អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាងត្បូង​​បោះឆ្នោត​​​​រើស​​​​​​​​ប្រធានាធិបតីថ្មី បិទ​សករាជ​​​​​របស់​លោកស្រី​ប៉ាក់ គុនហេ

សំឡេង ០៤:៣៣
ប្រជាជន​កូរ៉េ​ខាងត្បូង​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី ថ្ងៃ​អង្គារ​៩ឧសភា​២០១៧
ប្រជាជន​កូរ៉េ​ខាងត្បូង​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី ថ្ងៃ​អង្គារ​៩ឧសភា​២០១៧ Reuters

ថ្ងៃអង្គារ​នេះ​ ប្រជាជន​កូរ៉េខាងត្បូង​​​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី ជំនួស​លោកស្រី​ប៉ាក់ គុនហេ ដែល​ត្រូវ​បាន​ទំលាក់​ពី​តំណែង​ដោយសារ​រឿង​អាស្រូវ​ពុករលួយ។ ​​​​​យោងតាម​លទ្ធផល​បណ្តោះអាសន្ន​ ​បេក្ខជន​​​​មូន ជៃអ៊ីន Moon Jae-in មកពី​បក្ស​ប្រជាធិបតេយ្យ កណ្តាលនិយម​និន្នាការ​​​​ឆ្វេង​​​ ​ទទួលជោគជ័យជាមួយ​​​​សម្លេង​៤១,៤ ភាគរយ។ បេក្ខជន Hon Joon-pyo មកពី​បក្ស​​អភិរក្ស​របស់​លោកស្រី​ប៉ាក់ គុនហេ ​​​​ទទួលសម្លេង​​២៣,៣ភាគរយ។ 

ផ្សាយពាណិជ្ជកម្ម

ការ​ជាប់ឆ្នោត​របស់​លោក​មូន ជៃអ៊ីន ជា​ការ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​របស់​កូរ៉េខាងត្បូង ដឺកនាំ​កូរ៉េខាងត្បូង​​អោយ​ដើរចេញ​ពី​បក្ស​អភិរក្ស​ដែល​កាន់អំណាច​ជិត​១០ឆ្នាំមកហើយ។ ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី នឹង​ស្បថ​កាន់​តំណែង​ថ្ងៃពុធ​១០ឧសភា​តែម្តង។​

ការបោះឆ្នោតជ្រើសរើស​​​ប្រធានាធិបតី​ថ្មី​​ ជា​ឱកាស​អោយ​ពលរដ្ឋ​បញ្ចេញ​កំហឹង
អ្នកទៅបោះឆ្នោតនៅ​កូរ៉េខាងត្បូង​​​​​​​មានតួលេខ​ខ្ពស់ជាងពេលបោះឆ្នោត ​​ឆ្នាំ​២០១២​ គឺមាន​៦៣,៧ភាគរយ គិត​ដល់​ម៉ោង​៤ល្ងាច។ ឆ្នាំ​២០១២ ​​ម៉ោង៤ល្ងាច អ្នកបោះឆ្នោត​រួច​មាន​តែ​៥៩,៣ភាគរយ​ប៉ុណ្ណោះ។ ​​​​​ការបោះឆ្នោត​ថ្ងៃនេះ ជា​ឱកាស​​សម្រាប់​ប្រជាជនដើម្បី​បាន​​​​​​បញ្ចេញ​កំហឹង​មិនត្រឹមតែ​​ចំពោះ​​​រឿងអាស្រូវ​ពុករលួយ​របស់​អ្នកដឹកនាំ​ទេ​ គឺ​នៅ​មានបញ្ហាក្នុងស្រុក​​ច្រើន​ផ្សេងទៀត ដូច​ជា​ការកើនឡើង​នៃ​ជនគ្មាន​ការងារ​ធ្វើ ពិសេស​យុវជន​ ការថយចុះ​នៃ​កំណើន​ រឺ​ក៏​​​ការ​កើន​ថ្លៃ​ទំនិញ​ជាដើម។ ប្រជាជន​ពិសេស​យុវជនត្រូវការ​ការផ្លាស់ប្តូរ​ប្រាកដ​ណាស់ ពួកគេ​មិនចង់​បន្ត​បើកភ្នែក​មើល​របប​ដឺកនាំ​ដែល​​ក្រុមហ៊ុន​ឧស្សាហកម្ម​ ក្រុមហ៊ុន​​​ធំៗ​ អាច​​សូកលុយ​​​អ្នកកាន់អំណាចដើម្បីអាច​​រកស៊ី​ស្រួលៗ​តទៅ​ទៀតទេ។

​រឿង​ពុករលួយ​ដែលគេ​ចាំច្បាស់ថ្មីៗ​នេះ គឺ​​រឿង​​​​ក្រុមហ៊ុន​ទូរសព្ទ​សាំស៊ុង​សូកលុយ​មូលនិធិ​​​​អ្នកជិតដិត​​​របស់​លោកស្រី​​​​ ប៉ាក់ គុនហេ​ រាប់សិបលាន​ដុល្លារ ដើម្បី​អាច​អោយ​វិមាន​ប្រធានាធិបតី​​​​អន្តរាគម​ក្នុង​ដំណើរការ​ច្របាច់​ចូលគ្នា​រវាង​ក្រុមហ៊ុនសាខា​២​របស់​សាំស៊ុង។ គេចោទ​​លោកស្រី​ប៉ាក់ ថា​​​បណ្តោយ​អោយ​​​មិត្តភក្តិ​គាត់​ ​​​គាបយកលុយ​ពី​ក្រុមហ៊ុន​រកស៊ី​ធំៗ ដែល​នេះ​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​រដ្ឋ។ ​​ កន្លងមក ​តុលាការ​​ទៀតសោត​ក៏​មិនសូវ​ជា​ហ៊ាន​ក្អក​ដាក់​មេដឺកនាំ​ក្រុមហ៊ុន​រកស៊ី​ធំៗ​ដែរ​ ព្រោះ​ថា កូរ៉េខាងត្បូង​មាន​មុខមាត់​ជា​ប្រទេស​សេដ្ឋកិច្ច​ទី៤​នៅ​អាស៊ី ក៏ដោយសារ​ក្រុមហ៊ុន​រកស៊ី​ទំនើបៗ​ទាំងនេះដែរ។

សូមបញ្ជាក់ថា លោកស្រី​ប៉ាក់ គុនហេ ត្រូវបាន​ដកពី​តំណែង កំពុងនៅ​​ក្នុង​គុក រង់ចាំ​​តុលាការ​កាត់ក្តី។ ​លោកស្រី​រងការ​ចោទ​ប្រកាន់ថា បំពាន​អំណាច ប្រើសិទ្ធិ​ប្រធានាធិបតី​ដើម្បី​ទទួល​សំណូក​ពី​​ ពី​រោងចក្រ​សហគ្រាស រឺ​ក៏​ទំលាយ​ព័ត៌មា​នសំងាត់​ទាក់ទង​នឹង​កិច្ចការ​ជាតិ​ជាដើម។ រឿងអាស្រូវ​ឃុបខិត​រវាង​អ្នកដឺកនាំ​និង​សហគ្រាស​រកស៊ី ធ្វើអោយ​ប្រជាជន​ធុញទ្រាន់​ដល់​កម្រិត​ហើយ។

កម្មវិធី​នយោបាយ​​របស់​បេក្ខជន​​បក្ស​ប្រជាធិបតេយ្យ ​មូនជៃអ៊ីន
លោក​មូន ជៃអ៊ីន ​មកពី​​បក្ស​ប្រជាធិបតេយ្យ មាន​ប្រជាប្រិយភាព​នាំមុខ​គេ តាំង​ពី​​​មុន​ពេល​ជាប់ឆ្នោត​ម្ល៉េះ។ ​លោក​មូន ជៃអ៊ីន អាយុ​៦៤ឆ្នាំ​ ​​​​មាន​កម្មវិធី​ធ្វើកំណែ​ទម្រង់​រឿង​សហគ្រាស​រកស៊ីបែប​គ្រួសារ​​​​​ ​ដើម្បី​កុំអោយ​ការរកស៊ី​បែបគ្រួសារ​និយម​នេះ បន្ត​កាន់កាប់​សេដ្ឋកិច្ច​​ប្រទេស​​​​តទៅទៀត។ ​លោក​មូន ជៃអ៊ីន ​ចង់​ជំរុញ​ការចាយវាយ​សាធារណៈ​ បង្កើត​ការងារ​ធ្វើ។ លោក​មាន​ទិសដៅ​បង្កើត​ការងារ​​​អោយ​បានប្រហែល​​​៨សែន១ម៉ឺន​ថែមទៀត ពិសេស​ការងារ​រដ្ឋ​តែម្តង។ នៅ​សភា ក្នុង​ចំណោម​តំណាងរាស្ត្រ​២៩៩នាក់ បក្ស​ប្រជាធិបតេយ្យ Minjoo របស់​លោកមូន ជៃអ៊ីន ​​មា​ន​តំណាងរាស្ត្រ​​១១៩នាក់​។

ចំពោះ​នយោបាយ​ការបរទេស លោក​មូន ចង់ចរចា​ជាមួយ​ក្រុងព្យុងយ៉ាង ​​កាត់បន្ថយ​ទំនាក់​ទំនង​ក្នុង​ឧបទ្វីប​កូរ៉េ។ ពិសេស​ជាងនេះ លោកមូន​​​ចង់​អោយ​កូរ៉េខាងត្បូង​នៅ​ឆ្ងាយ​ពី​អាមេរិ​កបន្តិច​។ លោក​មូន​ដឹងច្បាស់​​ថា ក្នុង​ការ​ប្រឈមការគំរាម​របស់​​កូរ៉េខាងជើង ប្រធានាធិបតី​ដូណាល់ ត្រាំ​ បាន​លេង​ខូច​ជាមួយ​កូរ៉េខាងត្បូង។ ជាក់ស្តែង ​​លោក​ត្រាំ​ចង់​អោយ​ក្រុងសេអ៊ូល​ចេញថ្លៃ​ខែលមីស៊ីល​ការពារ​មីស៊ីល ដែល​អាមេរិក​ដាក់ពង្រាយ​នៅ​កូរ៉េខាងត្បូង។ លោក​ត្រាំ​ចង់ធ្វើសង្គ្រាម​ជាមួយ​កូរ៉េខាងជើង ដោយ​ឆ្លៀត​កេងចំណេញ​ពី​​កូរ៉េខាងត្បូង​។ 

បេក្ខជន​ប្រធានាធិបតី​មូន ជៃ អ៊ីន ដឺងថា បើ​បងប្អូន​កូរ៉េទាំង​២បន្ត​ឈ្លោះគ្នា គឺ​ឥតប្រយោជន៍។ ​​​គឺ​ខាង​អាមេរិ​កឯណោះទេ ដែល​ជា​អ្នកចំណេញ​ក្នុងសង្គ្រាម​ឧបទ្វីប​កូរ៉េ។ ​លោក​មូន មាន​កម្មវិធី​ជម្រុញ​ការ​​ចរចា​ជាមួយ​កូរ៉េខាងជើងឡើងវិញ។ លោកចង់​អោយ​កូរ៉េខាងត្បូង​នាំមុខ​ក្នុង​ការ​ដោះស្រាយ​​បញ្ហា​ឧបទ្វីប​កូរ៉េ។ បេក្ខជន​ ហុង ជូន ព្យោ Hong Joon Pyo មកពី​បក្ស​របស់​លោកស្រី​ប៉ាក់ គុនហេ ​បាន​ចាត់ទុក​លោក​មូន ជៃអ៊ីន ថា​ជា​បេក្ខជន​ឆ្វេងនិយម​ គាំទ្រ​ក្រុងព្យុងយ៉ាង។

​ប្រតិកម្ម​​របស់​​កូរ៉េខាងជើង​​​​​ចំពោះ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​កូរ៉េខាងត្បូង ​
កូរ៉េខាងជើង​សប្បាយចិត្ត ដោយឃើញ​បេក្ខជន​មូន ជៃអ៊ីន នៅ​បក្ស​ប្រជាធិបតេយ្យ​ មាន​ប្រៀប​ក្នុងការ​បោះឆ្នោត ហើយ​ក៏ប្រហែល​សប្បាយ​ចិត្ត​រឹត​តែខ្លាំង​ដែរ ពេល​លោក​មូនបាន​ជាប់ឆ្នោត​ថ្ងៃនេះ។ បេក្ខជន​មូន ជៃអ៊ីន ចង់​ចរចា​ជាមួយ​កូរ៉េខាងជើង កាត់បន្ថយ​ភាពតានតឹង ហើយ​កន្លងមក លោក​មូន ជៃអ៊ីន​ក៏ធ្លាប់​ចង់​អោយ​លើក​ពេល​ដាក់ពង្រាយ​ខែលមីស៊ីល​របស់​អាមេរិ​កទៀត ដូច្នេះ លោក​មូនជា​បេក្ខជន​មា​នប្រយោជន៍​​សម្រាប់​ក្រុងព្យុងយ៉ាង។​

ពេល​បោះឆ្នោត​នៅ​កូរ៉េខាងត្បូង​ ​ថ្ងៃអង្គារ​នេះ កូរ៉េខាងជើង​បាន​លើកឡើង​​​ថា ​ត្រូវតែ​​​នាំគ្នា​បិទបញ្ចប់​អាយ៉ង​ក្រុម​អភិរក្ស​ដែល​កំពុង​ក្រាញ​អំណាច​នៅ​កូរ៉េខាងត្បូង។ ​​កូរ៉េខាងជើង​​​ប្រាប់ថា យើងត្រូវ​រួបរួមកម្លាំង​គ្នា ​​​បើកទំព័រ​សករាជ​បង្រួបបង្រួម​បែបឯករាជ្យ។ ​​ដោយឡែក អាមេរិក​វិញ​ប្រាប់ថា​​ត្រៀម​ធ្វើការ​ជាមួយ​ប្រធានាធិបតី​ថ្មី​របស់​កូរ៉េខាងត្បូង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ