​ជាអ្នក​បច្ចេកទេសច្រើន​ជាងអ្នក​នយោយបាយ​​ ឱ្យ​មក​កាន់​តំណែង​នាយករដ្ឋមន្ត្រី​លោក​ជំនួស មេដវេដេវ ដែល​កំពុង​តែធ្លាក់​​ស្រុត​ប្រជាប្រិយភាព​ ដោយសារ​តែឱនភាពសេដ្ឋកិច្ច និង​ការ​ប្រឈម​មុខ​បាតុកម្ម​មិន​ស្វាងពី​ក្រុម​ប្រឆាំង​នៅកណ្តាល​ក្រុង​ម៉ូស្គូ​។

សេណារីយ៉ូទី២ គឺ​លោក ពូទីន អាច​នឹង​ឈប់​ពីការ​កាន់​​តំណែង​ជា​ប្រធានាធិបតី​រុស្ស៊ី​តែម្តង​ នឹង​មិន​ឆ្លៀត​​វិល​មក​ក្រសោប​កៅអី​ប្រមុខរដ្ឋ​ជាថ្មីទេ ក៏ប៉ុន្តែ​​លោក​​នៅតែ​បន្ត​ញាក់​ខ្សែ​អំណាច​រដ្ឋដដែល​ តាម​តួនាទី​ថ្មី គឺជា«ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ​» ដែល​លោក​បាន​ត្រៀម​ស្រាប់ ដោយ​យក​លោក មេដវេដេវ ទៅ​ដាក់​ជាអនុប្រធាន​ស្រេច​ស្រាប់ ចាប់ពីពេល​ឱ្យ​ហើយ​។ លោក ​ពូទីន ​ក៏បញ្ជាក់​ខ្លួន​ឯង​ច្បាស់​ដែរ ពីថ្ងៃទី​១៥មករាថា «តំណែង​ថ្មី​របស់​លោក មេដវេដេវ  គឺ​បង្កើត​ពិសេស​តែម្តង សម្រាប់​តែ​លោក មេដវេដេវ នេះឯង​»។ ហេតុ​នេះ​ គេ​ឃើញច្បាស់​ថា លោកពូទីន កំពុង​រៀបចំ​ជើង​ព្រួល​រួច​ឱ្យ​ហើយ មុន​ពេល​ផុត​អាណត្តិ​នៅ​ឆ្នាំ​២០២៤។​

​សេណារីយ៉ូទី១ ក្នុង​ការ​លើកដាក់​មនុស្ស​មក​កាន់​តំណែង​នាយករដ្ឋមន្ត្រីនិង​ដាក់​តំណែង​កៅអី​ប្រធានាធិបតី​នេះ តើ​​មាន​យុទ្ធសាស្ត្រ​យ៉ាងណា?​

សេណា​រីយ៉ូ នៃការ​រៀបចំ​អ្នក​ស្នង​រាជ្យ​ជំនួស​ ឬអ្នក​​ស្នង​កាន់​តំណែង​ឱ្យ​បណ្តោះ​អាសន្ន​នេះ​​ កើត​មាន​ម្ត​ង​ពីរដង​ហើយ នៅក្នុង​អាណត្តិ​កាន់អំណាចរដ្ឋ នៅ​លើកទី១ របស់​លោក វ្ល៉ាឌីមៀរ ពូទីន​ ពីឆ្នាំ​២០០០-២០០៨។ ឧទាហរណ៍​មួយ​ ​លោក​ ពូទីន បាន​ចុះ​ពី​ប្រមុខ​រដ្ឋ មក​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ហើយ​លើក​លោក Dmitri Medvedev ពីនាយករដ្ឋមន្ត្រី មកឱ្យ​កាន់​តំណែង​ជា​ប្រធានាធិបតីជំនួស​រូប​លោក​​ មួយ​រយៈសិន គឺ​ចន្លោះ​ឆ្នាំ​២០០៨-២០១២។ ដូច្នេះ ជាផ្លូវ​ការ​នៅលើ​ក្រដាស គឺ​លោក​ ពូទីន​ ជា​នាយករដ្ឋ​មន្ត្រី​មែន តែ​តាម​ពិត​អំណាច​របស់​គាត់គឺនៅតែ​ជា​ប្រធានាធិបតីដដែល ព្រោះ​ លោក Dmitri Medvedev ជាមនុស្ស​ជំនិតមែនទែន​​និង​ដ៏​ស្មោះ​ស្មគ្រ​បំផុត​របស់​លោកពូទីន។​ ហើយ​ការ​ចុះ​ឡើង​តំណែង​ពី​ប្រធានាធិបតី​មកនាយករដ្ឋមន្ត្រី​បែបនេះ គឺគ្រាន់តែ​ធ្វើ​បំភាន់​ កុំឱ្យ​ខុស​នឹង​ការ​ចែង​របស់​រដ្ឋធម្មនុញ្ញ​រុស្ស៊ី​តែប៉ុណ្ណោះ។

​ចំណែក​​សេណា​រីយ៉ូនៃការ​សាកល្បង​ជ្រើសរើស​រក​អ្នក​ស្នង​តំណែងវិញ​ គឺ​ធ្លាប់​កើត​មាន​ការ​សាកល្បង​ កាលទី​ប្រាំ​ដង​ឯណោះ​នៅក្នុង​រជ្ឋកាល​របស់​អតីត​ប្រធានាធិបតី បូរីស អែល​ស៊ីន​​ (Boris Eltsine) ក្នុង​សម័យ​ឆ្នាំ​១៩៩១ ដល់​១៩៩៩។ អំលុង​ពេល​នោះ លោកអតីត​ប្រមុខរដ្ឋ​រុស្ស៊ី បូរីស អែល​ស៊ីន​ បានសាកល្បង ​ដោះដូរ ​និង​ជ្រើសរើស​​នាយករដ្ឋមន្ត្រី ដល់​ទៅ​៤-​៥នាក់។ ម្នាក់​ មើលទៅ​មិនកើត ទៅមិនរួច​ ក៏​ប្តូរ​មួយទៀត រហូត​ដល់​គម្រប់​ប្រាំ​នាក់ឯណោះ​ ទើប​ដល់​វេន​បុរសខ្លាំង​ខ្សែក្រវាត់​ខ្មៅ​កីឡាយូដូ ​លោក វ្ល៉ាឌីមៀរ ពូទីន​។

​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​រុស្ស៊ី តើ​ប្រធានាធិបតី​ ពូទីន ចង់​ឱ្យ​កែប្រែ​យ៉ាងណា​ខ្លះ​?

ចេតនា​ចង់​កែប្រែរដ្ឋធម្មនុញ្ញ​រុស្ស៊ីនេះ គឺលោក ពូទីន ចង់​ធ្វើ​តាំងពីពេល​លោក​ផ្តើម​ឡើង​កាន់​អំណាច​រដ្ឋ​មកម្ល៉េះ ប៉ុន្តែ​ពុំ​ទាន់​មាន​ឱកាស​ល្អ​ដូចពេលនេះ។ កាលពីថ្ងៃទី​១៥មករា បុរសខ្លាំង​លេខ​មួយ​រុស្ស៊ី បាន​លើកឡើងថា ចាំបាច់​ត្រូវធ្វើ​កំណែទម្រង់​ច្រើន​ផ្នែកចំពោះ​ស្ថាប័នរដ្ឋជាច្រើន​ ទាំង​ថ្នាក់​តំបន់​ និងទាំង​​រដ្ឋសភា​ផង។​ រដ្ឋសភា​រុស្ស៊ី គឺ​មាន​ភាព​ចាស់​ទុំ​គ្រាន់បើ​ខ្លាំងនឹងគេ​ដែរ ហេតុនេះ ត្រូវមាន​អំណាច​សិទ្ធិ​ក្នុង​សម្រេច​ឱ្យ​បា​នច្រើន​ជាងមុន ដូចជា​ក្នុងការ​តែងតាំង​នាយករដ្ឋមន្ត្រី​ជាដើម។

មិនតែប៉ុណ្ណោះ លោកពូ​ទីន ស្នើ​ឱ្យ​កែទម្រង់​ពង្រឹង​អំណាច​ដល់​អភិបាល​ថ្នាក់​តំបន់។ ចំពោះ​សមាជិក​រដ្ឋាភិបាល និង​ចៅក្រម គឺហាម​មិន​ឱ្យ​មាន​សញ្ជាតិ​ពីរ ឬហាម​មិន​ឱ្យ​​មាន​ផ្ទះ​នៅ​ក្រៅស្រុក​ ឬក៏​មាន​បណ្ណស្នាក់​នៅ​បរទេស​​ឡើយ។ សម្រាប់​រាល់​តែគ្រប់​បេក្ខជន​ប្រធានាធិបតី ត្រូវតែ​រស់​នៅក្នុង​​ប្រទេស​រុស្ស៊ី​ យ៉ាង​ហោច​​២៥ឆ្នាំ​ជាប់ៗ​គ្នា​។ ក្នុង​ក្រសែភ្នែក​អ្នក​វិភាគ​នយោបាយ​រុស្ស៊ី,​ ការ​ចង​មាត្រា​បែប​នោះ គឺ​ដើម្បី​បញ្ជៀស​ក្រុម​ប្រឆាំង​ដែល​មាន​សញ្ជាតិពីរ និងដែល​ច្រើនតែ​គេ​ចទៅរស់​នៅ​ក្រៅស្រុក កុំ​ឱ្យ​អស់​លោក​ទាំងនោះ អាច​មាន​លទ្ធភាព​ស្រប​ច្បាប់​ឈរ​ឈ្មោះ​ សម្រាប់​តំណែងបេក្ខជន​​ប្រធានាធិបតី​បាន​។

ទោះយ៉ាងនេះក្តី ​ប្រធានាធិបតី ពូទីន ថា​រុស្ស៊ី​ជាប្រទេស​ប្រកាន់​របបសាធារណរដ្ឋ​​ប្រធានាធិបតីនិយម ហេតុនេះ​ប្រមុខរដ្ឋ​ត្រូវតែ​មាន​អំណា​ច​ខ្លាំង​ក្នុងការ​សម្រេច​កិច្ចការ​ប្រទេស​ជាតិ។ ដូចជាការ​កំណត់​បេសកម្ម​និងកិច្ចការ​ជាអាទិភាព​របស់​រដ្ឋាភិបាល។ ថែមពីនេះ​ បើ​តាម​លោកពូទីន, ប្រធានាធិបតីរុស្ស៊ី ក៏ត្រូវ​រក្សា​សិទ្ធិ​ក្នុងការ​បណ្តេញ​សមាជិក​រដ្ឋាភិបាល​ ហើយនឹង​តែងតាំង​ ថ្នាក់​ដឹកនាំ​ស្ថាប័ន​ដែល​កាន់ការ​កន្លែង​សន្តិសុខជាតិ ជាដើម។​ ដូច្នេះ កំណែទម្រង់រដ្ឋធម្មនុញ្ញ ក៏​ត្រូវ​សម្រប​តាម​លំអានដែល​បាន​លើកឡើងទាំង​​នេះ​​ដែរ។​

ចំពោះ​អ្នក​សង្កេតការណ៍ គម្រោង​ការ​កែរដ្ឋធម្មនុញ្ញ​នេះ គឺ​ច្បាស់​ណាស់ នឹង​ប៉ះពាល់​ដល់​សិទ្ធិ​អំណាច​នៃ​ការ​តែងតែប្រធាន​ចៅក្រម​តុលាការកំពូល​ និង​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ​ទៀត​ផង ដែល​គេ​មើលទៅ គឺជាទម្រង់​នៃការ​ចង​ក្រសោប​ឱប​អំណាច​ ទៅក្រុម​ណា​មួយ​​ ជាក់ជាមិន​ខាន​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ